សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ថៃចេញ​ដីកា​ចាប់​ខ្លួន​លោក លី យ៉ុង​ផាត់ ចោទថាជាប់ពាក់ព័ន្ធ​អំពើ​លាង​លុយ និង​​ឆបោក​​តាម​អនឡាញ​

លោក លី យ៉ុងផាត់ ក្នុងពិធីសម្ពាធក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោកទូរទស្សន៍PNN ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។ (ខេមបូចា)
លោក លី យ៉ុងផាត់ ក្នុងពិធីសម្ពាធក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោកទូរទស្សន៍PNN ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។ (ខេមបូចា)

អាជ្ញាធរ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​​សមជិក​ព្រឹទ្ធសភាកម្ពុជា លោក លី យ៉ុង​ផាត់ និង​មនុស្ស​បួន​នាក់​ផ្សេង​ទៀត ដែល​មានទាំង​ជនជាតិ​ចិន​ផង ដោយ​ចោទ​ប្រកាន់​ថា​បាន​ជាប់ពាក់​ព័ន្ធ​នឹង​អំពើ​លាង​លុយ​កខ្វក់ និង​អំពើ​ឆបោក​តាម​អនឡាញ​។​

សារព័ត៌មាន​ថៃ​បាន​ដក​ស្រង​​សម្ដី​លោក Surapol Prembut ស្នងការ​នៃ​ការិយាល័យ​ស៊ើប​អង្កេត​បទ​ល្មើស​​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា កាលពី​ថ្ងៃអាទិត្យ​ថា តុលាការ​ព្រហ្មទណ្ឌ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​​លោក​ លី យ៉ុងផាត់ អាយុ​៦៧​ឆ្នាំ កាល​ពី​ថ្ងៃអង្គារ​សប្ដាហ៍​មុន ព្រម​ទាំង​មនុស្ស​ស្និទ្ធ​នឹង​លោក​ម្នាក់​​ឈ្មោះ​ថា Chokchai Supapha វ័យ​៣៧​ឆ្នាំ និង​ជនជាតិ​ចិន​បី​នាក់​ផ្សេង​ទៀត​។​

កាល​ពី​ខែ​មុន​រដ្ឋាភិបាល​ថៃ​បាន​សម្រេច​ដក​សញ្ជាតិ​ថៃ​ពី​លោក លី យ៉ុង​ផាត់ និង​បាន​បង្កក​ទ្រព្យសម្បត្តិ​ជាង​២​លាន​ដុល្លារ ​ក្នុង​ចេតនា​ដាក់​គោល​ដៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​កម្ពុជា ដោយ​ចោទថា​បាន​ជាប់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ​។​

លោក លី យ៉ុងផាត់ ដែល​មាន​ងារជា​អ្នក​ឧកញ៉ា គឺ​ជាសមាជិកព្រឹទ្ធសភា​របស់គណបក្ស​ប្រជាជន​កម្ពុជា លោក​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស រួម​មាន​ការ​ជួញ​ដូរមនុស្ស​ក្នុង​អគារ​ឆបោក​អនឡាញ​។​

លោក លី យ៉ុផាត់ បាន​ចុចបិទទូរសព្ទ​ពេល​ទាក់ទង​សុំការ​អត្ថាធិប្បាយ​​នៅ​ថ្ងៃចន្ទ​នេះ​ ប៉ុន្តែ​កន្លេង​ទៅ​លោក​បាន​បដិសេធ​ការ​ជាប់ពាក់ព័ន្ធទៅ​នឹង​អំពើ​ឆបោក​តាម​អនឡាញ និង​អំពើ​ជួយ​ដូរ​មនុស្ស​។​ លោក​បាន​ប្រាប់ សារព័ត៌មាន​ខេមបូចា នាពេល​នោះថា លោក «​ប្រកប​របរ​ស្របច្បាប់» និង​ថា​​រដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់វិធានការ​ផ្លូវ​ច្បាប់​លើ​លោក​បើសិន​ជាលោក​ប្រព្រឹត្តបទល្មើស​​។​

អ្នក​វិភាគ​នយោបាយលោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ​ក្នុង​នាម​ជា​​អ្នក​នយោបាយ​ជាន់​ខ្ពស់​កម្ពុជា លោក លី យ៉ុងផាត់ គួរ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​របស់​លោក និង​បញ្ជាក់​ថា​លោក​មិន​មាន​កំហុសដូច​ការ​ចោទ​ប្រកាន់​។​

លោក​បានថ្លែងថា៖ «​យើង​ជា​រដ្ឋឯករាជ្យ និង​ត្រូវ​តែ​ការពារ​ប្រជាពល​រដ្ឋ​របស់​យើងបើ​សិន​ជា​ពួក​គាត់​ស្អាត​ស្អំ និង​ការពារ​ទ្រព្យសម្បត្តិ​ពល​រដ្ឋ​ខ្មែរ​ពេល​ដែល​ការ​ចោទ​ប្រកាន់​មិន​មែន​ជា​រឿង​ពិត​»។​

លោក​បានបន្ត​ថា បទ​ល្មើស​ឆបោក​តាម​អនឡាញ​ប៉ះពាល់​ជាអវិជ្ជមាន​ដល់​មុខ​មាត់​កម្ពុជា ទេសចរណ៍​អន្តរជាតិ និង​ការ​វិនិយោគ ដោយសារតែ​ការ​ផ្សាយ​ព័ត៌មាន​របស់​​ប្រទេស​ជិត​ខាង ជាពិសេស​តាំងពី​កម្ពុជា​ខ្វះ​ខាត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ដើម្បី​ទាក់ទង​ឲ្យ​មាន​ប្រសិទ្ធភាព​ជាមួយ​សហគមន៍​អន្តរជាតិ​។​

លោក​បន្ថែម​ថា៖ «​កម្ពុជា​ត្រូវ​ពង្រឹង​កិច្ច​សហការជាមួយ​​ប្រទេស​នានា​ដែល​មាន​កង្វល់​​នឹង​អំពើ​ឆបោក​តាមអនឡាញ ដើម្បី​ដោះស្រាយ​បញ្ហា និង​ការពារ​មុខ​មាត់​ជាតិ​»។​

អ្នកជំនាញឧក្រិដ្ឋកម្មឆ្លងដែនបាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់​ កាលពីឆ្នាំមុន ដែលការណ៍​នេះ​នាំឲ្យ​មានកិច្ចខិតខំប្រឹងប្រែងគេចវេះពីការដាក់ទណ្ឌកម្មលើ​ក្រុមហ៊ុនដែលជាប់ទាក់ទងនឹងលោក​ និងគ្រួសារលោក​ ហើយ​ក្រុម​ហ៊ុន​ទាំង​នោះ​«ត្រូវបានបាត់ពីកំណត់ត្រាសាធារណៈ»។

ការិយាល័យ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​របស់ថៃ​បាន​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក លី យ៉ុង​ផាត់ នៅ​ថៃ​ប្រមាណ​ជា​២,១លាន​ដុល្លារ ខណៈព័ត៌មាន​លម្អិត​មិន​ទាន់​ដឹង​ច្បាស់​។​​

វិធានការ​ប្រឆាំង​នឹង​លោក លី យ៉ុងផាត់ គឺ​ជាការកំណត់គោល​ដៅ​ថ្មី​បំផុត​មួយ​លើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​​ដោយ​ចោទថាជាប់ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាមអនឡាញ​ ខណៈ​​ភាព​តាន​តឹង​​រវាង​កម្ពុជា-ថៃ​ បាន​កើត​ឡើង​​កាលពី​ខែ​ឧសភា និង​កក្កដា​ ដែល​បណ្ដាល​ឲ្យ​មានអ្នក​ស្លាប់​ និង​របួស​ជាច្រើន​។​

កាលពី​ខែ​កក្កដា កន្លងទៅ អាជ្ញាធរ​ថៃ​បាន​ចុះ​បង្ក្រាប​ទីតាំង​ចំនួន​១៩​កន្លែង​នៅ​ក្នុង និង​ជុំ​វិញ​ទីក្រុង​បាងកក ដែល​ជាប់​ពាក់ព័ន្ធ​នឹងលោក កុក អាន ដែល​​សមាជិក​ព្រឹទ្ធសភាកម្ពុជា និង​ជា​អ្នក​ជំនួញផង​។ បន្ថែមពី​នេះអាជ្ញាធរ​ថៃ​ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក កុក អាន ផង​ដែរ​។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​នាំពាក្យ​ក្រ​សួង​មហាផ្ទៃ លោក ទូច សុខៈ មិន​អាច​ទាក់​ទងសុំ​ការ​អត្ថាធិប្បាយ​លើ​ករណី​លោក លី យ៉ុងផាត់ បាន​ទេ​នៅ​ថ្ងៃនេះ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thailand Issues Arrest Warrant for Senator Ly Yong Phat for Alleged Money Laundering, Online Scams

255 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម