គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសទទួលស្គាល់បេក្ខជនចំនួន៥៨រូបដែលបានជាប់ឆ្នោត ជាសមាជិកព្រឹទ្ធសភានីតិកាលទី៥ ក្នុងនោះមាន៣រូបមកពីគណបក្សឆន្ទៈខ្មែរ និង៥៥រូបទៀតមកពីគណបក្សប្រជាជនកម្ពុជា ។
លទ្ធផលប្រកាសជាផ្លូវការរបស់ គ.ជ.ប ឱ្យដឹងថា គណបក្សឆន្ទៈខ្មែរទទួលបានអាសនៈចំនួន៣ នៅឯមណ្ឌលភូមិភាគទី២, ៤ និង៦ ខណៈគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈសរុប៥៥។ ចំណែក គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ពុំទទួលបានអាសនៈនោះទេ ។
សមាជិកព្រឹទ្ធសភាជាប់ឆ្នោតពីគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា លោក សុខ ហាច និង លោក សេង ម៉ារឌី។
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង១ម៉ឺននាក់និងតំណាងរាស្រ្តចំនួន១២៥រូប កាលពីថ្ងៃទី២៥ ខែកុម្ភៈបានចេញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន៥៨រូបក្នុងចំណោម៦២រូប ខណៈ២រូបត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀតបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា សម្រាប់នីតិកាលទី៥ ដែលមានរយៈពេល៦ឆ្នាំ។
កាលពីថ្ងៃសុក្រ សប្ដាហ៍មុន រដ្ឋសភា បានបោះឆ្នោតជ្រើសតាំង លោក សុខ ឥសាន និង លោក ហេង ហាលីម ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មានប្រសាសន៍ថា នៅដើមខែមេសានេះ ព្រឹទ្ធសភានឹងប្រជុំលើកដំបូងក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ នរោត្តម សីហមុនី។ ក្នុងពេលនោះ ព្រឹទ្ធសភាក៏នឹងបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានចំនួន២រូប រួមទាំងប្រធានគណៈកម្មការទាំង១០ផងដែរ។ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានប្រកាសថាលោកនឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា ជំនួស លោក សាយ ឈុំ ។
លោក ម៉ម ប៊ុននាង បន្តថា ចាប់ពីថ្ងៃប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតជាផ្លូវការពី គ.ជ.ប គណបក្សមានអាសនៈនៅព្រឹទ្ធសភានឹងរៀបចំក្បាលម៉ាស៊ីនដឹកនាំស្ថាប័នព្រឹទ្ធសភា និងសមាភាពដែលជាប្រធានគណៈកម្មការនានា រួមទាំងសមាជិក រហូតដល់ដំណាច់ខែមីនានេះ។
សមាជិកព្រឹទ្ធសភាមកពីបក្សប្រឆន្ទៈខ្មែរ លោក គង់ មុនីកា ថ្លែងថា លោកនឹងអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ នូវមុខងារទាំង៣របស់ព្រឹទ្ធសភា គឺមុខងារតំណាង នីតិកម្ម និងត្រួតពិនិត្យ។
លោក គង់ មុនីកា នឹងជំរុញឱ្យរដ្ឋាភិបាលរកដំណោះស្រាយជូនពលរដ្ឋដែលប្រឈមនឹងការលំបាកផងដែរ។
លោក បញ្ជាក់ថា៖ «ដូច្នេះ សមាជិកព្រឹទ្ធសភាត្រូវយកចិត្តទុកដាក់លើទុក្ខលំបាក និងការប្រឈមទាំងឡាយរបស់ប្រជាពលរដ្ឋកំពុងជួបប្រទះ និងព្យាយាមជំរុញដល់រាជរដ្ឋាភិបាល ដើម្បីរកដំណោះស្រាយ»។
សមាជិកព្រឹទ្ធសភាមួយរូបត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភានិងជាអ្នកនាំគណបក្សប្រជាជនកម្ពុជាផងដែរ លោក សុខ ឥសាន អះអាងថា ដោយសារអាសនៈបក្សឆន្ទៈខ្មែរមានតិច បក្សនេះមិនអាចក្លាយជាប្រធានគណៈកម្មការណាមួយនៅស្ថាប័នព្រឹទ្ធសភាបានឡើយ។
លោក បានបន្តថា សមាជិកព្រឹទ្ធសភាមកពីបក្សឆន្ទៈខ្មែរគ្រាន់តែអាចជាសមាជិកនៅគណៈកម្មការទាំងនេះប៉ុណ្ណោះ។ លោក ក៏បានលើកឡើងថា បក្សប្រឆាំងមិនអាចរារាំងដំណើរការនៃស្ថាប័នព្រឹទ្ធសភាបានផងដែរ។
លោក និយាយថា៖ «ការបោះឆ្នោតគេយកសំឡេង៥០ភាគរយបូក១ ហើយគាត់បានតែ៣គ្រាប់ ចឹងមិនបាន៥ភាគរយផង។ តើគាត់យកទៅជំទាស់អី បើជំទាស់ក៏ជំទាស់អត់កើតដែរ»។
ការបោះឆ្នោតនេះ គណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈត្រឹម៣នៅព្រឹទ្ធសភាដែលផ្ទុយពីលទ្ធផលរំពឹងទុកចំនួន៩អាសនៈ ខណៈគណបក្សប្រជាជនកម្ពុជាថាទទួលបានសំឡេងឆ្នោតដ៏ច្រើនលើសលប់។
បើតាមចៅសង្កាត់រងទី២កូតាបក្សភ្លើងទៀននៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ លោក កែវ សុមុនី បានឱ្យដឹងថា នៅរាជធានីភ្នំពេញ មានសមាជិក ក្រុមប្រឹក្សាបក្សភ្លើងទៀនប្រមាណជាង៣០រូបក្នុងចំណោម១៥៤រូប ត្រូវបានបក្សផ្សេងទៀត គាបសង្កត់ និងទិញទឹកចិត្តក្រោមរូបភាពផ្សេងៗ។ ជាលទ្ធផលបក្សឆន្ទៈខ្មែរដែលតំណាងឱ្យបក្សភ្លើងទៀនក្នុងសម្ព័ន្ធភាព មិនអាចរកអាសនៈនៅមណ្ឌលភូមិភាគទី១ នៅរាជធានីភ្នំពេញបាននោះទេ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា បក្សប្រឆាំងមានកម្លាំងតិចតួចនៅព្រឹទ្ធសភាមិនអាចសម្រេចបានអ្វីនោះទេ ស្របពេលដែលស្ថាប័ននេះក៏មិនមានឥទ្ធិពលខ្លាំងដូចរដ្ឋសភាដែរ។
យ៉ាងណា លោកថា ការមានសំឡេងជំទាស់នៅព្រឹទ្ធសភាក្នុងអាណត្តិនេះក៏ប្រសើរជាងអាណត្តិមុនដែលអវត្តមានសំឡេងប្រឆាំងទាំងនៅស្ថាប័នរដ្ឋសភានិងព្រឹទ្ធសភា។
លោក និយាយថា៖ «គ្រាន់តែជាសំឡេងមួយដែលអាចលើកឡើង ព្រោះនៅការប្រជុំព្រឹទ្ធសភាក៏ប្រជុំសាធារណៈ ចឹងប្រជាពលរដ្ឋអាចឮដែរ ចឹងវាគ្រាន់បើជាងឬប្រសើរជាងអាណត្តិមុនដែលគណបក្សប្រឆាំងអត់មានវត្តមាននៅក្នុងស្ថាប័នសភាជាតិនិងព្រឹទ្ធសភា»៕










