សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រុមប្រទេសE5 ប្រកាសគោលជំហរបន្តជួយអ៊ុយក្រែន​​ រហូតទាល់រុស្ស៊ីសុខចិត្តចុះចាញ់

ក្រុមប្រទេសE5 ប្រកាសគោលជំហរបន្តជួយអ៊ុយក្រែន​​ រហូតទាល់រុស្ស៊ីសុខចិត្តចុះចាញ់
ពីឆ្វេងទៅស្តាំង ៖ លោកនាយករដ្ឋមន្ត្រីប៉ូឡូញ ដូណាល់ តូស្គ៍, លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង, លោកអធិកាបតីអាល្លឺម៉ង់ ហ្វ្រេដ្រិឆ មែរស៍, លោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលី​ ចរចា មេឡូនី​ ។ សន្និសីទកាសែត កិច្ចប្រជុំ European Group of Five (E5) នៅទីក្រុងប៊ែរឡាំង ថ្ងៃទី​​២៤មិថុនា​២០២៦ via REUTERS - JOHN MACDOUGALL

នៅទីក្រុងប៊ែរឡាំង ថ្ងៃពុធទី​​២៤មិថុនា ប្រមុខដឹកនាំ​​ក្រុមប្រទេសE5 បារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និងប៉ូឡូញ បានជួបប្រជុំគ្នា ដើម្បីរឹតបន្ថែមនូវចំណងសហការ ជាពិសេសក្នុងវិស័យ​យុទ្ធសាស្ត្រសន្តិសុខ​។ កិច្ចប្រជុំនេះ ក៏ជាឱកាសដើម្បី​ពិភាក្សាយោបល់ តៀម​ទៅចូលរួម​ជំនួបកំពូលអង្គការសម្ព័ន្ធភាពអាត្លង់ទិកខាងជើងហៅកាត់ថា OTAN/NATO នៅទីក្រុងអង់ការ៉ា ដើមខែកក្កដា។

ថ្លែង​ទៅកាន់ថ្នាក់ដឹកនាំអឺរ៉ុបទាំង៤នាក់ លោក​អធិការបតីអាល្លឺម៉ង់ ហ្វ្រេដ្រិឆ មែរស៍ បានលើកឡើងថា សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សូមស្នើថា ក្នុងនាមយើង​​ជា​សម្ព័ន្ធមិត្តអឺរ៉ុបក្នុងអូតង់ គឺយើងត្រូវតែ​ជួយអ៊ុយក្រែន​ តាមរយៈការសន្យាផ្តល់កញ្ចប់​​ហិរញ្ញវត្ថុ​ឲ្យ​បាន​ច្រើនបំផុត​។ លោក​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់បន្តថា សារដ៏សំខាន់មួយដែលត្រូវផ្ញើទៅកាន់រុស្ស៊ីគឺ​ “អ៊ុយក្រែន​នៅតែខ្លាំងរឹងមាំ ហើយជំនួយ​គាំទ្ររបស់អឺរ៉ុបវិញ ក៏មិនចុះថយដែរ​”។

នៅក្នុងពេល​ពេលប្រជុំ​ ទាំងលោក​ម៉ាក្រុង ទាំងលោក ហ្វ្រេដ្រិឆ មែរស៍ សុទ្ធតែបាន​បង្ហាញការត្រេកអរ ចំពោះលទ្ធផលនៃជំនួបកំពូល​G7 កាលពីសប្តាហ៍​កន្លងទៅ ដែលគេឃើញសហរដ្ឋអាមេរិក បានត្រឡប់មកចូលរួម​សហការ​ឡើងវិញ។ ​វាគឺ​ជាលើកទី​១ គិតចាប់ពី​លោកដូណាល់ ត្រាំ បានចូលកាន់អំណាច ក្រុមប្រទេស​ G7 បានចុះហត្ថលេខារួមគ្នាលើលិខិតប្រកាសតែមួយ​ សន្យា​ទទួលស្គាល់អធិបតេយ្យភាពនិងបូរណៈភាពទឹកដីរបស់អ៊ុយក្រែន​។ ក្នុងន័យនេះ សង្គ្រាមឈ្លានពាន​របស់រុស្ស៊ី គឺ​ជាសង្គ្រាមខុសច្បាប់ ហើយកងទ័ពរុស្ស៊ីត្រូវតែដកថយចេញពីទឹកដីអ៊ុយក្រែន។​

គួររំលឹកថា អត្តចរិកប្រែប្រួលម្តងក្តៅម្តងត្រជាក់របស់លោកដូណាល់ ត្រាំ បានធ្វើឲ្យ​ប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបពិបាកធ្វើការជាមួយណាស់ កន្លងមក។ ប្រឈមនឹងការបាត់បង់ទំនុកចិត្តជាមួយ​សហរដ្ឋអាមេរិកនេះហើយ ទើបក្រុមប្រទេសអឺរ៉ុបទាំង​៥បានចាប់ផ្តើមរៀបចំគ្រោងឆ្អឹងយុទ្ធសាស្ត្រ ដើម្បីពង្រឹងសមត្ថភាពការពារ​ខ្លួនដោយ​ខ្លួនឯង តាមរយៈផលិត​សព្វាវុធក្នុងស្រុក​ ឈប់រំពឹងលើសព្វាវុធអាមេរិក​។ តែការពង្រឹងវិស័យ​យោធារបស់អាល្លឺម៉ង់ បានធ្វើ​ឲ្យ​មានការព្រួយបារម្ភមួយចំនួន​ដែរ ដោយហេតុតែបទពិសោធន៍ប្រវត្តិសាស្ត្រកាលពី​សម័យសង្គ្រាមលោកលើកទី​២។

ទោះជាយ៉ាងនេះក្តី លោក​អធិកាបតីអាល្លឺម៉ង់ បានថ្លែងធានាអះអាងថា អាល្លឺម៉ង់ចង់​ឲ្យ​មាន​ការសហការកាន់តែខ្លាំង ទាំងក្នុងក្របខណ្ឌអន្តរអាត្លង់ទិក និង​ក្នុង​អឺរ៉ុប។ លោក​ធានាថា ប្រទេសជិតខាងអាល្លឺម៉ង់ គ្មានអ្វីត្រូវបារម្ភទេ តែផ្ទុយទៅវិញគឺត្រូវមានអារម្មណ៍ថាមានសុវត្ថិភាព ព្រោះអាល្លឺម៉ង់បាន​ប្តេជ្ញា​រៀបចំបង្កើត​​ឧស្សាហកម្មសព្វាវុធ និងដាក់​ពង្រាយ​​សមត្ថភាព​កងកម្លាំងការពារជាតិ ​នៅក្នុង​អឺរ៉ុបតែម្តង ព្រោះវាគឺជាផលប្រយោជន៍រួមទាំងអស់គ្នា​៕

ប្រភព៖ RFI | ដោយ៖ ម៉ម ពិសី