សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ស្វាមីត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​​​ពន្ធនាគារ​ ប៉ុន្តែ​ភរិយារបស់​ពួកគេមិន​នៅស្ងៀមនោះ​ទេ

អ្នកស្រី យាន​ ស្រីយ៉ាន ភរិយារបស់លោក ស៊ុន ចន្ធី ​​អតីត​ប្រធាន​គណបក្ស​កម្លាំង​​​ជាតិ (NPP) អង្គុយ​ជាមួយ​កូន​ប្រុស​អាយុ៤ខែ ឈ្មោះ ស៊ុន យានធាន ក្នុង​បន្ទប់​ជួល​នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០​២៥ នៅ​មុខ​​ផ្ទាំង​រូបភាព​​​របស់​លោក ស៊ុន ចន្ធី ដែល​ចង់​ភ្ជាប់​​ជញ្ជាំង។ (រូបភាព​៖ រួន រី​ /HaRDstories)
អ្នកស្រី យាន​ ស្រីយ៉ាន ភរិយារបស់លោក ស៊ុន ចន្ធី ​​អតីត​ប្រធាន​គណបក្ស​កម្លាំង​​​ជាតិ (NPP) អង្គុយ​ជាមួយ​កូន​ប្រុស​អាយុ៤ខែ ឈ្មោះ ស៊ុន យានធាន ក្នុង​បន្ទប់​ជួល​នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០​២៥ នៅ​មុខ​​ផ្ទាំង​រូបភាព​​​របស់​លោក ស៊ុន ចន្ធី ដែល​ចង់​ភ្ជាប់​​ជញ្ជាំង។ (រូបភាព​៖ រួន រី​ /HaRDstories)

​អ្នក​ស្រី យាន​ ស្រីយ៉ាន មិន​មាន​របស់​របរ​ច្រើនទេ​នៅ​ក្នុង​​បន្ទប់​ជួល​ថ្មី​របស់​គាត់​​ក្នុង​រាជធានី​ភ្នំពេញ។ ​មាន​ទំហំ ៤ គុណនឹង ៨ ម៉ែត្រ បន្ទប់នេះ​ហាក់​មាន​សភាព​ចង្អៀត​រួច​ទៅហើយ​ត្រឹម​តែ​ដាក់​ទូខោអាវមួយ​ ចង្ក្រានហ្គាសតូច​មួយ​ គ្រឿង​​ផ្សំ​ធ្វើ​ម្ហូប​ និងគ្រែមួយ​ ដែលអ្នកស្រី​​គេង​ជាមួយបងប្អូនជីដូនមួយ និងកូនប្រុសអាយុ៤ខែរបស់​អ្នក​ស្រី។

ការតុបតែងតែ​មួយគត់ ដែលអ្នក​ស្រីបាន​​ធ្វើ គឺជារូបភាពដ៏ធំមួយ​របស់ស្វាមីអ្នកស្រី​ គឺលោក ស៊ុន ចន្ធី ជាសហស្ថាបនិក​គណបក្សកម្លាំង​​ជាតិ (NPP) ដែលត្រូវបាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែឧសភា ឆ្នាំ២០​២៤។

នៅពេលដែលអ្នកស្រី​បាន​ផ្លាស់មកស្នាក់នៅក្នុងផ្ទះជួល​នេះនៅរាជធានី​ភ្នំពេញ អ្នកស្រី​បាន​ជូនដំណឹងទៅម្ចាស់ផ្ទះជួល​ថា អ្នកស្រី​ជានរណា ហើយថា អ្នក​ស្រី​ប្រ​ហែលជាមានភ្ញៀវ​ប្លែក​មុខ​​ខ្លះ ដូចជា​អ្នកយកព័ត៌មានពី HarDstories ដែលបាន​ទៅជួប​អ្នក​ស្រី​កាលពី​ខែ​មិថុនា​កន្លង​ទៅ​។

អ្នកស្រី​​បាន​ចាប់​ផ្តើម​ធ្វើ​បែប​​នេះ បន្ទាប់​ពី​អ្នក​សារ​ព័ត៌មាន​បាន​ទៅ​លេង​ផ្ទះ​ជួល​ចាស់​​របស់​អ្នកស្រី​កាល​ពី​​ខែ​មិថុនា តែប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អ្នកស្រី​​សម្រាល​កូន។ ភ្លាមៗ​នោះ​ ក៏​មាន​ការ​ហៅទូរសព្ទ និងសាររាប់សិបពីអតីតម្ចាស់ផ្ទះជួល​របស់អ្នកស្រី​បានធ្វើតាមភ្លាមៗ។

អ្នក​ស្រី​បាន​រំឭកពីអ្វីដែល​ម្ចាស់ផ្ទះជួល​បាន​ប្រាប់ថា៖ «អ្នក​ជា​ភរិយា​របស់​មេ​បក្ស​ប្រ​ឆាំង​។ ខ្ញុំមិនអាចបន្តជួលបន្ទប់ឱ្យអ្នកបានទេ»។

អ្នក​ស្រី ស្រី​យ៉ាន យល់អំពីរឿងនេះ​។ អ្នកស្រី​មិន​បាន​បន្ទោស​ម្ចាស់​ផ្ទះជួល​​ដែល​អាច​ត្រូវ​បាន​អាជ្ញាធរ​ដាក់​សម្ពាធ​ឱ្យ​បណ្ដេញ​អ្នក​ស្រី​​ចេញ​នោះ​ទេ។ ប៉ុន្តែ​អ្នកស្រី​​ក៏​សម្រេច​ចិត្ត​មិន​លាក់​បាំង​ថា ​ប្ដី​របស់​អ្នកស្រី​​ជា​នរណា ឬថា ​អ្នក​ស្រី​​ជា​នរណា។

ខណៈ​លំហ​​នយោបាយ​នៅ​កម្ពុជាកាន់តែ​​រួម​តូច ភរិយា​របស់​អ្នក​នយោបាយ​បក្ស​ប្រ​ឆាំង​មិន​ព្រម​ចុះ​ចាញ់​នឹង​ការ​លំបាក​ដែល​ពួក​គេ​ជួប​ប្រទះនេះទេ​។ ពួកគេ​បាន​បង្ហាញ​នូវ​ភាព​ធន់​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ធ្វើ​ការ ​ដើម្បី​ជួយ​ប្តី​របស់​ពួកគេ​ដែលកំ​ពុង​​ជាប់​ពន្ធនាគារ​ ដោយ​​ពេល​ខ្លះ​បង្កើត​បណ្តាញផ្សេងៗ ​ដូច​ជា​យុទ្ធនាការ «ស្ត្រី​ថ្ងៃ​សុក្រ» ដើម្បី​​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក។

អ្នកស្រី ស្រីយ៉ាន បាន​និយាយ​ថា បញ្ហា​ទាំងនេះ​ចាប់​ផ្ដើម​មាន​តាំង​ពី​មុន​ពេល​​ប្ដី​របស់​អ្នក​ស្រី​ត្រូវ​បាន​គេចាប់ខ្លួន​លើ​ក​ទី​១​មក​ម៉្លេះ​​។ ពេលអ្នក​ស្រី និង​ស្វាមី​​ធ្វើ​ដំ​ណើរ​​ទៅ​ជួប​សមា​ជិក​បក្ស​ផ្សេង ឬ​ទៅ​លេង​ស្រុក​កំណើត​នៅ​​ខេត្ត​កំពង់ធំ មាន​គេ​​​ជិះ​​ម៉ូតូ​តាម​ក្រោយ។

អ្នកស្រី យាន​ ស្រីយ៉ាន ភរិយារបស់លោក ស៊ុន ចន្ធី អតីតប្រ​ធានគណបក្សកម្លាំង​ជាតិ (NPP) ឈរ​កាន់កូនប្រុសអាយុ ៤ ខែរបស់គាត់ឈ្មោះ ស៊ុន យាន​ធាន នៅក្នុង​បន្ទប់ជួល​នៅក្រុងភ្នំពេញកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៥។ (រូបភាព​៖ រួន​ រី / HaRDstories)

ស្វាមីរបស់អ្នកស្រី​ស្ថិតក្នុងចំណោមអ្នកនយោបាយជាន់ខ្ពស់មួយក្រុម ដែលបានបង្កើត​គណបក្ស​​កម្លាំង​ជាតិ​នៅខែតុលា ឆ្នាំ២០២៣ ភ្លាមៗ បន្ទាប់ពីគណបក្សប្រ​ឆាំង​ឈានមុខ​គេ​មួយ​ទៀត គឺគណបក្សភ្លើងទៀន​ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងការ​បោះឆ្នោតជាតិ​ឆ្នាំ​២០២៣។

លោក ស៊ុន ចន្ធី ត្រូវបានចោទប្រកាន់ពីបទញុះញង់កាល​ពី​ខែឧសភា ឆ្នាំ២០២៤ ដែលបទ​ចោទដ៏ពេញនិយម​ដែល​គេប្រើ​លើ​ឥស្សរជននយោបាយ​គណបក្សប្រ​ឆាំង​។ កាលពីខែធ្នូ លោក​ត្រូវបានតុលាការ​ផ្តន្ទា​ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពិន័យជា​ប្រាក់​១០០០​ដុល្លារ ហើយដក​សិទ្ធិបោះឆ្នោត​ និង​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​អស់​មួយ​ជីវិត​។ បទ​ល្មើស​របស់គាត់ គឺរិះគន់កម្មវិធីផ្តល់​ «ប័ណ្ណ​ក្រីក្រ​» របស់រដ្ឋាភិបាល និងការ​ពិភាក្សាពី​បញ្ហា​សង្គម​ជាមួយអ្នកគាំទ្ររបស់គាត់ អំឡុងពេលធ្វើដំណើរទៅប្រទេសជប៉ុន។

ការចាប់ខ្លួនសមាជិកគណបក្ស​កម្លាំង​ជាតិ​ ត្រូវបានគេមើលឃើញថា ជារឿងនយោ​បាយ ជាពិសេសបន្ទាប់ពីពួកគេបានបដិសេធមិនចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។

អ្នកស្រី ស្រីយ៉ាន បាននិយាយថា លោក ស៊ុន​ ចន្ធី បាន​សម្រេច​ចិត្ត​មិន​ប្តឹង​ឧទ្ធរ​ណ៍​ ព្រោះ​​គាត់​​សង្ស័យ​ថា ​តុលា​ការ​​មាន​ភាព​​លម្អៀង។ ស្វាមីរបស់អ្នកស្រី​បានលើក​ឡើងពីបញ្ហាប័ណ្ណក្រីក្រ ដោយសារតែប្រជា​ពលរដ្ឋ​ជាច្រើនបានចែករំលែកកង្វល់របស់ពួកគេជាមួយគាត់ ដោយសារ​ខ្លាចមិន​ហ៊ាន​និយាយដោយខ្លួនឯង។

អ្នកស្រី ស្រីយ៉ាន បាន​ឱ្យដឹង​ថា៖​ «​​គេ​ចាប់​គាត់​ពេល​គាត់​លើក​ឡើង​ពី​ស្ថានភាព​នេះ ដូច្នេះ​យើង​អាច​មើល​ឃើញ​ថា ​តើ​សង្គម​យើង​សព្វ​ថ្ងៃ​នេះ​វាយ៉ាងម៉េច​ ហើយ​​នេះ​ជា​​អ្វី ​ដែល​យើង​ចង់​ផ្លាស់​ប្តូរ»។

គាំទ្រអ្នកទោស

ពីភ្នំពេញ​ទៅដល់​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ត្រូវ​ធ្វើ​ដំណើរ​រយៈ​ពេល​បីម៉ោង​ ដែល​ធ្វើ​ឱ្យ​ការ​ជួបសួរសុខទុក្ខ​មាន​ការ​ពិបាក​សម្រាប់​អ្នកស្រី ​ស្រី​យ៉ាន​ ដែល​មានកូន​តូច​​ទើប​នឹង​កើត។

លោក ចន្ធី បាន​ជួប​កូន​ប្រុស​តែ​បី​ដង​គត់​តាំង​ពី​កើតមក​។ «ពេល​​គាត់​ឃើញ​កូនរបស់​គាត់ គាត់​​ស្រក់​ទឹក​ភ្នែក»។

អ្នកស្រី ស្រីយ៉ាន បាន​លើកឡើង​ថា៖​ «​ពេល​អាជ្ញាធរ​ចាប់​ខ្លួន​គាត់ ខ្ញុំ​មាន​ផ្ទៃពោះ​ប្រាំ​ពីរ​​សប្តាហ៍​»។ លោក​ ចន្ធី ត្រូវ​បាន​ចាប់​ខ្លួនត្រឹម​តែ​​​បី​ថ្ងៃ​ក្រោយ​​ពីបាន​​ដឹង​ថា ​ភរិយា​របស់​លោក​​មាន​ផ្ទៃ​ពោះ​កូន​ដំបូង។

មិន​ខុស​ពី​អ្នក​ស្រី ស្រីយ៉ាន សមាជិកគ្រួសារសកម្មជននយោបាយផ្សេងទៀតនិយា​យថា ពួកគេត្រូវបានគេឃ្លាំ​មើល និងបំភិតបំភ័យ ​ដែលធ្វើឱ្យពួកគេ​ឆ្ងល់ថា តើអាជ្ញាធរ​មាន​គោល​បំណង​គាបសង្កត់​ពួកគេឱ្យបោះបង់ជំនឿ​នយោបាយរបស់​ពួកគេ ​ឬយ៉ាងណា។

អ្នកស្រី ព្រំ ចន្ថា បានរស់នៅក្រោមការតាម​ដាន​នេះអស់រយៈ​ពេល​ជាច្រើនឆ្នាំហើយ​។ កាលពីបីឆ្នាំមុន អាជ្ញាធរបានដំឡើងកាមេរ៉ា CCTV ដើម្បីឃ្លាំង​មើល​ផ្ទះរបស់អ្នកស្រី​ ដោយប្រាប់អ្នកស្រី​ថា កាមេរ៉ា​ទាំង​នេះ គឺសម្រាប់ «សន្តិសុខក្នុង​សហ​គមន៍» ហើយសន្យាថា នឹង​មាន​បំពាក់​បន្ថែមទៀតតាមដងផ្លូវ។ ប៉ុន្តែ​មិនមាន​កាមេរ៉ាបន្ថែមណាមួយ​ទេ គឺមាន​តែ​កាមេរ៉ាមួយ​ ដែលតម្រង់​មក​រក​ផ្ទះ​របស់អ្នកស្រី​ប៉ុណ្ណោះ។

លោក កាក់ កុម្ភារ ជា​ស្វាមី​របស់​អ្នកស្រី​ ចន្ថា ជា​សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧។ លោក​​បានភៀសខ្លួន​ទៅ​ប្រទេស​ថៃភ្លាមៗ បន្ទាប់ពីគណបក្សនេះត្រូវបានហាមឃាត់ ដោយស្នាក់នៅប្រហែលបីខែ បន្ទាប់មកបានត្រឡប់មកជួបអ្នកគាំទ្រគណបក្ស​សង្គ្រោះជាតិវិញ។

ដោយ​ត្រូវ​បាន​ចោទប្រកាន់ពីបទញុះញង់ក្នុងខែតុលា ឆ្នាំ២០១៩ លោក​បន្តគេច​ខ្លួន​​រ​ហូត​ដល់​ត្រូវ​ចាប់ខ្លួននៅស្រុកបាទី ខេត្តតាកែវ កាល​ពី​​ខែឧសភា ឆ្នាំ២០២០​។ លោក កាក់ កុម្ភារ​ ត្រូវ​បាន​ផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំ ពីបទញុះញង់ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍​ និងរួម​គំនិត​ក្បត់​។

អាជ្ញាធររាជធានីភ្នំពេញតែងតែទៅផ្ទះរបស់អ្នកស្រី ចន្ថា អំឡុងពេលមាន​ព្រឹត្តិ​ការ​ណ៍អន្តរជាតិសំខាន់ៗ ដូចជាពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក ចូ​ បៃឌិន​ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ជាដើម។

អ្នកស្រី ចន្ថា បាន​និយាយ​ថា៖ «​គេ​ដាក់​កៅអី​បត់ [​និង​អ្នក​យាម​ម្នាក់​អង្គុយ​] ទាំង​​ថ្ងៃ​ទាំង​​យប់​នៅ​មុខ​ផ្ទះ​ខ្ញុំ ហើយ​គេ​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ចេញ​ទៅណា​ទេ​»​។ អ្នក​ស្រីជឿថា ការ​ធ្វើ​បែប​នេះចាប់ផ្តើមមាន​ បន្ទាប់ពីអតីតអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី វេនឌី សឺមែន​ បានជួបជាលក្ខណៈឯកជនកាលពីខែមិថុនា ឆ្នាំ២០​២១ ជាមួយលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវ​បានរំលាយ​។

ក្រោយ​ការ​ចាប់​ខ្លួន​ប្តីរបស់​អ្នក​ស្រី​ ទំនួល​ខុស​ត្រូវ​ក្នុង​គ្រួសារ​ទាំង​អស់​ធ្លាក់​មក​​លើអ្នកស្រី ​ចន្ថា។ ក្រៅ​ពី​មើល​ថែ​ម្ដាយដែលមាន​ជំងឺ​ និង​កូន​ប្រុស​នោះ អ្នកស្រី​​បាន​តវ៉ា និង​ទាមទារ​ឲ្យមាន​ការ​​ដោះលែង​លោក កាក់ កុម្ភារ​។

ប្តីរបស់អ្នកស្រី​មិនមែនជាសមាជិកគ្រួសារតែម្នាក់គត់ ដែលត្រូវចាប់ខ្លួននោះទេ។ កាក់ ​សុវណ្ណច្ឆ័យ គឺជា​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន​ប្រុស​របស់​អ្នកស្រី ចន្ថា ត្រូវ​បាន​ផ្តន្ទាទោស​​ឱ្យ​ជាប់​​​ពន្ធនាគារ​រយៈ​ពេល ៨​ខែ បន្ទាប់​ពី​ត្រូវ​បាន​​ចោទ​ប្រកាន់​ថា បាន​បរិហារកេរ្តិ៍​មន្ត្រី​សាធារណៈ​​តាម​គ្រុប​ឆាត​​ ​ដែលក្នុង​នោះ​​ សុវណ្ណច្ឆ័យ ​បាន​​​ការ​ពារ​​ឪពុករបស់ខ្លួន​។ សុវណ្ណច្ឆ័យ​​ មាន​ជំងឺ​អូទីស្សឹម ជា​ជំងឺដែលមាន​ការ​វិវឌ្ឍ​ផ្នែក​​​ខួរក្បាលមិន​ប្រក្រ​តី​ ហើយ​មាន​អាយុ ១៦​ឆ្នាំ​នៅ​ពេល​នោះ។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​ការ​ងារទូទៅ​​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ពន្យល់​ថា ភរិយា​របស់​សមាជិក​គណបក្ស​ប្រឆាំង​ភាគ​ច្រើន​ប្រឈម​នឹង​ការ​គំ​រាម​​កំហែង​ដល់​សិទ្ធិ​មូលដ្ឋាន​របស់​ពួកគាត់​​ក្នុង​នាម​ជា​ពលរដ្ឋ។ លោកបានមាន​ប្រសាសន៍ថា ពួកគេតែងតែ​ទទួល​រងនូវការឃ្លាំមើល ការយាយី និងការបំ​ភិត​​បំភ័យ​ពីអាជ្ញាធរ នៅពេលពួកគេនិយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយលោក​បានលើកឡើងពីការសង្កេតតាម​រយៈ​ការ​ធ្វើ​ការងារផ្នែក​សិទ្ធិ​មនុស្ស​នៅកម្ពុជាអស់រយៈពេល ២៧ឆ្នាំមកនេះ។

លោក សំ​អាត ចង្អុល​បង្ហាញ​ការ​ចោទ​ប្រកាន់​កូន​ប្រុស​របស់​អ្នកស្រី ចន្ថា ជា​ភស្តុតាង​។ «ការ​ចោទ​ប្រកាន់លើគាត់ គឺមិន [រឹងមាំ] គ្រប់គ្រាន់ទេ។ ដូច្នេះអាជ្ញាធរបាន​ប្រើសារតាម​ Telegram ឯកជន ជាមូលដ្ឋានសម្រាប់ការចោទប្រកាន់»។

លោក សំអាត បាន​ថ្លែង​ថា ទោះ​បី​ជា​មាន​គណបក្ស​នយោបាយ​ច្រើន​ក្នុង​ប្រ​ទេ​ស​​កម្ពុជា​ក៏ដោយ ក៏​សិទ្ធិ​ក្នុង​ការ​ចូល​រួម​នយោបាយ​នៅ​តែ​មាន​ការ​គាបសង្កត់​។

លោកបានពន្យល់ថា៖ «សមាជិកគណបក្សប្រឆាំងត្រូវបានចោទប្រកាន់ជាញឹកញាប់​ពីបទឧក្រិដ្ឋ ហើយសូម្បីតែអ្នកដែលគ្រាន់តែនិយាយជាមួយ​ប្រព័ន្ធផ្សព្វ​ផ្សាយព័ត៌មាន​ ដូចជាសមាជិកគណបក្សកម្លាំង​ជាតិ ក៏ត្រូវប្រឈមមុខនឹងវិធានការ​ផ្លូវច្បាប់ដែរ។ នេះ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​លំហ​កាន់តែរួម​​តូច​សម្រាប់​សេរីភាព​​នយោបាយ»។

នៅក្នុងរបាយការណ៍របស់​ខ្លួន​ក្នុង​ឆ្នាំ២០២៥ អង្គការឃ្លាំមើល​សេរីភាពពិភព​លោក​ Freedom House បានចាត់ថ្នាក់​ប្រទេសកម្ពុជាថា ជាប្រទេស «មិនសេរី» ដោយផ្តល់ឱ្យប្រទេសនេះនូវ​ពិន្ទុទាបសម្រាប់សេរីភាពសកល សេរីភាពពលរដ្ឋ​ និងសេរីភាពអ៊ីនធឺណិត។ ប្រទេស​កម្ពុជា​ឆ្លើយ​តប​បាន​៤ ប៉ុណ្ណោះ​ក្នុង​ចំណោម​​បទដ្ឋាន​​ចំនួន​ ៤០ ​សម្រាប់​សិទ្ធិ​នយោបាយ។

ក្រោមការគ្រប់គ្រងដោយ​ឯកបក្ស​ របាយការណ៍របស់ Freedom House សរសេរ​ថា គណបក្ស​ប្រជាជនកម្ពុជា បានប្រើអំពើហិ​ង្សា ការបំភិតបំភ័យ និងការកាត់ទោស​ដោយហេតុ​ផល​នយោបាយ ដើម្បីដាក់សម្ពាធលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកតវ៉ា​។

ការ​ព្រួយ​បារម្ភ​ផ្នែកហិរញ្ញវត្ថុ

 រយៈ​ពេល​បួនខែក្រោយពី​សម្រាលកូនរួច​ អ្នក​ស្រី ស្រីយ៉ាន មិនអាចធ្វើការពេញម៉ោង​បាន​ទេ​។ ប៉ុន្តែ​អ្នកស្រី​​ត្រូវតែ​ខំ​​រក​ប្រាក់​សម្រាប់​ខ្លួន​នាង​ផ្ទាល់ កូនប្រុស​ និង​ប្តី​​ដែល​កំពុង​ជាប់​ពន្ធនាគារ​​។

អ្នកស្រី​​បាន​បញ្ជាក់​ថា៖​ «​​ការ​ចំណាយ​សម្រាប់​ការ​រស់នៅ​មាន​ការ​លំបាក​ខ្លាំង​ណាស់​» ដោយ​បន្ថែម​ថា ​អ្នកស្រី​​បាន​ប្រកាស​លក់​ដី​មួយ​កន្លែងនៅ​​ក្នុង​ខេត្ត​កំពង់ធំ ​បន្ទាប់​ពី​ចាយ​​ប្រាក់​​សន្សំ​អស់។ អ្នកស្រីបន្តថា៖ «ខ្ញុំ​បាន​ចំណាយ​ប្រាក់​អស់​៨០​ម៉ឺន​រៀល (២០០​ដុល្លារ) ​ក្នុង​មួយ​ខែ​សម្រាប់​គាត់។ ​ក្នុង​ពន្ធនាគារ​ អ្វីៗ​គឺ​ថ្លៃ​ខ្លាំង​ណាស់»។

អ្នកស្រី ស្រីយ៉ាន ចាប់ផ្តើម​របរ​លក់​អនឡាញ​ ដោយ​លក់​កាបូបស្ត្រី​​មួយ​ទឹក​ ដែល​​អ្នកស្រី​​ទិញ​ពី​ឈ្មួញ​កណ្តាល ហើយ​លក់​បន្ត​តាម​បណ្ដាញ​សង្គម។ ទោះ​បីជាអ្នកស្រី​ចាប់ផ្តើមរកស៊ី​មុខ​របរ​នេះ តាំង​ពី​មុនពេលប្តីរបស់អ្នកស្រី​ត្រូវបានចាប់ខ្លួន​ក៏ដោយ ក៏អ្នកស្រី​នៅតែជួបការលំបាក ហើយ​លក់បានតែការបូប​មួយ ឬពីរប៉ុណ្ណោះ​ក្នុងមួយសប្តាហ៍។ អតិថិជនច្រើន​តែ​ជាអ្នក​​ដែល​ដឹងពីស្ថានភាព​របស់អ្នក​ស្រី​។

អ្នកស្រី ចន្ថា ត្រូវ​លក់​ផ្ទះ​របស់​អ្នក​ស្រី​​កាល​ពី​ចុង​ឆ្នាំ ២០២០ ក្រោយ​ចាយ​​អស់​ប្រាក់​​សន្សំ។ អ្នកស្រី​ក៏បានបាត់បង់ការងារជាអ្នកគ្រប់គ្រងភោជនីយដ្ឋានផងដែរ​ អំឡុងពេលបិទខ្ទប់​ដោយ​សារ​ការរាតត្បាតនៃជំងឺ​កូវីដ​-១៩។

អ្នកស្រី​បាននិយាយថា៖ «ខ្ញុំមិនអាច​ទ្រាំទ្រ​បាន​​ទៀតទេ [ផ្នែកហិរញ្ញវត្ថុ] ។ ខ្ញុំ​ក៏​ត្រូវ​ផ្ទេរ​កូន​ប្រុសរបស់​ខ្ញុំ​​ពី​សាលា​ឯកជន​ទៅ​សាលា​រដ្ឋវិញ​»។

អ្នក​ដំណើរ​បើកបរ​​កាត់​តាម​ពីក្រោម​ផ្ទាំង​ប៉ាណូ​​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៥។ ផ្ទាំង​ប៉ាណូ​​នេះ អបអរសាទរ​​ខួបអនុស្សាវរីយ៍​​លើក​ទី​៧៤​ ថ្ងៃបង្កើត​​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​​បង្កើតឡើង​​ក្នុង​ឆ្នាំ​១៩៥១។ (រូបភាព​៖ រួ​ន រី / HaRDstories)

មិន​ខុស​ពី​អ្នក​ស្រី ​ស្រី​យ៉ាន ទេអ្នក​ស្រី ចន្ថា ត្រូវ​ផ្គត់ផ្គង់​ប្រាក់​ដល់​ប្តីដែល​កំពុង​​​ជាប់​ពន្ធ​​នាគារ ដោយ​ចំណាយ​ប្រហែល ៤០០ដុល្លារ​ក្នុង​មួយ​ខែ។

​អ្នកស្រី និង​​ក្មួយ​ប្រុស​របស់​អ្នក​ស្រី​ធ្លាប់​​បាន​រកស៊ី​របរ​​បោះពុម្ព ដែល​ឥឡូវ​នេះ​ជួយ​​ផ្គត់ផ្គង់ខ្លះ​​ដល់​ពួកគាត់​។ ប៉ុន្តែ​មុខ​របរ​​បោះពុម្ព​ប្រឈម​នឹង​ការ​លំបាក ហើយអ្នកស្រី​ត្រូវ​​ពឹងពាក់​​សាច់ញាតិ​ម្នាក់ទៀត​ ​ដែល​​អាច​រ៉ាប់រង​លើ​ការ​ចំណាយ​ថ្លៃ​សា​លា​របស់​កូនៗ​។

អ្នក​ស្រី ចន្ថា បាន​និយាយ​ទៀតថា៖​ «​កូនប្រុស​​ខ្ញុំ​និង​ខ្ញុំ​សុខ​សប្បាយ​ទេ ហើយ​យើង​ហូប​អ្វី​ដែល​យើង​មាន​» ដោយ​បន្ថែម​ថា ក្រុម​គ្រួសាររបស់​អ្នកស្រី​​​មិន​​ហ៊ាន​ចំណាយ​​លើ​របស់របរ​​ប្រណិត​នោះ​ទេ។ អ្នកស្រីបន្តទៀតថា៖ «យើង​សន្សំ​ទុក នេះ​ជា​រដូវ​ផ្លែ​ធុ​រេន ខ្ញុំ​មិន​អាច​បង្ខំ​​ខ្លួន​​ឯង​ទៅ​ទិញ​វា​បាន​ទេ»។

ភាពធន់

ខណៈ​ដែល​ក្រុម​គ្រួសារ​សមាជិក​បក្ស​ប្រឆាំង​ជាច្រើន​បាន​ដកថយ ​និង​រក្សា​​ភាព​ស្ងៀមស្ងាត់​បន្ទាប់​ពី​ការ​ចាប់​ខ្លួន អ្នកស្រី ស្រីយ៉ាន និង​អ្នក​ស្រី ចន្ថា បាន​ជ្រើស​រើស​ផ្លូវដើរ​​ផ្ទុយ​ពី​គេ​។

ស្ត្រី​ទាំងពីរ​នាក់​មិន​ព្រម​បោះបង់​ បន្ទាប់ពី​ស្វាមី​របស់​ពួកគាត់​ជាប់ពន្ធនាគារ​​ដោ​យសារ​រិះគន់​គណបក្ស​កាន់អំណាច និង​តស៊ូ​មតិឱ្យ​មាន​​កំណែ​ទម្រង់​លទ្ធិប្រ​ជាធិប​តេយ្យ។ អ្នក​ស្រី ចន្ថា បានក្លាយជាកម្លាំងចលករនៅពីក្រោយយុទ្ធនាការស្ត្រីថ្ងៃសុក្រ ជាក្រុមស្ត្រីស្វែង​រកការដោះ​លែង​ប្តីរបស់ពួកគាត់​។ សមាជិកក្រុមនេះ ប្រ​ឈមនឹងការយាយី ប៉ុន្តែអ្នកស្រី ចន្ថា បានប្រែ​ក្លាយ​ទុក្ខសោកទៅជាការតស៊ូរួម​​​។

អ្នកស្រី​លើកទឹកចិត្តស្ត្រីជា​ភរិយា​ផ្សេងទៀតឱ្យចេញ​មក​និយាយជាសាធារណៈអំ​ពី​ស្ថានភាព​របស់ពួកគេ ដោយផ្លាស់ប្តូរពួកគេពីអ្នកគាំទ្រដ៏​ស្ងាត់ស្ងៀម​ ទៅជាអ្នក​តស៊ូមតិសម្រាប់​ការ​ដោះ​លែងប្តីរបស់ពួកគេ។

អ្នកស្រី ចន្ថា បាន​រំឭក​ពី​ស្ត្រី​ដែល​សមាជិក​គ្រួសារ​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ថា៖​ «ដំបូង​ ពួកគេ​តែងតែ​យំ។ ខ្ញុំបានប្រាប់ពួកគេថា កុំឱ្យមានការភ័យខ្លាចគ្រប់គ្រងលើ​ខ្លួន​អ្នក។ និយាយ​ចេញមក​ ត្រូវ​និយាយអ្វីមួយ។ ក្រោយ​មក​ ពួកគេ​ហ៊ាន​និយាយ​ ទាមទារ​និង​តវ៉ា»។

អ្នកស្រី ចន្ថា បាន​និយាយ​ថា អ្នកស្រី​មាន​គំនិត​នៃ​ការ​បង្កើត​​ក្រុម​នេះ​ ​បន្ទាប់​ពី​បាន​​កត់សម្គាល់​ឃើញ​ភរិយា​​នីមួយៗ​អំពាវនាវ​ឱ្យ​ដោះលែង​ស្វាមី​របស់​ពួកគេដាច់ដោយឡែក​ពីគ្នា​​។ អ្នកស្រី​បានប្រមូលលេខទូរស័ព្ទ បង្កើតបណ្តាញ។ ដោយ​ចាប់ផ្តើមនៅឆ្នាំ២០២១ យុទ្ធនាការស្ត្រី​ថ្ងៃ​សុក្រ​ទទួលបានការចាប់អារម្មណ៍ទូទាំ​ង​​ពិភ​ពលោក កសាងកេរ្តិ៍ឈ្មោះរបស់ពួកគេ​ជា​អន្តរជាតិ​​ចំពោះ​ភាពក្លាហាន និងទទួលបានការគាំទ្រពីបណ្តាប្រទេស​ប្រជាធិបតេយ្យ​តាម​រយៈ​កិច្ចប្រជុំ និងសេចក្តី​ថ្លែងការណ៍ផ្សេងៗ។

តាមរយៈ​យុទ្ធនាការ​នេះ អ្នកស្រី ចន្ថា ​បាន​ជួយ​ឱ្យ​សំឡេង​ភរិយា​របស់​​អ្នក​នយោ​បាយ​ត្រូវ​បាន​គេ​​ឮ ដោយ​នាំ​ពួកគេ​ទៅ​ស្ថានទូត​នានា ​ដើម្បី​បង្ហាញ​ពី​កង្វល់​របស់​ពួក​គេ។ អ្នកស្រីចោទ​ជា​សំណួរ​​ថា៖ «តើ​អ្នកណានឹង​ធ្វើ បើយើងមិនធ្វើ?»។

ដំបូងឡើយ សមាជិកគ្រួសារបក្សប្រឆាំងជាង៣៥​នាក់ ដែលឪពុក ឬប្តីរបស់​ពួកគេ​ត្រូវបានចាប់ដាក់ពន្ធនាគារនោះ បានចូលរួម ប៉ុន្តែក្រុមនេះបានថយចុះ ខណៈ​ពួកគេ​មួយចំនួនបានសម្រេច​ចិត្ត​ចូលរួមជាមួយគណបក្សកាន់អំណាច។ អ្នកស្រី ចន្ថា បាន​អះអាងថា អ្នក​ខ្លះ​បន្ត​គាំទ្រ​ក្រុមស្ត្រីថ្ងៃសុក្រ​​​ដោយ​លួចលាក់ដោយ​សារ​​ខ្លាច​គេ​គំរាម។

អ្នកស្រី ចន្ថា បានបន្តថា ក្រុមនេះ​នៅតែសកម្ម ទោះបីជាសមាជិកមានបញ្ហាសុខភាព និងហិរញ្ញវត្ថុក៏ដោយ។

ចាប់តាំងពីពេលនោះមក អ្នកស្រី ចន្ថា បានផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយបានជួបជា​មួយ​​ភាគី​ពាក់ព័ន្ធ ដែលមានបំណងចង់ធ្វើឲ្យស្ថានភាពនយោបាយរបស់កម្ពុជាប្រសើរឡើង និង​តំណាង​សហភាពអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់។

អ្នកស្រី​​បាន​និយាយ​​ថា៖​ «សព្វថ្ងៃ​​នេះ ខ្ញុំ​និង​ភរិយា​របស់លោក ​ចន្ធី និង​ភរិយា​ផ្សេង​ទៀត [របស់​សមាជិក​បក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​] ជួប​ជាមួយ​ស្ថានទូត​សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន និង​សហភាព​អឺរ៉ុប ដើម្បី​ផ្តល់​ព័ត៌​មាន​​បច្ចុប្បន្នភាពដល់​​ពួកគេ​អំពី​សកម្មភាព​របស់​យើង»។

ការ​យក​ចិត្ត​ទុក​ដាក់​ពី​អន្តរជាតិនេះមិន​អាចកើត​មាន​ដោយ​គ្មាន​ការ​ប្រឈមនោះ​ទេ​។ លោក ហ្វីល រ៉ូបឺតសិន​ នាយកអង្គការតស៊ូមតិ Asia Human Rights and Labour Advocates បាន​សង្កេតឃើញថា ក្រុម​ស្ត្រីថ្ងៃសុក្របានជួបប្រទះការបៀត​បៀន និងការបំភិតបំភ័យធ្ងន់ធ្ងរ។

លោក រ៉ូបឺតសិន បានថ្លែងថា៖ «រដ្ឋាភិបាលចង់យក​ពួកគេ​ធ្វើជាគំរូ​ ដើម្បីកុំឲ្យគ្រួសារ​អ្នកទោស​នយោបាយ​ផ្សេងទៀតហ៊ានធ្វើ​សកម្មភាព​រឹងរូស​ស្រដៀងគ្នានេះ​»។ លោក​បាន​កត់​សម្គាល់​ថា ក្រុម​គ្រួសារ​របស់​អ្នក​ប្រឆាំង​នៅ​បណ្តា​​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត​ប្រឈម​នឹង​ការ​បំភិត​បំភ័យ​ស្រដៀង​គ្នា​នេះ។

លោក រ៉ូបឺតសិន មានគិត​ថា រដ្ឋាភិបាលមកពីអាមេរិកខាងជើង អឺរ៉ុប អូស្ត្រាលី និងក្រៅ​ពីនេះ គួរតែធ្វើកិច្ចការ​បន្ថែមទៀត ដើម្បីគាំទ្រប្តីប្រពន្ធ និងកូន​ដែល​កំពុង​និយាយ​ជួស​មុខ​ឱ្យ​មនុស្ស​ជាទីស្រឡាញ់របស់ពួកគេ។

លោកបន្ថែមថា៖ «​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ត្រៀមខ្លួន​ស្តាប់​ទេ នោះ​រដ្ឋ​ដែលមាន​គំនិត​ដូចគ្នា​ត្រូវ​ធ្វើការ​រួម​គ្នា ​ដើម្បី​ផ្តោត​លើ​កម្មវិធីមួយចំនួន​​ ដែល​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់ ហើយ​ប្រើ​វា​ជា​​លក្ខខណ្ឌ​ឱ្យ​មាន​ការ​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស​»។

គ្មានការសោកស្តាយ

អ្នកស្រី ចន្ថា ដឹងថា អ្នកស្រី ​និងសកម្មជននយោបាយផ្សេងទៀត​អាចចាកចេញ​ពី​ប្រទេស​កម្ពុជា​ ឬចូលរួមជាមួយបក្សកាន់អំណាច ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន​ ប៉ុន្តែប្រសិន​បើ​ពួកគេទាំងអស់គ្នាធ្វើការសម្រេចចិត្តបែប​នេះ​ គ្មានអ្វីផ្លាស់ប្តូរ​ទេ​។ អ្នកស្រីបានលើកឡើងថា៖ «ប្តីរបស់ខ្ញុំបាន​ជាប់ពន្ធនាគារ​រយៈ​ពេល​៥ឆ្នាំហើយ​ ប៉ុន្តែខ្ញុំមិនដែលមានអា​រម្មណ៍​ចង់​បោះ​បង់​​នោះ​ទេ។ ខ្ញុំតែងតែជឿជាក់​ ប្រាប់គាត់ឱ្យរឹងមាំ»។

អ្នកស្រី ស្រីយ៉ាន ក៏​តែងតែ​ចែករំលែកពី​​គោលបំណង​​ស្វាមីរបស់​អ្នកស្រី​ ​ដែល​ចង់​​ឃើញ​ប្រទេស​​កម្ពុជា​ក្លាយ​ជា​ប្រទេស ​ដែល​គោរព​សិទ្ធិមនុស្ស និង​ធ្វើ​សកម្មភាព​ស្រប​តាម​​របប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ នៅពេលអ្នក​ទាំង​ពីរ​ជួបគ្នា លោក ចន្ធី គឺជាអ្នកនយោបាយបក្ស​ប្រឆាំង ហើយអ្នកស្រី​ជាសមាជិកនៃក្រុមស្ម័គ្រចិត្តដែលជួយល្បាតដែនជម្រកសត្វព្រៃ។

អ្នកស្រី ស្រីយ៉ាន តែងតែស្រលាញ់ការងារសង្គមតាំងពីអ្នកស្រីនៅ​ក្មេង​មកម្ល៉េះ ហើយអ្នក​ស្រី​និយាយថា អ្នក​ស្រី ​និងលោក ចន្ធី មានទំនាក់ទំនងស្នេហាជាមួយគ្នា​ដោយសារតែ​មាន​ទស្សន និង​​ជំនឿ​ដូចគ្នា​។

បើទោះបីជារងសម្ពាធដោយសារការជាប់ពន្ធនាគាររបស់ស្វាមី និងស្ថានភាពហិរញ្ញវត្ថុ​ក៏ដោយ ក៏អ្នកស្រី ស្រីយ៉ាន នៅតែប្ដេជ្ញាចិត្ត​ជួយគាត់បម្រើជាតិ។ អ្នក​ស្រី​​បាន​និយាយ​ថា ​អ្នកស្រី​​គាំទ្រក្រុម​​ស្ត្រី​ថ្ងៃសុក្រ ​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​សមាជិក​បក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​ទាំងអស់​និង​ប្តី​របស់​អ្នកស្រី​។

អ្នកស្រី​ ស្រីយ៉ាន បាន​និយាយថា៖​ «​ប្រសិន​បើ​គាត់​យល់ព្រម​ចូល​រួម​ជាមួយ​ពួកគេ (គណបក្ស​កាន់​អំណាច) ខ្ញុំ​នឹង​លែងលះ​គាត់។ នៅពេលគាត់បាត់បង់សេរីភាព គាត់​សួរខ្ញុំថា តើជំហរ​របស់​ខ្ញុំបែបណា​។ ពេលនោះ ខ្ញុំមានផ្ទៃពោះប្រាំពីរសប្តាហ៍​។​ ខ្ញុំបានប្រាប់គាត់ថា គោល​បំណង​របស់ខ្ញុំ គឺនៅដដែល ខ្ញុំចង់ដើរទៅមុខ ហើយខ្ញុំមិនអនុញ្ញាតឱ្យគាត់ចូលរួម​ជាមួយ​ពួកគេទេ»។

អ្នកស្រី ព្រំ ចន្ថា ភរិយារបស់​លោក កាក់ កុម្ភារ អតីតសមា​ជិកគណបក្សសង្រ្គោះជាតិ ធ្វើម្ហូបឲ្យគ្រួសារនៅក្នុងផ្ទះបាយ ខណៈកូនប្រុស​អ្នកស្រី កាក់​ សុវណ្ណច្ឆ័យ​ កំពុងមើលរឿង​តាមទូរសព្ទដៃ​។ (រូបភាព​៖ រួន រី / HaRDstories)

បើទោះបីជា​ប្តីរបស់​អ្នក​ស្រី​ត្រូវ​ជាប់ពន្ធនាគារ​ ៣ឆ្នាំទៀតក៏ដោយ​ ក៏អ្នកស្រី​ ចន្ថា និយាយថា អ្នកស្រី​​មិនដែលមានអារម្មណ៍ចង់បោះបង់ចោលនោះ​ទេ ព្រោះអ្នក​ស្រី​ទទួលបាន​ចិត្ត​សប្បុរស​ពីមិត្តភ័ក្តិ សកម្មជន​ដូចគ្នា​ និងសូម្បី​អ្នក​មិនដែល​ស្គាល់​គ្នា​ ដែលបានផ្តល់អាហារ ថវិកា និងការលើកទឹកចិត្ត ដើម្បីរក្សា​ការ​ជឿជាក់​របស់អ្នក​ស្រី​។

អ្នកស្រី​ ចន្ថា បាន​និយាយ​​ថា៖ «ពួកគាត់​​មិន​បោះ​បង់​យើងចោល​​ទេ ព្រោះ​អ្វី​ដែល​យើង​កំពុង​​ធ្វើ ​គឺ​ដើម្បី​បុព្វហេតុ​ជាតិ»៕

កែសម្រួលដោយ៖ Danielle Keeton-Olsen

អត្ថបទនេះស្នើសុំឱ្យ ខេមបូចា ចុះផ្សាយ ដោយបកប្រែសម្រួលពីសារព័ត៌មាន HARDSTORIES​ ៖ As Cambodia silences dissent, opposition wives rework their resistance

ព័ត៌មានថ្មី

អត្ថបទពេញនិយម