ប្រតិបត្តិការជម្លៀសនាវាដែលជាប់គាំងនៅច្រកសមុទ្រអកមូស្ស បានចាប់ផ្តើមនៅថ្ងៃពុធ ទី ២៤ ខែមិថុនា។ តែទោះបីជាមានការប្រកាសពីការជម្លៀសនាវាទាំងនោះក៏ដោយក៏ក្តីបារម្ភរបស់រដ្ឋាភិបាលឥណ្ឌាមិនទាន់ថយចុះដែរ។ ចាប់តាំងពីថ្ងៃផ្ទុះសង្គ្រាមដែលអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់មក សហជីពនាវិកឥណ្ឌាបានទទួលការហៅទូរស័ព្ទសុំជំនួយពីក្រុមនាវិកឥណ្ឌាដែលចង់ចាកចេញពីតំបន់គ្រោះថ្នាក់ឲ្យបានឆាប់រហ័ស។ នេះបើតាមការលើកឡើងរបស់អគ្គលេខាធិការសហជីពនាវិកឥណ្ឌា លោក Manoj Yadav។
សង្គ្រាមនៅមជ្ឈិមបូព៌ាពេលនេះបានធ្វើឲ្យឥណ្ឌាទទួលរងផលប៉ះពាល់ខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច និងធនធានមនុស្ស។ ឥណ្ឌាជាប្រទេសដែលបានផ្គត់ផ្គង់នាវិកសមុទ្រចំនួន ១៧% នៃចំនួននាវិកសរុបនៅក្នុងពិភពលោក។ មាននាវិកជនជាតិឥណ្ឌាជាង ១៥ ០០០នាក់កំពុងបំពេញការងារនៅតំបន់ឈូងសមុទ្រពែក្ស។ តាំងពីថ្ងៃផ្ទុះសង្រ្គាមដែលអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់មក មានស្លាប់នាវិកឥណ្ឌាចំនួន ៣ ដោយសារកប៉ាល់ដឹកប្រេងមួយគ្រឿងបានរងការវាយប្រហារពីកងទ័ពអាមេរិក។ ជាមួយនឹងកំណើនហានិភ័យនេះ មាននាវិកឥណ្ឌាមួយចំនួនបានសម្រេចចិត្តបញ្ចប់កុងត្រាការងារមុនកំណត់ និងសុំដកខ្លួនត្រឡប់ទៅផ្ទះវិញ។
នាវិកឥណ្ឌាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានអះអាងថា មាននាវិកជាច្រើននាក់មិនទាន់ទទួលបានប្រាក់ខែចាប់តាំងពីខែមេសាមក ហើយថា រូបលោកផ្ទាល់ក៏មិនទាន់ទទួលបានប្រាក់ខែ និងទើបបានត្រឡប់ទៅដល់ឥណ្ឌាវិញកាលពី ១០ថ្ងៃមុន។ នាវិករូបនេះដដែលបានរៀបរាប់ពីស្ថានភាពលំបាករបស់នាវិកស៊ីវិលដែលធ្វើការតាមកប៉ាល់យ៉ាងដូច្នេះថា៖ « ដោយសារតែសង្គ្រាមមួយនេះ ពួកយើងជានាវិករងទុក្ខវេទនា យើងស្លាប់។ សូមក្រឡេកមើលលក្ខខណ្ឌដែលយើងធ្វើការផង។ យើងជាអ្នកដឹកជញ្ជូននាំយកសម្ភារៈនៅជុំវិញពិភពលោក។ មនុស្សគ្រប់គ្នាគួរតែគិតគូរពីយើងផង។ នាវិកទាំងអស់សក្តិសមនឹងទទួលបានការគោរព »។
សូមបញ្ជាក់ជូនថា នៅក្នុងប្រតិបត្តិការជម្លៀសនាវាចេញពីច្រកសមុទ្រអកមូស្សនេះ នាវិកឥណ្ឌាចំនួន ២០០០នាក់ដែលត្រូវចាត់ទុកជាក្រុមអាទិភាពនឹងត្រូវជម្លៀសចេញពីនាវានៅកំពង់ផែប្រទេសអូម៉ង់ចាប់ពីថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមិថុនា។ បន្ទាប់មក ពួកគេនឹងត្រូវបញ្ជូនបន្តតាមជើងហោះហើរទៅកាន់ទីក្រុង Mumbai និងទីក្រុង Chennai៕
ប្រភព៖ RFI | ដោយ៖ ស្អាត សុភ័ណ្ឌ







