UPDATES:
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានចេញសារក្នុងឱកាសខួបលើកទី៤៧នៃទិវាជ័យជម្នះ «៧ មករា» ថា កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ចប់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងការពារបូរណភាពទឹកដី។
លោកបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធទី៧ ខែមករា ថា៖ «កម្ពុជានឹងមិនធ្វើសម្បទានលើអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ» ដោយសំដៅទៅលើ «ការឈ្លានពានយ៉ាងព្រៃផ្សៃ» របស់យោធាថៃប្រឆាំងនឹងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន។
លោក ហ៊ុន សែន បានបន្ថែមថា៖ «ខ្ញុំស្នើឲ្យជនរួមជាតិទាំងអស់បន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពជាម្ចាស់ខ្លួនឯង ដើម្បីធានាដល់ការការពារ និងកសាងជាតិយើង»។
គណបក្សប្រជាជនកម្ពុជា (CPP) បានសម្រេចចិត្តមិនប្រារព្ធខួបលើកទី៤៧ នៃ«ទិវាជ័យជម្នះ» ដែលត្រូវបានគេស្គាល់ផងដែរថា ជាថ្ងៃ «៧មករា» ដោយសារតែជម្លោះព្រំដែនជាមួយប្រទេសថៃ។
ការប្រារព្ធខួបនេះ គឺរំលឹកដល់ការដួលរលំនៃរបបខ្មែរក្រហម ត្រូវបានគេមើលឃើញថាមានភាពរសើបខាងនយោបាយ ហើយបន្តឱ្យមានការរិះគន់ពីគណបក្សសេរី និងគណបក្សប្រឆាំងនៅកម្ពុជា។
ខួបនេះជាធម្មតាត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៧ ខែមករា នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានលុបចោលនៅឆ្នាំនេះ ដោយសារតែជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលនាំឱ្យមានការភៀសសឹករបស់ប្រជាជនកម្ពុជាជាង ៦៤ ម៉ឺននាក់។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានមានប្រសាសន៍ថា៖ «ដោយសារតែជម្លោះ និងការឈ្លានពានរបស់ប្រទេសថៃ យើងមិនរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះទេ។ ផ្ទុយទៅវិញ យើងនឹងផ្ញើសារនយោបាយពីប្រធានគណបក្ស គឺសម្ដេចតេជោ [ហ៊ុន សែន] ប៉ុណ្ណោះ»។
ការប្រារព្ធខួបជ័យជម្នះលើពួកខ្មែរក្រហម គឺ ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ធ្វើរដ្ឋប្រហារដោយ លោក លន់ ណុល បាននាំប្រទេសជាតិដ៏សុខសាន្តមួយចូលទៅក្នុងសង្គ្រាម ដែលមនុស្សជាងកន្លះលាននាក់បានស្លាប់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍កាន់តែខ្លាំងឡើងដោយសារតែរបប ប៉ុល ពត នេះបើយោងតាមទីស្តីការគណៈរដ្ឋមន្ត្រី។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់គណបក្សប្រឆាំង ទិវាជ័យជំនះមានអត្ថន័យខុសគ្នា ដោយពួកគេចាត់ទុកវាជាថ្ងៃដែលវៀតណាមបាន «ធ្វើអន្តរាគមន៍» នៅកម្ពុជា។
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បានមានប្រសាសន៍ថា៖ «ជាធម្មតា ថ្ងៃទី៧មករា គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតសម្រាប់គណបក្សប្រជាជនកម្ពុជា ហើយវាជាសិទ្ធិរបស់ពួកគេក្នុងការធ្វើការសម្រេចចិត្ត»។
គណបក្សប្រជាជនកម្ពុជាបានកាន់អំណាចអស់រយៈពេល ៤៧ឆ្នាំចាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហម។ ទោះជាយ៉ាងណាក៏ដោយ លោក ភារិទ្ធ បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយកំពុង «រួមតូច» ហើយបានអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយ។
លោកក៏បានជំរុញឱ្យរដ្ឋាភិបាលស្ដារឡើងវិញនូវថ្ងៃទី២៣ ខែតុលា ជាថ្ងៃឈប់សម្រាកជាតិ ដើម្បីកត់សម្គាល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានបង្រួបបង្រួមប្រជាជនខ្មែរ និងធានាបាននូវការផ្សះផ្សាជាតិ។
កិច្ចព្រមព្រៀងទាំងនោះត្រូវបានចុះហត្ថលេខានៅទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ ដោយប្រទេសចំនួន១៨ និងមានអគ្គលេខាធិការអង្គការសហប្រជាជាតិជាសាក្សី។ ពួកគេបានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា ការបោះឆ្នោតជាតិលើកដំបូងក្នុងឆ្នាំ១៩៩៣ និងការអនុម័តរដ្ឋធម្មនុញ្ញកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ លោកបានយល់ស្របនឹងការសម្រេចចិត្តមិនប្រារព្ធព្រឹត្តិការណ៍នេះនៅឆ្នាំនេះដោយសារតែជម្លោះព្រំដែន។
លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកំណែទម្រង់កម្ពុជា បានបន្ទរលោក ភីរិទ្ធ ដោយលោកមានប្រសាសន៍ថា ប្រជាជនខ្មែរត្រូវតែរួបរួមគ្នាក្នុងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកបានថ្លែងថា៖ «ខណៈពេលដែលថ្ងៃទី៧ មករា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មានទស្សនៈខុសៗគ្នាជុំវិញនេះ» ដោយចង្អុលទៅលើការជ្រៀតជ្រែករបស់វៀតណាមនៅក្នុងប្រទេសកម្ពុជានៅពេលនោះ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ruling CPP Cancels Victory Day Celebration Due to Border Conflict










