សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

តុលាការអង់គ្លេសកាត់ទោសបុរសចិន-អង់គ្លេសពីរនាក់ ពីបទធ្វើចារកម្មឲ្យប៉េកាំង

តុលាការអង់គ្លេសកាត់ទោសបុរសចិន-អង់គ្លេសពីរនាក់ ពីបទធ្វើចារកម្មឲ្យប៉េកាំង
តុលាការអង់គ្លេសកាត់ទោសបុរសចិនអង់គ្លេសចិនពីរនាក់ ពីបទធ្វើចារកម្មឲ្យប៉េកាំង AFP - CARLOS JASSO

ជនជាតិអង់គ្លេសដើមកំណើតចិន លោក Peter Wai និង លោក Bill Yuen ត្រូវបានតុលាការនៅទីក្រុងឡុងដ៍កាត់ទោសឲ្យជាប់ពន្ធនាគារ ៨ឆ្នាំ និង ១០ឆ្នាំ ពីបទធ្វើចារកិច្ច នៅលើទឹកដីអង់គ្លេស ដើម្បីប្រយោជន៍ចិន។ នៅថ្ងៃព្រហស្បតិ៍ ទី ១៨ ខែមិថុនា ចៅក្រមតុលាការ Old Bailey អះអាងថា បុរសទាំងពីរបានធ្វើសកម្មភាពប្រមូលព័ត៌មាន និង តាមដានសកម្មជនគាំទ្រលិទ្ធប្រជាធិបតេយ្យហុងកុង ដែលកំពុងជ្រកកោននៅប្រទេសអង់គ្លេស ដើម្បីផ្តល់ទៅឲ្យអាជ្ញាធរចិន។ បើតាមចៅក្រមអង់គ្លេស សកម្មភាពរបស់បុរសទាំងពីរ ត្រូវបានរៀបចំយ៉ាងច្បាស់លាស់ទុកជាមុន និងបានបង្កការភ័យខ្លាច និង ព្រួយបារម្ភយ៉ាងខ្លាំងដល់ជនដែលជាគោលដៅនៃការតាមដាន។

បើតាមការស៊ើបអង្កេតរបស់ប៉ូលិសអង់គ្លេស លោក Peter Wai អាយុ ៤០ឆ្នាំ ធ្លាប់បម្រើការជានគរបាល មុននឹងចូលបម្រើការ នៅអង្គភាព Border Force របស់អង់គ្លេស និងធ្លាប់មានបទពិសោធន៍ការងារក្នុងកងទ័ពជើងទឹកអង់គ្លេស។ រូបលោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១០ឆ្នាំ។ បើតាមសេចក្តីប្រកាសរបស់តុលាការ លោក Peter Wai បានប្រើប្រាស់សិទ្ធិជានគរបាល ដើម្បីចូលប្រើប្រព័ន្ធទិន្នន័យរបស់ក្រសួងមហាផ្ទៃអង់គ្លេស ក្នុងការស្វែងរកព័ត៌មានលម្អិតពីបុគ្គលដែលអាជ្ញាធរហុងកុងចង់បាន។

រីឯបុរសវ័យ ៦៥ឆ្នាំ លោក Bill Yuen ដែលជាអតីតមន្ត្រីជាន់ខ្ពស់នៃនគរបាលហុងកុង និងក្រោយមកធ្វើការ នៅការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុងប្រចាំទីក្រុងឡុងដ៍ ត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារ ចំនួន ៨ឆ្នាំ។ បុគ្គលរូបនេះ ត្រូវបានតុលាការចោទប្រកាន់ថា ជាអ្នកបញ្ជា និងសម្របសម្រួលអំពើចារកិច្ចលើកនេះ។

សូមបញ្ជាក់ថា ជនទាំងពីរ ត្រូវបានតុលាការចោទប្រកាន់នៅខែឧសភាថា បានតាមដានយកការណ៍សម្ងាត់លើសកម្មជនហុងកុង និងអ្នកចូលរួមបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅទឹកដីអង់គ្លេស។ ចារបុរសទាំងពីរបានប្រើវិធីសាស្រ្តគ្រប់រូបភាព ដូចជាការឃ្លាំមើល ការប្រមូលព័ត៌មាន និងការបោកបញ្ឆោត ដើម្បីស្វែងរកទិន្នន័យដែលអាចផ្តល់ប្រយោជន៍ដល់អាជ្ញាធរហុងកុង។

សូមជម្រាបជូនថា សំណុំរឿងនេះ កើតឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងអង់គ្លេស និងចិន នៅតែបន្តតានតឹង ព្រោះតែការបង្រ្កាបសកម្មជនប្រជាធិបតេយ្យនៅហុងកុង។ ចាប់តាំងពីច្បាប់សន្តិសុខជាតិហុងកុង ចូលជាធរមាននៅឆ្នាំ ២០២០ ប្រជាពលរដ្ឋហុងកុងរាប់ម៉ឺននាក់ រួមទាំងសកម្មជនគាំទ្រលិទ្ធប្រជាធិបតេយ្យជាច្រើន បានភៀសខ្លួនមករស់នៅប្រទេសអង់គ្លេស។ ទន្ទឹមនឹងនេះ អាជ្ញាធរហុងកុងបានប្រកាសរង្វាន់ធំ ចំពោះជនណាដែលអាចប្រមូលព័ត៌មាន ឈានទៅដល់ការចាប់ខ្លួនសកម្មជនមួយចំនួនដែលកំពុងរស់នៅប្រទេសអង់គ្លេស៕

ប្រភព៖ RFI | ដោយ៖ ស្អាត សុភ័ណ្ឌ