តើរបបសង្គមនិយមគុយបា កំពុងតែបត់ក្បាលទៅរកសេដ្ឋកិច្ចទីផ្សារសេរីដូចចិនឬ? ទោះជាយ៉ាងណាដំណឹងប្រកាសនៅថ្ងៃទី១៨មិថុនា ដោយលោក Miguel Diaz ប្រធានាធិបតីគុយបា ស្តីពីផែនការកំណែទម្រង់ដ៏ធំជាប្រវត្តិសាស្ត្រនេះ បានធ្វើឲ្យប្រជាជនគុយបា ទាំងជាង៩លាននាក់ មានសេចក្តីសង្ឃឹមក្នុងចិត្ត។ មាន១៧៦ចំណុច ផែនការកំណែទម្រង់នេះ នឹងអនុញ្ញាតឲ្យជនបរទស ជាពិសេសនោះ គឺជនជាតិគុយបារស់នៅបរទេស អាចវិនិយោគនៅគុយបាបាន។ ការវិនិយោគ ដែលអាចធ្វើឡើង តាមរយៈការទិញចំណែកភាគហ៊ុនក្នុងក្រុមហ៊ុនរដ្ឋគុយបា ការបើកក្រុមហ៊ុនថ្មីៗ និងមុខរបបជំនួញផ្សេងៗទៀត ក្នុងវិស័យធនាគារ កសិកម្ម និងទេសចរណ៍ជាដើម។
សូមរំលឹកថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០មក របបសង្គមនិយមគុយបា បានអនុវត្តសេដ្ឋកិច្ចផែនការ បែបមជ្ឈការប្រមូលផ្តុំ ដែលក្នុងនោះសហគ្រាសរដ្ឋគឺជាកម្លាំងសេដ្ឋកិច្ចតែមួយគត់។ របបផ្តាច់ការនេះ បានបើកចំហវិស័យឯកជនយ៉ាងតិចតួចបំផុត ក្នុងរយៈពេលពេលប្រមាណជាង៦០ឆ្នាំមកនេះ។ កម្មសិទ្ធិឯកជនមានវិសាលភាពតូចចង្អៀត ដោយប្រជាជនគុយបា អាចមានកម្មសិទ្ធិតែលើផ្ទះរស់នៅ មានមុខរបរតូចតាច និងអាចកម្មសិទ្ធិលើដីទំហំតូចប៉ុណ្ណោះ។ តាមរយៈកំណែទម្រង់ថ្មី មនុស្សម្នាក់ៗអាចជាម្ចាស់កម្មសិទ្ធិលើសហគ្រាសធុនតូចឬមធ្យម ច្រើនក្នុងពេលតែមួយ និងអាចមានផ្ទះ មានអគារ ឬដី ច្រើនដោយគ្មានកំណត់។ ចំណុចសំខាន់មួយទៀតនោះ គឺរដ្ឋបានបោះបង់ចោលសេដ្ឋកិច្ចផែនការ បែបកុម្មុយនីស្ត។
គួរកត់សំគាល់ថា ចាប់តាំងពីរដ្ឋបាលថ្មីលោកដូណាល់ ត្រាំ បានចូលកាន់អំណាច សហរដ្ឋអាមេរិកបានដាក់សម្ពាធយ៉ាងខ្លាំង ទៅលើកោះកុម្មុយនីស្តគុយបា ដែលស្ថិតនៅចម្ងាយប្រមាណតែ១៥០គីឡូម៉ែត្រប៉ុណ្ណោះ ពីជ្រោយរដ្ឋហ្វ្លរីដា។ ដោយលើកហេតុផលថា គុយបាគឺជាការគំរាមសន្តិសុខដ៏ធំមកលើសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានបញ្ជាឲ្យបិទខ្ទប់ការនាំចូលប្រេងទៅកាន់គុយបា និងបានប្រកាសម្តងហើយម្តងទៀត ថាសហរដ្ឋអាមេរិក អាចនឹងប្រើកម្លាំងដើម្បីចូលទៅគ្រប់គ្រងគុយបា។
សូមបញ្ជាក់ថា កំណែទម្រង់ទ្រង់ទ្រាយធំរបស់គុយបានាពេលនេះ ត្រូវគេសំឡឹងឃើញថា អាចជាចម្លើយធ្វើសម្បទាន ចំពោះការគាបសង្កត់ពីសំណាក់វ៉ាស៊ីនតោន។ តែយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រតិកម្ម នៅថ្ងៃទី១៩មិថុនាថា ការប្រកាសរបស់របបផ្តាច់ការគុយបានេះ អាចគ្រាន់តែជាជាល្បិចឆ្ពិនភ្នែក តែប៉ុណ្ណោះ ព្រោះវាជាផែនការកំណែទម្រង់តិចតួចណាស់ ហើយមានលក្ខណៈតែសំបកក្រៅ។ សហរដ្ឋអាមេរិកបន្តទាមទារឲ្យគុយបា ត្រូវតែធ្វើកំណែទម្រង់ស៊ីជម្រៅ ទាំងសេដ្ឋកិច្ចនិងនយោបាយ ដើម្បីធ្វើឲ្យគុយបាទទួលបានទំនុកចិត្តពីអ្នកវិនិយោគ និងបើកផ្លូវឲ្យប្រជាជនគុយបា អាចទទួលបានសិទ្ធិសេរីភាព កិត្តិយសថ្លៃថ្នូរ និងឱកាសចម្រុងចម្រើន។
ជាការពិតណាស់ លោក Daniel Terralbas អ្នកជំនាញសេដ្ឋកិច្ចគុយបាធ្វើការនៅទីក្រុងឡុងដ៍ បានលើកឡើងថា បើគ្មានការគាំទ្រពីសហរដ្ឋអាមេរិកទេ កំណែទម្រង់សេដ្ឋកិច្ចរបស់គុយបាមិនអាចសម្រេចទៅបានទេ។ ចាប់ទាំងពីឆ្នាំ១៩៦២ សហរដ្ឋអាមេរិកបានដាក់រនាំងបិទខ្ទប់សេដ្ឋកិច្ច ដោយហាមមិនឲ្យសហគ្រាសអាមេរិករកស៊ីជាមួយគុយបា។ ដូច្នេះ ការបើកផ្លូវទំនាក់ទំនងនយោបាយការបរទេស រវាងឡាហាវ៉ាន និងវ៉ាស៊ីនតោន គឺជាចំណុចដ៏សំខាន់បំផុត។
ដូចគ្នាដែរ អ្នកជំនាញច្រើននាក់ទៀត បានលើកឡើងអំពីឧបសគ្គជាច្រើន ដែលគុយបាប្រឈម ក្នុងនោះគឺទំនុកចិត្តពីអ្នកវិនិយោគបរទេស ខណៈសេដ្ឋកិច្ចគុយបា បាក់ទ្រុឌទ្រោមគ្រប់វិស័យ ដោយសារតែគ្មានការវិនិយោគថ្មីសោះ ជិត៧០ឆ្នាំមកហើយ។ បើគ្មានកំណែទម្រង់នយោបាយ ហិរញ្ញវត្ថុ ពន្ធដា និងអភិបាលកិច្ចប្រកបដោយតម្លាភាព គឺនឹងគ្មានការធានាសន្តិសុខគតិយុត្តិ ផ្លូវច្បាប់ ចំពោះអ្នកវិនិយោគឡើយ។ ជាងនេះទៀត គុយបាប្រឈមនឹងបញ្ហាធនធានមនុស្ស ។ ប្រមាណ៥ឆ្នាំចុងក្រោយនេះ ប្រជាជនគុយបាប្រមាណ២លាននាក់ បានរត់ចេញទៅក្រៅប្រទេស ដែលភាគច្រើនសុទ្ធតែជាអ្នកមានលទ្ធភាព និងមានចំណេះអាចជួយជ្រោងសេដ្ឋកិច្ច។ ត្រឹមតែការប្រកាសវិធានការកំណែទម្រង់១៧៦ចំណុចនេះ គេមិនជឿថាប្រជាជនគុយបានៅក្រៅប្រទេស នឹងនាំគ្នារត់ត្រលប់ទៅធ្វើជំនួញនៅគុយបា ភ្លាមៗនោះទេ៕
ប្រភព៖ RFI | ដោយ៖ ម៉ម ពិសី







