នៅក្នុងកិច្ចពិភាក្សាជាមួយទូរទស្សន៍ជាតិកម្ពុជាដែលទើបចាក់ផ្សាយនៅថ្ងៃ៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ថា ប្រាសាទតាមាន់ធំស្ថិតក្នុងប្រទេសកម្ពុជាទាំងស្រុង និងថា សូម្បីក្នុងផែនទីដែលថៃគូសដោយឯកតោភាគីក៏បង្ហាញថាប្រាសាទតាមាន់ធំស្ថិតក្នុងដីខ្មែរដែរ។ ការបញ្ជាក់របស់លោក អ៊ិត សុត្ថា គឺដោយយោងលើមាត្រដ្ឋាន ១/២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងផែនទីខ្នាត ១/៥០,០០០ ឬផែនទី L7017 របស់ថៃ។
ក្នុងកិច្ចពិភាក្សាដដែល លោក អ៊ិត សុត្ថា បានលើកយកផែនទីថតតាមផ្កាយរណបដែលបង្ហាញពីខ្សែបន្ទាត់ខណ្ឌចែកព្រំដែនប្រទេសកម្ពុជា និងថៃ។ ក្នុងនោះ ពណ៌ក្រហមជាខ្សែបន្ទាត់ព្រំដែនគូសនៅសម័យអាណានិគមនិយមបារាំង និងពណ៌ខៀវជាខ្សែបន្ទាត់ ដែលថៃគូសដោយឯកតោភាគី។ មន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរូបនេះបានបញ្ជាក់ថា ទាំងខ្សែបន្ទាត់ក្រហម និងខៀវ សុទ្ធតែបង្ហាញថា ប្រាសាទតាមាន់ធំស្ថិតក្នុងដែនដីកម្ពុជាទាំងស្រុង។
លោក អ៊ិត សុត្ថា បន្តទៀតថា ក្នុងប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រដែលជាឧបសម្ព័ន្ធនៃកំណត់ហេតុវាស់វែងរបស់គណៈកម្មាការកំណត់ព្រំដែនឥណ្ឌូចិន-សៀមនៅឆ្នាំ ១៩០៨ ក៏បានបង្ហាញយ៉ាងច្បាស់ថា ប្រាសាទតាមាន់ធំគឺជារបស់កម្ពុជា។ មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះបន្ថែមថា ថ្វីបើថៃកំពុងប៉ុនប៉ងគូសវាសខ្សែបន្ទាត់ព្រំដែនថ្មីក៏ដោយ ក៏ផែនទីទាំងនោះគ្មានតម្លៃ និងមិនអនុភាពតាមផ្លូវច្បាប់ឡើយ។ សូមរំឭកថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២៦ ថៃ តាមរយៈនាយកដ្ឋានវិចិត្រសិល្បៈ បានប្រកាសចុះបញ្ជីប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ រួមនឹងតំបន់បុរាណស្ថានរបស់កម្ពុជាដែលស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃជាច្រើនផ្សេងទៀតទៅក្នុងបញ្ជីជាតិបុរាណរបស់ខ្លួន។
កម្មវត្ថុនៃការចុះបញ្ជីយ៉ាងដូច្នេះរបស់ថៃ គឺដើម្បីផ្តល់ការការពារផ្លូវច្បាប់ឱ្យកាន់តែច្បាស់លាស់សម្រាប់បុរាណស្ថាន ក្រោមច្បាប់អភិរក្សបេតិកភណ្ឌរបស់ខ្លួន។ កាលណោះកម្ពុជា តាមរយៈក្រសួងវប្បធម៌បានប្រកាសតវ៉ាយ៉ាងដាច់អហង្ការ និងថា ការចុះបញ្ជីប្រាសាទបុរាណរបស់ខ្មែរទៅក្នុងបញ្ជីជាតិបុរាណរបស់ថៃ នឹងមិនអាចធ្វើជាភស្តុតាងសម្រាប់ការកំណត់អធិបតេយ្យភាពទឹកដី ឬធ្វើជាឧបករណ៍កំណត់ព្រំដែនបានឡើយ។ តែថៃហាក់មិនរអានឹងការតវ៉ារបស់កម្ពុជា និងនៅតែអះអាងថា ប្រាសាទបុរាណខ្មែរទាំងនោះជារបស់ខ្លួន ព្រមទាំងបានដាក់លក់សំបុត្រឱ្យទេសចរចូលទស្សនាថែមទៀត។
ដោយឡែក កាលពីថ្ងៃអាទិត្យ ទី៥កក្កដាកន្លងទៅ មេបញ្ជាការយោធភូមិភាគទី២ និងយោធភូមិភាគទី៣ របស់កងទ័ពភូមិន្ទថៃបានប្រាប់ទៅកាន់កងកម្លាំងរបស់ខ្លួនឱ្យត្រៀមលក្ខណៈជាស្រេចដើម្បីបន្តការពារប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងភ្នំ ៣៥០ដែលខ្លួនដណ្តើមបានពីប្រទេសកម្ពុជាកាលពីឆ្នាំ ២០២៥៕
ប្រភព៖ RFI | ដោយ៖ សើ ដាវី







