សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

តួនាទីរបស់អាជីវករលក់ផលិតផលថែរក្សាស្បែក និងកែសម្ផស្សតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា

ស្ត្រីម្នាក់មើលផលិតផលតុបតែងខ្លួនតាមស្មាតហ្វូនរបស់នាង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
ស្ត្រីម្នាក់មើលផលិតផលតុបតែងខ្លួនតាមស្មាតហ្វូនរបស់នាង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អាជីវកម្មលក់ផលិតផល​ថែរក្សា​និងកែ​សម្ផស្ស​តាមប្រពន្ធ័អ៊ីនធឺណិតនៅកម្ពុជាមាន​ការ​រីក​ចម្រើន​គួរឱ្យ​កត់​សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកត្តាមួយចំនួនដូចជាការកើន​ប្រជាប្រិយភាពនៃការទិញទំនិញតាមប្រពន្ធ័អ៊ីនធឺណិត និងការទិញផលិតផល​ថែរក្សា​សម្ផស្ស​របស់កូរ៉េ។

ការលក់ផលិតផលទាំងនេះតាមអ៊ីនធឺណិតបានកើនឡើងជិតបួនដងនៅចន្លោះឆ្នាំ ២០១៥ និង២០២២ ដោយមានការព្យាករណ៍ថានឹងលក់បាន១៥០ពាន់លានដុល្លារនៅឆ្នាំ២០២៧ នេះ​បើ​យោងតាមរបាយការណ៍របស់ McKinsey ។

ទីផ្សារនេះរួមបញ្ចូលទាំងគ្រឿងសំអាង និងផលិតផលថែរក្សាស្បែក ទឹកអប់ ក៏ដូចជា​ឧបករណ៍​ថែរក្សា និងកែសម្រស់ ដូចជាអេប៉ុង ឬជក់ជាដើម។ អ្នកលក់ផលិតផល​ថែរក្សា​សម្ផស្សទាំងនេះ  ដែលភាគច្រើនជាស្ត្រី អាចមានសមត្ថភាពលក់ជូនអតិថិជន នូវផលិតផល​ថែរក្សា​និងកែ​សម្ផស្សដែលមានជម្រើសដ៏ច្រើន និងក្នុងតម្លៃសមរម្យ បន្ថែមជាមួយនឹងភាព​ងាយ​ស្រួលនៃការដឹកជញ្ជូនដល់ផ្ទះផងដែរ។

នៅក្នុងអាជីវកម្មលក់ផលិតផល​ថែរក្សា​និងកែ​សម្ផស្ស​តាមប្រពន្ធ័អ៊ីនធឺណិតនៅកម្ពុជានេះដែរ អាជីវករទាំងអស់នោះ តែងតែបានធ្លាក់ខ្លួនទៅជាអ្នក​បញ្ជ្រាប និង​អ្នកអនុវត្តស្តង់ដារសម្រស់​ដែលមិនមានផាសុខភាព។

ក្តីស្រមៃផ្ទាល់ខ្លួនក្នុងការប្រឡូកចូលក្នុងទីផ្សារនេះ គួបផ្សំនឹងសម្ពាធសង្គមក្នុងការធ្វើខ្លួន​ទៅ​តាម​ស្តង់ដារសម្រស់ដែលមិនមានផាសុខភាពទាំងនោះ បានពង្រាងជម្រើសរបស់អាជីវករ​លក់ផលិតផល​ថែរក្សា​ និងកែ​សម្ផស្ស​តាមប្រពន្ធ័អ៊ីនធឺណិតឲ្យបន្តអនុវត្តស្តង់ដារ​សម្រស់​ទាំង​នោះទៀត។ តួនាទីទាំងពីរនេះមិនត្រឹមតែជះឥទ្ធិពលលើការយល់ឃើញលើស្តង់ដារសម្រស់ និងជំនឿទុកចិត្តលើខ្លួនឯងរបស់អតិថិជនរបស់អាជីវករទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​អាច​ប៉ះពាល់​ដល់សុខុមាលភាពរបស់ខ្លួនឯងផងដែរ។

ផលប៉ះពាល់លើអ្នកទិញទំនិញតាមប្រពន្ធ័អ៊ីនធឺណិត

មនុស្សស្រីត្រូវបានគេប្រាប់ថា ស្តង់ដារសម្រស់ណាដែលល្អសម្រាប់ខ្លួន ដែលវិវឌ្ឍន៍ទៅតាម​ពេល​វេលា និងខុសគ្នាទៅតាមវប្បធម៌ តាំងពីវ័យក្មេង ដោយកំណត់ការយល់ឃើញ​របស់​ពួកគេ​អំពីអត្ថន័យនៃការទាក់ទាញខាងរាងកាយ។ ស្តង់ដារសម្រស់ទាំងនេះ​ដើរតួក្នុងការដាក់​សម្ពាធខ្លាំងលើមនុស្សស្រីឲ្យតុបតែងខ្លួនទៅតាមស្តង់ដារសម្រស់ទាំងនោះ។

សម្រាប់ប្រទេសកម្ពុជាវិញ ស្តង់ដារសម្រស់រួមបញ្ជូលលក្ខណៈសម្បត្តិដូចជា ស្បែកសទន់ រាងកាយស្លីម ដើមទ្រូងពេញ ច្រមុះស្រួច ទម្រង់មុខរាងពងក្រពើ ឬរាងអក្សរ V ត្របកភ្នែក​ពីរ​ជាន់ ធ្មេញស និងសក់វែង រលោង ត្រង់។ ជារឿយៗ អាជីវកម្មថែរក្សា ​និងកែ​សម្ផស្ស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅកម្ពុជា ដែលដំណើរការដោយអ្នកលក់ជាស្ត្រីទាំងនេះ បានឆ្លុះបញ្ចាំង​ពីស្តង់ដារសម្រស់ទាំងនេះ។

ឧទាហរណ៍ អ្នកលក់ផលិតផលធ្វើឱ្យស្បែកស ជាញឹកញាប់ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍​នៃ​ផលិតផលរបស់ពួកគេ ដូចជាការធ្វើឱ្យស្បែកភ្លឺថ្លា មានសំណើម ទន់ និងភ្លឺរលោង ខណៈ​ពេល​​ដែលធានានូវសុវត្ថិភាពខ្ពស់បំផុត ឬលទ្ធផលឆាប់រហ័ស និងមានរូបមន្ត​ពិតប្រាកដ​មក​ពីប្រទេសកូរ៉េ ឬ ជប៉ុន។ បន្ថែមពីនោះទៀត ពួកគេក៏ធ្វើការបង្ហាញជាក់ស្តែងនៃការ​ផ្លាស់​ប្តូរ​ពី​ស្បែកខ្មៅទៅស ឬរាងកាយស្លីមបន្ទាប់ពីបានប្រើប្រាស់ផលិតផលទាំងនោះ។     

ទីផ្សារពិភពលោករបស់ផលិតផលធ្វើឱ្យស្បែកសនៅឆ្នាំ២០២០ មានតម្លៃប្រមាណ៨ពាន់​លាន​ដុល្លារ ដោយទីផ្សារអាស៊ីប៉ាស៊ីហ្វិករកមានតម្លៃពាក់កណ្តាល​នៃប្រាក់ចំណូល​ពី​ផលិតផល​ធ្វើ​ឱ្យ​ស្បែកសក្នុងឆ្នាំ២០១៨។ ប្រជាជនកម្ពុជាមួយ​ចំនួនធំ ដែលភាគច្រើនជាមនុស្សស្រីបាន​ជ្រើស​រើសផលិតផលធ្វើឱ្យស្បែកស ដើម្បីបំពេញតាមស្តង់ដារសម្រស់នៅកម្ពុជា ព្រោះថា​ស្បែក​ស ត្រូវបានផ្តល់សិទ្ធិ និងឋានៈសង្គមជាច្រើនដូចជា អំណាច ទ្រព្យសម្បត្តិ និងកេរ្តិ៍​ឈ្មោះ​ល្អ។

ក្នុងបទសម្ភាសន៍ជាមួយ VOA  ប៊ុន សុខដានី អាយុ២៧ឆ្នាំ រស់នៅទីក្រុងភ្នំពេញ បានសម្តែង​ការមិន​សប្បាយចិត្តចំពោះស្បែកខ្មៅរបស់ខ្លួនថា៖ «ពីមុនស្បែកខ្ញុំមិនស្អាតទេ ដូច្នេះខ្ញុំមិន​សប្បាយ​ចិត្តនឹងវាទេ»។ ការមិនពេញចិត្តនេះកើតចេញពីការយល់ឃើញដែលថា បុគ្គល​ដែល​មានស្បែកខ្មៅ គឺជាអ្នកធ្វើការនៅក្រោមពន្លឺថ្ងៃ ដូចជាការធ្វើកសិកម្ម ឬការងារដែលសង្គម​មិន​សូវឲ្យតម្លៃ។ «ពាក្យខ្មែរថា ស្រែ ឬកូនអ្នកស្រែ គឺជាពាក្យជេរប្រមាថមួយ ដែលត្រូវបាន​គេ​ផ្សាភ្ជាប់​ទៅនឹងភាពក្រីក្រ ស្បែកខ្មៅ និងការធ្វើការនៅខាងក្រៅក្រោមពន្លឺថ្ងៃ»។

ដូច្នេះ តាមរយៈការលក់ និងផ្សព្វផ្សាយផលិតផលសម្រស់ទាំងនេះតាមប្រព័ន្ធអ៊ីនធឺណិត ដែល​​ស្របទៅតាម ស្តង់ដារសម្រស់ទាំងនោះ អាជីវករលក់ផលិតផល​ថែរក្សា​ និងកែ​សម្ផស្ស​តាមប្រព័ន្ធអ៊ីនធឺណិតបាន កំពុងបន្តរក្សាស្តង់ដារសម្រស់ និងវណ្ណៈនិយមរបស់សង្គមដែល​វា​បានជះឥទ្ធិពលមិនល្អដល់ស្ត្រីដែលប្រាថ្នាចង់បានសម្រស់ដូចគ្នានេះដែរ។              

ការលក់ស្តង់ដារសម្រស់ដែលមិនអាចសម្រេចបាន

នៅពេលដែលសហគ្រិនទាំងនេះ បន្តរក្សាស្តង់ដារសម្រស់ តាមរយៈការលក់ និងផ្សព្វផ្សាយ​ផលិតផល​សម្រស់ទាំងនេះតាមប្រព័ន្ធអ៊ីនធឺណិត ពួកគេផ្ទាល់ក៏បាន ស្រូបយកស្តង់ដារ​សម្រស់​ទាំងនេះមកអនុវត្តលើខ្លួនឯងផងដែរ។

ស្ត្រី​ម្នាក់​មើលផលិតផលតុបតែងខ្លួនតាម​ស្មា​ត​ហ្វូ​ន​របស់​នាង ​នៅ​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អាជីវករលក់ផលិតផល​ថែរក្សា​ និងកែ​សម្ផស្ស​តាមប្រព័ន្ធអ៊ីនធឺណិតត្រូវបានជះឥទ្ធិពល​ដោយ​​ពី​សម្ពាធសង្គម និងការបង្ហាញពីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលសង្កត់ធ្ងន់លើនិយមន័យ​តូចចង្អៀតនៃស្តង់ដារសម្រស់។ ឥទ្ធិពលនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈផលិតផលថែរក្សា​សម្រស់​ដែលអាជីវករបានជ្រើសរើសមកដាក់លក់ ដែលរួមបញ្ចូល ចាប់ពីផលិតផលធ្វើឱ្យ​ស្បែកស ដល់ថ្នាក់ផឹកថ្នាំសម្រាប់សម្រកទម្ងន់ ដែលស្របតាមស្តង់ដារសម្រស់ ដែលកំពុង​ពេញនិយម​នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយពួកគេនៅតែរក្សាស្តង់ដារសម្រស់ ដែលវា​បាន​ជះឥទ្ធិពលមិនល្អដល់មនុស្សស្រីដូចគ្នា។

កញ្ញា អ៊ី រីយ៉ា មកពីខេត្តកំពង់ស្ពឺ ដែលបើកអាជីវកម្មលក់ក្រែមច្រើនពណ៌ សេរ៉ូម ចាក់ និង​ថ្នាំ​សម្រករាងតាមហ្វេសប៊ុក បានប្រាប់ VOD ថា ខ្លួនគាត់ផ្ទាល់បាន​ប្រើក្រែម​ខាត់ស្បែក​អស់​រយៈ​ពេល៣ខែ ហើយបានឃើញសក្តានុពលអាជីវកម្មលក់គ្រឿងសម្អាងនេះ។ ជា​លទ្ធផល កញ្ញា​បានបើកអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដោយលក់ផលិតផលថែរក្សាសម្រស់ជាច្រើនមុខ ដែលមានប្រភពពីអ្នកលក់ម្នាក់ទៀត។

កញ្ញាបានប្រាប់VODនៅឆ្នាំ2022ថា៖«ខ្ញុំពន្យល់អតិថិជនពីរបៀបប្រើប្រាស់ផលិតផល ថាបន្ទាប់ពីពួកគេងូតទឹក ពួកគេគួរតែ​ប្រើ​ឡេនេះ។ វា​នឹង​ជួយ​ជម្រុះ​កោសិកា​ចាស់​ចេញ​សម្រាប់ឲ្យសម្រាប់​កោសិកា​ថ្មីដុះ។ បន្ទាប់​មក​ស្បែកនឹងប្រែមកសវិញ»។

ករណី រីយ៉ា ជាឧទាហរណ៍មួយដែលបង្ហាញថា អាជីវករលក់ផលិតផល​ថែរក្សា ​និងកែ​សម្ផស្ស​​​បានដើរតួរជាអ្នកប្រើប្រាស់ និងអ្នកបញ្ជ្រាបស្តង់ដារសម្រស់​ដែលមិនមាន​ផាសុខភាព​មួយចំនួន ដូចជាការធ្វើឱ្យស្បែកស។ បន្ថែមពីនេះទៀត ក្នុង​នាម​ជា​អ្នក​បញ្ចៀប និង​អ្នកអនុវត្ត អាជីវករ​ទាំង​នេះ​ក៏ទទួល​រងនូវផល​ប៉ះពាល់​នៃ​ស្តង់ដារ​សម្រស់​ដែល​ពួក​គេ​កំពុង​បន្ត​បញ្ជ្រាប​ផង​ដែរ។

សម្ពាធក្នុងការ អនុវត្តតាមស្តង់ដារទាំងនេះអាចប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្ត និង​ផ្លូវ​កាយ​របស់អ្នកលក់ខ្លួនឯងផ្ទាល់ ដោយសារពួកគេខិតខំថែរក្សាសម្រស់​របស់ពួកគេ​ទៅ​តាម​ការរំពឹងទុកដែលដាក់មកលើពួកគេ ទាំងអតិថិជនរបស់ពួកគេ និងវិស័យឧស្សាហកម្ម​ថែរក្សា​សម្រស់ទាំងមូល។

យោងតាមរបាយការណ៍របស់សភាចក្រភពអង់គ្លេសស្តីពីផលប៉ះពាល់នៃស្តង់ដារសម្រស់លើសុខភាពផ្លូវចិត្ត និងរាងកាយ គេសង្កេតឃើញថា ច្រើនប្រហែល៨០% នៃអ្នកចូលរួម​ក្នុងការ​សិក្សា​នោះ បានសម្តែងការយល់ព្រម ទាក់ទងនឹងផលប៉ះពាល់ជា​អវិជ្ជមាននៃស្តង់ដារ​សម្រស់​​ទៅលើសុខភាពផ្លូវចិត្តរបស់ពួកគេ។ លើសពីនេះទៀត ប្រហែល៦១%បាន​ទទួល​ស្គាល់​ផលប៉ះពាល់អវិជ្ជមាននៃស្តង់ដារសម្រស់ទៅលើសុខភាពរាងកាយរបស់ពួកគេ។

វាក៏ស្រដៀងគ្នាដែរក្នុង​ចំណោម​ស្ត្រី​ខ្មែរ។ រស់ សុជាតា បុគ្គលិក​ហាង​សម្លៀក​បំពាក់​នារី​មួយ​រូប​ បាន​រៀបរាប់​ពី​អារម្មណ៍​អវិជ្ជមាន​ចំពោះ​ខ្លួន​ថា៖ «ពេល​ខ្លះ​ខ្ញុំ​អាណិត​ខ្លួន​ឯង​ព្រោះ​ខ្ញុំ​មិន​បាន​​កើត​មក​មាន​ច្រមុះ​ស្រួច ឬ​ស្បែក​ស។ មិត្តភ័ក្តិរបស់ខ្ញុំតែងតែលេងសើច និងចំអក​ឱ្យ​ខ្ញុំ​អំពី​ច្រមុះធំរបស់ខ្ញុំ ធ្វើឱ្យខ្ញុំមានអារម្មណ៍ខ្មាស់អៀន និងគិតចង់ធ្វើការវះកាត់កែសម្ផស្ស»។

ដូច្នេះ សម្ពាធដើម្បីអនុវត្តទៅតាមស្តង់ដារសម្រស់ទាំងនេះអាចបណ្តាលឱ្យមានភាពតានតឹង ការថប់អារម្មណ៍ និងការមិនពេញចិត្តចំពោះរូបរាងរបស់ពួកគេ។ អ្នកលក់ផលិតផល​ថែរក្សា​សម្រស់​​តាមប្រព័ន្ធអ៊ីនធឺណិត បានក្លាយជាអ្នកចូលរួមដោយមិនដឹងខ្លួន​នៅក្នុងការ​ដែល​មិន​ត្រឹមតែប៉ះពាល់ដល់អតិថិជនរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់​សុខភាព​ផ្លូវចិត្ត និងផ្លូវកាយរបស់ខ្លួនឯងទៀតផង។

សេចក្តីសន្និដ្ឋាន

ការដើរតួជាអ្នក​បញ្ជ្រាប និង​អ្នកអនុវត្តស្តង់ដារសម្រស់ បានជំរុញស្រ្តីជាអ្នកលក់ផលិតផល​ថែរក្សាសម្រស់ទៅក្នុងស្ថានភាពស្មុគស្មាញមួយ ដែលពួកគេបានរួម​ចំណែក​ដោយអចេតនា​ក្នុងការបន្តរក្សានិងអនុវត្តស្តង់ដារសម្រស់ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាព​របស់ពួកគេ និងអតិថិជនរបស់ពួកគេ។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ វាមានសារៈសំខាន់ណាស់សម្រាប់សង្គម​កម្ពុជាក្នុងការទទួល​យក និងអបអរសាទរ ស្តង់ដារសម្រស់ដែលមានភាពចម្រុះ ប្រឆាំងនឹងស្តង់ដារសម្រស់ដែល​មិន​មាន​ផាសុខភាព និងបង្កើនការយល់ដឹង និងការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត ដើម្បីលើក​កម្ពស់​បរិយាកាស​ដែលមានផាសុខភាពល្អ និងមានភាពចម្រុះនៅក្នុងប្រទេសកម្ពុជា។

អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមកម្ពុជាគួរតែចូលរួមក្នុងការផ្សព្វផ្សាយ និងលើក​ទឹក​ចិត្ត​ឱ្យ​មានការសន្ទនាដោយបើកចំហអំពីការស្រលាញ់ខ្លួនឯង ភាពវិជ្ជមានរបស់រាងកាយ និងសុខភាពផ្លូវចិត្ត។ ពួកគេគួរតែចូលរួមក្នុងការជួយអភិវឌ្ឍបណ្តាញ​ដែលអាចបម្រើ​ជាកន្លែងសុវត្ថិភាពសម្រាប់បុគ្គលម្នាក់ៗក្នុងការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមរបស់បុគ្គលម្នាក់ៗ។

ប្រជាជនកម្ពុជាគួរតែគិតឱ្យបានហ្មត់ចត់ និងច្បាស់លាស់អំពីអ្វីដែលយើងរំពឹងពីឧស្សាហកម្ម​ថែរក្សា​ និងកែ​សម្ផស្ស​តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ទាំងសុវត្ថិភាព និងការផ្ញើសារ។ ជំហាន​​ដ៏សំខាន់មួយគឺដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍន៍ និងការអនុវត្តគោលការណ៍​ណែនាំ​ស្តីពីទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) សម្រាប់អាជីវកម្មអ៊ីនធឺណែត ជាពិសេស​នៅ​ក្នុង​ឧស្សាហកម្មសម្រស់ និងសំលៀកបំពាក់។

សហគ្រិននៅក្នុងវិស័យនេះ គួរតែត្រូវបានលើកទឹកចិត្តឱ្យដើរតួនាទីយ៉ាងសកម្មក្នុង​ការលើក​កម្ពស់​ភាពចម្រុះនៃរូបរាងនិងសម្រស់ ផ្សេងៗតាមរយៈការផ្សាយពាណិជ្ជកម្ម ប្រកបដោយការ​ទទួលខុសត្រូវ។

ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាគួរគាំទ្រគំនិតផ្តួចផ្តើមដែលលើកកម្ពស់ភាពចម្រុះប្រឆាំង​នឹង​ស្តង់ដារសម្រស់ដែលអាចបង្កគ្រោះថ្នាក់ និងផ្តល់អាទិភាពដល់សុខភាពផ្លូវចិត្ត។ រដ្ឋាភិបាលគួរធ្វើការលើកទឹកចិត្តសម្រាប់អាជីវកម្មដែលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើត​បរិយាកាសដែលមានចម្រុះ និងមានផាសុខភាពផ្លូវចិត្តល្អ តាមរយៈការលើកលែងពន្ធ ឬភាពជាដៃគូជាមួយភ្នាក់ងាររដ្ឋាភិបាល។

អ្នកប្រើប្រាស់កម្ពុជាក៏មានតួនាទីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកលក់នឹងត្រូវឆ្លើយ​តបទៅ​នឹងទីផ្សាររបស់អ្នកទិញ ហើយយើងជាអ្នកប្រើប្រាស់និងជាវ មានសិទ្ធិក្នុងការ​គាំទ្រ​សាជីវកម្មទាំងអស់នោះ។ យើងជាអ្នកប្រើប្រាស់គួរតែគាំទ្រអាជីវកម្ម​លក់ផលលិតផល​ថែរក្សា​សម្រស់តាមប្រព័ន្ធអ៊ីនធឺណិត ដែលសារទាំងនោះមានភាពវិជ្ជមាន និងប្រឆាំង​នឹង​ការប្រើប្រាស់​សារដែលបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

នៅពេលដែល ឧស្សាហកម្ម​ថែរក្សា​និងកែ​សម្ផស្ស​តាមប្រពន្ធ័អ៊ីនធឺណិតនៅកម្ពុជា​មាន​ការរីក​ចម្រើន ប្រទេសកម្ពុជាគួរតែបោះជំហានយ៉ាងសំខាន់​ឆ្ពោះទៅរកការជំរុញឲ្យមាន​បរិយាកាស​តាម​ប្រពន្ធ័អនឡាញដែលមានផាសុខភាពល្អ និងមានភាពចម្រុះ និងផ្តល់​អាទិភាពដល់​ការ​យល់​ដឹង និងការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម