សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គ.ជ.ប តម្កល់ការផ្ដន្ទាទោសសមាជិកបក្សប្រឆាំងពីបទញុះញង់ឲ្យបំផ្លាញសន្លឹកឆ្នោត

លោក លី ម៉េងហ័ង មន្ត្រីគណបក្សភ្លើងទៀនចូលរួមសវនាការនៅ គ.ជ.ប កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)
លោក លី ម៉េងហ័ង មន្ត្រីគណបក្សភ្លើងទៀនចូលរួមសវនាការនៅ គ.ជ.ប កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានតម្កល់សេចក្តី​សម្រេចរបស់មន្ត្រីនៃ​គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកាលពីថ្ងៃព្រហស្បតិ៍ ដែលបានផ្តន្ទាទោសសមាជិក និងសកម្មជនគណបក្សប្រឆាំងចំនួន​បួននាក់ពីបទញុះ​ញង់​ឱ្យបំផ្លាញ​សន្លឹកឆ្នោត អំឡុង​ការបោះឆ្នោតជាតិ។

នៅ​មុនការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ខេត្ត​ត្បូង​ឃ្មុំ និងខេត្តប៉ៃលិន បានពិន័យមនុស្សបួននាក់ដែល​ក្នុង​ម្នាក់ៗ​ចំនួន១០លានរៀល គឺ​ប្រហែល២.៤០០ដុល្លារ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត​ និង​ដកសិទ្ធិ​ឈរឈ្មោះឲ្យគេបោះឆ្នោត​សម្រាប់​រយៈពេល​១០ឆ្នាំ នេះបើតាមការបញ្ជាក់​របស់​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។

សមាជិក និងសកម្មជនបក្សប្រឆាំងទាំង​បួន​រូប​រួមមានលោក ខឹម មុនីកុសល ប្រ​ធាន​គណបក្សភ្លើងទៀនប៉ៃលិន លោក លី ម៉េងហ័ង លេខាបក្សស្រុកកោះសូទិន លោក យ៉ាន សុឃឿន ជា​សកម្មជនមកពីខេត្តត្បូងឃ្មុំ និងលោកស្រី ស៊ុន សុភា ជា​សកម្មជនមក​ពីខេត្តប៉ៃលិន។

លោក ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍ថា៖ «បាទ! [​ពួកគាត់​] ធ្វើ​ការ​បញ្ចេញ​មតិ ប៉ុន្តែ​ពួកគាត់​​បាន​ញុះញង់​ឲ្យ​រំលោភ​​ច្បាប់ [​បោះឆ្នោត]»។

លោក ម៉េងហ័ង​ បានប្រាប់ខេមបូចា​ថា លោកមានការខកចិត្តចំពោះសេចក្តីសម្រេចរបស់ គ.ជ.ប នៅ​ថ្ងៃព្រហស្បតិ៍នេះ​ ក្នុងការតម្កល់សេចក្តីសម្រេច​របស់​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត ព្រោះសេចក្តី​សម្រេច​នេះ​រំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់លោក​។

លោក​បាន​និយាយ​ថា​៖ «​វា​ជា​រឿង​អយុត្តិធម៌។ វាប៉ះពាល់សិទ្ធិ​របស់​ខ្ញុំធ្ងន់ធ្ងរ​ ដែលខ្ញុំមិនអាចឈរឈ្មោះសម្រាប់​ការ​បោះឆ្នោតបាន»។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំសវនាការនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

លោកបាននិយាយ​​ថា លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​សារ​តែ​ការ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​ចំនួន​ពីរ​ ដែល​លោក​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ជា​ថ្ងៃ​ដំបូង​នៃយុទ្ធ​នា​​ការ​ឃោ​ស​​នា​បោះឆ្នោត​។ លោកបានបង្ហោះសារ​ដែលនិយាយ​អំពីការ​ដែលលោក​មិនអាចចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតបាន​ ដោយសារតែគណបក្សភ្លើងទៀន​ត្រូវបានដកចេញពីបញ្ជីឈ្មោះបោះឆ្នោត ហើយបានអំពាវនាវឱ្យអ្នកផ្សេងទៀត​គូស​ខ្វែង​សន្លឹកឆ្នោតរបស់ពួកគេចោល​ ប៉ុន្តែលោកបានដកសារ​​ចេញ​វិញតាំងពីពេលនោះមក។

លោក សំ សុគង់ ជា​មេធាវី​ការពារ​ក្តី​របស់​លោក ម៉េងហ័ង បាន​មាន​ប្រសាសន៍​​ថា កូន​ក្តី​របស់​លោក​យល់​ព្រម​ដាក់​បណ្តឹង​សាទុក្ខ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

លោក​បាន​មាន​ប្រសាសន៍​ថា៖​ «ក្នុង​នាម​ជា​មេធាវី​ការពារ​ក្តី យើង​មិន​អាច​ទទួល​យក​​សេចក្តី​​សម្រេច​នេះ​បាន​ទេ ​ព្រោះ​វា​មិន​ទាន់​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​នៅ​ឡើយ​ទេ​» ​ដោយលោក​​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​។

បើ​តាម​លោក ម៉េងហ័ង បាន​ឲ្យដឹងថា លោក មុនី​កុសល និងលោកស្រី ស៊ុន​ សុភា មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍​ទេ។

រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មានសមាជិក និងសកម្មជនគណបក្សប្រឆាំងចំនួន៣៨នាក់ ត្រូវបានផ្តន្ទា​ទោសពីបទញុះញង់អ្នកបោះឆ្នោតឱ្យ​បំផ្លាញ​សន្លឹកឆ្នោតរបស់ខ្លួន​។ យោងតាមឯកសារដែលចេញផ្សាយដោយគណៈកម្មការរៀបចំការបោះឆ្នោត​រាជធានីភ្នំពេញបាន​ឲ្យ​ដឹងថា នៅក្នុង​ចំណោម​មនុស្ស​ទាំង​៣៨​នាក់​នោះ​ រួមមានលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង និងអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចំនួនប្រាំមួយរូបផ្សេង​ទៀតគឺ​លោកស្រី មូរ សុខហួរ លោក ឡុង រី លោក នុត រំដួល លោក ហូ វ៉ាន់ លោក គង់ សភា និងលោក អេង ឆៃអ៊ាង ដែលពួកគាត់​​សុទ្ធតែរស់នៅក្រៅប្រទេស។

លោក មុនី​កុសល ​មិន​បានឆ្លើយ​តប​ការ​ហៅ​​ទូរសព្ទ​ពី​អ្នក​យក​ព័ត៌មានខេមបូចា​ទេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ ខេមបូចាមិនអាចទាក់ទងលោក យ៉ាន សុឃឿន និងលោកស្រី ស៊ុន សុភា​ ដើម្បីសុំការអត្ថាធិប្បាយបានទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NEC Upholds Convictions Against Opposition Members for Inciting Spoiled Ballots

164 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម