ប្រាក់ជំនូនបណ្ណាការ ឬលុយ«ថ្លៃទឹកដោះ» ជាអាវុធសម្លាប់ស្ត្រី យ៉ាងស្ងប់ស្ងាត់ ក្នុងសង្គមឥណ្ឌា។ អត្រាមរណភាពស្ត្រីឥណ្ឌា កើនឡើងខ្ពស់ ព្រោះតែអំពើហិង្សារ៉ាំរ៉ៃក្នុងចំណងអាពាហ៍ពិពាហ៍។ នេះបើតាមការរបាយការណ៍សិក្សារបស់នរវិទូ លោកស្រី Kriti Kapila ( ក្រឹតិ កបិល कृति कपिल ) នៃ King’s College សកលវិទ្យាល័យអង់គ្លេសដ៏ល្បីល្បាញ នៅទីក្រុងឡុងដ៍។ សាស្ត្រាចារ្យបណ្ឌិតរូបនេះ សង្កត់ធ្ងន់ថា ប្តីនិងគ្រួសារខាងប្តី ចេះតែធ្វើទុក្ខបុកម្នេញទាមទារប្រាក់បណ្ណាការពីភរិយា និងប្រើហិង្សារឿយៗជុំវិញបញ្ហាលុយថ្លៃទឹកដោះ។ ព្រោះតែអំពើហិង្សានោះហើយ ទើបភរិយាធ្លាក់ខ្លួនស្លាប់ ឬត្រូវបង្ខំចិត្តធ្វើអត្តឃាតដោយទ្រាំទ្រលែងរួច។
ជាមធ្យម តាំងពីឆ្នាំ១៩៩០មក ស្ត្រីឥណ្ឌា ចំនួនយ៉ាងតិច ២ ០០០នាក់ ស្លាប់រៀងរាល់ឆ្នាំ ដោយសារតែហិង្សាមកពីជំនូនបណ្ណាការ។ សព្វថ្ងៃ អត្រាស្លាប់ កើនឡើងជាង ៦ ៥០០ នាក់ ក្នុងមួយឆ្នាំ។ នេះបើផ្អែកតាមការសិក្សាដដែល។
បើទោះបីជា ច្បាប់ឥណ្ឌាបានហាមឃាត់ តាំងពីឆ្នាំ១៩៦១ហើយក្តី ក៏ទម្លាប់អនុវត្តផ្គាប់បណ្ណាការ ទៅខាងកូនប្រុសនិងក្រុមគ្រួសារកូនកំលោះ នៅតែបន្តចាក់ឫសជ្រៅក្នុងសង្គម។ ដោយហេតុថា ឥណ្ឌាអនុវត្តប្រព័ន្ធសង្គមតាមបែបលទ្ធិបិតាធិបតេយ្យ ដែលឲ្យតម្លៃ ឬយកប្រុសជាធំ។ ម្ល៉ោះហើយ ក្នុងពិធីមង្គលការ គ្រួសារខាងកូនស្រីត្រូវជូនបណ្ណាការទៅខាងកូនប្រុស តួយ៉ាង លុយសុទ្ធ មាសពេជ្រគ្រឿងអល្លង្ការ ឡានទំនើប ផ្ទះវិឡា ឬ ម៉ូតូស៊េរីទំនើបៗ ជាដើម។ល។ ជំនូនបណ្ណាការ នេះទៀតសោត ក៏មានកម្រិតខ្ពស់ និងច្រើនខ្លាំង ទៅតាមឋានៈសង្គមរបស់គ្រួសារខាងប្រុស និងមុខងារតួនាទីកូនកំលោះផ្ទាល់។ កាលណា មុខមាត់គ្រួសារខាងប្រុសកាន់តែធំ នោះចំនួនប្រាក់ផ្គាប់បណ្ណាការ ក៏ឡើងថ្លៃតាមនោះដែរ។ គ្រួសារខ្លះ ខំប្រឹងវិនិយោគទុនទៅលើកូនប្រុស ឲ្យរៀនសូត្រខ្ពស់ ដល់កម្រិតវិស្វករ និងវេជ្ជបណ្ឌិតជាដើម ហើយដល់ពេលរៀបការ គេរំពឹងថានឹងទទួលប្រាក់កម្រៃតបស្នងមកវិញ តាមរយៈប្រាក់ជំនូន ពីគ្រួសារកូនស្រី។
ការឲ្យតម្លៃតែប្រុសៗ ក៏បង្កភាពលំបាកផ្សេងទៀតដល់សង្គមឥណ្ឌាដែរ។ ជាក់ស្តែង ប្តីប្រពន្ធសម្រេចចិត្តទម្លាក់កូនស្រីចោលតាំងពីក្នុងផ្ទៃពោះ ព្រោះគេគិតថា មានកូនស្ត្រីនឹងក្លាយជាបន្ទុកគ្រួសារ។ កាលណាពិនិត្យគភ៌ឃើញកូនស្រី គេរំលូតចោល។ ម្ល៉ោះហើយ អត្រាកំណើតទារិកា ធ្លាក់ចុះទាបខ្លាំង បើបៀបនឹងទារក។ ជាក់ស្តែង គ្រាន់តែក្នុងរដ្ឋ Pendjab មួយ នៅភាគខាងជើងប្រទេសឥណ្ឌា កំណើតកូនស្រី មានត្រឹម ៧៥៤នាក់ ឯកូនប្រុស ១ ០០០នាក់។
ទំព័រសារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយមិនលួសថ្ងៃ និងស្ទើរតែជារឿងសាមញ្ញធម្មតាទៅហើយ ដ្បិតថា ស្ត្រីឥណ្ឌា ស្លាប់ព្រោះតែបញ្ហា«បណ្ណាការ»នេះ មានចំនួនយ៉ាងតិច ១៥-១៦នាក់ ជារៀងរាល់ថ្ងៃ។ ក្នុងក្រសែភ្នែកនៃក្រុមចលនាលើកកម្ពស់សិទ្ធិនារីឥណ្ឌា និងអង្គការការពារស្ត្រី
ចម្លើយតបទៅនឹងបញ្ហាប្រឈមមួយសង្គមនេះ ពុំមែនគ្រាន់តែការបង្កើតបទដ្ឋានច្បាប់តែមួយមុខគត់ អាចល្មមគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាបានទេ។ ស្ថានភាពដុនដាបដ៏ចាក់ជ្រៅបែបនេះ ទាល់តែមានកំណែទម្រង់ស៊ីជម្រៅ ឬធ្វើបដិវត្តដ៍វប្បធម៌តែម្តង។ ក្នុងន័យនេះ ក្រុមចលនាតម្កើងសិទ្ធិស្ត្រីឥណ្ឌា បានប្រមូលផ្តុំក្រុមយុវត្តី ដើម្បីក្រោកឈរធ្វើពាហិការមិនឲ្យប្រាក់ជំនូន«ថ្លៃទឹកដោះ»ទៅខាងកូនប្រុស ហើយទាត់ចោលទម្លាប់អាពាហ៍ពិពាហ៍បែបចាស់គំរឹល៕
ប្រភព៖ RFI | ដោយ៖ ហេង ឧត្តម







