សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​គំរាម​សើរើ​កម្លាំងទ័ព នៅ​ទឹកដី​អឺរ៉ុប

រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​គំរាម​សើរើ​កម្លាំងទ័ព នៅ​ទឹកដី​អឺរ៉ុប
រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ និង​អគ្គលេខាធិការអង្គការអូតង់ នៅទីស្នាក់ការអូតង់​នៅព្រុចស៊ែលថ្ងៃទី​១៨មិថុនា​២០២៦ REUTERS - Stoyan Nenov

រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ប្រើ​សំដី​ធ្ងន់ៗ ដើម្បី​បន្ត​ដាក់សម្ពាធ​លើ​អឺរ៉ុប និងកាណាដា សម្ព័ន្ធមិត្ត​របស់អាមេរិក​នៅក្នុងអង្គការអាត្លង់ទិក​អូតង់។ ចូលរួម​ក្នុងកិច្ចប្រជុំ ថ្នាក់​រដ្ឋមន្រ្តីការពារជាតិ​របស់​អូតង់​ នៅទីស្នាក់ការ​ក្នុងទីក្រុង​ព្រុចស៊ែល រដ្ឋមន្រ្តីការពារជាតិ​អាមេរិក លោក​Pete Hegseth បាន​រិះគន់​ប្រទេស​សម្ព័ន្ធមិត្ត​មួយ​ចំនួនធំ​ថា នៅតែមិនទាន់​ភ្ញាក់ខ្លួន និង​មិនព្រមបត់បែន​តាម​ជំហរ​នយោបាយ​ថ្មី​របស់​រដ្ឋបាលលោកដូណាល់ ត្រាំ។

លោកដូណាល់ ត្រាំ​ធ្លាប់​បាន​ទាមទារ​ឲ្យ​អឺរ៉ុប​ដំឡើង​ប្រាក់វិភាគទាន​ក្នុង​កេស​ថវិការួម​របស់អូតង់ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​អឺរ៉ុប​អាច​ម្ចាស់ការ ការពារ​ទឹកដីអឺរ៉ុប​ដោយ​ខ្លួនឯង ព្រោះថា អាមេរិក​ចង់​បង្វែរ​កម្លាំង និង​យុទ្ធសាស្រ្ត​យោធា​របស់ខ្លួន​ទៅ​នៅអាស៊ី ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិនវិញម្តង។

កាលពីឆ្នាំមុន ក្រោម​ការដាក់​សម្ពាធ​ពី​អាមេរិក សមាជិក​របស់អូតង់​បាន​សន្យា​បង្កើន​វិភាគទាន​របស់ខ្លួន ចំនួន​៥%​នៃផលិតផល​ក្នុងស្រុកសរុប ពីពេលនេះ ដល់​ឆ្នាំ ២០៣០ ទៅតាម​ការទាមទារ​ចង់បាន​របស់ប្រធានាធិបតីអាមេរិក។ ប៉ុន្តែ រដ្ឋមន្រ្តីការពារជាតិ​អាមេរិក នៅថ្ងៃព្រហស្បតិ៍​បាន​បរិហារថា សមាជិកមួយចំនួនរបស់​អូតង់ នៅតែមិនទាន់​បំពេញ​ករណីយ​កិច្ចរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ សមាជិក​មួយចំនួន របស់អូតង់​ក្នុងទឹកដីអឺរ៉ុប បាន​បដិសេធមិនព្រម​ឲ្យ​អាមេរិក​អាច​ប្រើ​មូលដ្ឋានទ័ព​របស់អូតង់​ក្នុងទឹកដី​ខ្លួន ដើម្បី​ធ្វើប្រតិបត្តិការយោធា​នៅអ៊ីរ៉ង់។

បើតាម​លោក​Pete Hegseth ក្នុង​រយៈពេល​៦ខែ​ខាងមុខនេះ មន្ទីរបញ្ចកោណ​នឹង​ពិនិត្យ​សើរើ​ឡើង វិញ​ពីវត្តមាន​ទ័ពអាមេរិក​ក្នុងទឹកដីអឺរ៉ុប។ ពោល គឺ​អាមេរិក​មិន​អាច​ពង្រាយទ័ព​នៅប្រទេស​អឺរ៉ុបណា​ដែល​បដិសេធ​មិន​ជួយសហការ​ជាមួយ​អាមេរិក​នៅគ្រា​មានអាសន្ន ដូចជា​សង្រ្គាម​នៅអ៊ីរ៉ង់​នោះទេ។

អាមេរិក​ទាមទារ​ឲ្យ​សម្ព័ន្ធមិត្ត​នៅអឺរ៉ុប​ចូលរួម​វិភាគទាន​ឲ្យកាន់តែ​ច្រើនទៅក្នុងកេស​អូតង់ តាមរយៈ​ការបង្កើន​ថវិកា ឲ្យបាន​៥%។ អគ្គលេខាធិការអូតង់​លោក​Mark Rutte យល់ថា ពាក្យ​គំរាម​របស់​រដ្ឋមន្រ្តីការពារជាតិអាមេរិក ជារឿងត្រឹមត្រូវ​ព្រោះអាចជាការក្រើនរំឭក ឲ្យ​សមាជិក​អូតង់​នៅទឹកដីអឺរ៉ុប បង្កើនល្បឿន ពង្រឹងវិស័យការពារជាតិរបស់ខ្លួន នៅចំពោះមុខនៃ​ការគំរាមកំហែង​របស់រុស្ស៊ី។ ប៉ុន្តែ យ៉ាងណាក៏ដោយ លោក​ទទួលស្គាល់​ថា ប្រទេស​នៅអឺរ៉ុបរួមទាំងកាណាដា ដែលជា​សមាជិក​របស់អូតង់​បាន​ចំណាយ​ថវិកា​លើ​កងទ័ព កើនឡើង​២០% ប្រមាណ ៩០ពាន់លាន​ដុល្លារ បើប្រៀបធៀប​នឹង​ឆ្នាំ​២០២៤។

ដោយ​បង្វែរទិស​ទៅរក​អាស៊ី​ដើម្បីទប់ទល់​នឹង​ចិន រដ្ឋបាលអាមេរិកធ្លាប់បាន​ជូនដំណឹង​ទៅសម្ព័ន្ធមិត្ត​របស់ខ្លួន​នៅអឺរ៉ុប​ពីការកាត់បន្ថយ​គ្រឿងសព្វាវុធ​របស់​អាមេរិក នៅទូទាំង​ពិភពលោក ដើម្បី​ប្រតិបត្តិការយោធា​របស់​អូតង់។ ថ្មីៗនេះ កាសែត​អាមេរិក​និង​អាល្លឺម៉ង់បាន​ចុះផ្សាយ​ថា អាមេរិក​នឹង​កាត់បន្ថយ​ចំនួន​​យន្តហោះចម្បាំង យន្តហោះ​យកការណ៍សម្ងាត់ ប្រមាណ ១ភាគ៣​នៃ​យន្តហោះអាមេរិក​សរុប​១៥០គ្រឿង។ លើសពីនោះ អាមេរិក​នឹង​ដកនាវា​មុជទឹក និង​នាវា​ផ្ទុកយន្តហោះចម្បាំង​២គ្រឿង។ ចំពោះ​រដ្ឋមន្រ្តីការពារជាតិ​អាល្លឺម៉ង់ អឺរ៉ុបកំពុង​ស្វាហាប់​ជំរុញផលិត​គ្រឿងសព្វាវុធដោយខ្លួនឯង ប៉ុន្តែ​អឺរ៉ុបនៅ​ត្រូវការពេលវេលាបន្ថែមទៀត។ ការដកជំនួយយោធា​របស់អាមេរិកភ្លាមៗ ដោយប្រថុចញ៉ុច​នឹង​បង្ក​គ្រោះថ្នាក់​ធំ​ចំពោះសន្តិសុខ​អឺរ៉ុប។ អគ្គលេខាធិការ អូតង់វិញ​បាននិយាយ​សម្រាល​ក្តីបារម្ភ​របស់​សមាជិកអឺរ៉ុបដោយថា ការកាត់បន្ថយ​កម្លាំងទ័ព និងគ្រឿងសព្វាវុធអាមេរិក ពីទឹកដីអឺរ៉ុប មិនមែនមានន័យថា អាមេរិក​លែង​មកជួយអឺរ៉ុបនោះទេ។ អាមេរិក និងសម្ព័ន្ធមិត្ត​ទាំងអស់នឹង​មករួមគ្នា ជា​អតិបរមា​ដើម្បីធ្វើ​យ៉ាងណា​ជួយ​ឲ្យអឺរ៉ុប​មាន​សមត្ថភាព​ប្រយុទ្ធតទល់នឹង​សត្រូវឈ្លានពាន៕

ប្រភព៖ RFI | ដោយ៖ ឈាង បុប្ផា