វីដេអូឃ្លីបដែលត្រូវបានគេថតដោយចេតនាចេញពីការប្រជុំអនឡានតាមប្រព័ន្ធហ្ស៊ូម (Zoom) រវាងលោក Alejandro Gonzalez-Davidson សហស្ថាបនិកក្រុមបរិស្ថានមាតាធម្មជាតិនិងសកម្មជនបរិស្ថានមួយចំនួនទៀត ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមដោយចាត់ទុកជាភស្តុតាងដែលបង្ហាញថា សកម្មជនទាំងនោះមានពិរុទ្ធភាពពីបទប្រមាថព្រះមហាក្សត្ររបស់ប្រទេសកម្ពុជា។ ការចាប់ខ្លួនសកម្មជនបរិស្ថានទាំង ៣នាក់ពីបទរួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រត្រូវបានស្ថានទូតបរទេសនិងក្រុមសង្គមស៊ីវិលមួយចំនួនរិះគន់។
បណ្តាញព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលបានរាយការណ៍នៅថ្ងៃអង្គារថា គណនីហ្វេសប៊ុកឈ្មោះ «កម្ចាត់ជនក្បត់» បានបង្ហោះវីដេអូនេះថា ជាភស្តុតាងស្តីពីផែនការរបស់សកម្មជនដើម្បីផ្តួលរំលំរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ។
វីដេអូឃ្លីប ដែលគេអះអាងថា ដកស្រង់ពីកិច្ចប្រជុំតាមប្រព័ន្ធហ្ស៊ូមកាលពីថ្ងៃទី១៤ ខែឧសភានោះ បានបង្ហាញពីការប្រើពាក្យសម្តីខ្វះការគោរព ដែលសំដៅទៅលើទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអង្គព្រះមហាក្សត្រ។ គេមិនទាន់ច្បាស់ទេថា តើវាគឺជាវីដេអូពិតឬយ៉ាងណា ឬថាគេអាចរកបានមកបង្ហោះនៅលើបណ្តាញសង្គមតាមវិធីណានោះទេ។
យោងតាមលោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា សកម្មជនបរិស្ថាន ស៊ុន រដ្ឋា និង យីម លាងហ៊ី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមិថុនា ហើយក្រោយមកត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់និងប្រមាថព្រះ មហាក្សត្រ។ សកម្មជនម្នាក់ទៀតឈ្មោះ លី ចាន់ដារ៉ាវុទ្ធ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់តែប៉ុណ្ណោះ។ បច្ចុប្បន្ន យុវជនទាំង៣នាក់កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែម១ និងម២នៃពន្ធនាគារព្រៃស។ ចំណែកសហស្ថាបនិកអង្គការមាតាធម្មជាតិលោក Alejandro Gonzalez-Davidson ជាជនជាតិអេស្បាញដែលនៅក្រៅប្រទេសក៏ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រផងដែរ។
ការចោទប្រកាន់ពីបទរួមគំនិតក្បត់គឺផ្អែកលើមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ និងអាចមានទោសជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។ ចំពោះការចោទប្រកាន់ពីបទប្រមាថព្រះ មហាក្សត្រ សកម្មជនទាំងនោះត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ ឆ្នាំ ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់ខេមបូចាថាលោកមិនបានដឹងថាគេបានវីដេអូឃ្លីបមកពីណាទេ ឬថា តើគេយកវាមកបង្ហោះតាមបណ្តាញព័ត៌មាន Fresh News តាមរបៀបណានោះដែរ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមិនឆ្លើយថា តើ [អាជ្ញាធរ] មានវាឬអត់នោះទេ ប៉ុន្តែតើពួកគេបានមកពីណា? អាចសួរពួកគេទៅ»។ លោកបានបន្ថែមថា លោកមិនអាចបង្ហាញភស្តុតាងដល់អ្នកសារព័ត៌មានបានទេ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការ។
លោក អំ សំអាត អនុប្រធាននៅអង្គការសិទ្ធិមនុស្សលីកាដូទទួលបន្ទុកខាងផ្នែកឃ្លាំមើល មានប្រសាសន៍ថា លោកមិនបានឃើញឃ្លីបវីដេអូនេះទេ ប៉ុន្តែ យោងតាមច្បាប់ ភស្តុតាងគួរតែរក្សាជាសំងាត់រហូតដល់មានការជំនុំជម្រះ។ ប្រសិនបើភស្តុតាងត្រូវបានគេទម្លាយជាសាធារណៈ វាអាចប៉ះពាល់ដល់ការស៊ើបអង្កេតរបស់តុលាការ។
លោកបានមានប្រសាសន៍ថា៖ «ទោះយ៉ាងណា យើងមិនដឹងថា តើនេះជាភស្តុតាងដែលតុលាការនឹងប្រើប្រាស់ឬថា វាគ្រាន់តែត្រូវបានគេបង្ហោះលើហ្វេសប៊ុកប៉ុណ្ណោះ»។
លោក សាន់ ម៉ាឡា ជាមន្រ្តីតស៊ូមតិជាន់ខ្ពស់នៃបណ្តាញយុវជនកម្ពុជា (CYN) មាន ប្រសាសន៍ថា ការចោទប្រកាន់សកម្មជនបរិស្ថានទាំង៣នាក់ពីបទឧក្រិដ្ឋ គឺមិនសមហេតុផលទេ។ លោកបានឲ្យដឹងថា បើគ្មានការចូលរួមពីសាធារណជនទេការគ្រប់ គ្រងធនធានធម្មជាតិរបស់រដ្ឋាភិបាលអាចចុះខ្សោយតាមរយៈអំពើពុករលួយនិងការ បំផ្លាញបរិស្ថាន។
លោកបានមានប្រសាសន៍ថា៖ «ការចាប់ខ្លួននិងការចោទប្រកាន់ធ្ងន់ធ្ងរ គឺជាការរារាំងចំពោះទឹកចិត្តនិងសកម្មភាពរបស់យុវជន ដែលចង់ចូលរួមការពារធនធានធម្មជាតិនិងបរិស្ថាន»។
លោក ម៉ាឡា បានបន្តថា កន្លងមកអាជ្ញាធរមិនបានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមការពារបរិស្ថានដោយខ្លាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល ហើយដោយសារតែសកម្មភាពទាំងនេះអាចធ្វើឱ្យអន្តរាយដល់ផលប្រយោជន៍របស់អ្នកមាននិងអ្នកមានខ្នងក្រាស ដែលជំនួញរបស់ពួកគេពឹងផ្អែកលើការកេងប្រវ័ញ្ចធនធានធម្មជាតិ។
លោកបានមានប្រសាសន៍ថា៖ «យុវជនទាំងបីនាក់នេះ គឺជាអ្នកស្នេហាជាតិហើយពួកគេស្រឡាញ់ប្រទេសជាតិ ដូច្នេះពួកគេហ៊ានលះបង់កម្លាំងនិងទឹកចិត្តរបស់ពួកគេ ទោះបីពួកគេដឹងថា ពួកគេប្រឈមនឹងហានិភ័យក៏ដោយ»។ ដោយលោកបន្ថែមថា៖ «ក្នុងនាមខ្ញុំជាយុវ ជន ខ្ញុំមិនអាចទទួលយកបទចោទប្រកាន់ទាំងនេះបានទេ ហើយខ្ញុំគិតថា នេះជាលេសមួយ ដើម្បីបិទសម្លេងយុវជន ពីព្រោះពួកគេក្លាហាននិងលាតត្រដាងការពិតនៃការបំផ្លិចបំផ្លាញចំពោះធនធានធម្មជាតិរបស់ប្រទេសកម្ពុជា»។
លោក សេង សុខេង អ្នកសម្របសម្រួលនៃបណ្តាញកសាងសន្តិភាពសហគមន៍ (CPN) ដែលធ្វើការជាមួយសហគមន៍ជាង៤០០រួមទាំងបណ្តាញសហគមន៍ព្រៃឡង់បានលើកឡើងថា ការចោទប្រកាន់នេះ គឺធ្ងន់ធ្ងរជាងបទចោទប្រកាន់មុនៗ ដែលបានចោទទៅលើសកម្មជនបរិស្ថាន។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ការចោទប្រកាន់ទាំងនេះទៅលើសកម្មជនបរិស្ថាន គឺជាយុទ្ធសាស្ត្រថ្មីរបស់រដ្ឋាភិបាលក្នុងការគំរាមកំហែង ឬ រារាំង ឬ រំខានដល់ប្រជាពលរដ្ឋនិងក្រុម ដែលការពារបរិស្ថាននិងព្រៃឈើឬធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ សេចក្តីសម្រេចនេះ មិនត្រឹមត្រូវទេ ហើយវាមិនយុត្តិធម៌ទេ ពីព្រោះពួកគេបានលះបង់កម្លាំងនិងធនធានរបស់ពួកគេ ដើម្បីចូលរួមការពារធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ»។
លោក សុខេង មានប្រសាសន៍ថា ប្រជាពលរដ្ឋនិងសកម្មជនបរិស្ថានទាំងអស់ចាំបាច់ត្រូវរួមគ្នា ដើម្បីជំរុញរដ្ឋាភិបាលក្នុងការផ្តល់ឱកាសដល់សកម្មជន សហគមន៍ សមាគម និង អង្គការសង្គមស៊ីវិលដើម្បីបំពេញភារកិច្ចរបស់ខ្លួន ក្នុងការពារធនធានធម្មជាតិ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបដិសេធថា ការចាប់ខ្លួន ឬការចោទប្រកាន់នេះ គឺមិនសំដៅលើការរារាំងការការពារបរិស្ថាននោះទេ។
លោកបានមានប្រសាសន៍ថា៖ «នេះមិនមែនបំបាក់ស្មារតីសកម្មជនបរិស្ថានទេ បើសិនជាពួកគេធ្វើការងារបរិស្ថានពិតប្រាកដ ពួកគេនឹងមិនរងឬប្រឈមមុខនឹងការចោទប្រកាន់ទេ»។ លោកបន្ថែមថា៖ «ប៉ុន្តែករណីនេះ បើយោងតាមការបង្ហាញរបស់សមត្ថកិច្ច សកម្មភាពបរិស្ថានគ្រាន់តែរូបជាលេស ប៉ុន្តែនៅពីក្រោយ មានសកម្មភាពប្រព្រឹត្តបទល្មើសដែលសមត្ថកិច្ចគេមានមូលដ្ឋាន»។
អង្គការ សហជីពនិងសហគមន៍ចំនួន៧៥ រួមទាំងអង្គការលីកាដូ អាដហុក សង់ត្រាល់ CYN និង CPN ដែលបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី២២ ខែមិថុនាបានទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់ទាំងអស់លើសកម្មជនអង្គការមាតាធម្មជាតិនិងដោះលែងសកម្មជនសិទ្ធិមនុស្សដែលជាប់ពន្ធនាគារទាំងអស់ ដោយលើកហេតុផលថា សកម្មជនយុវជនគឺជាក្រុមនាំមុខគេក្នុងការចងក្រងឯកសារស្តីពីការបំផ្លិចបំផ្លាញបរិស្ថាន ដែលកំពុងបន្តកើតមាននៅប្រទេសកម្ពុជា។
អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) ក៏បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃជាមួយគ្នា ដោយអំពាវនាវឲ្យមានការដោះលែងសកម្មជនទាំងនោះជាបន្ទាន់និងទម្លាក់បទចោទប្រកាន់លើពួកគេទាំងអស់។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៅអង្គការឃ្លាំមើលសិទិ្ធមនុស្សមានប្រសាសន៍ថា៖ «រដ្ឋាភិបាលកម្ពុជាបានបង្កើនយុទ្ធនាការរបស់ខ្លួន ដើម្បីបំបិទមាត់សកម្មជនតស៊ូមតិដោយសន្តិវិធី ដើម្បីការពារបរិស្ថាន។ រដ្ឋាភិបាលបរទេស ក្រុមប្រទេសសមាជិកអង្គការសហប្រជាជាតិនិងម្ចាស់ជំនួយអន្តរជាតិគួរតែអំពាវនាវឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់ ដែលមិនសមហេតុផលចំពោះសកម្មជនបរិស្ថាននិងថ្កោលទោសជាសាធារណៈចំពោះការគាបសង្កត់បន្ថែមទៀតលើសកម្មភាពដោយសន្តិវិធី»។
ស្ថានទូតបរទេសមួយចំនួននៅកម្ពុជារួមទាំងសហរដ្ឋអាមេរិក អូស្ត្រាលី និង ស៊ុយអែត ក៏បានលើកឡើងពីការព្រួយបារម្ភជុំវិញការចាប់ខ្លួនសកម្មជនទាំងនោះផងដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Alleged Mother Nature Zoom meeting posted as “evidence” of royal insult