សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនមាតាធម្មជាតិត្រូវបានរកឃើញពិរុទ្ធភាព និងជាប់ពន្ធនាគារដោយសាររៀបចំផែនការដើរក្បួនស្ត្រីតែម្នាក់

សកម្មជនមាតាធម្មជាតិ ភួន កែវរស្មី និង ឡុង គន្ធា ដើរចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីប្រកាសសាលក្រម ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
សកម្មជនមាតាធម្មជាតិ ភួន កែវរស្មី និង ឡុង គន្ធា ដើរចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីប្រកាសសាលក្រម ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

នៅថ្ងៃពុធនេះ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសសកម្មជនបរិស្ថាន៥នាក់ឱ្យជាប់ពន្ធនាគាររហូតដល់២០ខែ ពីបទញុះញង់ ជុំវិញគម្រោងដើរក្បួនម្នាក់ឯងដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការចាក់ដីលុបបឹងសម្រាប់គម្រោងអភិវឌ្ឍនៅរាជធានីភ្នំពេញ។

មេធាវីការពារក្តី លោក សំ ចំរើន បានមានប្រសាសន៍ថា លោក Alex Gonzalez-Davidson សហស្ថាបនិកអង្គការមាតាធម្មជាតិនិងសកម្មជន ថុន រដ្ឋា ត្រូវបានផ្តន្ទាទោសឱ្យជាប់ ពន្ធនាគាររយៈពេល២០ខែចំពោះតួនាទីរបស់ពួកគេក្នុងយុទ្ធនាការនេះ ខណៈកញ្ញា ឡុង គន្ធា  ភួន កែវរស្មី និង ជា គន្ធិន ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល១៨ ខែ ជាអ្វីដែលអង្គការសិទ្ធិមនុស្សមួយហៅថា «ជាការបន្តសងសឹករបស់រដ្ឋាភិបាលប្រឆាំងនឹង»ក្រុមនេះ។

លោក សំ ចំរើន បានមានប្រសាសន៍ថា៖ «យើងខកចិត្តហើយយើងមិនអាចទទួលយកសេចក្តីសម្រេចនេះបានទេ»។ លោកបានបន្ថែមថា គ្មានភស្តុតាងគ្រប់គ្រាន់ ដើម្បីគាំទ្រសាលក្រមនេះទេ ហើយថា លោកនឹងពិភាក្សាដើម្បីប្តឹងទៅសាលាឧទ្ធរណ៍។

លោក Gonzalez-Davidson ដែលត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៥ ជុំវិញសកម្មភាពរបស់លោកនិង ជា គន្ធីន ត្រូវបានតុលាការផ្តន្ទាទោសកំបាំង មុខនិងចេញដីកាចាប់ខ្លួន ចំណែក ថុន រដ្ឋា  ឡុង គន្ធា និង ភួន កែវរស្មី មានវត្តមាននៅក្នុងតុលាការ ដោយត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសចាប់តាំងពីការចាប់ខ្លួនរបស់ពួកគេកាលពីខែកញ្ញា។

តុលាការក៏បានបង្គាប់ឲ្យជនជាប់ចោទម្នាក់ៗបង់ប្រាក់ពិន័យ៤លានរៀលប្រហែល ១០០០ដុល្លារ។

លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញនិងលោក លី សុខា ចៅក្រមជំ នុំជម្រះមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

ការផ្តន្ទាទោសគឺជាសម្ពាធថ្មីបំផុតមួយចំពោះសមាជិកអង្គការមាតាធម្មជាតិដែលកន្លងមក សមាជិករបស់ខ្លួនចំនួន៥នាក់ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារទាក់ទងនឹងភាពសកម្មរបស់ពួកគេហើយអង្គការនេះបានចុះបញ្ជីក្នុងនាមជាអង្គការមិនរកប្រាក់ ចំណេញក្នុងឆ្នាំ២០១៧ ដើម្បីគេចពីឥទ្ធិពលនៃច្បាប់អង្គការក្រៅរដ្ឋាភិបាលដ៏ចម្រូង ចម្រាសនោះ។

លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៅអង្គការឃ្លាំមើលសិទិ្ធមនុស្សបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការផ្តន្ទាទោសថ្ងៃនេះគឺជាផ្នែកមួយនៃការបន្តសងសឹករបស់រដ្ឋាភិបាលកម្ពុជាមកលើអង្គការមាតាធម្មជាតិ ដែលជាបន្លារំខានដល់រដ្ឋាភិបាលយូរមកហើយ ដែលឥឡូវនេះ ក្រុមមន្រ្តីកំពុងចាប់ផ្តើមបំផ្លាញតាមរយៈការចោទប្រកាន់ពីបទឧក្រិដ្ឋក្លែងក្លាយ»

សកម្មជនមាតាធម្មជាតិ ភួន កែវរស្មី រថយន្តដឹកចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីតុលាការប្រកាសសាលក្រមរបស់នាង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោក រដ្ឋា  កញ្ញាគន្ធា និង កញ្ញាកែវរស្មី ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញាដោយសារបង្ហោះសារនៅលើបណ្តាញសង្គមនិយាយអំពីគម្រោងរបស់ គន្ធា អាយុ២២ឆ្នាំជានិស្សិតគីមីវិទ្យានិងជាគ្រូបង្រៀន ដើម្បីដើរថ្មើរជើងទៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់បរិស្ថានតាមរយៈការលុបបឹងតាមោកនៅភាគពាយព្យរាជធានីភ្នំពេញសម្រាប់គម្រោងអភិវឌ្ឍន៍។

អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ឬប្រព្រឹត្តិអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា៤៩៤និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា៖ «សាលក្រមនេះ គឺជាសារទៅសកម្មជនបរិស្ថានដទៃទៀត» ដោយលោកអំពាវនាវឱ្យរដ្ឋាភិបាលលើកទឹកចិត្តជាជាងការកាត់ទោសយុវជន ដែលព្យាយាមការពារធនធានធម្មជាតិរបស់កម្ពុជា។

អ្នកស្រី ប៉ាត់ រស្មី អាយុ៣០ឆ្នាំបាននិយាយថា ប្តីរបស់អ្នកស្រីគឺ លោក ថុន រដ្ឋា គ្រាន់តែធ្វើដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ដើម្បីធម្មជាតិនិងប្រទេសកម្ពុជាប៉ុណ្ណោះ។

អ្នកស្រីបានមានប្រសាសន៍ថា៖ «វាអយុត្តិធម៌ណាស់ ពីព្រោះអ្នកដែលបានបំផ្លាញធន ធានធម្មជាតិក្លាយជាអ្នកមាន ប៉ុន្តែអ្នកការពារបែជាត្រូវជាប់ពន្ធនាគារ»

អ្នកស្រីបន្ថែមថា៖ «តុលាការមិនឯករាជ្យទេ។ ពួកគេស្ថិតនៅក្រោមបញ្ជារបស់អ្នកនយោបាយ»

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ អង្គការមាតាធម្មជាតិបានតតាំងនឹងមន្រ្តីនិងអ្នក ជំនួញដែលមានខ្នងក្រាសជាបន្តបន្ទាប់ដែលខ្លួនបានភ្ជាប់ពួកគេទៅនឹងបទល្មើសបរិ ស្ថាននិងការគ្រប់គ្រងមិនបានល្អ រួមទាំងការលាតត្រដាងនូវទឹកប្រាក់រាប់រយលានដុល្លារដែលបានមកពីការលក់ខ្សាច់ដែលគេលួចបូមពីផ្លូវទឹកកម្ពុជានិងលក់ទៅឲ្យប្រទេសសិង្ហបុរី។

លោក Gonzalez-Davidson ដែលបានបង្កើតក្រុមនេះជាមួយព្រះសង្ឃពីរអង្គនោះបានមានប្រសាសន៍ថា ស្របពេលប្រជាប្រិយភាពធ្លាក់ចុះ ការចាប់មនុស្សចំនួនច្រើនដាក់ពន្ធនាគារបានក្លាយជាយុទ្ធសាស្ត្រសម្រាប់របស់រដ្ឋាភិបាលក្នុងការរក្សាអំណាច។

លោកបានប្រាប់ ខេមបូចា តាមរយៈបណ្តាញសង្គមថា៖«តាមការយល់ឃើញរបស់ខ្ញុំវាគឺជាសាលក្រមតាមអំពើចិត្តនិងបន្តឃុំខ្លួនសកម្មជនដោយខុសច្បាប់»

លោកបានបន្ថែមថា៖ «ការតស៊ូរបស់យើង ដែលមិនគ្រាន់តែ ដើម្បីការពារបរិស្ថាន ប៉ុន្តែដើម្បីឲ្យប្រទេសកាន់តែមានយុត្តិធម៌និងប្រជាធិបតេយ្យពិតប្រាកដ នឹងបន្តទៅមុខហើយកាន់តែរឹងមាំនិងស្វិតស្វាញជាងពេលណាៗទាំងអស់»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Mother Nature activists found guilty, jailed for planning one-woman march

298 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម