សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហគមន៍ជនជាតិដើមភាគតិចខេត្តក្រចេះខ្លាចបាត់បង់ព្រៃឈើចំពេលមានការទន្ទ្រានយកដីធ្លីទ្រង់ទ្រាយធំ

ដើមដំឡូងមីនៅលើដី ដែលត្រូវបានគេឈូសឆាយដោយខុស ច្បាប់នៅតំបន់ព្រៃសហគមន៍ភ្នំសេះក្នុងស្រុកសំបូរខេត្តក្រចេះ។ រូបថតកាលពីខែតុលា ឆ្នាំ២០២០។ CYN
ដើមដំឡូងមីនៅលើដី ដែលត្រូវបានគេឈូសឆាយដោយខុស ច្បាប់នៅតំបន់ព្រៃសហគមន៍ភ្នំសេះក្នុងស្រុកសំបូរខេត្តក្រចេះ។ រូបថតកាលពីខែតុលា ឆ្នាំ២០២០។ CYN

ជិតពាក់កណ្តាលនៃព្រៃសហគមន៍ជនជាតិដើមភាគតិចនៅក្នុងខេត្តក្រចេះត្រូវបានក្រុមជនមិនស្គាល់មុខកាប់បំផ្លាញនិងកាប់រានហើយអ្នកស្រុកចោទប្រកាន់អាជ្ញាធរខេត្តថា ខកខានមិនបានបញ្ឈប់សកម្មភាពទន្ទ្រានយកដីនេះទេ។

របាយការណ៍របស់បណ្តាញយុវជនកម្ពុជា (CYN) បានរកឃើញថា ដីព្រៃការពារត្រូវបានកាន់កាប់ជាប្រព័ន្ធចាប់តាំងពីឆ្នាំ២០១៦។ រហូតមកដល់ពេលនេះ ដីព្រៃការពារជាង១.៣០០ហិកតារបស់សហគមន៍ ត្រូវបានកាប់រានដោយខុសច្បាប់ចំណែក៤៦០ហិកតាផ្សេងទៀត កំពុងរងការគំរាមកំហែង។

ស្ថិតនៅឃុំអូរគ្រៀងក្នុងស្រុកសំបូរ ដីព្រៃសហគមន៍ភ្នំសេះដែលមានផ្ទៃដីទំហំ ៣០០០ហិកតា គឺជាទីតាំងប្រវត្តិសាស្ត្រនិងបែបសាសនារបស់ជនជាតិដើមភាគ តិចពូនង។ កាលពីឆ្នាំ២០០៨ តំបន់នេះត្រូវបានផ្តល់ជាព្រៃសហគមន៍ដែលអនុញ្ញាតឱ្យគ្រួសារពលរដ្ឋក្នុងមូលដ្ឋានគ្រប់គ្រងតំបន់នោះ និងការពារដីព្រៃនេះពីការលក់ឬការកាប់ឈើលក្ខណៈឧស្សាហកម្ម។

យោងតាមរបាយការណ៍ស៊ើបអង្កេតបានបង្ហាញថា ជនជាតិដើមភាគតិចពូនង១៦៩គ្រួសារនៅភ្នំសេះ ដែលរស់នៅពឹងផ្អែកលើផលិតផលព្រៃឈើសម្រាប់ជីវភាពប្រចាំថ្ងៃឥឡូវ ពួកគាត់៼មើលឃើញថា ជីវភាពនិងវប្បធម៌របស់ពួកគេកំពុងរងការគំរាម កំហែង។

លោក ហេង គឹមហុង ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិនៅស៊ី CYN បានអំ ពាវនាវដល់អាជ្ញាធរមូលដ្ឋានឱ្យធ្វើការងារបន្ថែមទៀត ដើម្បីការពារដីធ្លី។ របាយការណ៍បានបង្ហាញថា ជនចំណាកស្រុកមកពីខេត្តផ្សេងទៀតបានចូលមកតំបន់នេះក្នុងចំនួនច្រើន ដោយបានកាប់ឆ្ការពី៥ទៅ១០ហិកតាក្នុងម្នាក់ៗ ដែលមើលទៅដូចជាធ្វើចម្ការផ្ទាល់ខ្លួន។

លោក គឹមហុង មានប្រសាសន៍ថា លោកជឿជាក់ថា អ្នកមានលុយបានចំណាយប្រាក់ឲ្យជនចំណាកស្រុកដើម្បីកាប់រានដី ដូច្នេះពួកគេអាចយកឈើមានតម្លៃហើយនៅទីបំផុត ពួកគេកាន់កាប់ដីធ្វើជាចម្ការ។ ព្រៃនេះស្ថិតនៅជាប់នឹងចម្ការកៅស៊ូចំនួនពីរ ដែលគ្រប់គ្រងដោយជនជាតិវៀតណាម នៅលើផ្ទៃដីជាង ១០.០០០ហិកតា ទោះបីជាច្បាប់ភូមិបាលបានកម្រិតដីសម្បទានសេដ្ឋកិច្ច (ELC) ត្រឹមចំនួន១០.០០០ហិកតាក៏ដោយ។

លោកបានមានប្រសាសន៍ថា៖ «វាជាការធ្វេសប្រហែសរបស់អាជ្ញាធរ ដែលបាន បណ្តោយឱ្យមានការទន្ទ្រានខុសច្បាប់ ហើយវាកើតឡើងតាមរបៀបជាប្រជាជនចាប់ដីដើម្បីរស់នៅ ប៉ុន្តែតាមពិតមាននរណាម្នាក់នៅពីក្រោយពួកគេក្នុងការកាន់កាប់ដីជាច្រើនហិកតា ខណៈអាជ្ញាធរមិនបានចាត់វិធានការផ្លូវច្បាប់តឹងរ៉ឹងដើម្បីរារាំងការរំលោភយកដីនេះទេ»

លោក គឹមហុង បាននិយាយថា CYN នឹងដាក់របាយការណ៍នេះទៅក្រសួងកសិកម្ម ដើម្បីសុំអន្តរាគមន៍។

លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះនិងជាអ្នកនាំពាក្យបានមានប្រសា សន៍ថា អាជ្ញាធរតែងតែធ្វើការការពារធនធានធម្មជាតិ។ ប៉ុន្តែលោកបានមានប្រ សាសន៍ថា លោកមិនបានដឹងអំពីស្ថានភាពភ្នំសេះទេ។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមិនដែលទទួលបានរបាយការណ៍ពីសហគមន៍ទេ ហើយសហគមន៍ក៏មិនបានរាយការណ៍ទៅខេត្តដែរ។»

លោកបានបន្ថែមថា«នៅពេលអាជ្ញាធរប្រគល់តំបន់អភិរក្សជូនសហគមន៍ ពួកគេខ្លួនឯងត្រូវតែចូលរួមការពារនិងថែរក្សាវាហើយក្នុងករណីដែលពួកគេមិនអាចធ្វើបាន ពួកគេត្រូវតែស្វែងរកអន្តរាគមន៍ពីអាជ្ញាធរ»

ខេមបូចាបានឃើញសេចក្តីជូនដំណឹងជាសាធារណៈចំនួន២ពីរដ្ឋបាលខេត្តក្រ ចេះចាប់ពីខែមីនានិងសីហាឆ្នាំ២០២០ និងមួយច្បាប់ទៀតពីអាជ្ញាធរស្រុកសំបូរដែលចេញនៅខែមេសា ឆ្នាំ២០២០ ដោយកត់សម្គាល់ថា រាល់ការទន្ទ្រានកាន់ កាប់ដីនិងការរានដីព្រៃសហគមន៍ភ្នំសេះ គឺខុសច្បាប់និងបញ្ជាឱ្យបញ្ចប់ការរានដីទាំងនេះ។

កាលពីខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្អាកការផ្តល់ ដីសម្បទានសេដ្ឋកិច្ចថ្មី និងបានប្រកាសពិនិត្យឡើងវិញជាទ្រង់ទ្រាយធំលើដំ ណើរការនេះ។ បួនឆ្នាំក្រោយមក លោកបានប្រកាសថា រដ្ឋាភិបាលនឹងផ្ទេរអតីតដីសម្បទានសេដ្ឋកិច្ចចំនួន១លានហិកតាទៅឲ្យប្រជាពលរដ្ឋក្រីក្រ។ ប៉ុន្តែតាមការស្រាវជ្រាវរបស់អង្គការសិទ្ធិមនុស្សលីកាដូបង្ហាញថា មានដីសម្បទានជាង ៣០០កន្លែងដែលមានទំហំសរុបជិត២,២លានហិកតា ដែលស្មើនឹងប្រមាណ ១២ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។

ក្រុមហ៊ុនខ្លះ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ត្រូវបានចោទប្រកាន់ថា បានកាប់ឈើខុសច្បាប់នៅក្រៅដីសម្បទាន ក៏ដូចជាការបណ្តេញចេញដោយបង្ខំ។

រដ្ឋាភិបាលគិតថ្លៃត្រឹមតែ៥ដុល្លារប៉ុណ្ណោះក្នុងមួយហិកតាក្នុងមួយឆ្នាំសម្រាប់ដីសម្បទានសេដ្ឋកិច្ច បន្ទាប់ពីដីត្រូវបានឈូសឆាយនិងដាំដុះ ដែលបន្ទាប់មកត្រូវបានប្រើសម្រាប់ដំណាំកសិឧស្សាហកម្មដូចជា ដំឡូងមី និង ស្វាយចន្ទី។

លោក ហ៊ា សំអឿន អនុប្រធានសហគមន៍ព្រៃឈើភ្នំសេះបាននិយាយថាការ បាត់បង់ដីធ្លីមានន័យថា បាត់បង់របៀបរស់នៅរបស់ជនជាតិដើម។ លោកនិយាយថា គេត្រូវតែការពារព្រៃ ប្រពៃណីសម្រាប់មនុស្សជំនាន់ក្រោយ។

លោកបាននិយាយថា៖«យើងពឹងផ្អែកលើផលិតផលព្រៃឈើ ដើម្បីរកប្រាក់។ ព្រៃឈើប្រៀបដូចជាស្រែរបស់យើង។ វាគឺជាបេះដូងនៃការរកស៊ីចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិចពូង។ ប្រសិនបើយើងបាត់បង់វា យើងនឹងបាត់បង់អ្វីៗដែលជាកម្មសិទ្ធិរបស់យើង”

លោក សំអឿន បាននិយាយថា សមាជិកសហគមន៍តែឯងមិនអាចបញ្ឈប់ការ រំលោភយកដីបានទេ ខណៈពេលអ្នកចំណូលថ្មីខ្លះរានដីនៅពេលយប់។

លោកបាននិយាយថា៖ «ឥឡូវ យើងមិនដឹងថា នរណាអាចជួយយើងបានទេព្រោះអាជ្ញាធរមិនអាចដោះស្រាយបញ្ហានេះបាន។ ខ្ញុំគិតថា ប្រហែលជាមានអ្នកមានឈរនៅពីក្រោយការទន្ទ្រាននេះ បើមិនដូច្នេះទេ ពួកគេនឹងមិនហ៊ានទេ ។ អ្នកខ្លះរំលោភយកធ្វើជាកម្មសិទ្ធិ ប៉ុន្តែខ្លះទៀតកំពុងរានដី ដើម្បីយកលក់»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kratie’s indigenous community fear losing forest amid large-scale land grab

566 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម