សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការកំពូលសម្រេចតម្កល់ការផ្តន្ទាទោសលើមន្ត្រីអាដហុកប្រាំរូប

លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក (ស្តាំ) ឈរនៅខាងក្រៅតុលាការកំពូល រាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក (ស្តាំ) ឈរនៅខាងក្រៅតុលាការកំពូល រាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង

តុលាការកំពូលនៅថ្ងៃសុក្រនេះ បានសម្រេចតម្កល់ការផ្តន្ទាទោសពីបទសូកប៉ាន់កាលពីឆ្នាំ ២០១៨ លើអតីតមន្ត្រីនិងបុគ្គលិកបច្ចុប្បន្ន​ទាំង​​ប្រាំរូប​របស់​សមាគមសិទ្ធិមនុស្សអាដហុក ដោយបញ្ចប់ទាំង​ស្រុង​លើ​ដំណើរការនៃបណ្តឹងសាទុក្ខក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលអ្នករិះគន់ថាមិនមាន​ភស្តុតាងគ្រប់គ្រាន់ដើម្បី​គាំ​ទ្រ​ការចោទប្រកាន់នេះ។

ប្រធានក្រុម​ប្រឹក្សា​ជំនុំជម្រះ និល ណុន បានប្រកាសនៅថ្ងៃសុក្រថា៖ «តុលាការកំពូលបានសម្រេចតម្កល់សាលក្រមរបស់សាលាឧទ្ធរណ៍» ដោយ​មិន​បាន​ផ្តល់ព័ត៌មាន​លម្អិតជុំវិញ​ហេតុផល​នៃសេចក្តី​សម្រេច​នេះទេ។

 កាលពីដើមខែនេះ ក្រុម​មេធាវីរបស់មន្ត្រីអាដហុកទាំង​ប្រាំ​បាននិយាយថា កូនក្តីរបស់ខ្លួន​គួរតែរួច​ខ្លួន​ពី​បទចោទ​ ដោយសារស្ត្រីដែលបានចោទប្រកាន់មកលើពួកគេពីបទសូកប៉ាន់នោះ មិនដែលបានផ្តល់សក្ខីកម្មនៅក្នុងតុលាការទេ។

ស្ត្រីឈ្មោះ​ ខុម ចាន់តារាទី តាមការចោទគឺជាស្រីកំណាន់របស់មេដឹកនាំបក្សប្រឆាំង​លោក​ កឹម សុខា ហើយ​អ្នក​ទាំងពីរនេះ​គឺជាដើមហេតុ​​ដែល​នាំឲ្យ​មាន​ការ​កាត់​ទោស​នៅ​ក្នុង​សំណុំរឿងនេះ ប៉ុន្តែ​គ្មាន​នរណាម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរត្រូវបានសាក​សួរក្នុងនាមជាសាក្សីឡើយ​។

លោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី ដែលនៅបម្រើការ​ងារជាមន្ត្រីជាន់ខ្ពស់សមាគមអាដហុក ចំណែក​លោក ណៃ វ៉ង់ដា អតីតបុគ្គលិកអាដហុក ត្រូវបានតុលាការរកឃើញពិរុទ្ធភាពពីបទសូកប៉ាន់សាក្សីកាលពីឆ្នាំ ២០១៨​​។ លោក នី ចរិយា ជាអតីតបុគ្គលិកអាដហុកម្នាក់ទៀតដែលបម្រើការនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅពេលចាប់ខ្លួនកាលពីឆ្នាំ២០១៦ ត្រូវបានផ្តន្ទាទោស​ក្នុងនាមជាអ្នកសមគំនិតក្នុងអំពើ​សូកប៉ាន់។

អ្នកទាំងប្រាំ​នេះ ត្រូវបានឃុំខ្លួន​ក្នុង​ពន្ធនាគាររយៈពេល១៤ខែ មុនការផ្តន្ទា​ទោសកាលពីខែកញ្ញា ឆ្នាំ២០១៨ នៅពេលដែលសាលាដំបូងរាជធានីភ្នំពេញកាត់ទោសពួកគេឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ បូករួមទាំងការអនុវត្តទោស​រយៈពេល១៤ខែកន្លងមកផងដែរ។

អំឡុងសវនាការ តំណាងអយ្យការ «ខកខានមិនបានបង្ហាញសាក្សីណាមួយដែលបានលើកឡើងក្នុងសំណុំរឿងនេះ ឬផ្តល់ភស្តុតាងដែលអាចជឿទុកចិត្តបាន ដើម្បីគាំទ្រ​ការចោទប្រកាន់នេះទេ» នេះ​បើ​យោង​តាម​ការលើកឡើង​របស់​អង្គការឃ្លាំមើលសិទ្ធិមនុស្សកាលពីខែមិថុនា។

 ចៅក្រម និល ណុន បានច្រានចោលសំណើរបស់អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ដែលសុំលុបចោលការព្យួរទោសនិងឲ្យ​អនុវត្តរយៈពេល​៣ឆ្នាំ ១០ខែ នៃទោស​ ដែលមិនបានអនុវត្ត។

 មេធាវី​ការពារ​ក្តី​មិន​មាន​វត្តមាន​ក្នុង​តុលាការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ទេ។ ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​ប្រាំ​នាក់ មាន​តែ​លោក សុខសាន្ត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុកម្នាក់ប៉ុណ្ណោះ​ ដែល​បាន​ចូល​រួម​ស្តាប់​ការ​ប្រកាស​សាលដីកា​នេះ។

លោក សុខសាន្ត បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​តុលាការ​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​មាន​ការ​សោកស្ដាយ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ខណៈ​ដែល​ខ្ញុំ​គិត​ថា តុលាការ​កំពូល​នឹង​រក​យុត្តិធម៌​សម្រាប់​ក្រុមការងារ​ដែល​បាន​ធ្វើ​ការងារដើម្បី​​លើក​កម្ពស់​សិទ្ធិ​មនុស្ស»។

 លោក​មាន​ប្រសាសន៍បន្ថែមថា៖ «​សេចក្តី​​សម្រេច​របស់​តុលាការក្នុង​ការ​តម្កល់​ការ​កាត់​ទោស​​លើ​​យើងខ្ញុំ​​បង្ហាញ​ថា ​តុលាការ​កំពូល​គ្មាន​​ឆន្ទានុសិទ្ធិ​ក្នុង​ការ​​សម្រេច ដើម្បី​​​ស្វែងរក​យុត្តិធម៌​សម្រាប់​ក្រុម​សង្គម​ស៊ីវិល​នោះ​ទេ»។

លោក សំ ទិត្យសីហា មេធាវីការពារក្តីបានប្រាប់ខេមបូចា បន្ទាប់ពីសវនាការថា លោកមានការខកចិត្តចំពោះការសម្រេចរបស់តុលាការកំពូល។

ចាន់តារាទី មិន​ត្រូវ​បាន​កោះ​​ហៅក្នុង​នាម​​ជា​សាក្សី​ក្នុង​អំឡុង​ពេល​ដំណើរ​ការជំនុំជម្រះ​​នៅ​​តុលាការ​ថ្នាក់​ក្រោម​ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា វាមិន​មាន​ធាតុផ្សំ​នៃ​ការ​សូកប៉ាន់​នោះ​ទេ។ លោកបានបន្ថែមថា៖ «ការ​សម្រេច​នេះ​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​ខ្ញុំ​ទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Supreme Court Upholds 2018 “Adhoc 5” Bribery Convictions

358 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម