សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ឥណ្ឌា៖ បាតុកម្ម​ប្រឆាំង​នឹង​ការ​លួច​បន្លំ​ពេល​ប្រឡង ក្លាយ​ជា​ការ​ប៉ះទង្គិច​ហិង្សាជាមួយ​ប៉ូលិស

ឥណ្ឌា៖ បាតុកម្ម​ប្រឆាំង​នឹង​ការ​លួច​បន្លំ​ពេល​ប្រឡង ក្លាយ​ជា​ការ​ប៉ះទង្គិច​ហិង្សាជាមួយ​ប៉ូលិស
បាតុកម្ម​ប្រឆាំង​នឹង​ការ​លួច​បន្លំ​ពេល​ប្រលង​មហាវិទ្យាល័យ ក្លាយ​ជា​ការ​ប៉ះទង្គិច​ហិង្សាជាមួយ​ប៉ូលិស © Manish Swarup / AP

ក្រោម​ការ​អំពាវនាវរបស់​​ “គណបក្ស​ប្រជាជន​កន្លាត” ដែល​ជា​ចលនា​នយោបាយ​ទើប​បង្កើត​ថ្មី​​តាម​បណ្តាញ​អ៊ីនធ័រនែត បាតុករ​ដែល​ភាគ​ច្រើន​ជា​និស្សិត​បាន​ប្រមូល​ផ្តុំ​គ្នា​​ក្នុង​ចំនួន​ដ៏​ច្រើន​ តាំងពី​ព្រឹក​ព្រលឹម មិន​ខ្លាច​ភ្លៀង​និង​រនាំង​ប៉ូលិស​ទេ។ ជា​បាតុកម្ម​ដ៏​ធំបំផុត​មួយ មិនធ្លាប់​មាន​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយមក​នេះ។

បាតុករ​មានបំណង​​ដង្ហែក្បួន​ទៅ​សភា ដែល​កំពុង​បើក​សម័យ​ប្រជុំ​ពេញ​អង្គនៅ​ថ្ងៃ​ចន្ទ​ទី ២០​កក្កដា​នេះ ដើម្បី​បរិហារ​អំពើ​លួច​បន្លំ​ពេល​ប្រឡង​​​ នៅ​ថ្នាក់​មហាវិទ្យាល័យ និង​ទាមទារ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​អប់​រំ​ចុះ​ចេញ​ពី​តំណែង។ ប៉ុន្តែ​ក្បួន​បាតុកម្ម​រីក​កាន់​តែ​ធំ ការ​បង្ក្រាប​និង​​បំបែក​ ពី​សំណាក់​អាជ្ញាធរក៏​​កាន់​តែ​ខ្លាំងដែរ។ នៅ​រសៀល​ថ្ងៃ​ចន្ទនេះ ​​ប៉ូលិស​បានបាញ់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ ទៅ​លើ​ហ្វូង​និស្សិត​ និង​បានប្រើ​ដំបង​​​​វាយ​សំពង​លើ​បាតុករ​ជា​ច្រើន​នាក់។ អាជ្ញាធរ​ក្រុង​ញូវដេលី បាន​ពង្រាយ​កង​កម្លាំង​រក្សា​សណ្តាប់​ធ្នាប់ និង​មធ្យោបាយ​​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ នៅ​មុខ​សភា និង​អគារសាធារណៈ​ជា​ច្រើនទៀត​ ដោយ​បាន​ប្រកាសហាមឃាត់ ​តាំង​ពី​ថ្ងៃ​អាទិត្យ​ទី​១៩​ កក្កដា​ម្សិលមិញ​ ​មិន​ឱ្យ​មានការ​ប្រមូល​ផ្តុំ​គ្នា​ទេ។

“រដ្ឋាភិបាល​ប៉ុន​ប៉ង​​ប្រើ​កម្លាំង​បំបិទ​មាត់​បាតុករ ! តែ​ជា​បាតុកម្ម​ដើម្បី​​អនាគត​របស់​យុវវ័យ​ឥណ្ឌា​រាប់​រយ​ពាន់​នាក់”។ នេះ​ជា​ពាក្យ​រិះគន់​របស់​ប្រមុខ​បក្ស​ប្រឆាំង​ នៅ​ក្នុង​សុន្ទរកថា​​បើក​សម័យ​ប្រជុំ​សភា​។ តែ​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ ណារិនដ្រា​ម៉ូឌី​ គ្មាន​ពាក្យ​មួយ​ម៉ាត់​ទាក់ទង​នឹង​បាតុកម្មថ្ងៃ​​នេះ​ទេ។

ដឹកនាំ​ដោយ​ចលនា “កន្លាត” បាតុកម្ម​បរិហារ​អំពើ​ពុក​រលួយ​លួច​បន្លំ​ពេល​ប្រឡង ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ តាំង​ពី​ជា​ច្រើន​សប្តាហ៍​មក​ហើយ នៅ​តាម​ខេត្ត​ក្រុង​ជា​ច្រើន​នៃ​ប្រទេស និង​បាន​ទាក់ទាញ​និស្សិត​​កាន់​តែ​ច្រើន​ឡើងៗ ជា​ពិសេស​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ ដែល​រក​ការងារ​ធ្វើ​មិន​បាន។

គណបក្ស​​ប្រជាជន​កន្លាត ឬ​ចលនា​កន្លាត ហៅកាត់​ថា CJP (​​ស្រដៀង​នឹង​គណបក្ស​ប្រជាជន BJP ​កំពុង​កាន់​អំណាច)​ ទើប​ត្រូវ​បង្កើត​ឡើង​ នៅ​ខែ​ឧសភា​ឆ្នាំ​២០២៦ ដោយ​និស្សិតឥណ្ឌា​​​​ទើប​បញ្ចប់​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ឈ្មោះ ​​​អភិជិត ឌីបកេ។ គណបក្ស​សាកល្បង​បំផុសឱ្យមាន​ការ​ប្រយុទ្ធ​​​ប្រឆាំង ​នឹង​រឿងអាស្រូវ​លួច​បន្លំ​ពេល​ប្រឡង​ ដែល​តែង​តែកើត​ឡើង​ជា​ញឹកញាប់​ នៅ​ពេល​ប្រឡង​បញ្ចប់​ថ្នាក់​ឧត្តម​សិក្សា។ កាលពី​ខែ​ឧសភា​២០២៦ ឥណ្ឌា​បាន​លុប​ចោលលទ្ធផល​​ប្រឡង​ដែល​មាន​បេក្ខនិស្សិតពេទ្យ​ចូល​រួម​​​ជាង​ពីរ​លាន​នាក់ ដោយ​ហេតុ​តែ​មាន​ការ​លួច​បន្លំ​ក្នុង​ពេល​ប្រឡង។ បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក ការ​លុប​ចោល​លទ្ធផល​ប្រឡងនោះ​​បាន​ជំរុញ​​ឱ្យ​និស្សិត​ពីរ​នាក់​​ខក​ចិតុ្ត​រហូត​ធ្វើ​អត្តឃាត៕

ប្រភព៖ RFI | ដោយ៖ អៀង សុខម៉ិញ