ដូចការសង្ស័យទុក បញ្ហាលីបង់ គឺជាចំណុចដ៏ធំមួយដែលអាចបង្កគ្រោះថ្នាក់ មកលើកិច្ចព្រមព្រៀងបឋម ដែលសហរដ្ឋអាមេរិកបានចុះជាមួយអ៊ីរ៉ង់ នៅថ្ងៃសុក្រទី១៩មិថុនា។ នៅលីបង់ ក្រុមហេសបូឡាកូនចៅរបស់អ៊ីរ៉ង់ និងអ៊ីស្រាអែល បានប្រកាសបទឈប់បាញ់ ទៅតាមលក្ខខណ្ឌបឋមទាមទារដោយអ៊ីរ៉ង់។ ក៏ប៉ុន្តែមិនបាន២៤ម៉ោងផង សង្គ្រាមបានផ្ទុះឡើងវិញ នៅលីបង់។ ភាគីទាំង២បានចោទទម្លាក់កំហុសដាក់គ្នា ថាជាអ្នកបំពានបទឈប់បាញ់។
កងទ័ពអ៊ីស្រាអែលបានឲ្យដឹង នៅរសៀលថ្ងៃសៅរ៍ទី២០មិថុនា ថាគេបានបើកការវាយប្រហារនៅលើភាគខាងត្បូងលីបង់ ដើម្បីឆ្លើយតបទៅកាន់ក្រុមហេសបូឡា ដែលបានបាញ់ប្លោងគ្រាប់ចំនួនយ៉ាងហោច៥០គ្រាប់ មកលើទីតាំងឈរជើងរបស់ភាគីអ៊ីស្រាអែល។
ភ្លាមៗក្រោយការផ្ទុះអាវុធសាជាថ្មីនៅខាងត្បូងលីបង់នេះ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Mehr បានផ្សាយថា កងទ័ពឆ្មាំបដិវត្តអ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រអកមូហ្ស សាជាថ្មី។ អ៊ីរ៉ង់បានចោទថា គឺមកពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល មិនបានគោរពកិច្ចព្រមព្រៀង។ ប្រភពដដែលនេះ អះអាងទៀតថា អ៊ីរ៉ង់សូមរក្សាសិទ្ធិចាត់វិធានការថ្មីបន្ថែមលើសនេះទៀត ប្រសិនបើអ៊ីស្រាអែលនៅតែមិនឈប់វាយប្រហារនៅលីបង់។
ដូចគ្នាដែរ ប៉ុន្មានម៉ោងក្រោយមក ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ Irna បានផ្សាយថា ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រាប់ទៅសហរដ្ឋអាមេរិក ឲ្យដឹងថា កិច្ចព្រមព្រៀងបឋមដែលភាគីទាំង២ទើបតែបានចុះហត្ថលេខា អាចនឹងប្រឈមគ្រោះថ្នាក់ ត្រូវទុកជាអាសារបង់ ប្រសិនបើសង្គ្រាមនៅលីបង់នៅតែបន្ត។ លក្ខខណ្ឌបឋមមួយនៃកិច្ចចរចានេះ គឺអ៊ីរ៉ង់បានទាមទារឲ្យអ៊ីស្រាអែលត្រូវដកថយនឹងឈប់ធ្វើសង្គ្រាមនៅលីបង់។
តែយ៉ាងណា សម្រាប់អ៊ីស្រាអែល កិច្ចព្រមព្រៀងបឋមរវាងអាមេរិកនិងអ៊ីរ៉ង់គឺមិនមានអ្វីពាក់ព័ន្ធនឹងខ្លួនទេ ព្រោះខ្លួនមិនមែនជាម្ចាស់ហត្ថលេខីឡើយ។ មួយវិញទៀត អ៊ីស្រាអែលអះអាងថាមានសិទ្ធិការពារខ្លួន ព្រោះក្រុមហេសបូឡាបានបាញ់គ្រាប់មីស៊ីលនិងរ៉ុកកែត គំរាមសន្តិសុខអ៊ីស្រាអែល។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងមាន១៤ចំណុច ដែលសហរដ្ឋអាមេរិកបានចុះជាមួយអ៊ីរ៉ង់ គឺគ្រាន់តែជាកិច្ចព្រមព្រៀងបឋមតែប៉ុណ្ណោះ មិនមានអ្វីកំណត់ឲ្យបានជាក់លាក់ទេ។ ភាគីទាំងបានសន្យាចាប់ផ្តើមចរចាគ្នាក្នុងដំណាក់កាលបន្ទាប់ រយៈពេល៦០ថ្ងៃ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយមួយ។ ប្រភពពីក្រសួងការបរទេសសហព័ន្ធស្វ៊ីសវិញ បានឲ្យដឹងនៅរសៀលថ្ងៃសៅរ៍ថា លោក Steve Witkoff ប្រេសិនតំណាងរបស់លោកដូណាល់ ត្រាំ កំពុងធ្វើដំណើរទៅកាន់ទីក្រុងលុយស៊ែន ភាគកណ្តាលប្រទេសស្វ៊ីស ដើម្បីចាប់ផ្តើមប្រជុំចរចាជាមួយក្រុមភាគីអ៊ីរ៉ង់៕
ប្រភព៖ RFI | ដោយ៖ ម៉ម ពិសី







