សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើសកម្មជនមាតាធម្មជាតិ ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ

សកម្មជនមាតាធម្មជាតិ និងសកម្មជនបរិស្ថានផ្សេងទៀតមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ប្រឆាំងរដ្ឋាភិបាល និងប្រមាថអង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
សកម្មជនមាតាធម្មជាតិ និងសកម្មជនបរិស្ថានផ្សេងទៀតមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ប្រឆាំងរដ្ឋាភិបាល និងប្រមាថអង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​សកម្មជន​បរិស្ថាន​ចំនួន​១០​នាក់ រួម​ទាំង​សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ជនជាតិ​អេស្បាញ ​លោក Alejandro Gonzalez-Davidson ដែល​ត្រូវ​បាន​ចោទ​​ប្រកាន់​​ពី​បទ​រួម​គំនិត​ក្បត់ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល និង​ប្រមាថអង្គ​ព្រះមហាក្សត្រ​។ 

ការចោទប្រកាន់នេះផ្តើម​ចេញពីកិច្ចប្រជុំតាមអន​ឡាញ​​ Zoom កាលពីខែឧសភា ឆ្នាំ២០២១ ទី​ដែលគេ​យក​ឃ្លីបវីដេអូមួយមក​បង្ហោះនៅលើ​គណនីហ្វេសប៊ុកមួយ​ឈ្មោះ​ថា «កម្ចាត់​ជន​ក្បត់​» ជាភាសាខ្មែរ ដែលយក​មក​ធ្វើ​ជាភស្តុតាងចោទ​ប្រកាន់​​សកម្មជនទាំង​នោះ​ថា មាន​ផែនការ​​ផ្តួលរំលំរដ្ឋាភិបាល។ 

ខ្សែអាត់​វីដេអូដែលថតចេញពីកិច្ចប្រជុំអនឡាញ​ Zoom បាន​បង្ហាញមុខ​អ្នក​ចូល​រួម​​ដែលតាម​ចោទថា បានប្រើ «ពាក្យសម្តីមិន​គប្បី» មកលើលោក ហ៊ុន សែន ​អតីតនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ នរោត្តម សីហមុនី។ 

លោក Gonzalez-Davidson និងជនជាប់​ចោទ​ឈ្មោះ​ យឹម លាងហ៊ី និង ស៊ុន រដ្ឋា ត្រូវបាន​ចោទ​ប្រកាន់ពីបទប្រមាថអង្គព្រះមហាក្សត្រ និងរួម​គំនិត​ក្បត់​ប្រឆាំងនឹងរដ្ឋាភិបាល។ លី ចាន់​ដារ៉ា​វុទ្ធ,​ ថុន រដ្ឋា, ឡុង គន្ធា, ភួន កែវរស្មី, ពេញ ពិសិដ្ឋ, វៃ រក្សា​ និង ពក​ ខើយ​​ ត្រូវបានចោទប្រកាន់ពីបទរួម​គំនិត​ក្បត់​។ 

អំឡុង​​សវនាការ​កាលពី​ថ្ងៃ​ពុធ មាន​ជនជាប់ចោទ​តែ​ប្រាំ​នាក់​ប៉ុណ្ណោះ​ដែល​បាន​បង្ហាញមុខ​នៅ​ក្នុង​តុលាការ​​គឺ លាង​ហ៊ី ចាន់​ដារ៉ា​​វុ​ទ្ធ​ រដ្ឋា គន្ធា និង ​កែវរស្មី ។ ពួក​គេ​​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ស ដើម្បី​បង្ហាញ​ថា​ ពួក​គេ​កំពុង​«កាន់​ទុក្ខ​ចំពោះ​សោ​កនាដកម្ម​ប្រព័ន្ធ​យុត្តិធម៌»​នៅ​កម្ពុជា​ 

ជនជាប់ចោទជនជាតិ​ខ្មែរ​ទាំង​នេះ​ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះ​អា​សន្ន​ ខណៈ​ជនជាតិអេស្ប៉ាញ Gonzalez-Davidson ត្រូវបាននិរទេស និងហាមឃាត់​មិនឱ្យ​ចូល​ប្រទេសកម្ពុជា។ អំឡុងពេលសវនាការរយៈពេលពីរម៉ោងកន្លះ លោក លាងហ៊ី បានបដិសេធថា មិន​បាន​ប្រមាថ​ព្រះមហាក្សត្រទេ​ នៅពេលដែលលោក​ព្រះរាជអាជ្ញារង សេង ហៀ​ង សាកសួរលោក​អំពីការប្រើប្រាស់ភាសាអសុរោះ​ក្នុងកិច្ចប្រជុំអន​ឡាញ​ Zoom ។ 

លោក​ក៏​បាន​ទទូច​​ឲ្យ​តុលាការ​កុំ​ប្រើ​ប្រាស់​រូប​លោក ​ដើម្បី​បន្ទោស​អ្នក​ផ្សេង ដែល​សំដៅ​ទៅ​លើលោក​ Gonzalez-Davidson។ 

លោក លាងហ៊ី ​ក៏​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរផ្សេង​ទៀត​​ជុំវិញ​​សកម្មភាព​របស់​ចលនាមាតា​ធម្មជាតិ​​ និង​ប្រភព​​មូលនិធិ​របស់​អង្គការ​នេះ​​ដែរ។ 

លោក លាង ហ៊ី បានថ្លែង​នៅ​ក្នុង​តុលាការថា៖ «តើ​ខ្ញុំបាន​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​​អ្វី​ ដើម្បី​ប្រ​មាថ​ព្រះមហាក្សត្រ​? ខ្ញុំគោរពព្រះមហាក្សត្រ» ដោយបន្ថែមថា៖ «ខ្ញុំមិនដែលញុះ​ញង់»ប្រជាពលរដ្ឋ​ឱ្យស្អប់រដ្ឋាភិបាលនោះទេ។ 

បន្ទាប់មក ព្រះរាជអាជ្ញារង សេង ហៀង បានអានចម្លើយ​ពីមុនរបស់លោក​ លាងហ៊ី ដែល​ឆ្លើយ​នៅចំពោះមុខចៅក្រមស៊ើបសួរ ពេល​​ដែលលោក​បានចោទប្រ​កាន់​ថា លោក Gonzalez-Davidson បាន «ប្រើពាក្យសម្តី​​មិនគប្បីចំពោះ​ព្រះមហាក្សត្រ» ​

បើតាមលោកព្រះរាជអាជ្ញារង លោក លាងហ៊ី ត្រូវបានចោទ​បាថា៖ «ខ្ញុំមិនគាំ​ទ្រ [ពាក្យសម្តី​មិន​​គប្បី] ទេ ព្រោះព្រះមហាក្សត្រ គឺ​ជាជនរងគ្រោះ។ សូម​កុំ​យក​​គាត់ [​ព្រអង្គ​] មក​ពាក់ព័ន្ធ​» 

លោក លាងហ៊ី និយាយ​ថា៖ «គ្រាន់តែនិយាយ​​ថា ​ព្រះមហាក្សត្រ​គឺ​ជា​ជនរងគ្រោះ តើ​វា​ជា​ការ​ប្រមាថ​ឬ? ខ្ញុំ​មិន​​ឆ្លើយ​នឹង​ការ​ចោទ​ប្រកាន់​នេះ​ទេ»

 លោក​បាននិយាយថា៖ «ខ្ញុំធ្វើការជាមួយអង្គការមាតាធម្មជាតិ​ជាអ្នកស្ម័គ្រចិត្ត​ដោយទទួល​បាន​ប្រាក់​ឧបត្ថម្ភ៥០០ដុល្លារ» 

លោក​ក៏​បាន​ប្រាប់​តុលាការ​ថា លោក​បាន​ចូលរួម​ជាមួយ​អង្គការមាតាធម្មជាតិ​ប្រ​ហែល​ពីរ​ខែ​មុន​ការ​ចាប់​ខ្លួន​ ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថានស្រប​​តាម​មាត្រា៣៥ នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ដែល​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​​ជីវិត​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌របស់​ប្រទេស​ជាតិ។ 

សកម្មជនមាតា​ធម្មជាតិ​ចាក​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពីចូល​រួម​សវនា​ការ​ថ្ងៃ​ដំបូង​នៅ​​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អ្នក​គាំទ្រ​ប្រមាណ​២០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ ដើម្បី​គាំទ្រ​សកម្មជន​បរិស្ថាន ដោយ​លើកបដា​សរសេរ​ថា៖ «ការងារ​ការពារ​បរិស្ថាន​មិន​ខុស​ច្បាប់ទេ​»និង «យើង​គាំទ្រ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ» 

សឿន ស្រីម៉ៃ និស្សិតទស្សនវិជ្ជានៅសកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញដែល​ស្ថិត​នៅក្នុង​តុលាការ​​បាននិយាយថា នាងមកទីនេះ ដើម្បីបង្ហាញការគាំទ្ររបស់នាងចំពោះសកម្មជន​ដែល​ខិតខំការពារបរិស្ថាន។​

សឿន ស្រីម៉ៃ បាន​និយាយថា៖ «សឿន ស្រីម៉ៃ បាននិយាយថា នៅក្នុងកិច្ចការពារបរិស្ថាន​នេះ គឺគាត់មានការលះបង់ច្រើន មិនថាអាយុជីវិត មែនទែនទៅគឺមានការ​ប្រឈមច្រើន​ពី​អាជ្ញាធរ​គម្រាមកំហែង ហាមឃាត់ ការធ្វើដំណើរចុះទៅតំបន់ដែលរងផលប៉ះពាល់ផ្ទាល់»។​ 

ស្រីម៉ៃ បាន​បន្ថែម​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការពារ​បរិស្ថាន​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត និង​កិច្ច​​សហការ​ជាមួយ​អាជ្ញាធរ។

ស្រីម៉ៃ សង្ឃឹមថា តុលាការនឹងទម្លាក់ចោលបទចោទមកលើសកម្មជនអង្គការមាតាធម្មជាតិ ដោយពិចារណាលើការខិតខំប្រឹងប្រែងកន្លងមករបស់ពួកគាត់។

នាងនិយាយថា៖ «ការងារ​ដែលយើងការពារបរិស្ថាន វាមិនមែនជាការដែលធ្វើរឿងខុសច្បាប់ទេ តែវាជា​ចំណែក​មួយ​ក្នុងការជួយឱ្យសង្គមកាន់តែមានភាពរីកចម្រើន»

លោក សាន ម៉ាឡា ប្រធាន​កម្មវិធីបណ្តាញ​ និ​ងតស៊ូមតិនៃអង្គការ​ភាពជា​ដៃគូដើម្បីបរិស្ថាន និងកាអភិវឌ្ឍ ដែលបានតាមដានសវនាការនេះ បានអំពាវនាវឱ្យតុលាការ​ទម្លាក់ចោល​រាល់​ការ​ចោទប្រកាន់ទាំង​អស់​លើសកម្មជន ដែលបានលះ​បង់​កម្លាំងកាយ ដើម្បីការពារបរិស្ថាន និងផលប្រយោជន៍សាធារណៈ។ 

លោក​បាន​និយាយ​ថា៖ «យើង​ឃើញ​ថា តុលាការ​តែង​តែ​កាត់​ទោស និង​ចាប់​​​សកម្មជន​បរិស្ថាន​ដាក់​ពន្ធនាគារ​» ចាប់តាំងពីឆ្នាំ២០១៥មក សកម្មជនបរិស្ថានចំនួន១១នាក់មកពីចលនាមាតាធម្មជាតិ​ត្រូវ​បាន​ចាប់ដាក់ពន្ធនាគារ។ 

លោក សាន់ ម៉ាឡា បានថ្លែង​ថា៖ «រដ្ឋយើងគួរតែលើកទឹកចិត្តទៅដល់ជនទាំទ្បាយណា ដែល​បានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត​ការពារបរិស្ថាន។ ហើយគួរតែបង្កលក្ខណៈ​អំណោយ​ផល មិនគួរចាត់ទុកអ្នកការពារបរិស្ថានជាខ្មាំងសត្រូវ ឬក៏ជាអ្នកប្រឆាំងនោះ​នឹក​ការអភិវឌ្ឍទេ» 

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃអង្គការ ​លីកាដូ មាន​ថ្លែងថា យុវជន​ដែល​បាន​ចូល​រួម​ការពារ​ធនធាន​ធម្មជាតិ ដូចជា​ព្រៃឈើ បញ្ហា​បរិស្ថាន គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត ជា​ជាង​ការ​ចាប់​ខ្លួន។​​

លោកមានប្រសាសន៍ថា៖ «យើង​ឃើញ​មាន​ការ​រិះ​គន់​ជា​ច្រើន​ចំពោះ​ការ​ឃុំ​ខ្លួន​ និង​ការ​ចោទ​ប្រកាន់​ពួក​គាត់​​កន្លង​មក។ វា [ផ្ញើ] ជា​សារដល់យុវជនផ្សេងទៀតដែលនឹង​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុងការចូលរួមការការពារបរិស្ថាន ប្រសិនបើយុវជនទាំងនោះ [ជនជាប់ចោទ] ត្រូវ​បាន​កាត់​ទោស ឬឃុំខ្លួន» ​

កាល​ពី​ខែឧសភា ឆ្នាំ២០២១ លោក Gonzalez-Davidson និងសកម្មជនបរិស្ថាន៤​នាក់ទៀត​ ត្រូវបានរកឃើញពិរុទ្ធភាព​ពីបទញុះញង់ ហើយត្រូវបានផ្តន្ទា​ទោសឱ្យ​ជាប់ពន្ធនាគាររយៈ​ពេល​២០​ខែពីបទ​គ្រោង​ដើរក្បួន​តវ៉ា​តែម្នាក់ ដើម្បីលើកកម្ពស់​ការយល់ដឹង​អំពីផលប៉ះពាល់​នៃការចាក់ដីលុប​បឹងក្នុងរដ្ឋធានីភ្នំពេញ។ 

ចលនាមាតាធម្មជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ហើយបានតស៊ូយ៉ាងជាប់លាប់​ជាមួយ​មន្ត្រី និងអ្នកជំនួញដែលមាន​ខ្នង​ក្រាស ដែលតាម​ចោទថា មានការ​ជាប់​ពាក់​ព័ន្ធ​នឹងល្មើស​បរិស្ថាន និងការប្រព្រឹត្ត​មិនត្រឹមត្រូវ។ នេះ​រួម​បញ្ចូល​ទាំង​​ការ​លាតត្រដាងអំពី​​ខ្សាច់​ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​ ដែលត្រូវ​គេ​​លួច​បូម​​ពី​​​ផ្លូវ​ទឹក​កម្ពុជា ហើយ​លក់​នៅ​ប្រទេស​សិង្ហបុរី។ 

អង្គការ​មាតា​ធម្មជាតិ​កម្ពុជា ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​លុប​ឈ្មោះ​កាល​ពី​ឆ្នាំ ២០​១៧ ប៉ុន្តែ​នៅ​តែ​​សកម្ម​ក្នុង​ប្រទេស​កម្ពុជា។ 

តុលាការ​នឹងបន្ត​សវនាការ​​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា៕ 

អ្នកគាំទ្រមួយក្រុមប្រមូលផ្តុំគ្នានៅមុខសាលាដំបូង​រាជធានី​​ភ្នំពេញ អំឡុងពេល​​សវនាការលើសំណុំ​រឿង​របស់​សកម្មជនមាតាធម្មជាតិ​នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Court Hears Mother Nature Activists’ Case on Plotting, Insulting the King

691 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម