ដើម្បីបើកការវាយប្រហារទៅលើរបបអ៊ីស្លាមអ៊ីរ៉ង់ នៅចុងខែកុម្ភៈ រដ្ឋបាលលោកដូណាល់ ត្រាំបានប្រមែប្រមូល បញ្ជូននាវាចម្បាំង យន្តហោះចម្បាំង និងនាវាផ្ទុកយន្តហោះចម្បាំង ជាច្រើនគ្រឿង រាប់ទាំងទាហានអាមេរិកជាច្រើនពាន់នាក់ ទៅកាន់តំបន់ដើមបូព៌ា។
នៅខែឧសភាមុន រដ្ឋមន្រ្តីការពារជាតិអាមេរិកបានរាយការណ៍ប្រាប់គណៈកម្មការនៅព្រឹទ្ធសភាថា ខ្ទង់ចំណាយទៅលើសង្រ្គាមអ៊ីរ៉ង់មានប្រមាណជិត២៩ពាន់លានដុល្លារ។ ប៉ុន្តែ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានរិះគន់ថា សង្រ្គាមវាយប្រហារទៅលើអ៊ីរ៉ង់ ដែលលោកត្រាំបានបញ្ឆេះឡើងជាមួយអ៊ីស្រាអែលដោយគ្មានសុំភ្លើងខៀវពីខុនហ្រ្កេសបានធ្វើឲ្យប្រជាជនអាមេរិកខាតបង់ចន្លោះ ពី៦៣០ពាន់លានដុល្លារ ទៅដល់១ទ្រីលានដុល្លារ បើសិនគេនិយាយបញ្ចូលពីបញ្ហាប្រេង ទំនិញឡើងថ្លៃខ្ពស់ ព្រោះតែការបិទច្រកសមុទ្រអកមូហ្ស។
ខណៈពេលដែលមេដឹកនាំអាមេរិក និងអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងបឋមដើម្បីឈានទៅចរចាបញ្ចប់សង្រ្គាមអ៊ីរ៉ង់ដែលធ្វើឲ្យអាមេរិកខាតបង់រាប់ពាន់លានដុល្លារ កាសែតWall Street Journal បានដកស្រង់ប្រភពមន្រ្តីយោធាអាមេរិក មកចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍ថា មន្ទីរបញ្ចកោណទើបបានស្នើសុំកញ្ចប់ថវិកាប្រមាណ ៨០ពាន់លានដុល្លារពីសភាខុនហ្រ្កេសបន្ថែមទៀត ដើម្បីរ៉ាប់រងលើការចំណាយធ្វើសង្រ្គាមអ៊ីរ៉ង់។
បើតាមមន្រ្តីអាមេរិកដដែល ក្រសួងការពារជាតិអាមេរិកនឹងខ្វះ គ្មានថវិកាគ្រប់គ្រាន់ដើម្បីបើកប្រតិបត្តិការយោធា នៅប៉ុន្មានខែខាងមុខ បើសិនជាខុនហ្រ្កេសមិនអនុម័តកញ្ចប់ថវិកាថ្មីដើម្បីធ្វើសង្រ្គាម។ ប្រឈមនឹងកង្វះថវិកា មន្ទីរបញ្ចកោណនឹងត្រូវបង្ខំចិត្តកាត់បន្ថយការបណ្តុះបណ្តាល និងចំនួនទាហានអាមេរិកពង្រាយនៅព្រំដែនម៉ិកស៊ិក ទៅតាមនយោបាយប្រឆាំងជនអន្តោប្រវេសន៍ខុសច្បាប់របស់លោកដូណាល់ ត្រាំ។
ក្តីបារម្ភពីកង្វះអាវុធក្នុងស្តុក កើតមានឡើង បន្ទាប់ពី មេបញ្ជាការកងទ័ពជើងទឹកអាមេរិក លោកHung Caoបានលើកយកបញ្ហាសង្រ្គាមនៅអ៊ីរ៉ង់ មកធ្វើជាហេតុផល ផ្អាកការលក់សព្វាវុធ មីស៊ីលទៅឲ្យតៃវ៉ាន់។
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោកPete Hegseth វិញបានព្យាយាមទាត់ចោលគំនិតដែលថា អាមេរិកខ្វះអាវុធនៅក្នុងស្តុក។ ប៉ុន្តែ យ៉ាងណាក៏ដោយ បើតាមមន្ទីរបញ្ចកោណ ប្រសិនបើខុនហ្រ្កេសបើកភ្លើងខៀវ នោះ កញ្ចប់ថវិកា៨០ពាន់លានដុល្លារនឹងត្រូវប្រើសម្រាប់ទិញគ្រាប់យកមកទុកក្នុងស្តុក ចំណាយទៅលើប្រាក់ខែកងទ័ព និងប្រតិបត្តិការរបស់កប៉ាល់ចម្បាំង។
សមាជិកសភាអាមេរិកមួយចំនួនធ្លាប់និយាយថា ពួកគេនឹងមិនបោះឆ្នោតអនុម័តកញ្ចប់ថវិកាបន្ថែមទៀតដើម្បីធ្វើសង្រ្គាមអ៊ីរ៉ង់នោះទេ លើកលែងតែលោកត្រាំបានទទួលការអនុញ្ញាតពីខុនហ្រ្កេស។ ក្រុមប្រជាធិបតេយ្យនៅបានចោទប្រកាន់លោកត្រាំថា បានរំលោភធម្មនុញ្ញ ដែលចែងថា បន្ទាប់ពីប្រកាសសង្រ្គាម ប្រធានាធិបតីមានពេល៦០ថ្ងៃដើម្បីសុំការអនុញ្ញាតពីខុនហ្រ្កេស៕
ប្រភព៖ RFI | ដោយ៖ ឈាង បុប្ផា







