ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រគល់ម៉ាស៊ីនថតសួត ប្រភេទឌីជីថលទំនើបចំនួន៦គ្រឿង ជូនដល់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) និងមន្ទីរសុខាភិបាលខេត្ត ដើម្បីស្វែងរកករណីជំងឺរបេងនៅតាមសហគមន៍ នៅក្នុងស្រុកគោលដៅចំនួន១០ ដែលមិនសូវមានការឧបត្ថម្ភគាំទ្រ។
លោកស្រី Erin Nicholson នាយិកាបេសកកម្មស្តីទី របស់ USAID ចាត់ទុកថា ការលុបបំបាត់ជំងឺរបេង គឺជាអាទិភាពសកល ហើយទីភ្នាក់ងារជំនួយអាមេរិក USAID មានមោទកភាពក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ក្រសួង សុខាភិបាល ដើម្បីបញ្ចប់ជំងឺរបេងនៅកម្ពុជាឱ្យបានត្រឹមឆ្នាំ២០៣០។
លោកស្រី បន្ថែមថា ទីភ្នាក់ងារ USAID បានផ្តល់ប្រាក់ជាង ១៦លានដុល្លារ សម្រាប់គាំទ្រដល់ការឆ្លើយតបនឹងជំងឺរាតត្បាតនៃជំងឺរបេងនៅកម្ពុជា ហើយសកម្មភាពនេះនៅដំណើរការរហូតដល់សព្វថ្ងៃ។ ជាងនេះទៅទៀតការគាំទ្ររបស់USAID ដល់ NTP មានគោលបំណង នាំយក ការធ្វើរោគវិនិច្ឆ័យកាន់តែលឿន និងត្រឹមត្រូវទៅជិតសហគមន៍ ដែលនឹងរួមចំណែកក្នុងការស្វែងរកករណីបាត់ដាន ដើម្បីបញ្ចប់ជំងឺរបេង និងលើកកំពស់សុខមាលភាពប្រជាជនកម្ពុជា។
លោកស្រីមានប្រសាសន៍ថា៖ «ម៉ាស៊ីនកាំរស្មីអ៊ិច ដែលប្រគល់ជូនថ្ងៃនេះ នឹងជួយកម្មវិធីជាតិក្នុងការស្វែងរកអ្នកសង្ស័យជំងឺរបេងដែលបាត់ដាននៅក្នុងសហគមន៍ និងជួយធ្វើឱ្យសុខភាពរបស់ប្រជាជនកម្ពុជាដែលងាយរងគ្រោះដោយសារជំងឺនេះមានភាពប្រសើរឡើង»។
លោកស្រីក៏បានពន្យល់លក្ខណៈសម្បត្តិរបស់ ម៉ាស៊ីន X-ray ចំនួន៦ខាងលើថា នឹងបំពេញបន្ថែមការធ្វើតេស្ត ភី ស៊ី អ ដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យ អ្នកជំងឺរបេងសង្ស័យ។ លក្ខណៈពិសេសរបស់ម៉ាស៊ីនទាំងនេះ នឹងត្រូវបានដំឡើងជាមួយកម្មវិធីបញ្ញាសិប្បនិមិត្ត ដើម្បីរកមើល ជំងឺរបេងជាលក្ខណៈឌីជីថល ដោយហេតុនេះវា កាត់បន្ថយបន្ទុកការងារសម្រាប់អ្នកបច្ចេកទេសកាំរស្មីអ៊ិច និងធ្វើរោគវិនិច្ឆ័យតាមរយៈការថតកាន់តែមានភាពសុក្រិត។
នាយិកាបេសកម្មស្ដីទីរូបនេះ បញ្ជាក់ថា ម៉ាស៊ីនទាំងនេះ នឹងត្រូវដាក់នៅក្នុងមន្ទីរពេទ្យបង្អែកសាធារណៈ ហើយនឹងត្រូវបានប្រើសម្រាប់សកម្មភាពស្វែងរកករណីជំងឺរបេងសកម្ម នៅ សហគមន៍ក្នុងស្រុកប្រតិបត្តិចំនួន១០។ លើសពីនេះ ម៉ាស៊ីនទាំងនេះដើរតួរយ៉ាងសំខាន់ នៅក្នុងការសិក្សាអត្រាប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទីបី ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ។
លោក ហ៊ុយ សិរីវឌ្ឍនៈ អគ្គនាយករងបច្ចេកទេសសុខាភិបាល បានថ្លែងថា ការទទួលបានជំនួយម៉ាស៊ីនថតសួតបែបឌីជីថល ចំនួន៦គ្រឿង គឺជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការជួយពន្លឿនការឆ្លើយតបជំងឺរបេងនៅក្នុងប្រទេសកម្ពុជា ដែលជាពិសេសនោះ លើការស្រាវជ្រាវករណីរបេងនៅតាមមូលដ្ឋានសុខាភិបាល ទាំងក្នុងថ្នាក់ខេត្ត និងថ្នាក់ស្រុក ដើម្បីធានាថាអ្នកដែលសង្ស័យថាមានជំងឺរបេង ឬផ្ទុក និងឆ្លងរបេងបានទទួលសេវាធ្វើរោគវិនិឆ្ឆ័យ សេវាព្យាបាល និងថែទាំបានឆាប់រហ័ស។
លោកមានប្រសាសន៍ថា៖ «ការប្រើប្រាស់ឧបករណ៍ទំនើប និងបែបឌីជីថលទាំងនេះ ពិតជាបង្កើននូវលទ្ធភាព និងសមត្ថភាពរបស់អ្នកផ្ដល់សេវារបេង ជាមួយនឹងលទ្ធផលកាន់តែជឿទុកចិត្ត ឆាប់រហ័ស និងសុក្រិតភាពជាងមុន»។
លោកបន្ថែមថា អង្គការKhana រួមជាមួយអង្គការដៃគូអនុវត្តចំនួន៣ផ្សេងទៀត ក៏បានផ្ដល់នូវឧបករណ៍ទំនើបៗ ក្នុងការគំាទ្រដល់សកម្មភាពការងាររបស់មជ្ឃមណ្ឌលជាតិកំចាត់របេង និងហង់សិនផងដែរ ក្នុងនោះរួមមាន ម៉ាស៊ីនថតសួតរហ័សចំនួន៩គ្រឿង និងម៉ាស៊ីនធ្វើរោគវិនិច្ឆ័យTruenat ចំនួន១៥គ្រឿង ដែលជាឧបករណ៍ទំនើបៗសម្រាប់ការចូលរួមការស្រាវជ្រាវករណីរបេងឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ជាមួយលទ្ធផលប្រសើរជាងមុន។
ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោក ហួត ចាន់យុដា បានលើកឡើងថាកម្ពុជានៅតែជាប្រទេសមួយ ដែលមានបន្ទុកជំងឺរបេងខ្ពស់នៅឡើយ បើទោះជាកម្ពុជា បានចាកចេញពីបញ្ចីប្រទេសមួយក្នុងចំណោមប្រទេស៣០ ដែលនៅមានបន្ទុកជំងឺរបេងខ្ពស់នៅលើពិភពលោក និងបើទោះជាក្នុងរយៈកាលកន្លងទៅ កម្ពុជាបានខិតខំ និងទទួលបាននូវជោគជ័យក្នុងការកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ ក្នុងកម្រិតមួយល្អប្រសើរក៏ដោយ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «កង្វះខាតធនធានសម្ភារៈ ឧបករណ៍ធ្វើរោគវិនិច្ឆ័យទំនើប នៅតាមមូលដ្ឋាន សុខាភិបាល ជាមួយធនធានហិរញ្ញវត្ថុ ដែលមានតិចតួច គឺជាមូលហេតុចម្បង ដែលធ្វើឱ្យការស្រាវជ្រាវករណី ជំងឺរបេង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល នៅក្នុងប្រទេសកម្ពុជា នៅមានភាពយឺតយ៉ាវនៅឡើយ»។
បើតាមរបាយការណ៍ស្តីពីជំងឺរបេងសាកល របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២១ កម្ពុជាមានមនុស្សប្រមាណមួយភាគបី ដែលកំពុងឈឺដោយសារជំងឺរបេង នៅមិនទទួលបានការថែទាំ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេល ដែលនេះគឺជាហានិភ័យលើការបន្តការចម្លង និងការឆ្លងដែលធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងប្រទេសជាតិ។
របាយការណ៍ដដែល បន្តថា កម្ពុជានៅមានចំនួនអ្នកឈឺដោយសារជំងឺរបេងប្រមាណ២៧៤ នាក់ ក្នុងចំណោមប្រជាជនមួយសែននាក់ និងមានអ្នកស្លាប់ចំនួន២០នាក់ ក្នុងចំណោមប្រជាពលរដ្ឋមួយសែននាក់ ដែលតួលេខនេះ មានការថយចុះ បើធៀបទៅនឹងឆ្នាំ២០២០ បើទោះជាមានការកើនឡើងនៃអ្នកស្លាប់។
គួរជម្រាបជូនថា ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន បានធ្វើការស្រាវជ្រាវ និងបានផ្តល់ការថែទាំ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ដល់អ្នកជំងឺរបេងប្រមាណជាង៣ម៉ឺននាក់។
យ៉ាងណាមិញ លោក ចាន់យុដា បន្ថែមថា ការប្រគល់ និងទទួលជំនួយម៉ាស៊ីនថតសួតបែបឌីជីថល ចំនួន៦គ្រឿង បានរួមចំណែកក្នុងការលើកកម្ពស់ នូវសុខមាលភាព និងសុខភាព របស់ប្រជាជនកម្ពុជា ឆ្ពោះទៅរកការចូលរួមចំណែកជាមួយពិភពលោកធ្វើការបញ្ចប់ការរាតត្បាតជំងឺរបេងនៅឆ្នាំ២០៣០។ ហើយវានឹងធ្វើការឆ្លើយតបទៅនឹងជំងឺរបេងនៅក្នុងស្រុកប្រតិបត្តិទាំង១០ ដែលស្ថិត ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ៕