អាជីវករជាច្រើននៅតាមផ្សាររដ្ឋបានត្អូញត្អែរពីការធ្លាក់ចុះយ៉ាងខ្លាំងក្នុងការរកប្រាក់ចំណូលដោយសារតែបច្ចុប្បន្នតាមផ្សារនានាមិនសូវមានអតិថិជនដើរផ្សារទិញអីវ៉ាន់ឡើយ។
ការលក់ដូរធ្លាក់ចុះរបស់អាជីវករនៅតាមផ្សាររដ្ឋនេះត្រូវបានអាជ្ញាធរផ្សារ អ្នកជំនាញសេដ្ឋកិច្ច និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធលើកឡើងថា បណ្តាលមកពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ ហើយការកើនឡើងនៃការលក់ដូរតាមអនឡាញ និងផ្សារចល័ត រួមទាំងការរីកលូតលាស់នៃផ្សារទំនើបផងដែរ។
អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ក្នុងបរិបទបែបនេះអាជ្ញាធររដ្ឋគួរមានវិធានការជួយសម្រួលដល់ការលក់ដូររបស់អាជីវករតាមរយៈការធ្វើទំនើបកម្មផ្សាររដ្ឋឱ្យមានសោភ័ណភាព, មានអនាម័យ, មានសណ្តាប់ធ្នាប់ល្អរួមទាំងបន្ធូរបន្ថយពន្ធផាស៊ីដើម្បីឱ្យអាជីវករអាចមានលទ្ធភាពបន្តការលក់ដូរតាមបែបប្រពៃណីនេះឱ្យបានយូរអង្វែងតទៅមុខទៀត។
យ៉ាងណាក្តីលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកបង្ហាញឯកសារថា គ្រប់ស្ថាប័នវាយតម្លៃទាំងអស់បានសន្និដ្ឋានថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤នេះគឺអាចនឹងមានកំណើនក្នុងរង្វង់៦ភាគរយដែលទ្រទ្រង់ដោយទី១ ការបន្តរក្សាបាននូវការរីកលូតលាស់នៃវិស័យកមន្តសាលមិនមែនកាត់ដេរ និងវិស័យទេសចរណ៍និងសេវាកម្មផ្សេងៗទៀត។ ទី២ ការបន្តរក្សាបាននូវស្ថិរភាពនៃវិស័យកសិកម្ម និងទី៣ការងើបឡើងវិញនៃវិស័យកាត់ដេរស្របតាមនិន្នាការនៃសេដ្ឋកិច្ចសកល។ ប៉ុន្តែទោះយ៉ាងណាស្ថានភាពសេដ្ឋកិច្ចនៅតែប្រឈមទៅនឹងភាពមិនប្រាកដប្រជាខ្ពស់។
ស្ត្រីអាជីវករលក់សម្លៀកបំពាក់នៅផ្សារច្បារអំពៅឈ្មោះ អ៊ឹង សៀវម៉ី បាននិយាយថា ឥឡូវលក់ដូរមិនសូវដាច់ទេក្នុងផ្សារមានតែអ្នកលក់ប៉ុន្តែមិនសូវមានអ្នកទិញទេ។ ស្ត្រីរូបនេះលើកឡើងថា៖ «ចាប់តាំងពីបើកផ្សារឡើងវិញនៅក្រោយកូវីដ១៩មកការលក់ដូរមិនសូវដាច់ទេ តែមិនដឹងរកអី យើងមានតូបខ្លួនឯងក៏ចេះតែមកលក់ដូរទៅគ្រាន់បានផ្សែផ្សំគ្នាជាមួយប្រាក់ខែប្តីដើម្បីចិញ្ចឹមកូន»។
អ្នកស្រី លី ពិសី និងអ្នកស្រី ម៉ៅ ធីតា ជាអាជីវករលក់ស្បែកជើងនៅផ្សារច្បារអំពៅក៏បានត្អូញត្អែរដូចគ្នាដែរថា ការលក់ដូរកាន់តែពិបាកទៅៗមិនដឹងថា ពេលណាទើបមានមនុស្សដើរផ្សារច្រើនវិញនោះទេ បើម្នាក់ៗឮតែត្អូញពីការបាត់បង់ប្រាក់ចំណូល។
អ្នកស្រី ម៉ៅ ធីតា បានត្អូញត្អែរថា៖ «លក់មិនដាច់ទេបងអើយ គ្មានមនុស្សដើរផ្សារទេចង់ដាច់បាយហើយ។ សព្វថ្ងៃទ្រាំលើសពីទ្រាំមិនដឹងប្រាប់អ្នកណា បើគេដឹងក៏នាំតែគេសើចទេបងអើយ មានតែពាក្យថាខំទ្រាំ»។
ចំណែកស្ត្រីអាជីវករលក់សាច់ជ្រូកនៅផ្សារច្បារអំពៅម្នាក់ទៀតឈ្មោះ ណា ស្រីពេជ្រ ក៏បានត្អូញដែរថា៖ «ឥឡូវ លក់មិនសូវដាច់ទេពីព្រោះមានគេលក់ច្រើន កាលពីមុនក្នុង១ថ្ងៃខ្ញុំលក់អស់ប្រមាណ៣០០គីឡូ តែឥឡូវលក់តែ១០០គីឡូមិនចង់អស់ផង»។
នៅផ្សារច្បារអំពៅឃើញមានតូបជាច្រើនបានបិទទ្វារក្នុងនោះមានតូបមួយចំនួនបានដាក់ស្លាកលក់ ឬជួល។ តាមការសាកសួរអ្នកលក់នៅក្បែរនោះបានអះអាងថា ដោយសារតែការលក់ដូរនៅផ្សារមិនដាច់ម្ចាស់តូបមួយចំនួនទៅបើកលក់នៅផ្ទះ និងមួយចំនួនទៀតទៅប្រកបមុខរបរផ្សេងៗ។
មិនមែនមានតែអាជីវករផ្សារច្បារអំពៅនៅជាយក្រុងភ្នំពេញនោះទេដែលត្អូញត្អែរលក់ដូរមិនដាច់អាជីវករនៅផ្សារធំថ្មី និងផ្សារអូរឫស្សី ដែលស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញក៏ត្អូញត្អែរមិនខុសគ្នាប៉ុន្មានដែរ។
កាលពីរសៀលថ្ងៃពុធទី១២ខែមិថុនា ខេមបូចាបានទៅផ្សារធំថ្មី និងផ្សារអូរឫស្សីដើម្បីសង្កេតមើលទិដ្ឋភាពទូទៅនៅក្នុងផ្សារទាំង២ឃើញថា មានសភាពស្ងប់ស្ងាត់មិនសូវមានអ្នកដើរផ្សារទេ ឃើញតែអ្នកលក់ព្រោងព្រាត។
នៅផ្សារធំថ្មីឃើញមានតូបមួយចំនួនតូចបានបិទទ្វារក្នុងនោះមានតូបខ្លះមានដាក់ស្លាក«លក់ឬជួល»។ ប៉ុន្តែផ្សារអូរឫស្សីដែលជាផ្សារបោះដុំឃើញបើកលក់គ្រប់តូប។
លោក សុង ទ្រី ជាអាជីវករលក់ខោអាវបុរស និងអ្នកស្រីចាន់ ណៃអ៊ាង ជាអាជីវករលក់ខោអាវកូនក្មេងនៅផ្សារធំថ្មី បាននិយាយស្រដៀងគ្នាថា ឥឡូវការលក់ដូរស្ងាត់ខ្លាំងពីព្រោះមិនសូវមានអ្នកដើរផ្សារទេ បើថ្ងៃសៅរ៍ថ្ងៃអាទិត្យមានអ្នកដើរផ្សាររាងច្រើនបន្តិច។
លោក សុង ទ្រី និយាយថា៖ «ឥឡូវថ្ងៃខ្លះលក់បាន៣ម៉ូយ ៥-៦ម៉ូយឬក៏១០ម៉ូយអីទេ ខណៈកាលពីមុនលក់ដាច់រហូត។ តូបខ្ញុំនៅខាងក្រៅចំមុខលក់រាងដាច់ បើតូបលក់ខោអាវបងស្រីខ្ញុំនៅខាងក្នុងផ្សារកាន់តែយ៉ាប់ទៅទៀត។ បងមើលទៅឃើញហើយគ្មានអ្នកដើរផ្សារទេ»។
![](https://b1949157.smushcdn.com/1949157/wp-content/uploads/2024/06/IMG_0471.jpg?lossy=1&strip=0&webp=1)
ចំណែកអ្នកស្រី គាម ហ្គិចអ៊ីម លក់គ្រឿងទេសបោះដុំ និងអ្នកស្រី ផន ធីតា លក់ខោអាវទ្រនាប់បោះដុំនៅផ្សារអូរឫស្សីក៏និយាយស្រដៀងគ្នាដែរថា ឥឡូវការលក់ដូរមិនសូវដាច់ដូចកាលពីមុនព្រឹត្តិការណ៍កូវីដនោះទេ។
អ្នកស្រី ហ្គិចអ៊ីម បញ្ជាក់ថា៖ «កាលពីមុនម៉ូយមកទិញ និងកម្ម៉ង់អីវ៉ាន់ច្រើន តែឥឡូវមិនសូវមកទិញ និងមិនសូវកម្ម៉ង់ទេ កាត់បន្ថយប្រហែលពាក់កណ្តាល»។
បន្ថែមពីនេះលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្លែងថាបច្ចុប្បន្នមិនថា ផ្សាររដ្ឋឬផ្សារឯកជននោះទេគឺស្ងាត់ជ្រងំ។ស្ថានភាពស្ងប់ស្ងាត់នៅតាមទីផ្សារនេះ បណ្តាលមកពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះគ្រប់គ្នា ហើយពលរដ្ឋជាច្រើនជំពាក់បំណុលធនាគារគឺជំពាក់វ័ណ្ឌក និងថែមទាំងជំពាក់បំណុលឯកជនផ្សេងៗទៀត។
លោកថ្លែងថា៖ «អ្នកលក់ខ្លះលក់យូរៗរកតែលុយបង់ថ្លៃតូបគ្មានផងដែលនេះបញ្ជាក់ថា សេដ្ឋកិច្ចយើងកំពុងតែដាំក្បាលចុះខ្លាំងមែនទែន ពលរដ្ឋលំបាកក្នុងការរស់នៅក្នុងការប្រកបមុខរបរអាជីវកម្មប្រចាំថ្ងៃមិនថាអ្នកលក់មិនថាអ្នកធ្វើដំណើរ ឬក៏អ្នករត់រ៉ឺម៉ក អ្នករត់ម៉ូតូឌុប អ្នករត់ឡានតាក់ស៊ីអីទេ គឺដូចៗគ្នាទាំងអស់ប្រាក់ចំណូលធ្លាក់ចុះមែនទែនធ្លាក់ស្ទើតែដល់កម្រិតសូន្យ»។
ជាមួយគ្នានេះលោក គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគសេដ្ឋកិច្ចថ្លែងប្រាប់ ខេមបូចា ថា ចំពោះការថមថយនៃការលក់របស់អាជីវករនៅតាមបណ្តាផ្សារប្រពៃណី(ផ្សាររដ្ឋ)នេះគឺទី១ ដោយសារប្រជាពលរដ្ឋមានការថមថយចំណូល ទី២មានផ្សារអនឡាញកើតឡើងច្រើន និងទី៣មានការរីករាលដាលនៃផ្សារចល័តរួមទាំងផ្សារទំនើបផងដែរ។
ចំពោះការរីរាលដាលនៃផ្សារចល័តធ្វើឱ្យមានការប្រឈមទៅដល់អាជីវករដែលលក់នៅតាមទីតាំងសមស្របដែលមានការបង់ពន្ធជូនរដ្ឋ ខណៈដែលផ្សារចល័តបាននិងកំពុងតែធ្វើឱ្យខូចសណ្តាប់ធ្នាប់ទីក្រុង ដូចជារ៉ឺម៉កធំៗជិះលក់បន្លែត្រីសាច់តាមផ្លូវធ្វើឱ្យមានការកកស្ទះចរាចរណ៍ បាត់បង់សណ្តាប់ធ្នាប់ទីក្រុង។
លោកគី សេរីវឌ្ឍន៍ ថ្លែងថា៖ «អ្នកលក់ដូរចល័តទាំងនោះ មិនបានបង់ពន្ធជូនរដ្ឋ ហើយក៏បានបំផ្លាញនូវផ្សារដែលប្រជាពលរដ្ឋលក់ដូរជួលទីតាំងដែរ ដូច្នេះការងើបឡើងនៃផ្សារប្រភេទនេះជាកក្តាមួយរារាំងក្នុងវិស័យសេដ្ឋកិច្ច បានន័យថា វាធ្វើឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធនៃការលក់រាយនៅក្នុងទីផ្សារ»។
លោក គួច ចំណាន ប្រធានផ្សារច្បារអំពៅបានទទួលស្គាល់ចំពោះការលើកឡើងដែលថា កំណើនផ្សារទំនើប និងការលក់ដូរតាមអនឡាញច្រើនបានរួមចំណែកធ្វើឱ្យប៉ះពាល់ដល់អ្នកលក់ដូរនៅតាមផ្សាររដ្ឋ។
លោកប្រធានផ្សារច្បារអំពៅបានថ្លែងមកកាន់ខេមបូចាកាលពីថ្ងៃទី២០ខែមិថុនាថា៖«ម្យ៉ាងទៀតវាពាក់ព័ន្ធសេដ្ឋកិច្ចពិភពលោកផង សេដ្ឋកិច្ចក្នុងស្រុកមិនសូវសម្បូរបែបផង អនឡាញក៏ច្រើន ទីផ្សារទំនើបក៏ច្រើន ការលក់ដូរតាមរ៉ឺម៉កក៏ច្រើន អ៊ីចឹងធ្វើឱ្យសេដ្ឋកិច្ចវាពិបាក អ៊ីចឹងវាធ្វើឱ្យបងប្អូនយើងអត់សូវចូលផ្សារ។ គ្រប់ផ្សារទាំងអស់មិនថាតែផ្សារច្បារអំពៅទេ វាទូទៅវាស្ងប់ស្ងាត់[អ្នកទិញ]ដូចតែគ្នា»។
លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ខេមបូចាកាលពីថ្ងៃទី២០ខែមិថុនាដោយបានពន្យល់ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជានិងពិភពលោកថា មានកក្តាប្រឈមមួយចំនួនដែលជាកក្តាសត្យានុម័តនៃស្ថានភាពសេដ្ឋកិច្ចក្នុងនោះមានកក្តាភាពតានតឹងនៃភូមិសាស្ត្រនយោបាយនៅលើសកលលោក បញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា បញ្ហានៅអឺរ៉ុប បញ្ហាមាននិន្នាការសង្គ្រាមពាណិជ្ជកម្មដែលបន្តអនុវត្តដោយប្រទេសមហាអំណាចធំៗ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងបើប្រទេសមហាអំណាចធំៗជល់គ្នាវាប្រៀបដូចសុភាសិតខ្មែរយើងពីដើមថាដំរីជល់គ្នាដល់ស្លាប់ស្លាប់ពីណា ? ស្លាប់ស្រមោច។ អ៊ីចឹងនៅក្នុងកក្តាទី១នេះគឺជាកក្តាហានីភ័យថ្វីដ្បិតតែវាធំបើប្រៀបធៀបមកស្ថានភាពទីផ្សារកម្ពុជាយើង តែវាជាកក្តាដែលជះឥទ្ធិពលចំៗ»។
កក្តាតម្លៃទំនិញលើទីផ្សារអន្តរជាតិនៅមិនទាន់ធ្លាក់ចុះនៅឡើយទេទោះបីជាមាននិន្នាការថាចង់បញ្ចុះអត្រាកាប្រាក់យ៉ាងម៉េច ប៉ុន្តែតម្លៃទំនិញវាចុះយឺតវាមិនចុះលឿនទេ។
បន្ថែមពីនេះវត្ថុធាតុដើមឡើងថ្លៃ ទំនិញឡើងថ្លៃនៅលើពិភពលោកវាក៏ជាកក្តាជះឥទ្ធិពលមួយដល់ការកាត់បន្ថយការប្រើប្រាស់នៅលើពិភពលោកផងដែរ។
លោកបន្ថែមថា៖ «អ៊ីចឹងផលិតកម្មមួយចំនួនក៏ត្រូវថយទៅតាមហ្នឹងដែរ ពីព្រោះនៅពេលដែលតម្លៃទំនិញកើនឡើងសេចក្តីត្រូវការក៏វាអាចថយចុះហើយវានឹងទាញជះឥទ្ធិពលទៅដល់ការថយចុះនៃចង្វាក់ផលិតកម្ម។ អ៊ីចឹងកក្តាទំនិញឡើងថ្លៃនៅលើឆាកអន្តរជាតិគេហៅថា អតិផរណានៅមិនទាន់គ្រប់គ្រងបាន១០០ភាគរយដូចកាលពីមុនកូវីដនោះទេ»។
បច្ចុប្បន្នកំណើនសេដ្ឋកិច្ចសកល គឺនៅទាបនៅឡើយខណៈពិភពលោកមានការបែកខ្ញែកជាប៉ូលៗ ប៉ូលសេដ្ឋកិច្ចផង ប៉ូលនយោបាយផង ដែលប៉ូលទាំងនេះវាមិនមែនជាការជួយគ្នាទេ តែវាជាការប្រជែងគ្នា ជាការទប់ទល់គ្នាទៅវិញទៅមកធ្វើឱ្យសេដ្ឋកិច្ចវាអត់រីកចម្រើនរួមគ្នាទេ តែវាជាការប៉ែងជើងគ្នាទៅវិញ ខណៈពិភពលោកទាំងមូលនៅតែបន្តឥទ្ធិពលពីកូវីដមកដែលនៅមិនទាន់អាចដោះស្រាយបញ្ហាសេដ្ឋកិច្ចបាន១០០ភាគរយនៅឡើយ។
លោក សុខសេនសាន បន្តថា៖ «កក្តាទាំងអស់នេះហើយដែលវាជាកក្តាខាងក្រៅដែលកម្ពុជាយើងជាប្រទេសមួយអាស្រ័យទៅនឹងសេដ្ឋកិច្ចសកលដែរពីព្រោះទីផ្សារធំរបស់យើងគឺនៅសកលលោកហើយកាលណាវាប៉ះទង្គិចកក្តាទាំងអស់ហ្នុងវានឹងជះឥទ្ធិពលមកដល់កក្តាសេដ្ឋកិច្ចនៅខាងក្នុងទាំងទីផ្សារទាំងចង្វាក់ផលិតកម្ម ទាំងការនាំចេញអីទាំងអស់គឺវាប៉ះទង្គិចជារួមតែម្តង»។
លោកឱ្យដឹងទៀតថា ជាស្ថានភាពជាក់ស្តែងវិស័យលក់ដុំលក់រាយគឺនៅទ្រឹងអត់ឃើញមានងើបឡើងទេបើធៀបនឹងឆ្នាំទៅ ហើយឆ្នាំទៅវាជះឥទ្ធិពលពីឆ្នាំមុនៗឆ្នាំ២០២២ឆ្នាំ២០២១មានការប៉ះទង្គិចខ្លាំងហើយ ហើយបើប្រៀបធៀបពីឆ្នាំមុនៗរហូតមកដល់ពេលនេះអត់ទាន់មានងើបឡើងវិញទេ។ «អ៊ីចឹងនេះ ដែលអាជីវករនៅមិនទាន់មានអារម្មរណ៍មកដូចដើមវិញហើយនេះជាបញ្ហាធំពីព្រោះស្ថានភាពគឺវាបែបហ្នឹង»។កក្តាផ្សេងទៀតដែលជាបញ្ហាប្រឈមគឺវិស័យសំណង់និងអចលនទ្រព្យគឺមិនទាន់ងើបឡើងវិញនៅឡើយទេ។
![](https://b1949157.smushcdn.com/1949157/wp-content/uploads/2024/06/IMG_0461.jpg?lossy=1&strip=0&webp=1)
ភាពខុសគ្នារវាងផ្សាររដ្ឋនិងផ្សារទំនើប
អ្នកស្រីពេជ្រ សោភា មានលំនៅដ្ឋាននៅខាងមុខវត្តវាលស្បូវ ខណ្ឌច្បារអំពៅបានប្រាប់ខេមបូចា នៅពេលកំពុងជញ្ជូនអីវ៉ាន់ចេញពីផ្សារទំនើបនៅតាមបណ្តោយផ្លូវជាតិលេខ១ នៅជិតបុរីប៉េងហួតបឹងស្នោកាលពីល្ងាចថ្ងៃទី១៥ខែមិថុនាថា កាលពីមុននៅរៀងរាល់ថ្ងៃចុងសប្តាហ៍អ្នកស្រីតែងតែទៅទិញអីវ៉ាន់និងគ្រឿងហូបចុកផ្សេងៗនៅផ្សារច្បារអំពៅ។
ប៉ុន្តែប្រហែលជាជាង១ឆ្នាំមកនេះ អ្នកស្រីមិនសូវបានទៅផ្សារច្បារអំពៅដូចកាលពីមុនទៀតទេ ដោយសារនៅតាមបណ្តោយផ្លូវជាតិលេខ១មានផ្សារទំនើបច្រើន។អ្នកស្រីសោភានិយាយថា៖ «ចូលផ្សារទំនើបយើងស្រួលទិញអីវ៉ាន់ជាងដោយសារតែផ្សារទំនើបគ្រប់មុខទំនិញគេសុទ្ធតែមានដាក់តម្លៃ ចំណែកនៅផ្សាររដ្ឋតម្លៃនៅលើមាត់អ្នកលក់ពេលខ្លះអ្នកលក់ លក់កោរយើង»។
ចំណែកនារីវ័យក្មេងម្នាក់រស់នៅក្នុងសង្កាត់និរោធ ឈ្មោះ ព្រំ វណ្ណី ក៏បានលើកឡើងពីភាពងាយស្រួលក្នុងការចូលទិញអីវ៉ាន់នៅផ្សារទំនើបផងដែរថា ក្នុងផ្សារទំនើបមានម៉ាស៊ីនត្រជាក់ មុខទំនិញត្រូវបានរៀបចំយ៉ាងមានរបៀបទៅតាមលំដាប់លំដោយងាយស្រួលដើរទិញ។
វណ្ណី និយាយថា៖ «ផ្សារទំនើបវាខុសពីផ្សាររដ្ឋ ផ្សាររដ្ឋក្តៅ បរិស្ថានអត់ស្អាត ផ្លូវដើរចង្អៀតអីវ៉ាន់ត្រូវបានដាក់លក់ច្របូកច្របល់គ្មានដាក់តម្លៃ។ ពេលខ្លះអ្នកលក់សម្តីអាក្រក់ជេរយើងអ្នកទិញក៏មាន។ ដូចទិញសម្លៀកបំពាក់នៅផ្សាររដ្ឋគេកាត់ថ្លៃខ្ពស់ តែនៅផ្សារទំនើបគេដាក់តម្លៃលក់តែម្តង វាស្រួល»។
យុវជន២នាក់ម្នាក់ឈ្មោះ សំ សម្រេច និងម្នាក់ទៀតឈ្មោះ អួន ម៉ានុ ដែលកំពុងដើររកទិញស្បែកជើងនៅផ្សារទំនើបអ៊ីអន១ កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤បាននិយាយដូចគ្នាថា ផ្សារទំនើបក្រៅពីមានទីធ្លាធំទូលាយមានភាពងាយស្រួលក្នុងការដើរទិញទំនិញដែលគេចុះថ្លៃ វាក៏ជាទីកន្លែងសម្រាប់ដើរលម្ហែផងដែរពីព្រោះវាមានម៉ាស៊ីនត្រជាក់ បរិយាកាសទូទៅមានផាសុកភាពល្អ។
សម្រេចនិយាយថា៖ «លោកពូមើលទៅ ស្បែកជើង កាបូប ខោអាវ និងទំនិញផ្សេងៗទៀតសុទ្ធតែមានដាក់តម្លៃ ហើយមានអាលក់ចុះថ្លៃ២០ភាគរយ ឬ៣០ភាគរយទៀតដែលធ្វើឱ្យយើងស្រួលទិញទៅតាមទឹកលុយដែលយើងមាន»។
ផ្សារចល័តផ្សារតាមអនឡាញ និងផ្សារទំនើបធ្វើឱ្យប៉ះពាល់ដល់ផ្សាររដ្ឋ
លោកគី សេរីវឌ្ឍន៍ បានថ្លែងថា ការលក់ដូរចល័តតាមរ៉ឺម៉កដែលជាទម្រង់អាជីវកម្មថ្មីតាមបែបប្រទេសវៀតណាម ក្រៅពីធ្វើឱ្យប៉ះពាល់ដល់អាជីវករដែលលក់ដូរនៅតាមផ្សារ វាក៏បានបង្កឱ្យមានភាពរញ៉េរញ៉ៃនិងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់នៅតាមផ្លូវផងដែរ។
ចំណែកផ្សារអនឡាញដែលជាគំរូអាជីវកម្មថ្មីដែលប្រទេសណាក៏ដូចជាប្រទេសណាដែរគឺកំពុងតែកើតមានច្រើនបាននិងកំពុងធ្វើឱ្យទីផ្សារបុរាណឬក៏ផ្សារប្រពៃណីដែលលក់មានទីតាំងតែគ្មានម៉ាស៊ីនត្រជាក់នឹងត្រូវបាត់បង់បន្តិចម្តងៗនៅពេលដែលសេដ្ឋកិច្ចមានការរីកចម្រើន។ ដូចគ្នានេះដែរបច្ចុប្បន្ននេះវិស័យឌីជីថលនិងផ្សារទំនើបក៏បានរួមចំណែកនៅក្នុងការធ្វើឱ្យថមថយនូវការលក់បែបប្រពៃណីនៅតាមផ្សាររដ្ឋផងដែរ។
អាជ្ញាធរត្រូវបន្តធ្វើទំនើបកម្មផ្សាររដ្ឋដើម្បីឱ្យផ្សាររដ្ឋមាននិរន្តរភាព
ដើម្បីលើកកម្ពស់ឱ្យផ្សារប្រពៃណី(ផ្សាររដ្ឋ)ឱ្យនៅមាននីរន្តរភាពអ្នកវិភាគសេដ្ឋកិច្ចលោកគី សិរីវឌ្ឍន៍លើកឡើងថាទី១ គឺអាជ្ញាធរត្រូវមានការរៀបចំទីតាំងផ្សារឱ្យបានសមស្របទាំងការលក់ដូរ ទាំងអនាម័យទាំងទីកន្លែងទាំងចំណតសម្រាប់ម៉ូតូនិងរថយន្តជាដើមពីព្រោះថា ផ្សារប្រពៃណីនេះប្រឈមនឹងការលំបាកលើចំណត។
ទី២ ទីកន្លែងលក់ដូររបស់អាជីវករមានភាពចង្អៀតថែមទាំងក្តៅរញ៉េរញ៉ៃ អ្នកលក់ដាក់អីវ៉ាន់លក់ហៀរមកមុខដណ្តើមប្រជែងគ្នាធ្វើឱ្យបិទជិតផ្លូវអតិថិជនដើរឆ្លងកាត់ហើយពេលខ្លះកើតមានរឿងឈ្លោះប្រកែកគ្នាក៏មាន ដែលចំណុចអវិជ្ជមានទាំងនេះត្រូវធ្វើការកែប្រែ។
លោកគី សេរីវឌ្ឍន៍បញ្ជាក់ថា៖ «ដូច្នេះត្រូវតែកាត់បន្ថយទាំងអស់នេះហើយបន្ធូរបន្ថយពន្ធផាស៊ីសម្រាប់ពួកគាត់(អាជីវករ)ដើម្បីឱ្យពួកគាត់ហ្នឹងអាចមានលទ្ធភាពបន្តការលក់ដូរហ្នឹងបានពីព្រោះវាជាផ្សារនៃសង្គមប្រពៃណីមួយដែលមិនអាចកាត់ចោលបានទេ ហើយអ្នកនយោបាយទាំងអស់ត្រូវតែថែរក្សានូវក្រុមប្រភេទការលក់ដូរនេះ»។
ចំពោះការវិនិយោគផ្សាររដ្ឋមួយចំនួន គឺបានសាងសង់រួចហើយក៏ប៉ុន្តែអ្នកលក់មួយចំនួនមិនបានលក់នៅក្នុងផ្សារទេបែជាទៅលក់នៅលើផ្លូវខាងក្រៅផ្សារ។
អ្នកសេដ្ឋកិច្ចរូបនេះបន្តថា៖ «កន្លែងនេះក៏យើងមើលឃើញដែរថា ផ្សារបែបប្រពៃណីភាគច្រើនគឺជាផ្សារដែលមានការពិបាកនៅក្នុងការគ្រប់គ្រងឬក៏អាជ្ញាធរគ្មានសមត្ថភាពនៅក្នុងការគ្រប់គ្រងផ្សារដែលធ្វើឱ្យអាជីវករគាត់លក់ហៀរចេញទៅក្រៅធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់»។
លោកថ្លែងថា ដើម្បីជំរុញឱ្យផ្សាររដ្ឋមានសកម្មភាពប្រសើរឡើងវិញអាជ្ញាធរផ្សារទាំងអស់ត្រូវតែរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរដើម្បីងាយស្រួលនៅក្នុងការលក់ដូរ ហើយអ្នកលក់លែងប្រជែងគ្នានៅក្នុងការដណ្តើមម៉ូយ មានទីតាំងចំណតសម្រាប់រថយន្តនិងម៉ូតូ ហើយចំណតទៀតសោតត្រូវតែជាចំណតដែលបង់ប្រាក់តិចតួច។
បច្ចុប្បន្នផ្សារទំនើបត្រូវបានបង្កើតឡើងនៅស្ទើរគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ដោយផ្សារទំនើបទាំងនោះមានផាសុកភាព មានអនាម័យ មានម៉ាស៊ីនត្រជាក់ថែមទាំងមានមុខទំនិញដ៏សម្បូរបែប ហើយគ្រប់មុខទំនិញសុទ្ធតែត្រូវបានដាក់តម្លៃដោយមិនពិបាកតថ្លៃដូចនៅតាមផ្សាររដ្ឋឡើយ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញមិនបានឆ្លើយតបទៅនឹងសំណើរសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះទាំងតាមទូរសព្ទនិងទាំងតាមបណ្តាញតេឡេក្រាមនោះទេ។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ននៅភ្នំពេញមានផ្សាររដ្ឋទាំងអស់ចំនួន២៥។
![](https://b1949157.smushcdn.com/1949157/wp-content/uploads/2024/06/IMG_0467.jpg?lossy=1&strip=0&webp=1)
ក្តីរំពឹង និងផែនការសកម្មភាពរបស់កម្ពុជាក្នុងការស្តារសេដ្ឋកិច្ច
លោក មាស សុខសេនសានបានថ្លែងថា ទន្ទឹមនឹងការកំពុងជួបបញ្ហាប្រឈមមួយចំនួនស្ថានភាពសេដ្ឋកិច្ចកម្ពុជាក៏មានកក្តាអំណោយផលដែរពីការបែងចែកប៉ូលសេដ្ឋកិច្ចនិងការបែងចែកប៉ូលនយោបាយរបស់ពិភពលោក ។
ការប្តូរពីសកលភាវូបនីយកម្មមកតំបន់ភាវូបនីយកម្មនេះ គឺវាបានផ្តល់ឱកាសសម្រាប់កម្ពុជាពីការផ្គត់ផ្គង់ទីផ្សារអន្តរជាតិមកផ្គត់ផ្គង់ទីផ្សារតំបន់វិញ មានន័យថា កម្ពុជាត្រូវពង្រឹងសមត្ថភាពនៃការផលិតដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់។
បន្ថែមពីនេះកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបើកចំហទីផ្សារធំក្នុងតំបន់ជាមួយចិនជាមួយកូរ៉េខាងត្បូងនិងមានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ Regional Comprehensive Economic Partnership (RCEP)។ «អ៊ីចឹងបានកំណើនពាណិជ្ជកម្មកម្ពុជាមានការហក់ឡើងជាបណ្តើរៗ ក្នុងនោះការនាំចេញក៏ចាប់ផ្តើមកើនឡើងជាបណ្តើរៗ»។
ក្រៅពីនេះតម្លៃពលកម្មកម្ពុជាទាបដែលអនុញ្ញាតឱ្យកម្ពុជាមានភាពប្រកួតប្រជែងបូករួមនឹងការកែទម្រង់ វាជាកាលានុវត្តភាពដែលអំណោយផល។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា អ៊ីចឹងសួរថាតើរដ្ឋាភិបាលធ្វើអី? រដ្ឋាភិបាលនឹងបន្តរៀបចំគោលនយោបាយនិងយុទ្ធសាស្ត្រនានាដើម្បីឆ្លើយតបឱ្យទាន់នៅក្នុងពេលដែលសភាពការផ្លាស់ប្តូរនេះ។
លោកបញ្ជាក់ទៀតថា៖ «ហើយវិធីសាស្ត្រគឺត្រូវពង្រឹងខ្លួនយើង ក្នុងនោះការពង្រឹងធនធានមនុស្សបង្កើនជំនាញហើយដែលរដ្ឋាភិបាលកំពុងបង្កើនការយកចិត្តទុកដាក់លើការបង្កើនជំនាញនេះដែលមានគោលដៅបណ្តុះបណ្តាលដល់យុវជន១លានកន្លះនាក់ដែលសុទ្ធតែជាគោលដៅឆ្លើយតបជាក់ស្តែងដែលយើងកំពុងធ្វើ»។
ក្រៅពីនេះការធ្វើប្រព្រឹត្តិកម្មសេដ្ឋកិច្ចដោយកម្ពុជាមិនអាស្រ័យតែទៅលើការកាត់ដេរតែមួយទៀតទេគឺកម្ពុជារំពឹងទៅលើវិស័យមិនមែនកាត់ដេរកមន្តសាលដែលវាកំពុងមានការហក់ឡើងដូចជាសំបកកង់រថយន្ត,វ៉ាលី,គ្រឿងបង្គុំរថយន្តអីជាដើមដែលជាការប្រព្រឹត្តិកម្មសេដ្ឋកិច្ច និងត្រូវពង្រឹងលើវិស័យឯកជនដោយសព្វថ្ងៃនេះមានការយកចិត្តទុកដាក់តាមរយៈការសម្រាលនូវបន្ទុកនានាដោយបន្ធូបន្ថយពន្ធដើម្បីលើកទឹកចិត្តធ្វើឱ្យពួកគាត់មានភាពប្រកួតប្រជែងជាដើម។
ក្រៅពីនេះលោក សុខសេនសាន លើកឡើងថា គឺត្រូវពង្រឹងលើផ្នែកសេដ្ឋកិច្ចទីផ្សារដែលនេះជាវិធីសាស្ត្រដែលកម្ពុជាបានធ្វើ ប៉ុន្តែសួរថា ទាំងអស់នេះវាបានជះឥទ្ធិពលមកលើអ្នកលក់ដុំលក់រាយយ៉ាងម៉េច?«ជះឥទ្ធិពលនិយាយទៅដូចឆ្ងាយ ប៉ុន្តែអ្វីដែលអាចផ្សារភ្ជាប់គ្នាបានគឺថា ប្រសិនបើសេដ្ឋកិច្ចខាងក្រៅប្រសើរទីផ្សាររបស់កម្ពុជាយើងសម្រាប់នាំចេញល្អប្រសើរវានឹងជួយឱ្យការផលិតទាំងឡាយក្នុងស្រុកហ្នឹងអាចនាំចេញបានច្រើនហើយចំណូលប្រជាពលដ្ឋក៏បានច្រើន នៅពេលដែលចំណូលរបស់ប្រជាពលរដ្ឋបានច្រើនគាត់នឹងបង្កើនការទិញ»។
សម្រាប់ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងថា ការដែលសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកយ៉ាងខ្លាំងក្នុងការរកប្រាក់ចំណូលនេះ ក៏បណ្តាលមកពីអាជ្ញាធររដ្ឋខ្វះយន្តការដែលមានប្រសិទ្ធភាពក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិជាពិសេសសេដ្ឋកិច្ចពលរដ្ឋ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការប្រកបមុខរបរផ្សេងៗទៀតផងដែរ។ លោក វន់ ពៅ បន្ថែមថា៖ «កក្តាមួយទៀតមកពីបច្ចុប្បន្នកម្ពុជាអត់មានអ្នកវិនិយោគទុនមកពីអឺរ៉ុបមកពីអាមេរិកអីទេ មានតែអ្នកវិនិយោគជាជនជាតិចិន។ ជនជាតិចិនកាលណាមក គឺចាយត្បិតត្បៀតមិនទូលាយដូចជនជាតិអឺរ៉ុប និងអាមេរិកទេ»៕