សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ចោទគ្នាទៅវិញទៅមក បន្ទាប់ពីអាហ្វហ្កានីស្ថានអះអាងវាយប្រហារជម្រកក្រុមភេរវនិយមជីហាតនៅប៉ាគីស្ថាន

ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ចោទគ្នាទៅវិញទៅមក បន្ទាប់ពីអាហ្វហ្កានីស្ថានអះអាងវាយប្រហារជម្រកក្រុមភេរវនិយមជីហាតនៅប៉ាគីស្ថាន
ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ចោទគ្នាទៅវិញទៅមក បន្ទាប់ពីអាហ្វហ្កានីស្ថានអះអាងវាយប្រហារជម្រកក្រុមភេរវនិយមជីហាតនៅប៉ាគីស្ថាន AP - Hedayat Shah

រដ្ឋាភិបាលតាលីបង់ តាមរយៈក្រសួងការពារជាតិបានប្រកាសថា កងទ័ពអាហ្វហ្កានីស្ថានបានវាយប្រហារទីតាំងមួយចំនួននៅក្នុងខេត្តបាលូជីស្ថាន និងខេត្ត Khyber Pakhtunkhwa របស់ប៉ាគីស្ថាន កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១៨មិថុនា។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃសុក្រទី១៩មិថុនា ក្រសួងការពារជាតិអាហ្វហ្កានីស្ថានអះអាងថា ខេត្តទាំងពីររបស់ប៉ាគីស្ថាន បានផ្តល់ជម្រកទីតាំង ដើម្បីក្រុមភេរវនិយមជីហាតប្រើប្រាស់សម្រាប់រៀបចំប្រតិបត្តិការវាយប្រហារប្រឆាំងនឹងអាហ្វហ្កានីស្ថាន។

បើតាមកងទ័ពតាលីបង់ ប្រតិបត្តិការនេះបានវាយចំគោលដៅសំខាន់ៗដែលបានកំណត់ទុកជាមុន។ ទោះជាយ៉ាងណា រដ្ឋាភិបាលតាលីបង់មិនបានបញ្ជាក់ថា ការវាយប្រហារនេះធ្វើឡើងដោយមធ្យោបាយអ្វី និងមិនបានផ្តល់ព័ត៌មានអំពីចំនួនអ្នកស្លាប់ និងរបួសនោះឡើយ។ អ្នកជំនាញវាយតម្លៃថា គិតចាប់តាំងពីត្រលប់មកដណ្តើមអំណាចគ្រប់គ្រងអាហ្វហ្កានីស្ថាន រដ្ឋាភិបាលតាលីបង់គ្មានកម្លាំងទ័ពជើងអាកាស។ ដូច្នេះ មិនអាចវាយប្រហារតាមផ្លូវអាកាសទៅលើប៉ាគីស្ថាន ដូចការអះអាងរបស់ក្រសួងការពារជាតិអាហ្វហ្កានីស្ថាននោះទេ។

ក្រសួងព័ត៌មានរបស់ប៉ាគីស្ថានក៏បានច្រានចោល ការអះអាងរបស់អាហ្វហ្កានីស្ថាន ដោយថា អាជ្ញាធរប៉ាគីស្ថានគ្រាន់តែបានឃើញ និងបាញ់ទម្លាក់ដ្រូនមួយគ្រឿងរបស់អាហ្វហ្កានីស្ថាន ដែលហោះចូលមកក្នុងដែនអាកាសរបស់ប៉ាគីស្ថានតែប៉ុណ្ណោះ។ បើតាមក្រសួងព័ត៌មានប៉ាគីស្ថាន ការចោទប្រកាន់់របស់អាហ្វហ្កានីស្ថាន គឺមិនពិតឡើយ។ ក្រុមជីហាតជ្រុលនិយមដែលបង្កការគំរាមកំហែងដល់សន្តិសុខប៉ាគីស្ថានទៅវិញទេ ដែលកំពុងលាក់ខ្លួននៅក្នុងតំបន់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលតាលីបង់។ រហូតមកដល់ពេលនេះ គេនៅមិនទាន់អាចផ្ទៀតផ្ទាត់ព័ត៌មានទាក់ទងនឹងការអះអាងរបស់ភាគីទាំងពីរបាននៅឡើយទេ។

គួរជ្រាបថា ទំនាក់ទំនងរវាងអាហ្វហ្កានីស្ថាន និង ប៉ាគីស្ថាន បានធ្លាក់ចុះ ដល់ដំណាក់កាលតានតឹងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ប៉ាគីស្ថានតែងតែចោទថា ក្រុមប្រដាប់អាវុធអ៊ីស្លាមមួយចំនួនកំពុងប្រើប្រាស់ទឹកដីអាហ្វហ្កានីស្ថាន ជាមូលដ្ឋាន ដើម្បីបើកការវាយប្រហារ គំរាមកំហែងសន្តិសុខប៉ាគីស្ថាន។ ប៉ុន្តែរដ្ឋាភិបាលតាលីបង់ដែលចូលកាន់អំណាចនៅអាហ្វហ្កានីស្ថាន កាលពីឆ្នាំ២០២១ បានបដិសេធជាបន្តបន្ទាប់ ដោយអះអាងថា ការប្រយុទ្ធដ៏ហិង្សាទាំងនោះ ជាបញ្ហាសន្តិសុខផ្ទៃក្នុងរបស់ប៉ាគីស្ថាន។

ការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ ធ្លាប់បានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។របាយការណ៍របស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅឧសភាកន្លងទៅ បានបង្ហាញថា ក្នុងរយៈពេល៣ខែ ប្រជាជនស៊ីវិលអាហ្វហ្កានីស្ថានយ៉ាងតិច ៣៧២នាក់ស្លាប់នៅក្នុងអំពើហិង្សា ជម្លោះប្រដាប់អាវុធរវាងភាគីទាំងពីរ។ កាលពីសប្តាហ៍មុន កងទ័ពប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាសលើខេត្តចំនួនបីរបស់អាហ្វហ្កានីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៣នាក់ ក្នុងនោះមានកុមារចំនួន ១១នាក់។ អាចជាការវាយប្រហារសងសឹក ព្រោះថា នៅខែមីនាកន្លងទៅ ប៉ាគីស្ថានចោទអាជ្ញាធរតាលីបង់ថា បានបាញ់ដ្រូន ចូលទឹកដីប៉ាគីស្ថាន បណ្តាលឲ្យប្រជាជនស៊ីវិលប៉ាគីស្ថានជាច្រើននាក់រងរបួស៕

ប្រភព៖ RFI | ដោយ៖ ស្អាត សុភ័ណ្ឌ