ព្រះសពសម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នឹងត្រូវតម្កល់រយ:ពេល១០០ថ្ងៃដើម្បីឱ្យពុទ្ធបរិស័ទបានចូលគោរពព្រះវិញ្ញាណក្ខន្ធ នេះបើតាមការបញ្ជាក់ពីព្រះសង្ឃដែលគង់នៅវត្តឧណ្ណាលោម។
សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ចូលព្រះទិវង្គតក្នុងព្រះជន្ម៩៣ព្រះវស្សា នៅវេលាម៉ោង១៧៖៤០នាទី ល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ បន្ទាប់ពីសម្ដេចបានសម្រាកព្យាបាលព្រះរោគនៅមន្ទីរពេទ្យកាល់ម៉ែត្រតាំងពីពាក់កណ្ដាលឆ្នាំ២០២៣មក ។
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈ មានព្រះសង្ឃនិងបណ្ដាជនខ្មែររាប់រយអង្គនាក់ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះមហាសង្ឃរាជ ដោយផ្ទាល់នៅក្នុងបរិវេណវត្តឧណ្ណាលោម។
ព្រះតេជគុណ តាត វិបុល ជាព្រះសង្ឃគង់នៅវត្តឧណ្ណាលោមដែលនៅថែទាំសម្តេចផ្ទាល់មានសង្ឃដីកាថា ពិធីបុណ្យថ្វាយព្រះសពសម្ដេចព្រះសង្ឃរាជ ទេព វង្ស ប្រព្រឹត្តទៅនៅវត្តឧណ្ណាលោម។ ព្រះអង្គបញ្ជាក់ថា ការតម្កល់ព្រះសពនេះគឺធ្វើឡើងដើម្បីអនុញ្ញាតឱ្យមហាជនពីគ្រប់មជ្ឈដ្ឋានបានចូលគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះសង្ឃរាជ។
ព្រះតេជគុណ តាត វិបុល៖ «ព្រះរាជសពនឹងត្រូវតម្កល់រយៈពេល១០០ថ្ងៃ ដើម្បីអនុញ្ញាតឱ្យពុទ្ធបរិស័ទចូលគោរពវិញ្ញាណក្ខន្ធ។ បន្ទាប់មកនឹងចាត់ចែងទៅតាមប្រពៃណីទៀត ប៉ុន្តែបើសិនមានការកែប្រែណាមួយនឹងជូនដំណឹងទៅកាន់សាធារណជនឱ្យបានជ្រាប»។
សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះសង្ឃរាជបានកំណត់យកថ្ងៃទី២៧ ខែកុម្ភៈ ជាថ្ងៃដែលប្រជាជាតិខ្មែរទាំងមូលត្រូវកាន់ទុក្ខទូទាំងប្រទេស បន្ទាប់ពីសម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ចូលព្រះទិវង្គត នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមរយៈសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា សម្ដេចអគ្គមហាសង្ឃរាជ ទេព វង្ស មានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងបានធ្វើពលិកកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ដើម្បីបុព្វហេតុព្រះពុទ្ធសាសនានៅកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ណែនាំលើការងារបីចំណុចរួមមាន៖ ១. កំណត់យកថ្ងៃទី២៧ខែកុម្ភៈ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស ២.គ្រប់ស្ថាប័នជាតិទាំងអស់នៅទូទាំងប្រទេសត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលដងទង់ជាតិ និង៣.គ្រប់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ទាំងអស់ត្រូវផ្អាកសកម្មភាពផ្សព្វផ្សាយទស្សនីយភាពដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងនាថ្ងៃទី២៧ ខែកុម្ភៈ ដែលជាថ្ងៃកាន់ទុក្ខនេះ។
ស្ត្រីវ័យ៥០ឆ្នាំប្លាយអ្នកស្រី សុខ ម៉ាលី បាននាំកូនប្រុសស្រី មកគោរពព្រះវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះសង្ឈរាជ។ អ្នកស្រីឱ្យដឹងថា កាលនៅមានព្រះជន្មព្រះអង្គមានអធ្យាស្រ័យខ្ពស់ចំពោះញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្ត។ អ្នកស្រីបួងសួងសូមឱ្យព្រះវិញ្ញាណក្ខន្ធព្រះសពទៅកាន់សុគតិភព។
អ្នកស្រី ម៉ាលី បន្ថែមថា៖ «ស្រណោះព្រះអង្គដែរក្មួយ ព្រះអង្គមានទឹកព្រះទ័យល្អណាស់សណ្ដោសញាតិញោមចំណុះជើងវត្តគ្រប់ៗគ្នា»។
សកលវិទ្យាធិការសកលវិទ្យាល័យព្រះសីហនុរាជ និងជាលេខាផ្ទាល់សម្ដេចអគ្គមហាសង្ឃរាជ ទេព វង្ស សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត មានសង្ឃដីកាថា ព្រះអង្គមាននាទីទទួលបន្ទុកជាអ្នកបកប្រែភាសា និងចូលរួមជួយសម្ដេចសង្ឃរាជលើកការងារទំនាក់ទំនងកិច្ចការបរទេស។ ព្រះតេជគុណ យ៉ន សេងយៀត ជាលេខាផ្ទាល់របស់សម្ដេចសង្ឃរាជ ទេព វង្ស អស់រយៈពេលជិត២០ឆ្នាំមកហើយ។
ព្រះតេជគុណ បន្តថា៖ «សម្ដេច(ទេព វង្ស)ជាព្រះសង្ឃពុទ្ធសាសនាថេរវាទមួយព្រះអង្គដែលទទួលការគោរពស្រឡាញ់ពីបណ្ដាមេដឹកនាំអ្នកកាន់ពុទ្ធសាសនាជាច្រើននៅលើពិភពលោក ទាំងថេរវាទ មហាយានទាំងអន្តរសាសនា»។
ព្រះតេជគុណ យ៉ន សេងយៀត រំលឹកអនុស្សវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយនឹងសម្ដេចអគ្គមហាសង្ឃរាជ ទេព វង្ស ក្នុងអំឡុងឆ្នាំ២០០៩ កាលគ្រាដែលគណៈប្រទិភូសង្ឃកម្ពុជាទៅបំពេញទស្សនកិច្ចផ្សព្វផ្សាយពីវប្បធម៌សន្តិភាពនៅប្រទេសស្រីលង្កាចំពេលដែលមានសង្គ្រាមរវាងកងកម្លាំងស្រីលង្កា និងក្រុមឧទ្ទាមតាមិល។
ព្រះតេជគុណបញ្ជាក់ថា៖ «យប់ហ្នឹងសង្គ្រាមផ្ទុះឡើង ហើយស្នូរកាំភ្លើងលឺពេញមួយយប់។ យើងធ្វើសន្និសីទស្អែកឡើងក៏នៅក្នុងសមរភូមិសង្គ្រាមដែរ។ កាលយប់ហ្នឹងព្រះអង្គ(សម្ដេច ទេព វង្ស) បានលើកឡើងពីវិនាសកម្មនៃសង្គ្រាម និងការកសាងសន្តិភាព»។
ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះសពអគ្គមហាសង្ឃរាជ ទេព វង្ស ដែលមានសមាសភាពពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងនោះ សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាព្រះប្រធានកិត្តិយស ខណៈដែលសម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង ជាអនុប្រធានទី១ រួមនឹងមន្ត្រីពាក់ព័ន្ធអាជ្ញាធរជំនាញជាច្រើនទៀត។
ក្រៅពីនោះ ក្រសួងធម្មការ និងកិច្ចការសាសនា បានចេញសេចក្ដីសម្រេចមួយប្រគេនការងារជូនមន្ត្រីសង្ឃជាន់ខ្ពស់ ដោយប្រគេនសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាសម្ដេចសង្ឃរាជស្តីទី ខណៈដែលសម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង ជាសម្ដេចព្រះសង្ឃនាយកស្តីទី។
សម្ដេចអគ្គសង្ឃរាជ ទេព វង្ស ប្រសូតនៅឆ្នាំ ១៩៣២។ ព្រះអង្គបានបួសជាសាមណេរក្នុងជន្មាយុ១៦វស្សា នៅវត្តរាជបូព៌ ក្នុងខេត្តសៀមរាប។ តាមព្រះជីវប្រវត្តិ ព្រះអង្គត្រូវបានតែងតាំងជាគ្រូសូត្រស្តាំនៅវត្តរាជបូព៌ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ១៩៥៧។
ប៉ុន្តែក្នុងឆ្នាំ១៩៧៥ ជាពេលវេលាដែលកម្ពុជា បានធ្លាក់ចូលទៅក្នុងបនប្រល័យពូជសាសន៍ខ្មែរក្រហម កំឡុងពេលនោះ សម្ដេច ទេព វង្ស ក៏ត្រូវបានរបបនេះបង្ខំឱ្យសឹក និងត្រូវបង្ខំឱ្យធ្វើការធ្ងន់ធ្ងរដូចប្រជាជនខ្មែរដទៃទៀតដែរ។
ព្រះអង្គទទួលឧបសម្បទាជាភិក្ខុជាថ្មីនៅឆ្នាំ១៩៧៩ និងត្រូវតែងតាំងជាព្រះប្រធានសង្ឃកម្ពុជា ជាព្រះឧបជ្ឈាយ៍ និងជាព្រះវិន័យធរក្នុងប្រទេសក្រោយសម័យខ្មែរក្រហម។ ព្រះអង្គត្រូវបានថ្វាយងារជាព្រះមហាសុមេធាធិបតី និងជាសង្ឃនាយកនៅឆ្នាំ១៩៩១។
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះនរោត្ដម សីហមុនី សព្វព្រះរាជហរទ័យតែងតាំងសម្ដេច ទេព វង្ស ជាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជានុញ្ញាតឱ្យប្រើប្រាស់រាជស័ព្ទ និងផ្លិតយសពិសេស។
ព្រះតេជគុណ យ៉ន សេងយៀត មានសង្ឃដីកាថា៖«ព្រះអង្គធ្វើកិច្ចការមនុស្សធម៌ជាច្រើនដើម្បីបុព្វហេតុពុទ្ធសាសនារស់ឡើងវិញ។អ្វីដែលយើងទាំងអស់គ្នា អាចរៀនពីព្រះអង្គបានគឺភាពអត់ធ្មត់និងការលះបង់ព្រះកាយព្រះអង្គជូនបុព្វហេតុព្រះពុទ្ធសាសនា»៕