នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ហាងលក់ត្រីចរណៃបានសម្តែងការអភ័យទោសចំពោះកំហុសឆ្គងនានាដល់អតិថិជនទាំងអស់ ដែលបានគាំទ្រហាងមួយនេះកន្លងមក និងបានប្រកាសថា ហាងចរណៃទាំងអស់នឹងផ្អាកដំណើរការយ៉ាងយូរត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ប្រសិនបើគ្មានអ្វីប្រែប្រួល។
ការប្រកាសជាសាធារណៈបែបនេះក្រោមហេតុផលថា ហាងទុកពេលវេលា ដើម្បីបង្ហើយស្តុកដែលមានស្រាប់ ផ្តល់ឱកាសឲ្យបុគ្គលិកមានពេលវេលាគ្រប់គ្រាន់ទៅរកការងារថ្មី និងទុកពេលអោយម្ចាស់ផ្ទះជួលអាចរកអ្នកជួលថ្មីបាន។ល។
តែអ្វីជាការកត់សម្គាល់ ដំណឹងបិទហាងចរណៃធ្វើឡើង ក្រោយមន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង(ក.ប.ប.) បានចុះទៅពិន័យអន្តរការណ៍កាលពីថ្ងៃទី២២មិថុនា ចន្លោះពី ១០លាន ទៅ ២០លានរៀល តាមមាត្រា៣៨ នៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។
នៅក្នុងបេសកកម្មចុះផាកពិន័យនោះ មន្ត្រីអធិការកិច្ច ក.ប.ប. បានណែនាំឲ្យតំណាងម្ចាស់ហាងចរណៃកែតម្រូវបន្ទាន់នៅគ្រប់ទីតាំងលក់តាមរាជធានី ខេត្ត ដោយត្រូវលើកផ្លាកសញ្ញាបញ្ជាក់ពីតម្លៃ ប្រភេទត្រី និងដាក់តាំងដោយឡែកពីគ្នានៃផលិតផលទាំងនោះ ដើម្បីឲ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មានពិតពីផលិតផល និងជ្រើសរើសដោយគ្មានការភាន់ច្រលំ។
មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញថា ហាងយីហោ«ចរណៃ» ពិតជាបានធ្វើធុរកិច្ច ដែលបង្កឲ្យអ្នកប្រើប្រាស់មានការភាន់ច្រលំរវាងផលិតផលត្រីសាល់ម៉ុន និងត្រីត្រោត ដែលអំពើនេះគឺល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាធរមាន។
គឺផ្តើមចេញពីលទ្ធផលដែលរកឃើញដោយមន្ត្រី ក.ប.ប. នេះ មហាជន ពិសេសអតិថិជនបានសម្តែងការក្រេវក្រោធ និងរិះគន់យ៉ាងគ្រោតគ្រាតតាមបណ្តាញសង្គមទៅលើមា្ចស់ហាងចរណៃ បើទោះបីជាអ្នកទទួលខុសត្រូវហាងត្រីដែលល្បីជាងគេនេះចេញមុខបកស្រាយយ៉ាងណាក៏ដោយ។ ក្រុមអតិថិជនបានលើកឡើងថា ម្ចាស់ហាងចរណៃបានធ្វើអាជីវកម្មដោយមិនស្មោះត្រង់ ក្បត់ទំនុកចិត្ត និងត្រៀមពហិការចំពោះផលិតផលហាងចរណៃទៀតផង៕
ប្រភព៖ RFI | ដោយ៖ ញឹម សុផល






