នៅចំពោះមុខថ្នាក់ដឹកនាំនយោបាយនិងកងទ័ពចិន ដែលមកជួបជុំគ្នានៅវិមានប្រជាជន ក្នុងឱកាសខួប១០៥ឆ្នាំនៃបក្សកុម្មុយនីស្តចិន ១កក្កដា១៩២១-២០២៦ លោកស៊ី ជីនពីង បានថ្លែងថា លោកនឹងបន្តដើរលើមាគ៌ា ដ៏ភ្លឺស្វាងរបស់បក្ស ដើម្បីឈានទៅធ្វើទំនើបកម្មនិងពង្រឹងកងទ័ពចិន ឲ្យខ្លាំងក្លារឹងមាំ។ លោកស៊ី ជីនពីង បន្ថែមទៀតថា បក្សកុម្មុយនីស្តចិននឹងបន្តប្តេជ្ញា បោសសំអាតកម្ទេចអំពើពុករលួយឲ្យបានសម្រេច។
គួរបញ្ជាក់ថា ដើម្បីសម្រេចកម្មវត្ថុនេះ កាលពីខែឧសភា គណៈកម្មការមជ្ឈិមកងទ័ពចិន ដែលស្ថិតក្រោមបង្គាប់លោកស៊ី ជីនពីង បានចេញវិធានការចាំាបាច់មួយចំនួន ដើម្បីពង្រឹងច្បាប់វិន័យ សំដៅអនុវត្តទៅលើមន្ត្រីទ័ពធំៗ។ យុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយនេះ បានទាញទម្លាក់មេទ័ពចិនធំៗជាច្រើននាក់រួចមកហើយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិបានធ្លាក់ពីតំណែងបន្តបន្ទាប់គ្នា២នាក់ ក្នុងរយៈពេលមិនដល់៣ឆ្នាំ។ ចំណែកសមាជិកគណកម្មការមជ្ឈិមកងទ័ពចិន ដែលពីមុនមានសមាជិក៧នាក់ ពេលនេះជ្រុះអស់ នៅសល់តែ២នាក់ទេ គឺលោកស៊ី ជីនពីងខ្លួនឯង និងលោក ចាង ឆេងមីង ដែលជាមនុស្សជំនិតបំផុតរបស់លោកស៊ី ជីនពីង។ អ្នកជំនាញបានចោទសួរថាតើកងទ័ពចិនអាចមានសមត្ថភាពប្រយុទ្ធបានទេ បើជ្រុះមេទ័ពធំៗអស់រលីងបែបនេះ!
ក្នុងឱកាសខួប១០៥ឆ្នាំនៃបក្សកុម្មុយនីស្តនេះដែរ លោក ស៊ី ជីនពីង បានប្រកាសថាចិនប្តេជ្ញាបង្រួបបង្រួមជាតិ និងយកតៃវ៉ាន់មកគ្រប់គ្រងវិញឲ្យបានក្នុងមហាគ្រួសារចិនតែមួយ។ ដោយមិនសំដៅឲ្យចំទៅលើប្រទេសណា លោកប្រធានាធិបតីចិន បានអះអាងថា ចិននឹងប្រយុទ្ធយកឈ្នះលើសកម្មភាពលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ហើយឈ្លានពានមកលើអធិបតេយ្យភាពជាតិចិន។
គួរបញ្ជាក់ដែរថា នៅថ្ងៃទី១កក្កដា ខួប១០៥ឆ្នាំបក្សកុម្មុយនីស្តចិន ច្បាប់ថ្មីមួយត្រូវបានគេប្រកាសចូលជាធរមាន ឈ្មោះថា “ច្បាប់ការពារឯកភាពជាតិចិន”។ ច្បាប់នេះ មានខ្លឹមសារលើកកំពស់ អត្តសញ្ញាជាតិចិនតែមួយ រវាងគ្រប់ជនជាតិទាំងអស់។ ដោយឡែក មានមាត្រាមួយនៃច្បាប់នេះ បានចែងកំណត់ថា គ្រប់បុគ្គល ស្ថាប័នឬអង្គភាព មិនថានៅចិនឬនៅក្រៅទឹកដីចិន សុទ្ធតែអាចជាប់ទោសបំពាននឹងច្បាប់នេះ។
គួរកត់សំគាល់ថា ច្បាប់ឯកភាពជាតិចិននេះ ត្រូវបានភាគីតៃវ៉ាន់ប្រកាសបរិហាភ្លាមៗ ថាវាគឺជាឧបករណ៍នយោបាយនិងគតិយុត្តិថ្មីមួយទៀត ដែលប៉េកាំងធ្វើដើម្បីគំរាមសំឡុត ចាប់បង្ខំជនជាតិភាគតិចទាំងអស់ ឲ្យត្រូវតែសម្របខ្លួនទៅតាមជនជាតិចិនដើមកំណើតហាន ដែលជាក្រុមមនុស្សភាគច្រើន។ ក្រសួងការបរទេសតៃវ៉ាន់ បានលើកឡើងថា ច្បាប់របស់ចិននេះមានខ្លឹមសារទូលាយ អាចយកទៅបកស្រាយបានដោយងាយ ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរចិនតាមប្រមាញ់ ប្តឹងចោទប្រកាន់ មកលើក្រុមមនុស្សនិងស្ថាប័នទាំងអស់នៅទូទាំងពិភពលោក ដែលហ៊ានបរិហារិះគន់គោលនយោបាយចិន។ គឺក្រុមសកម្មជនសិទ្ធិមនុស្សនៅស៊ីនជាំង និងទីបេ ឬអ្នកដែលគាំទ្រតៃវ៉ាន់ជាដើម ដែលនឹងត្រូវប្រឈមនឹងការចាប់ខ្លួន ទោះស្ថិតនៅទីណា ប្រទេសណាក៏ដោយ៕
ប្រភព៖ RFI | ដោយ៖ ម៉ម ពិសី







