យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី១២ ខែកក្កដានេះ សភាប្រើភាសាបារាំង APF បានអនុម័តសេចក្តីសម្រេចចិត្តស្តីពីបូរណភាពទឹកដីកម្ពុជា និងបានជ្រើសតាំងកម្ពុជាជាប្រតិភូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក តបតាមសំណើរបស់គណៈកម្មាធិការនយោបាយរបស់សភាប្រើភាសាបារាំង។
សេចក្តីសម្រេចចិត្តស្តីពីបូរណភាពទឹកដីកម្ពុជា បានទាមទារឱ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ តាមរយៈការដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីតំបន់ ហើយបន្តកិច្ចសន្ទនារវាងភាគីនានា ដោយយកយន្តការទ្វេភាគី ដែលមានស្រាប់មកអនុវត្ត ដូចជាយន្តការគណៈកម្មការចម្រុះព្រំដែន(JBC) និងដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
សភាប្រើភាសាបារាំង ក៏ថែមទាំងបានអំពាវនាវឱ្យគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជា ដោយមិនត្រូវធ្វើសកម្មភាពណាមួយ ដែលបង្កឱ្យកើនឡើងនូវភាពតានតឹងធ្ងន់ធ្ងរឡើយ។ ផ្ទុយទៅវិញ សភាប្រើភាសាបារាំងនៅតែគាំទ្រឱ្យប្រទេសកម្ពុជា និងថៃ មានទំនាក់ទំនងល្អប្រសើរឡើងវិញ ដោយផ្អែកលើការទទួលស្គាល់នូវអធិបតេយ្យភាព បូរណភាពទឹកដីទៅវិញទៅមក និងភាពមិនអាចរំលោភបាននៃព្រំដែន ព្រមទាំងការខណ្ឌសីមាព្រំដែនស្របតាមច្បាប់អន្តរជាតិ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាដដែល ក្រោយសភាប្រើភាសាបារាំង បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីបូរណភាពទឹកដីកម្ពុជារួច អនុប្រធានទី១ព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ ចាត់ទុកការអនុម័តនេះ គឺជាសក្ខីភាពបញ្ជាក់ពីឆន្ទៈនៃសភាប្រើភាសាបារាំង ក្នុងការរួបរួមគ្នាយ៉ាងរឹងមាំជុំវិញគោលការណ៍ទាំងឡាយ ដែលជាមូលដ្ឋានគឹ្រះរបស់សភា។
មួយវិញទៀត លោក អ៊ុច បូររិទ្ធ អះអាងថា ការគាំទ្ររបស់សភាប្រើភាសាបារាំង ជាសារផ្ញើជូនទៅសហគមន៍អន្តរជាតិឱ្យឃើញពីសាមគ្គីភាព ភាពទទួលខុសត្រូវ និងការជួយគ្នាទៅវិញទៅមក រវាងប្រទេសសមាជិកនៃអង្គការហ្វ្រង់កូហ្វូនី ដើម្បីសន្តិភាព និងការគោរពច្បាប់អន្តរជាតិ.
សូមរម្លឹកថា សេចក្តីសម្រេចចិត្តស្តីពីបូរណភាពទឹកដីកម្ពុជានេះ ត្រូវបានរៀបចំស្នើឡើងដោយប្រទេសកម្ពុជា និងក្រោយមកទទួលបានការអនុម័តពីគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង នាកិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃសភាប្រើភាសាបារាំងនៅខេត្តសៀមរាបកាលពីដើមខែឧសភា ឆ្នាំ២០២៦។ ជាបន្តបន្ទាប់ សេចក្តីសម្រេចចិត្តនេះ ក៏ត្រូវបានដាក់ឱ្យសភាប្រើភាសាបារាំងអនុម័តជាឯកច្ឆន្ទទទួលស្គាល់ជាផ្លូវការ។ បើតាមអ្នកជំនាញខាងភូមិសាស្ត្រនយោបាយ សេចក្តីសម្រេចចិត្តនេះ ពុំមានអំណាចបង្ខំផ្នែកច្បាប់បានឡើយ តែមានឥទ្ធិពលខ្លាំងលើផ្នែកនយោបាយ និងការទូត៕
ប្រភព៖ RFI | ដោយ៖ សាំ ឧត្តម







