កំពុងអង្គុយយោលអង្រឹងក្នុងផ្ទះដែលមានប្រក់ស័ង្កសី និងមានសភាពធំទូលាយសម្រាប់ការរស់នៅជាមួយគ្រួសារធំ បុរសសម្បុរស្រអែម ដែលមើលទៅទំនងមានសុខភាពមាំមួន ក្រោយពីជាសះស្បើយពីជំងឺ បានរៀបរាប់ថា លោកធ្លាប់ត្រូវបានរងការធ្វើទុក្ខពីជំងឺរបេងធ្ងន់ធ្ងរអស់រយៈពេលជាង២ឆ្នាំ និងមិនដែលគិតថានឹងមានជីវិតអាចរស់នៅដូចសព្វថ្ងៃឡើយ។
«អត់ទេ! អត់ស្មានថាបានដូចដើមទេ ទល់ឥឡូវទេ។ ដូចថាប្រហែលខ្ញុំលេបថ្នាំត្រូវ។ អ្នកណាថាខ្ញុំនឹងរស់នោះ [..]មនុស្សពី៨៤គីឡូ នៅសល់តែ៤៣ហ្នឹង! សល់តែស្បែក ទាញមកមានស្អីមានតែស្បែកទទេ ជាប់ជាមួយឆ្អឹងហ្នឹង»។ នេះជាសម្ដីរបស់លោក ពេជ្រ ពលរដ្ឋដែលធ្លាប់ឆ្លងជំងឺរបេង រស់នៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ជាអតីតកម្មករសំណង់ដែលធ្លាប់តែមានមាឌមាំ និងធ្វើការមិនខ្លាចហត់ លោក ពេជ្រ អាយុ៥៧ឆ្នាំ ប្រាប់ឱ្យដឹងថា រយៈពេល៤ឆ្នាំមុននេះ ដោយសារលោកតែងតែក្អកជាប្រចាំ លោកក៏សម្រេចចិត្តទៅពិនិត្យសុខភាព ទើបរកឃើញថាមានផ្ទុកជំងឺរបេង។ ក្រោយមកជំងឺបានវិវត្តធ្ងន់ធ្ងរក្នុងរយៈពេល២ឆ្នាំចុងក្រោយ ដោយលោកថា នៅពេលក្អក ឬត្អើកម្ដងៗគឺស្ទើរតែផុតដង្ហើម ឬបាត់មាត់មួយសន្ទុះក៏មាន។ រីឯគីឡូក៏ស្រកខ្លាំងដែលសល់តែស្បែក និងឆ្អឹង។
ចំពោះមូលហេតុដែលបណ្ដាលឱ្យមានជំងឺនេះ លោកថាដោយសារការជក់បារី។ ដោយលោកថាកាលពី១០ឆ្នាំមុនគឺគាត់ជក់បារីក្នុងមួយថ្ងៃអស់ជិត៥កញ្ចប់ និងថាមិនដែលទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដើម្បីពិនិត្យសុខភាពឡើយ។
ប៉ុន្តែយ៉ាងណា ក្រោយដឹងថាខ្លួនមានជំងឺ លោក ពេជ្រ បានព្យាយាមលេបថ្នាំទៀងទាត់អស់រយៈពេល២៤ខែ រហូតដល់លោកអាចព្យាបាល និងបានជាសះស្បើយពីជំងឺកាលពីថ្មីៗនេះ ដែលលោកក៏បានឈប់ប្រើប្រាស់ថ្នាំរយៈពេលជាង៦ខែមកហើយដែរ។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២២ បានបង្ហាញថា អត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះពី៤២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០ នាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ៥០%។ មួយវិញទៀត អត្រាអាំងដង់ស៊ីតេក៏បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម២៨៨ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ៥០%។
ជាស្រ្តីមេម៉ាយដែលមានកូនម្នាក់ក្នុងបន្ទុក អាយុ ៥៥ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងស្រុកស្អាង ខេត្តកណ្តាល ដែលកំពុងមានផ្ទុកជំងឺរបេង និងអេដស៍ អស់រយៈពេលជាង១០ឆ្នាំបានឱ្យដឹងថា ដោយសារតែមានការរើសអើងពីសំណាក់មនុស្សជុំវិញខ្លួន គាត់បានសម្រេចចិត្តឈប់ប្រកបរបរដឹកស្ពៃជ្រក់លក់ដែលក្នុងមួយថ្ងៃអាចរកចំណូលបានពី២ទៅ៣ម៉ឺនក្នុងមួយថ្ងៃ បែរមកស៊ីឈ្នួលគេលាងចានតាមផ្ទះដែលក្នុងមួយថ្ងៃរកបានចំណូលត្រឹម៥០០០រៀលប៉ុណ្ណោះ។
អ្នកស្រីឱ្យដឹងថា៖ «កាលលើកមុនខ្ញុំលក់ជ្រក់ ទើបឥឡូវខ្ញុំលែងហ៊ានលក់ជ្រក់ផ្សារក្រាំងយ៉ូវហើយ។ គេៗអត់មាននិយាយឱ្យលឺទេ គ្រាន់តែពេលគេដើរជិតគ្នាអ៊ីចឹងគេកេះគ្នា ហើយថាកុំទិញ!»។
យ៉ាងណាមិញ អ្នកស្រីក៏បារម្ភថានឹងខ្លាចឆ្លងដល់កូនផងដែរ ប៉ុន្តែទាំងកូននិងគាត់ផ្ទាល់គឺសុទ្ធតែចូលរួមក្នុងការបង្ការទាំងអស់គ្នា ដោយថាពេលខ្លះកូនគាត់ជាអ្នកប្រាប់គាត់វិញឱ្យពាក់ម៉ាស់ជាប់លាប់ និងការលាងសម្អាតសម្ភារៈផ្ទះបាយជាមួយសាប៊ូជានិច្ច។ មួយវិញទៀតអ្នកស្រីក៏ឧស្សាហ៍នាំកូនទៅពិនិត្យសុខភាពផងដែរ។
អ្នកស្រីបន្ថែមថា៖ «ខ្លាចដែរហ្នឹងណា! តែកូនខ្ញុំវាទៅពេទ្យដែរហ្នឹង ពិនិត្យដែរតើ។ ពេលកាលខ្ញុំទៅដេកពេទ្យហ្នឹងក៏វាពិនិត្យ ហើយជួសឈាមមើលទៀតខ្លាចឆ្លងពីខ្ញុំ»។

លោក ប៊ុន ពួរ ជាគ្រូពេទ្យផ្នែកជំងឺរបេងនៅមណ្ឌលសុខភាពក្រាំងយ៉ូវ មើលឃើញថា មួយរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋក្នុងឃុំរបស់លោកភាគច្រើនបានមកទទួលយកសេវាពិនិត្យ និងព្យាបាល។ ដោយលោកថា ពលរដ្ឋមានការយល់ដឹងពីសារៈប្រយោជន៍ ក៏ដូចជាការមើលឃើញនូវភាពជាគំរូរបស់អ្នកជំងឺចាស់ៗដែលបានជាសះស្បើយបន្ទាប់ពីការលេបថ្នាំទៀងទាត់ និងអ្នកដែលមានជំងឺរួចបោះបង់មិនប្រើប្រាស់ថ្នាំរហូតបណ្ដាលឱ្យស្លាប់។
បើតាមលោក ប៊ុន ពួរ ឱ្យដឹងដែរថា ទិន្នន័យឆ្នាំ២០២២ មានអ្នកមកទទួលសេវាព្យាបាលសរុបចំនួន១៣៥នាក់ ក្នុងនោះ របេងសកម្ម(BK+)មាន១៥នាក់(ជាសះស្បើយ១០០ភាគរយ) របេងកូនកណ្តុរ(EP)មាន៦នាក់(បញ្ចប់ការព្យាបាល៩៧ភាគរយ) និងរបេងសំងំ(BK–)មាន១១៤នាក់(បញ្ចប់ការព្យាបាល៩៧ភាគរយ)។ រីឯទិន្នន័យឆ្នាំ២០២១ អ្នកមកទទួលសេវាព្យាបាលសរុបចំនួន ៨៨នាក់ ក្នុងនោះ BK+មាន០៨នាក់(ជាសះស្បើយ១០០ភាគរយ) EPមាន៤នាក់ និង BK–មាន៧៦នាក់(បញ្ចប់ការព្យាបាល៩៨ភាគរយ ក្នុងនោះស្លាប់១នាក់ដោយសារជរាភាព ចំណាកស្រុក១នាក់)។
ថ្លែងក្នុងទិវារបេងពិភពលោកក្រោមប្រធានបទ«មែនហើយ! យើងអាចបញ្ចប់ជំងឺរបេង» កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោក ហួត ចាន់យុដា មានប្រសាសន៍ថា ក្នុងឆ្នាំ២០២២ កម្ពុជាសម្រេចបានសមិទ្ធផលថ្មីបន្ថែម គឺការរក្សាបាននូវអត្រាព្យាបាលជោគជ័យ ៩៥,៥% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ត្រឹមតែ៩០%។ លោកបន្ថែមថា ក្នុងនោះអ្នកស្រាវជ្រាវជំងឺរបេងសរុបបានចំនួន ៣២ ៨៦៥ករណី ខណៈឆ្នាំ២០២១ មាន ២១ ៦២៧ករណីប៉ុណ្ណោះ។
លោក ចាន់យុដា ក៏បានបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០២២ កម្មវិធីជាតិកំចាត់រោគរបេងត្រូវបានគ្របដណ្ដប់១០០ភាគរយនៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅទូទាំងប្រទេស។ ក្នុងនោះ ដូស៍តាមសហគមន៍ត្រូវបានពង្រីកពី ៥០៦មណ្ឌលសុខភាពនៅឆ្នាំ២០០៨ ដល់ ៦៤៤មណ្ឌលសុខភាពនៅឆ្នាំ២០១៨ និងនៅឆ្នាំ២០២២ ពង្រីកបានចំនួន ១ ១៤៧មណ្ឌលសុខភាពក្នុងស្រុកប្រតិបត្តិចំនួន៨៩។ ខណៈសកម្មភាពសហការងារ របេងអេដស៍ មាននៅគ្រប់ស្រុកប្រតិបត្តិទាំងអស់នៅឆ្នាំ២០២២ ដែលក្នុងឆ្នាំ២០០៨ មានតែ៥៧ ស្រុកប្រតិបត្តិប៉ុណ្ណោះហើយសេវារបេងកុមារក៏មាននៅគ្រប់ស្រុកប្រតិបត្តិផងដែរ។ លោកបន្ថែមថា កម្មវិធីកំចាត់រោគរបេងមានមណ្ឌលព្យាបាលជំងឺរបេងស៊ាំថ្នាំច្រើនមុខចំនួន១១កន្លែងនៅឆ្នាំ២០២២។

លោក ចន អ៊ៀរ ប្រធានការិយាល័យសុខភាពសាធារណៈ និងអប់រំនៃទីភ្នាក់ងារ USAID ប្រចាំកម្ពុជា បានមានប្រសាសន៍ថា លោកពិតជាមានមោទនភាពក្នុងការចូលរួមចំណែកដ៏សំខាន់ ក្នុងការកាត់បន្ថយការស្លាប់ និងការឈឺដោយសារជំងឺរបេងនៅក្នុងប្រទេសកម្ពុជា។ ខណៈលោកថា ជារៀងរាល់ឆ្នាំនៅជុំវិញពិភពលោក ជំងឺរបេងនេះនៅតែបន្តសម្លាប់មនុស្សច្រើនជាងជំងឺអេដស៍រួមជាមួយគ្នានឹងជំងឺគ្រុនចាញ់ ទោះបីជាជំងឺរបេងនេះ ជាជំងឺអាចបង្ការ ព្យាបាល និងព្យាបាលជាសះស្បើយក៏ដោយ។
គួរបញ្ជាក់ថា នៅឆ្នាំ២០២១ នៅទូទាំងសកលលោក អ្នកជំងឺរបេងថ្មីកើតមានប្រមាណចំនួន ១០លាន៦សែននាក់ ក្នុងនោះមានតែ៦លាន៤សែននាក់ ដែលបានស្រាវជ្រាវឃើញ និងរាយការណ៍ទៅអង្គការសុខភាពពិភពលោក ដែលនៅសល់អ្នកជំងឺប្រមាណ ៥លាន២សែននាក់ទៀតដែលនៅពុំបានទទួល សេវាស្រាវជ្រាវ និងព្យាបាល។ រីឯអ្នកស្លាប់ដោយសារជំងឺរបេងក្នុងឆ្នាំ២០២១ មានចំនួន១លាន៤សែននាក់ ចំពោះអ្នកគ្មានផ្ទុកមេរោគអេដស៍ និងចំនួន ១៨៧ ០០០ បានស្លាប់ដោយសារជំងឺរបេង ចំពោះអ្នកមានផ្ទុកមេរោគអេដស៍។

លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានថ្លែងប្ដេជ្ញាចិត្តថានឹងចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាជំងឺរបេងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយសារជាង៦០% នៃបន្ទុកជំងឺរបេងរបស់ពិភពលោកគឺស្ថិតនៅទីនេះ។ មួយវិញទៀត លោកបន្ថែមថា ទោះបីកម្ពុជាមិនបន្តស្ថិតក្នុងបញ្ជីនៃប្រទេសមួយក្នុងចំណោមប្រទេសចំនួន៣០ដែលមានផ្ទុកជំងឺរបេងខ្ពស់របស់ពិភពលោកក៏ពិតមែន តែកម្ពុជានៅមានករណីជំងឺរបេងដែលបាត់ប្រមាណពីរម៉ឺននាក់នៅក្នុងប្រទេសនៅឡើយ ខណៈលោកថាបន្ទុកជំងឺរបេងដ៏ច្រើនគឺបានធ្លាក់មកលើសហគមន៍។
លោកថ្លែងថា៖ «ដូច្នេះហើយបានជាយើង បានធ្វើការប្ដេជ្ញាចិត្តរួមចំណែកជួយក្នុងការដោះស្រាយបញ្ហាជំងឺរបេងនេះនៅក្នុងតំបន់របស់យើង។ យើងពិតជាមានការសប្បាយរីករាយក្នុងការចូលរួមជាដៃគូលើការអង្កេតនេះដែលនឹងអាចជួយស្វែងរកករណីជំងឺរបេងដែលបាត់ហើយជួយឱ្យកម្ពុជា កាន់តែខិតជិតទៅនឹងការសម្រេចបាននូវចំណុចដៅរបស់ខ្លួន ក្នុងការលុបបំបាត់ជំងឺរបេងនៅឆ្នាំ២០៣០»។
ត្រឡប់មក លោក ពេជ្រ បានសម្ដែងនូវការមិនពេញចិត្តចំពោះជំងឺរបេងនេះ ដោយលោកថាមិនចង់ឱ្យវាកើតមានទៀតនោះឡើយ។ ជាពិសេសគឺមនុស្សជំនាន់ក្រោយ ដោយថាគាត់ធ្លាប់ជួបប្រទះផ្ទាល់គឺវាពិបាកណាស់ ដូច្នេះមិនចង់ឱ្យវាមានទៀតនោះទេ។
លោកបន្ថែមថា៖ «បើថាស្អប់ៗ លែងនិយាយហើយ។ តែធ្វើម៉េច ធ្វើម៉េច………..បើវាកើតចឹងហើយ»៕
