វ៉េណេស៊ុយអេឡារងគ្រោះដោយការរញ្ជួយដី ពីរដងផ្ទួនៗគ្នានៅយប់ថ្ងៃពុធ ទី ២៤ ខែមិថុនា។ ករណីរញ្ជួយទីមួយ ក្នុងកម្រិត ៧.២រ៉ិចទែរ បានកើតឡើងនៅ ដោយមានចំណុចកណ្តាលស្ថិតនៅចម្ងាយប្រមាណ ២១គីឡូម៉ែត្រ នៅជិតរដ្ឋធានីការ៉ាកាស។ ត្រឹមតែរយៈពេលមួយនាទីក្រោយមក ករណីរញ្ជួយទីពីរក្នុងកម្រិត ៧.៥រ៉ិចទែរ បានវាយប្រហារក្នុងតំបន់មួយទៀតស្ថិតនៅចម្ងាយ ៤៥គីឡូម៉ែត្រពីគ្នា។ បើតាមការលើកឡើងរបស់វិទ្យាស្ថានភូគព្ភសាស្រ្តអាមេរិក (USGS) ការរញ្ជួយដីទាំងពីរ បានកើតឡើងនៅជម្រៅ ២២គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រ។
ក្រោយការរញ្ជួយដ៏ខ្លាំងក្លាទាំងពីរលើកផ្ទួនៗគ្នានេះ ប្រទេសវេណេស៊ុយអេឡាបានបន្តរងការរញ្ជួយតូចៗជាបន្តបន្ទាប់យ៉ាងហោចណាស់ ២០លើកទៀត។ អគារ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានដួលរលំ និង ខូចខាត។ នៅតំបន់ Altamira នៃរដ្ឋធានីការ៉ាកាស អគារកម្ពស់ ២២ជាន់មួយអគារបានដួលរលំទាំងស្រុង។ ចំណែកឯអាកាសយានដ្ឋានអន្តរជាតិ Maiquetia ដែលស្ថិតនៅជិតរដ្ឋធានីការ៉ាកាស ត្រូវបានបិទជាបណ្តោះអាសន្ន បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
អាជ្ញាធរបានចាប់ផ្តើមប្រតិបតិ្តការសង្គ្រោះ និងស្វែងរកអ្នកនៅរស់រានមានជីវិតក្រោមគំនរបាក់បែក ខណៈប្រជាពលរដ្ឋជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃតំបន់កើតហេតុ ដើម្បីស្វែងរកសាច់ញាតិរបស់ខ្លួន។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃវ៉េណេស៊ុយឡាលោក Diosdado Cabello បានប្រកាសថា រដ្ឋ Trujillo, Carabobo, Miranda និង La Guaira ត្រូវបានគេចាត់ទុកថាជាតំបន់រងគ្រោះខ្លាំងជាងគេ។ រូបលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋចាកចេញពីអគារដែលមានហានិភ័យ និងបានបញ្ជាឲ្យផ្អាកការផ្គត់ផ្គង់ហ្គាសនៅអគារមួយចំនួន ដើម្បីបង្ការការកើតមានគ្រោះថ្នាក់បន្ថែម។
សូមបញ្ជាក់ថា គ្រោះរញ្ជួយដីនេះ ក៏មានឥទ្ធិពលរង្គើខ្លាំងរហូតដល់ប្រទេសកូឡុំប៊ីដែលជាប្រទេសជិតខាងវ៉េណេស៊ុយអេឡា ហើយបានបង្ករឲ្យប្រជាជនជ្រួលច្របល់។ វេណេស៊ុយអេឡា គឺជាប្រទេសមួយដែលស្ថិតក្នុងតំបន់ងាយរងគ្រោះដោយសារគ្រោះរញ្ជួយដី។ នៅឆ្នាំ ១៩៦៧ មនុស្សចំនួន ២៣៦នាក់ បានស្លាប់បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្រ្ត បានវាយប្រហារនៅរដ្ឋធានីការ៉ាកាស។ ក្រោយមកនៅឆ្នាំ ១៩៩៧ គ្រោះរញ្ជួយដីមួយទៀតបានផ្តាច់ជីវិតមនុស្សចំនួន ៧៣នាក់៕
ប្រភព៖ RFI | ដោយ៖ ស្អាត សុភ័ណ្ឌ







