កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននិងអាស៊ានបូក នៅប្រទេសហ្វីលីពីន ចាប់ផ្តើមពីថ្ងៃអង្គារ ទី២១កក្កដា ហើយទើបតែបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី២៣កក្កដា ដោយសម្រេចបានសេចក្តីថ្លែងការណ៍រួម កម្រាស ៤២ទំព័រ ដែលមានចែង១៩០ចំណុច។ ត្រង់ចំណុច១៨៧ បានគូសបង្ហាញអំពីជំហររួមគ្នារបស់បណ្តាប្រមុខការទូតអាស៊ាន ជុំវិញវិបត្តិសង្គ្រាមអ៊ីរ៉ង់។
ក្នុងស្មារតីជារួមនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១១ប្រទេស បញ្ជាក់អំពីសារៈសំខាន់នៃការរក្សាសុវត្ថិភាព និងសន្តិសុខផ្លូវសមុទ្រ រួមទាំងលើកកម្ពស់សេរីភាពនាវាចរណ៍ និងសេរីភាពហោះហើរលើដែនសមុទ្រ។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានអំពាវនាវឲ្យដករនាំងឧបសគ្គទាំងឡាយនៅច្រកសមុទ្រអកមូស្ស ហើយគ្រប់ភាគីជម្លោះទាំងអស់ ត្រូវធានាសុវត្ថិភាពរបស់នាវិកនិងនាវា ស្របតាមបទដ្ឋាននានារបស់ច្បាប់អន្តរជាតិ។
គួរកត់សម្គាល់ថា សេចក្តីថ្លែងការណ៍រួមត្រង់ចំណុចនេះ ស្របតាមការចង់បានរបស់រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោន។ ប្រមុខការទូតអាមេរិក លោក ម៉ារកូ រូប៊ីយ៉ូ ដែលបានឆ្លៀតធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនៅក្រុងម៉ានីល មានប្រសាសន៍ជំរុញរដ្ឋមន្ត្រីអាស៊ាន ឲ្យមូរមាត់គ្នាក្នុងសំឡេងតែមួយ និងត្រូវប្រកាសប្រាប់ អ៊ីរ៉ង់ ឲ្យបើកច្រកផ្លូវអកមូស្ស។ ដ្បិតថា ការបិទផ្លូវសមុទ្រអកមូស្ស ជះផលវិបាកដល់ចរាចរណ៍ពាណិជ្ជកម្មតាមសមុទ្រ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរមិនធ្លាប់ជួប។ នេះបើតាមការចង្អុលបង្ហាញពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃពុធ ទី២២កក្កដា។
អកមូស្ស ជាច្រកសមុទ្ទចរាចរណ៍ដឹកទំនិញនិងប្រេងដ៏សំខាន់ទៅកាន់ពិភពលោក។ តាំងពីអ៊ីរ៉ង់បិទខ្ទប់ច្រកអកមូស្សទៅ ពិភពលោកជួបវិបត្តិថាមពល ហើយតម្លៃប្រេង ក៏ឡើងខ្ពស់កប់ពពក។ ប្រទេសទាំង១១ក្នុងសមាគមអាស៊ាន ក៏ជួបបញ្ហាសេដ្ឋកិច្ច-ពាណិជ្ជកម្ម ព្រោះតែវិបត្តិខ្វះប្រេង។
គួររំឭកដែរ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦មក សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបញ្ឆេះភ្លើងសង្គ្រាមវាយប្រហារអ៊ីរ៉ង់ នៅមជ្ឈិមបូព៌ា។ ដើម្បីដាក់សម្ពាធសងសឹកវិញ រដ្ឋអំណាចអ៊ីរ៉ង់ បានបិទខ្ទប់ច្រកសមុទ្ទអកមូស្ស តាមរយៈវាយប្រហារបាញ់ប្លោងទៅលើនាវាដឹកទំនិញ រួមទាំងដាក់ពង្រាយគ្រាប់មីនបណ្តែតតាមទឹក។
ដោយឡែក ចំពោះជម្លោះសមុទ្រចិនខាងត្បូង រវាងចិនជាមួយបណ្តាប្រទេសអាស៊ាន គឺគ្មានសេចក្តីថ្លែងការណ៍រួមទេ។ លោកស្រី Theresa Lazaro ប្រមុខការទូតហ្វីលីពីន ម្ចាស់ផ្ទះកិច្ចប្រជុំដែលមានជម្លោះរ៉ាំរ៉ៃជាមួយចិនផង បានត្រឹមព្រលយពាក្យដោយក្តីសង្ឃឹមថា ភាគីចរចាជាច្រើនបានរក្សាកម្មវត្ថុសម្រេចឲ្យបាន«ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង» យ៉ាងយូរនៅដំណាច់ឆ្នាំ២០២៦។ ក៏ប៉ុន្តែ ឯកអគ្គរដ្ឋទូតចិនប្រចាំរដ្ឋធានីម៉ានីល លោក Jin Quan បានប្រតិកម្មថា គ្មានការវិវឌ្ឍថ្មីៗនៃអត្ថបទ«ក្រមប្រតិបត្តិ»ដែលធ្វើឲ្យរដ្ឋអំណាចទីក្រុងប៉េកាំង ផ្លាស់ប្តូរឆន្ទៈសោះ។ ដូច្នេះ ប៉េកាំងមិនយល់ថា «ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង» អាចសម្រេចបាន នៅចុងឆ្នាំនេះឡើយ៕
ប្រភព៖ RFI | ដោយ៖ ហេង ឧត្តម







