សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ៊ីរ៉ង់​ប្រកាស​បិទ​ច្រកសមុទ្រអកមូហ្ស បន្ទាប់ពីផ្ទុះអាវុធសាជាថ្មីរវាងអ៊ីរ៉ង់​និងអាមេរិក

អ៊ីរ៉ង់​ប្រកាស​បិទ​ច្រកសមុទ្រអកមូហ្ស បន្ទាប់ពីផ្ទុះអាវុធសាជាថ្មីរវាងអ៊ីរ៉ង់​និងអាមេរិក
នាវាដឹកទំនិញនៅក្បែរកំពង់ផែ​ Khor Fakkan Container Terminal អេមីរ៉ាតអារ៉ាប់រួម មាត់ឈូងសមុទ្រអូម៉ង់ ថ្ងៃទី​២៨មិថុនា​២០២៦ AFP - -

រឿងដដែលកើតឡើងជាដដែលៗ! អ៊ីរ៉ង់​និងអាមេរិក​បានផ្ទុះអាវុធដាក់គ្នាសាជាថ្មី ធ្វើ​ឲ្យ​តំបន់​មជ្ឈិមបូព៌ា ត្រូវត្រឡប់ទៅរកស្ថានការណ៍​អសន្តិសុខ​។ គូបដិបក្សសត្រូវទាំងសងខាង បានប្រកាសសងសឹក​គ្នា​ទៅវិញទៅមក។ នៅព្រឹកព្រលឹមទៀបភ្លឺថ្ងៃអាទិត្យទី​១២កក្កដា សំឡេងស៊ីរ៉ែនបានលាន់ឮរំពងឡើង មិនថាបារ៉ែន នៅកាតា អារ៉ាប៊ីសាអូឌីត និង​ហ្សកដានីជាដើម​។ កងកម្លាំងឆ្មាំបដិវត្តន៍​​អ៊ីរ៉ង់​បានបញ្ជាដ្រូន​ និងបាញ់គ្រាប់មីស៊ីលច្រើនគ្រាប់ សំដៅ​ទៅ​កាន់​មូលដ្ឋានទ័ពអាមេរិក​ ដែលស្ថិតនៅតាមប្រទេសទាំងនេះ​។

រីឯ​បញ្ជាការដ្ឋាន​កងទ័ពអាមេរិក​ប្រចាំតំបន់ដើមបូព៌ា បាន​ប្រកាសថានៅវេលាយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យនេះ គេបាន​បើកការវាយប្រហារ​ទៅ​លើ​អ៊ីរ៉ង់ ចំនួនជាង​​១៤០គោលដៅ​ ដែលសុទ្ធជាទីតាំងកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់​ ដូចជាទីតាំងបាញ់មីស៊ីល ទីតាំងបញ្ជាដ្រូន ឃ្លាំងស្តុកអាវុធនិងគ្រាប់ និង​ប្រព័ន្ធទូរគមនាគមន៍ជាដើម​​។ លើបណ្តាញ​សង្គម X លោក Pete Hegseth រដ្ឋមន្ត្រីសង្គ្រាមអាមេរិក បានសរសេរថា អ៊ីរ៉ង់បាន​​សម្រេចចិត្តខុស ដូច្នេះអ៊ីរ៉ង់​ត្រូវតែទទួលពិន័យ​។

បណ្តាញទូរទស្សន៍អ៊ីរ៉ង់វិញ បាន​ផ្សាយ​ថាមានករណីផ្ទុះ​ច្រើនកន្លែង នៅភាគខាងត្បូង ដូចជានៅ Bandar Abbas, Sirik, Jask កោះ Qeshm និង​នៅខេត្ត Khouzistan ជាប់ព្រំដែន​អ៊ីរាក់​។ នៅព្រឹកថ្ងៃអាទិត្យ​នេះ​ អ៊ីរ៉ង់​បានប្រកាសបិទខ្ទប់ច្រកសមុទ្រអកមូហ្សទាំងស្រុង រហូតទាល់តែអាមេរិក​ឈប់វាយប្រហារមកលើអ៊ីរ៉ង់​​។ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែល​បច្ចុប្បន្ន​កំពុងក្តាប់អំណាចណែនពេញដៃ​នៅអ៊ីរ៉ង់ បានអះអាងថា មាននាវាច្រើនគ្រឿង​ បានប៉ុនប៉ងធ្វើដំណើរ​ឆ្លង​​កាត់​ច្រកសមុទ្រអកមូហ្ស នៅ​តា​មផ្លូវ​ដែល​អ៊ីរ៉ង់​មិនអនុញ្ញាត ហើយតម្រូវឲ្យអ៊ីរ៉ង់​​បាញ់ស្ទាក់។

សូមបញ្ជាក់ថា នៅយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះ មាននាវាដឹកទំនិញយ៉ាងហោច២គ្រឿង ដែលត្រូវបាន​អ៊ីរ៉ង់​បាញ់ចំ​ បង្កឲ្យ​ខូចខាត និងមានអគ្គីភ័យលើនាវា​។​ យោងតាមទីភ្នាក់ងារ​សន្តិសុខផ្លូវសមុទ្រអង់គ្លេស​ UKMTO មាន​នាវាដឹកកុងទឺន័រមួយ ដោតទង់ជាតិ​ប្រទេស​ស៊ីប ត្រូវបាន​អ៊ីរ៉ង់​បាញ់ចំ ឆេះសន្ធោសន្ធៅ នៅ​ក្បែរជ្រោយ Moussandam ដែនដីអូម៉ង់។ បច្ចុប្បន្ននេះ នាវានេះមិនអាចធ្វើដំណើរទៅមុខបានទេ។ ក្រុមបុគ្គលិកបាន​លោតចុះពីនាវា តាមទូក​សង្គ្រោះ​។ ក្រសួងការបរទេសឥណ្ឌាវិញ បាន​ឲ្យដឹងថាយ៉ាងតិចមានបុគ្គលិកជនជាតិ​ឥណ្ឌាចំនួន​១២នាក់ ដែលធ្វើការនៅលើនាវាដែលអ៊ីរ៉ង់​បាញ់ឆេះ​៕

ប្រភព៖ RFI | ដោយ៖ ម៉ម ពិសី