ក្រោយពីកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេសបានជិត ២ឆ្នាំ លោក គៀរ ស្តារមឺ បានប្រកាសលាចុះពីតំណែង។ «រាល់ការសម្រេចចិត្តរបស់ខ្ញុំទាំងអស់ ធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺគិតគូរផលប្រយោជន៍ប្រទេស ដែលខ្ញុំស្រឡាញ់។ ខ្ញុំបានទូលថ្វាយព្រះមហាក្សត្ររួចហើយ»។ នេះជាប្រសាសន៍របស់លោក គៀរ ស្តារមឺ ដោយថ្លែងទាំងអួលដើមក នៅចំពោះមុខអ្នកសារព័ត៌មាន នៅទីក្រុងឡុងដ៏ នាថ្ងៃចន្ទ ទី២២ មិថុនា ដោយបានបន្ថែមទៀតថា លោកបានស្នើឲ្យគណៈកម្មាធិការប្រតិបត្តិនៃបក្សពលករ រៀបចំកាលវិភាគតែងតាំងប្រមុខដឹកនាំគណបក្សថ្មី នៅថ្ងៃព្រហស្បតិ៍ ទី៩ កក្កដា។ នៅអំឡុងពេលនេះ លោកនឹងបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី ដឹកនាំចាត់ចែងកិច្ចការប្រទេសជាតិ រហូតដល់មានអ្នកថ្មីមកជំនួស នៅខែកញ្ញា ខាងមុខ។
ការសម្រេចចិត្តលាលែងពីតំណែងយ៉ាងតក់ក្រហល់ដូច្នេះ ក៏ព្រោះតែលោក គៀរ ស្តារមឺ បានជួបវិបត្តិជាច្រើន និងបានធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង នៅប៉ុន្មានខែចុងក្រោយនេះ។ កាលពីខែកុម្ភៈ កន្លងទៅ លោកស្តារមឺបានរងការចោទប្រកាន់ ថាបានតែងតាំង លោក Peter Mandelson ដែលជាបុគ្គលមិនស្អាតស្អំ ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងអាស្រូវផ្លូវភេទ Jeffrey Epstein ជាអគ្គរាជទូតអង់គ្លេស ប្រចាំទីក្រុងវ៉ាស៊ីនតោន។ មួយវិញទៀត លោកស្តារមឺក៏រងសម្ពាធយ៉ាងខ្លាំង ពីគណបក្សរបស់លោក ដោយសមាជិកបក្សប្រមាណ១ភាគ៤ បានទាមទារឲ្យលោកស្តារមឺ ចុះចេញពីតំណែង ក្រោយពីទទួលបរាជ័យ ក្នុងការបោះឆ្នោតជាបន្តបន្ទាប់ កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មានអង់គ្លេស Press Association។
ក្រោយពីលោក គៀរ ស្តារមឺ ប្រកាសលាចុះពីតំណែង នៅថ្ងៃចន្ទ ទី២២ មិថុនា លោក Andy Burham ដែលទើបតែជាប់ឆ្នោតជាតំណាងរាស្រ្ត និងជាអតីតចៅហ្វាយក្រុង Manchester ដ៏មានប្រជាប្រិយភាព មកពីគណបក្សពលករ បានសម្រេចចិត្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី បន្តពីលោក គៀរ ស្តារមឺ។ ដោយមានការគាំទ្រច្រើនពីសមាជិកគណបក្ស និងមានប្រជាប្រិយភាខ្លាំងផល លោក Andy Burnham ទំនងជានឹងអាចក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេស បន្តពីលោក គៀរ ស្តារមឺ នៅប៉ុន្មានខែខាងមុខ៕
ប្រភព៖ RFI | ដោយ៖ ទន់ ពុទ្ធពិសិដ្ឋ







