«យើងមិនទៅណាឡើយ ហើយក៏មិនបញ្ឈប់បាតុកម្មដែរ ល្គឹកណា រដ្ឋមន្ត្រីអប់រំ លោក Dharmendra Pradhan មិនព្រមចុះពីតំណែង » នេះជាសម្រែករបស់អ្នកនាំពាក្យគណបក្សប្រជាជនកន្លាត លោក Ashutosh Ranka ដែលប្រកាសប្រាប់ហ្វូងអ្នកគាំទ្រ។ ទោះបីជារងការបង្ក្រាបពីសំណាក់អាជ្ញាធរម្តេចក្តី ក៏បក្សកន្លាតបដិសេធមិនព្រមចាកចេញពីទីលាន Jantar Mantar កណ្តាលបេះដូងរដ្ឋធានីញូវដែលី។ មេដឹកនាំបក្សកន្លាតដែលទើបបង្កើតថ្មីថ្មោង ក៏សម្តែងក្តីអំណរដែលបានពញ្ញាក់ស្មារតីប្រជាជាតិឲ្យចេះងើបឈរតវ៉ាក្នុងប្រទេសមួយដែលអាចជាប់ទោសក្បត់ជាតិ ដោយគ្រាន់តែបញ្ចេញមតិរិះគន់។
បាតុកម្មផ្ទុះឡើង ៣-៤ ថ្ងៃជាប់គ្នានៅតាមបណ្តាទីក្រុងធំៗ។ ក្រុមនគរបាលឥណ្ឌា បាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក ទៅលើហ្វូងយុវនិស្សិត និងប្រើដំបងវាយសំពងបាតុករជាច្រើននាក់។ ក្នុងការប៉ះទង្គិចគ្នានេះ មានមនុស្សរបួសជាង ១៨០ នាក់។ ពោលគឺរបួសជនស៊ីវិលជាង៦០នាក់ ហើយកម្លាំងនគរបាល របួសប្រមាណ ១២០នាក់។ នេះបើតាមតុល្យការបឋមរបស់ប៉ូលិស គិតត្រឹមរសៀលថ្ងៃពុធ ទី២២កក្កដា។
ដើមហេតុបាតុកម្មយុវជននេះ ព្រោះតែ រដ្ឋាភិបាលលុបចោលលទ្ធផលប្រឡង កាលពីខែឧសភា២០២៦ ដ្បិតតែការលួចបន្លំក្នុងពេលប្រឡង។ បេក្ខនិស្សិតពេទ្យចូលរួមប្រលង កាលនោះ មានជាង ២ លាននាក់។ យុវបាតុករម្នាក់ រំឭកថា ឪពុកខ្លួន ខំលក់ដីស្រែ ដើម្បីឲ្យកូនបានរៀននិងប្រលងចូលមហាវិទ្យាល័យវេជ្ជសាស្ត្រ។ បើតាមសារព័ត៌មានក្នុងស្រុក ការលុបចោលលទ្ធផលប្រឡងនោះ ជំរុញឲ្យនិស្សិតច្រើននាក់ ធ្លាក់ទឹកចិតុ្តរហូតសម្លាប់ខ្លួន។ សោកនាដកម្មនេះ ជាប្រេងសាំងបញ្ឆេះកំហឹងយុវជនឥណ្ឌា ឲ្យងើបឈរ ធ្វើបាតុកម្ម។ រដ្ឋមន្ត្រីសិក្សាធិការជាតិ លោក Dharmendra Pradhan រក្សាភាពស្ងប់ស្ងាត់ និងគ្មានប្រតិកម្មអ្វីចំពោះចលនាបាតុកម្មរបស់យុវនិស្សិត។
ចំណែក រដ្ឋមន្ត្រីក្រសួងការពារឥណ្ឌា បានឆ្លៀតរិះគន់ថា អ្នកនយោបាយខ្លះ បានឆ្លៀតកេងចំណេញពីកម្លាំងបាតុកម្មរបស់យុវជន។ ជាក់ស្តែង ប្រមុខបក្សប្រឆាំង លោក រាហុល គន្ធី ចេញមុខប្រកាសគាំទ្របាតុករ ដោយស្រែកនៅថ្ងៃពុធ ទី២២ថា រដ្ឋអំណាចរបស់លោក ណារិនដ្រា ម៉ូឌី បានបំផ្លាញអនាគតយុវជន។ ម្ល៉ោះហើយ យុវជនត្រូវធ្វើបាតុកម្មដើម្បីទាមទារយុត្តិធម៌ និងរកពន្លឺអនាគតរបស់ពួកគេ។ ក្នុងវិមានរដ្ឋសភា កាលពីថ្ងៃអង្គារ ទី២១កក្កដា លោក រាហុល គន្ធី ក៏ថ្លែងទាមទារឲ្យលោកនាយរកដ្ឋមន្ត្រីឥណ្ឌា ម៉ូឌី ចុះចេញពីតំណែង ទៀតផង។
គួរជ្រាបដែរថា ប្រមុខបក្សប្រឆាំង លោក រាហុល គន្ធី រួមទាំងសមាជិកសភាច្រើននាក់ ក្នុងនោះមានម្នាក់បែកមុខហូរឈាមច្រមុះ ត្រូវក្រុមសមត្ថកិច្ចប៉ូលិស ចាប់បញ្ចូលក្នុងឡាននគបាល និងឃុំខ្លួនរយៈពេលខ្លី រួចហើយ នគរបាលបានដោះលែង អ្នកតំណាងរាស្ត្រទាំងនោះ ឲ្យមានសេរីភាពវិញ៕
ប្រភព៖ RFI | ដោយ៖ ហេង ឧត្តម







