ក្រសួងការបរទេសកូរ៉េខាងត្បូងបានទទួលស្គាល់កំហុស និងភាពទន់ខ្សោយរបស់ខ្លួន ដោយបញ្ជាក់ថា ស្ថាប័នពិតជាបានរងការវាយប្រហារតាមអ៊ីនធឺណិតក្នុងទម្រង់ធំមិនធ្លាប់ជួបប្រទះពីមុនមកទេ។ ក្រុមចោរអ៊ីនធឺណិតដែលទំនងមានពាក់ព័ន្ធនឹងកូរ៉េខាងជើងបានហែករបាំងសន្តិសុខឌីជីថលរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងដោយប្រើកម្មវិធី Zero-day និងចូលសំងំឈ្លបការណ៍តាំងពីខែមេសា ឆ្នាំ២០២៥ ដោយគ្មានបញ្ចេញសញ្ញាអ្វីទាំងអស់។ ក្រុមចោរអ៊ីនធឺណិតបានហែកចូលដល់ក្នុងវេបសាយរបស់សាលាបណ្ឌិត្យសភាការទូតកូរ៉េខាងត្បូង និងអាចចូលលុកលុយដោយសេរីក្នុងបណ្តាញអ៊ីនធឺណិតផ្ទៃក្នុងរបស់ក្រសួងការបរទេស។
ជាសរុប មានឯកសារព័ត៌មានជិត១ម៉ឺន ត្រូវបានក្រុមចោរយកបាន ក្នុងនោះមានខ្លះជាទិន្នន័យទាក់ទងឈ្មោះ ទីតាំងរបស់បុគ្គលិកក្នុងក្រសួង ព្រមទាំងលេខ ឬពាក្យកំណត់អត្តសញ្ញាណឯកជនរបស់គ្រប់បុគ្គលិក និងរបាយការណ៍ចារកិច្ចជាច្រើនទៀត។ បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងត្បូង បុគ្គលិករបស់ក្រសួងការបរទេសទាំងអស់ រាប់ទាំងអ្នកចូលនិវត្តន៍ទៀត សុទ្ធតែរងផលប៉ះពាល់ពីសកម្មភាពវាយប្រហារអ៊ីនធឺណិតនេះ។ កូរ៉េខាងត្បូងទើបបានរកឃើញមានករណីវាយប្រហារតាមអ៊ីនធឺណិតដោយការហែកចូលក្រសួងការបរទេសនៅអំឡុងខែកុម្ភៈឆ្នាំ២០២៦ ពោលគឺចោរអ៊ីនធឺណិតបានធ្វើសកម្មភាពចារកិច្ចអស់ជិត១០ខែទៅហើយ។
ប៉ុន្តែអាជ្ញាធរទើបហ៊ានទម្លាយព័ត៌មានជាសាធារណៈនៅសប្តាហ៍នេះតែប៉ុណ្ណោះ។ ការលាតត្រដាងនេះក៏ជាឱកាសពិចារណាជុំវិញសមត្ថភាពរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការ ការពារខ្លួនពីការវាយប្រហារតាមអ៊ីនធឺណិតដែរ។ នេះមិនមែនជាលើកទីមួយទេដែលកូរ៉េខាងត្បូងបានរងការវាយប្រហារតាមអ៊ីនធឺណិត និងដែលភាគច្រើនជាស្នាដៃរបស់ក្រុមចោរអ៊ីនធឺណិតពាក់ព័ន្ធនឹងកូរ៉េខាងជើង។ កាលពីឆ្នាំ២០២៤ ចោរអ៊ីនធឺណិតបានវាយប្រហារលើក្រុមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។ បើតាមក្រុមអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិទទួលបន្ទុកតាមដានមើលទណ្ឌកម្មដាក់លើកូរ៉េខាងជើង សកម្មភាពរបស់ចោរអ៊ីនធឺណិតរបស់កូរ៉េខាងជើងបាននាំចំណូលឱ្យរបបក្រុងព្យុងយ៉ាងប្រមាណ ៣ពាន់លានដុល្លារនៅចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០២៣៕
ប្រភព៖ RFI | ដោយ៖ អៀង សុខម៉ិញ







