នៅក្នុងយុគសម័យបច្ចុប្បន្ន បញ្ញាសិប្បនិម្មិត ឬ AI បានដើរតួនាទីជាកត្តាលីករក្នុងការរុញច្រានការអភិវឌ្ឍក្នុងវិស័យជាច្រើន រាប់ចាប់ពីការអប់រំ រហូតដល់ឧស្សាហកម្មកម្សាន្ត។ យើងរំភើបនឹងសមត្ថភាព AI អាចសរសេរអត្ថបទ បង្កើតរូបភាព និងសូម្បីតែត្រាប់សំឡេងមនុស្សបានយ៉ាងងាយស្រួល។ ទោះជាយ៉ាងណាស្របពេលដែលបច្ចេកវិទ្យានេះកំពុងវាយលុកចូលក្នុងបណ្តាញសង្គមរៀងរាល់ថ្ងៃ ស្រមោលអាប់អួមួយបានលេចឡើង ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អត្តសញ្ញាណភាសា ភាពត្រឹមត្រូវនៃអក្ខរាវិរុទ្ធ និងច្បាប់កម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា។
ប្រសិនបើយើងបើកបណ្តាញសង្គមពេញនិយមដូចជា TikTok, Facebook ឬ YouTube នាពេលថ្មីៗនេះ យើងពិតជាបានឃើញការរីករាលដាល «បទចម្រៀង AI» (AI Cover Songs) និង «វីដេអូនិទានរឿងដោយសំឡេង AI»។ ជាងនេះទៅទៀតអ្វីដែលជាបញ្ហាប្រឈមធំ និងគួរឱ្យព្រួយបារម្ភបំផុតនោះគឺ AI កំពុងច្រៀងខុសអក្ខរាវិរុទ្ធ កែកាឡៃស្នាដៃដើម និងអានអក្សរខ្មែរខុសស្រឡះ។
គ្រោះថ្នាក់នៃការបង្ខូចទ្រង់ទ្រាយ «សំនៀង និងអក្ខរាវិរុទ្ធខ្មែរ»
យើងដឹងហើយថាភាសាខ្មែរជាភាសាដែលមានភាពស្មុគស្មាញដោយមាន ព្យញ្ជនៈ ស្រៈពេញតួ ស្រៈនិស្ស័យ និងជើងច្បាស់លាស់។ នៅពេលដែលអ្នកប្រើបា្រស់បណ្តាញសង្គម យកប្រព័ន្ធ AI ដែលខ្វះការបណ្តុះបណ្តាលលើទិន្នន័យភាសាខ្មែរ ឱ្យមកច្រៀង ឬអានអត្ថបទ ម៉ាស៊ីនទាំងនោះតែងបញ្ចេញសំឡេងខុស សំឡេងដកឃ្លា អានពាក្យគន្លឹះខុសន័យ និងច្រៀងខុសអក្ខរាវិរុទ្ធ ។
ចូរស្រមៃមើលថា តើវានឹងមានផលប៉ះពាល់កម្រិតណាទៅលើក្មេងៗជំនាន់ក្រោយដែលរៀនសូត្រតាមរយៈការស្តាប់ និងទស្សនាវីដេអូទាំងនោះជាប្រចាំនៅពេលដែលប្រព័ន្ធឌីជីថលដែលពួកគេគិតថា «ឆ្លាតវៃ»តែបែរជាបញ្ចេញសំនៀងខុស និងសរសេរអក្ខរាវិរុទ្ធខុស។ អ្នកជំនាន់ក្រោយនឹងទទួលយកកំហុសទាំងនោះថាជាការត្រឹមត្រូវ ដែលជាមូលហេតុធ្វើឱ្យតម្លៃនៃអក្សរសាស្ត្រជាតិធ្លាក់ចុះជាលំដាប់។
ការកែកាឡៃ និងការរំលោភបំពាន «កម្មសិទ្ធិបញ្ញា»
បញ្ហានេះមិនទាន់បញ្ចប់ត្រឹមភាសានោះទេ ភាពងាយស្រួលនៃបច្ចេកវិទ្យានៃចម្រៀង AI បានក្លាយជាអាវុធមុខពីរដែលកំពុងចាក់ដោតបេះដូងសិល្បករ និងម្ចាស់ស្នាដៃដើម (Original Creators)។ សព្វថ្ងៃនេះនរណាក៏អាចទាញយកសំឡេងរបស់តារាចម្រៀងល្បីៗ ទៅឱ្យ AI ច្រៀងឡើងវិញក្នុងបទចម្រៀងថ្មីៗ ឬបទចម្រៀងរបស់អ្នកដទៃ ដោយគ្មានការអនុញ្ញាត គ្មានការផ្តល់តម្លៃ និងគ្មានការបង់ថ្លៃកម្មសិទ្ធិរបស់អ្នកនិពន្ធឡើយ។ នេះគឺជាការរំលោភលើសិទ្ធិគ្រប់គ្រងលើអត្តសញ្ញាណ និងសំឡេងផ្ទាល់ខ្លួន និងច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនៅប្រទេសកម្ពុជា។
ការបណ្តោយឱ្យ AI យកស្នាដៃចាស់ៗមកកែកាឡៃ បំប្លែងសំឡេងដោយសេរីគឺមិនខុសពីការលួចកម្លាំងញើសឈាម បទពិសោធន៍ និងកេរ្តិ៍ឈ្មោះដែលសិល្បករបានកសាងរាប់សិបឆ្នាំនោះទេ។ ប្រសិនបើនរណាក៏អាចប្រើ AI បង្កើតចម្រៀងពិរោះៗ ដោយប្រើសំឡេងអ្នកដទៃបានដែរ នោះឧស្សាហកម្មតន្ត្រី និងការបង្កើតស្នាដៃលំដាប់ Original នៅក្នុងប្រទេសកម្ពុជានឹងត្រូវស្លាប់ ព្រោះអ្នកបង្កើតស្នាដៃពិតប្រាកដនឹងលែងមានទឹកចិត្ត និងលែងទទួលបានប្រភពចំណូល ដើម្បីចិញ្ចឹមអាជីពតទៅទៀត។
នៅក្នុងឆាកអន្តរជាតិអ្នកនិពន្ធល្បីៗដូចជាលោក Paul Tremblay និងក្រុមហ៊ុនព័ត៌មានធំដូចជា The New York Times បានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន AI ផ្ទាល់ពីបទបំពានច្បាប់រក្សាសិទ្ធិ (Copyright Law)។ ប៉ុន្តែក្នុងបរិបទប្រទេសកម្ពុជា ការដោះស្រាយបញ្ហានេះនៅមានភាពស្មុគស្មាញខ្លាំង ដោយសារច្បាប់កម្មសិទ្ធិបញ្ញាឌីជីថលនៅមានទន់ខ្សោយក្នុងការអនុវត្តហើយម្ចាស់ស្នាដៃភាគច្រើននៅមិនទាន់ដឹងថាស្នាដៃរបស់ខ្លួនត្រូវបានAI លួចចម្លងនោះទេ។
តើកម្ពុជាគួរឆ្លើយតបបែបណា?
យើងមិនអាចបដិសេធ ឬបិទខ្ទប់បច្ចេកវិទ្យា AI មិនឱ្យដើរទៅមុខបានឡើយ ប៉ុន្តែយើងមានសិទ្ធិ និងកាតព្វកិច្ចក្នុងការ «គ្រប់គ្រង» វា។ ដូច្នេះដើម្បីដោះស្រាយនូវវិបត្តិនេះ ដំណោះស្រាយបន្ទាន់ចំនួន៣ គួរតែអនុវត្ត៖
១. ការអភិវឌ្ឍទិន្នន័យ AI ខ្មែរ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ថាប័នអប់រំ និងអ្នកបច្ចេកវិទ្យាឌីជីថល ត្រូវតែសហការគ្នាបង្កើតប្រព័ន្ធទិន្នន័យភាសាខ្មែរផ្លូវការមួយ ដែលមានអក្ខរាវិរុទ្ធ និងសំនៀងត្រឹមត្រូវតាមស្តង់ដារវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីឱ្យរាល់ការយក AI មកអាន ឬច្រៀងមានភាពត្រឹមត្រូវខ្ពស់។
២. ការពង្រឹងច្បាប់កម្មសិទ្ធិបញ្ញាឌីជីថល៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាំបាច់ធ្វើបច្ចុប្បន្នភាពច្បាប់សិទ្ធិអ្នកនិពន្ធ ដោយបន្ថែមមាត្រាជាក់លាក់ជុំវិញ «ការការពារសំឡេងរបស់បុគ្គលពីការលួចចម្លងដោយ AI»។ រាល់ការផ្សព្វផ្សាយបទចម្រៀង AI Cover ដែលគ្មានការអនុញ្ញាត គឺត្រូវតែមានវិធានការ ការព្រមាន ការផាកពិន័យ ឬការបិទជាដើម។
៣. ការបង្កើតការយល់ដឹងជាសាធារណៈ៖ អ្នកលេងបណ្តាញសង្គម និងយុវជនត្រូវតែដឹងពីក្រមសីលធម៌នៃការប្រើប្រាស់ AI ដោយការចូលរួមស្តាប់ ជម្រុញ និងចែករំលែកបទចម្រៀងដែលរំលោភសិទ្ធិ និងខុសអក្ខរាវិរុទ្ធ គឺជាការរួមចំណែកបំផ្លាញវប្បធម៌ជាតិដោយមិនដឹងខ្លួន។
AI គឺវាគ្រាន់តែឆ្លុះបញ្ចាំងពីទិន្នន័យដែលមនុស្សបានផ្តល់ឱ្យប៉ុណ្ណោះ បើវាច្រៀងខុស អានខុស និងលួចស្នាដៃគេ នោះគឺដោយសារតែយើងដែលជាអ្នកប្រើប្រាស់បណ្តោយឱ្យវាកើតឡើងដោយគ្មានសណ្តាប់ធ្នាប់។ ភាសាគឺជាស្នូលនៃអត្តសញ្ញាណជាតិ ជាបេតិកភណ្ឌដ៏មានតម្លៃ ដែលរស់នៅក្នុងអក្ខរាវិរុទ្ធ ក្នុងបទចម្រៀង និងក្នុងស្នាដៃនិពន្ធ។
ដូចនេះ វាដល់ពេលហើយដែលស្ថាប័នពាក់ព័ន្ធ សិល្បករ និងអ្នកបច្ចេកវិទ្យា ត្រូវរួមដៃគ្នាកំណត់ព្រំដែនក្រមសីលធម៌ និងច្បាប់ឱ្យបានច្បាស់លាស់ដើម្បីគ្រប់គ្រងវាប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ជារួមយើងត្រូវធានាថា AI គឺជាឧបករណ៍ជួយសម្រួល និងលើកកម្ពស់វប្បធម៌ខ្មែរ វាមិនមែនជាឧបករណ៍កែកាឡៃ និងបំផ្លាញអត្តសញ្ញាណជាតិ និងកម្មសិទ្ធិបញ្ញានោះឡើយ។
កត់ចំណាំ៖ អត្ថបទទស្សនៈខាងលើនេះរៀបរៀង និងសរសេរដោយក្រុមនិសិត្សរួមមាន៖ ១.លោក ឆាំ ង៉ែត ២.លោក ប៉ែន ឬទ្ធី ៣.កញ្ញា អ៊ុង ធារ៉ា ៤.កញ្ញា ហៀក ម្លិះផល ដែលកំពុងរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងអប់រំ នៃវិទ្យាស្ថានសង្គមសាស្រ្ត និងបច្ចេកវិទ្យា សហការជាមួយ WESTLINE Education Group។










