សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អាមេរិកនិងអ៊ីរ៉ង់វាយប្រហារគ្នាសាជាថ្មី ខណៈលោកត្រាំគំរាមវាយកម្ទេចអ៊ីរ៉ង់ ឲ្យក្លាយជាផេះ

អាមេរិកនិងអ៊ីរ៉ង់វាយប្រហារគ្នាសាជាថ្មី ខណៈលោកត្រាំគំរាមវាយកម្ទេចអ៊ីរ៉ង់ ឲ្យក្លាយជាផេះ
អាមេរិកនិងអ៊ីរ៉ង់វាយប្រហារគ្នាសាជាថ្មី ខណៈលោកត្រាំគំរាមវាយកម្ទេចអ៊ីរ៉ង់ ឲ្យក្លាយជាផេះ via REUTERS - IRGC/WANA

ស្ថានការណ៍នៅមជ្ឈិមបូព៌ាហាក់ឡើងកំដៅខ្លាំងឡើងវិញ បន្ទាប់ពីអាមេរិកនិងអ៊ីរ៉ង់បានបាញ់ប្លោងសងសឹកដាក់គ្នាសាជាថ្មី ហើយភាគីទាំងពីបានចោទដាក់គ្នាទៅវិញទៅមក ថាបានរំលោភបទឈប់បាញ់។ នៅថ្ងៃសៅរ៍ ទី២៧ មិថុនា កងទ័ពអាមេរិកបានវាយប្រហារផ្លូវអាកាស សំដៅកម្ទេចទីតាំងយោធាអ៊ីរ៉ង់ ចំនួន១០កន្លែង មានជាអាទិ៍ ឃ្លាំងស្តុកអាវុធ ប្រព័ន្ធទូរគមនាគមន៍ និងទីតាំងការពារដែនអាកាស។ នេះបើតាមទីបញ្ជាការដ្ឋានកងទ័ពអាមេរិក​ប្រចាំតំបន់មជ្ឈិមបូព៌ា ដោយបានបញ្ជាក់ថា ការវាយប្រហាររបស់អាមេរិកធ្វើឡើង បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបញ្ជូនដ្រូន ទៅបំផ្លាញនាវាដឹកប្រេង ដោតទង់ជាតិប៉ាណាម៉ា ដែលបើកឆ្លងកាត់ច្រកសមុទ្រអកមូហ្ស។ បើតាមប្រភពដដែល នាវាដឹកទំនិញបន្តធ្វើចរាចរណ៍ធម្មតា ឆ្លងកាត់ច្រកសមុទ្រអកមូហ្ស បើទោះបីជាមានការវាយប្រហារសាជាថ្មី រវាងអាមេរិកនិងអ៊ីរ៉ង់។

ដោយឡែក លោក ដូណាល់ ត្រាំបានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថាទ័ពអាកាសអាមេរិកបានបាញ់កម្ទេច ឃ្លាំងស្តុកមីស៊ីលនិងដ្រូន ព្រមទាំងមណ្ឌលរ៉ាដាតាមបណ្តាយឆ្នេររបស់អ៊ីរ៉ង់ ដោយសារតែអ៊ីរ៉ង់បានរំលោភបទឈប់បាញ់។ លោកត្រាំថែមទាំងបានព្រមានវាយកម្ទេចអ៊ីរ៉ង់ ឲ្យក្លាយជាផេះ ប្រសិនបើរបបផ្តាច់ការអ៊ីស្លាមអ៊ីរ់ង់ បន្តធ្វើរឿងបែបនេះម្តងទៀត។

ចំណែក អ៊ីរ៉ង់បានបរិហារនិងចោទអាមេរិក ថាបានរំលោភយ៉ាងធ្ងន់ធ្ងរ លើកិច្ចព្រមព្រៀងបឋមបិទបញ្ចប់សង្រ្គាម រវាងភាគីទាំងពីរ ដែលបានចុះហត្ថលខា កាលពីថ្ងៃពុធ ទី១៧ មិថុនា កន្លងទៅ។ នៅថ្ងៃអាទិត្យ ទី២៨ មិថុនា កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ប្រកាស ថាបានសងសិកវិញ ដោយបានបាញ់មីស៊ីលនិងប្រើដ្រូន សំដៅលើមូលដ្ឋានកងទ័ពអាមេរិកជាច្រើនកន្លែង នៅកូវែត និងបារ៉ែន។

អ៊ីរ៉ង់អះអាង ថាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អាមេរិក ចំនួន៨ទីតាំង ក្នុងនោះមាន មូលដ្ឋានទ័ព Ali al-Salem នៅកូវែត និងមូលដ្ឋានទ័ពជើងទឹក នៅកំពង់ផែ Salman របស់បារ៉ែន។ ក្រុងតេហេរ៉ង់ក៏បានព្រមានវិញដែរថា ការវាយប្រហារសងសឹកនឹងកាន់តែធំ ប្រសិនការឈ្លានពានរបស់អាមេរិកនៅបន្ត។ នេះបើផ្អែកតាមអ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Hossein Mobbi នៅថ្ងៃអាទិត្យ ២៨ មិថុនា ដោយបានបញ្ជាក់ដែរថា រាល់ការវាយប្រហាររបស់សត្រូវ ទៅលើទីតាំងសំខាន់ ឬមិនសំខាន់របស់អ៊ីរ៉ង់ ឬ ទោះក្នុងហេតុផលអ្វីក៏ដោយ អ៊ីរ៉ង់នឹងឆ្លើយតបវិញយ៉ាងចាស់ដៃ។

ពីទីក្រុងបាដាត ប្រទេសអ៊ីរ៉ាក់ ប្រមុខការទូតអ៊ីរ៉ង់ លោក Abbas Araghchi បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងពិចារណាបើកច្រកសមុទ្រអកមូហ្សឡើងវិញ។ លោក Abbas Araghchi ក៏បានព្រមានកុំឲ្យប្រទេសដទៃ លូកដៃចូលកិច្ចការរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រអកមូហ្ស ប្រសិនបើមិនចង់ឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង។

ចំណែក នៅសមរភូមិលីបង់ឯណោះវិញ អ៊ីស្រាអែលបន្តវាយប្រហារចូលភាគខាងត្បូងលីបង់ បើទោះបីជាភាគីទាំងពីរ អ៊ីស្រាអែលនិងលីបង់ ទើបតែចុះកិច្ចព្រមព្រៀងគោលដើម្បីសន្តិភាព ដោយមានសហរដ្ឋអាមេរិកជាអន្តរការី៕

ប្រភព៖ RFI | ដោយ៖ ទន់ ពុទ្ធពិសិដ្ឋ