សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋអូសរទេះដឹកអីវ៉ាន់បានប៉ះទង្គិចនឹងអាជ្ញាធរច្រកអន្ដរជាតិប៉ោយប៉ែត បន្ទាប់ពីក្មេងស្រីម្នាក់រង​ហិង្សា​

សកម្មភាពពលរដ្ឋប៉ះទង្គិចគ្នានឹងអាជ្ញាធរមុខច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្រោយពីអាជ្ញាធរ២នាក់បានប្រើហិង្សាលើយុវតី អេន រដ្ឋា អាយុ១៩ឆ្នាំដោយសារប្រហិតសាច់ក្ដាម២គីឡូក្រាមកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)
សកម្មភាពពលរដ្ឋប៉ះទង្គិចគ្នានឹងអាជ្ញាធរមុខច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្រោយពីអាជ្ញាធរ២នាក់បានប្រើហិង្សាលើយុវតី អេន រដ្ឋា អាយុ១៩ឆ្នាំដោយសារប្រហិតសាច់ក្ដាម២គីឡូក្រាមកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋមានមុខរបរអូសរទេះជិត១០០នាក់បានប៉ះទង្គិចជាមួយអាជ្ញាធរជាច្រើននៅច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ​បន្ទាប់ពីអាជ្ញាធរ២នាក់ប្រើហិង្សាលើ​ក្មេង​ស្រី​ម្នាក់​រហូត​សន្លប់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ប៉ុន្ដែអាជ្ញាធរបានច្រាន​ចោល  ខណៈ​សង្គមស៊ីវិលយល់ថា ការប្រើ​ហិង្សា​​​មិនមែន​ជា​ដំណោះ​​ស្រាយនោះទេ។

បើតាមយុវតីរងគ្រោះពីអំពើហិង្សា ឈ្មោះ អេន រដ្ឋា​ អាយុ១៩ឆ្នាំ បាន​រៀប​រាប់​ថា ខ្លួនបានជួយការងារឪពុកដែលទទួលនាំប្រហិតសាច់ក្ដាម​ចេញពី​ទឹកដីថៃ​មានចំនួន​២​គីឡូ​កំពុងដើរចេញ​ស្រាប់​តែអាជ្ញាធរយាមច្រក២នាក់បានទាញយកទាំងកំរោល ខណៈខ្លួន​បាន​ទាមទារយកវិញ ប៉ុន្ដែពួកគេ​បដិសេធរហូតកើតហិង្សា។

អ្នករងគ្រោះរូបនេះបន្ដថា ការប្រើហិង្សា គឺបានបង្កភាពភ័យខ្លាចដល់ខ្លួនជាខ្លាំង​ស្របពេល​ខ្លួន​មានរបួសបាក់ជើងកំពុងដាក់ដែកអបឆ្អឹងខាងក្នុងនាពេលកន្លងមក។ យ៉ាងណា យុវតី រដ្ឋា បាន​បញ្ជាក់​ថា ខ្លួន​គ្រាន់ដឹងថា មន្រ្ដីដែល​​វាយខ្លួនត្រូវបានគេហៅថា ឈ្មោះ ថន និងម្នាក់​ទៀត​​​ឈ្មោះ ត្រេន ប៉ុន្តែមិនច្បាស់ពីតួនាទី និងឈ្មោះ​ពេញ ហើយពួកគេជាអ្នកយាម​ច្រកចេញ​ចូល។

កញ្ញា រដ្ឋា បន្ថែម ថា៖ «គេ[សមត្ថកិច្ច]២នាក់វ៉ៃខ្ញុំតែម្ដង។ ខ្ញុំជួយការងារឪខ្ញុំពេលទំនេរពី​ការងារ​។ អាក្រក់ណាស់ពូ លើកទី១សម្រាប់ខ្ញុំ ខ្ញុំភ័យខ្លាចណាស់។ ខ្ញុំដឹងថា គេហៅ​ម្នាក់​ឈ្មោះថន និងមួយទៀតឈ្មោះត្រេន ដែលប្រចាំការច្រកហ្នឹងអ្នកវ៉ៃខ្ញុំពូ»

យោងតាមវីឌីអូបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បាន​បង្ហាញ​ពីសកម្មភាពនៃការប៉ះទង្គិចគ្នារវាងពលរដ្ឋ និងអាជ្ញាធរនៅច្រកព្រំដែនអន្ដរជាតិ​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ភ្ជាប់ដោយហិង្សា មានពាក្យសម្ដីជេរប្រទេចគ្នា។ ការណ៍​​នេះ​ត្រូវបាន​ពលរដ្ឋ​នាំគ្នាចែកចាយដោយចាត់ទុកថាជារឿងមិនត្រឹមត្រូវទង្វើរបស់​សមត្ថកិច្ច​ដែល​បាន​​ហាម​ឃាត់​ពលរដ្ឋដែលប្រកបមុខរបរជាអ្នកអូសរទេះ។

បើតាមលោក ទុំ រ៉េន អាយុ៤៧ឆ្នាំ ជាឪពុកយុវតីរងគ្រោះ បាននិយាយថា ករណីកូនលោក​បង្កការឈឺចាប់ដល់ក្រុមគ្រួសារដោយនិយាយជារឿងហួសហេតុ និងមិនគួរកើតឡើង ស្រប​ពេលកូនស្រីលោកទំនេរពីការងារមកជួយរកចំណូលដើម្បីជួយគ្រួសារ បែរជា​មក​រង​ហិង្សា​ពី​អាជ្ញាធរច្រកទៅវិញ។ លោកថា កូនលោកបានយួរប្រហិតក្ដាម២គីឡូចេញ​ពីថៃ​ដើម្បី​ឱ្យ​ឈ្មួញ​​​ដោយជួលក្នុងតម្លៃ​២០០​បាត​ដោយលោកជាប់ធ្វើកិច្ចការផ្សេង​ទើបប្រើកូន​ឱ្យទៅ​ជំនួស​។

លោកបាននិយាយថា៖ «កូនវាកាន់អីវ៉ាន់មួយថង់[ប្រហិតក្ដាម២គីឡូ] សន្ដិសុខច្រកវាដេញ​ចាប់​ដេញវ៉ៃហ្នឹងបានកើតហិង្សាហ្នឹង។មន្រ្ដីគយវ៉ៃកម្មករមុន។ អាជ្ញាធរច្រើនបង​ទាំងពី​ប៉ូលិស គយចូលរួមជួយគ្នា។ រំលោភលើប្រជាពលរដ្ឋខ្លាំង ពួកមន្រ្ដីគយ អាជ្ញាធរ»

លោកបញ្ជាក់ថា​ ក្រោយពីកើតហិង្សាលើកូនស្រីលោក មានប្រជាពលរដ្ឋជិត១០០នាក់បាន​នាំគ្នាចូលជួយ ប៉ុន្ដែគ្មានអ្នករងរបួសនោះទេ ។ យ៉ាងណាលោកថា ច្រកត្រូវបានបិទមិនឱ្យ​ពលរដ្ឋ​ប្រកបមុខ​របរអូសរទេះ​ចេញ​ចូលបន្ទាប់ប៉ះទង្គិចគ្នា​។ លោកថា ការបិទច្រកមិន​ឱ្យ​ពលរដ្ឋ​ប្រកបមុខរបរអូសរទេះនេះ​បានបង្កការ​ប្រឈមជាច្រើនដោយភាគច្រើន​ពលរដ្ឋរស់​ពឹង​ផ្អែកលើមុខរបរនេះដើម្បីចឹញ្ចឹមជីវិត និងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបើកច្រកឡើងវិញ។

លោកនិយាយពីការប្រឈមថា៖‍ «ប៉ះពាល់ខ្លាំង គ្នាអ្នកអត់[ក្រ]រស់នឹងរទេះហ្នឹង ពេលបិទចឹង​គ្នា​បាន​អីរស់បង។ ចង់ឱ្យតែអាជ្ញាធរ​ជួយ​ដោះស្រាយបងប្អូនកម្មករបានរកស៊ីតិចតួច បាន​អូស​រទេះវិញ។ ឥឡូវគេបិទតាំងពីម្សិលមិញមកមិនទាន់បើកវិញទេ។ គេយក​មន្រ្ដីគយ​ដាក់​បិទពេញហ្នឹងចាំចាប់ពលរដ្ឋ»

កាលពីឆ្នាំ២០១៥ហេតុការណ៍នេះបានកើតឡើងម្ដងរួចមកហើយដោយពេលនោះមានកម្មករអូសរទេះជាង១០០នាក់បាននាំគ្នាបាតុកម្មតវ៉ានៅការិយាល័យគយក្នុងក្រុងប៉ោយប៉ែតដោយមានការប៉ះទង្គិចគ្នារហូតផ្ទុះអាវុធ១០គ្រាប់ និងបណ្ដាលឱ្យអ្នកតវ៉ា៥នាក់រងរបួស ចំណែក​សន្ដិសុខម្នាក់របស់ការិយាល័យគយរបួសបែកក្បាល។ ផ្ទុះការតវ៉ានាពេលនេះ​ពាក់ព័ន្ធរឿងរ៉ាវ​គាបសង្កត់ទៅលើការរកស៊ីរបស់ពួកគាត់នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។

ខេមបូចា បានព្យាយាមទាក់ទងមន្រ្ដីគយប្រចាំច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ប៉ុន្ដែ​មិនមាន​ការ​ឆ្លើយតបជុំវិញករណីហិង្សាខាងលើនេះ។

តែយ៉ាងណាលោក ណង វុទ្ធី នាយករដ្ឋបាលខេត្ដបន្ទាយមានជ័យបានច្រានចោល​ការ​លើក​ឡើង​​របស់ពលរដ្ឋថា អាជ្ញាធរបានប្រើហិង្សាលើពលរដ្ឋរហូតមានរបួសមិនត្រឹមត្រូវទេ។

លោកបន្ថែមថា​ ដើមហេតុនៃជម្លោះនេះដោយសារពលរដ្ឋ​ជាអ្នកអូសរទេះ​បានអូស​របស់​ខុស​ច្បាប់​ដែលឈ្មួញបានជួល ស្របពេលអាជ្ញាធរតម្រូវឱ្យបង់ពន្ធសិន ប៉ុន្ដែខាងពលរដ្ឋ​មិន​ស្ដាប់​។ លោកបញ្ជាក់ថា លោកចង់ឱ្យពលរដ្ឋនាំ​របស់របរចេញពីទឹកដីថៃត្រូវគោរពច្បាប់​ដោយ​បង់ពន្ធឱ្យបានត្រឹមត្រូវមុននឹងនាំចេញ។

នាយករដ្ឋបាលរូបនេះបានបញ្ជាក់ថា៖ «គេចប់តាំងម្សិលមិញបង ប៉ះគ្នាប្រហែល១៥នាទី​បង។ អត់មានទេបង![អ្នករបួស]។ប្រជាពលរដ្ឋយើងអ្នកដែលទទួលការនាំទំនិញ​ខុសច្បាប់​អត់បង់ពន្ធបង ចឹងសមត្ថកិច្ចភារកិច្ចរបស់គាត់ជាអ្នកទទួលខុសត្រូវ​ខាងទប់ស្កាត់​ទំនិញ​ខុសច្បាប់។ ពលរដ្ឋគាត់ក៏រងគ្រោះដែរ ដោយសារគាត់ទទួលពីឈ្មួញដើម្បីបានកម្រៃទេ តែឈ្មួញ យើងចង់ឱ្យគាត់បង់ពន្ធត្រឹមត្រូវវាមិនអីទេបង»

បើតាមលោក អ៊ិន គង់ជិត មន្រ្ដីសម្របសម្រួលនៃអង្គការលីកាដូប្រចាំខេត្ដសៀមរាប និង​ខេត្ដ​បន្ទាយមានជ័យ បានគូសបញ្ជាក់ថា ការប្រើហិង្សាលើពលរដ្ឋនេះ​វាមិនគួរកើត​ដោយសំអាង​ថា អាជ្ញាធរគួរមានការសម្របសម្រួលជាក់លាក់មួយដើម្បីឱ្យពលរដ្ឋ​អាចប្រកបមុខ​របរចឹញ្ចឹម​ជីវិតបាន ទើបអាចបញ្ចប់ការប្រឈមពលរដ្ឋបាន។

លោកថ្លែងថា៖ «មិនគួរប្រើហិង្សាលើគាត់ទេ គ្នា[អេន រដ្ឋា អ្នករងគ្រោះ]បាក់ជើងម្ខាងទៀត។ សមត្ថកិច្ចគួរមានការអត់ធ្មត់ច្រើន​ និងព្យាយាមសម្របសម្រួលមុន​នឹងឈានប្រើហិង្សា​នេះ»​

ចំណែកលោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានលើកឡើងថា លោកមិនគាំទ្រ​លើទំនិញខុសច្បាប់ទេ ប៉ុន្ដែលោកថា អាជ្ញាធរមាន​ភាពលម្អៀងលើការអនុវត្ដច្បាប់សម្រាប់ពលរដ្ឋមានមុខអូសរទេះទើបការតវ៉ាចេះ​តែ​បន្ដ។ លោក​ថា អាជ្ញាធរបិទពលរដ្ឋមិនឱ្យអូស តែបើកឱ្យឡានធំៗដឹកចេញពីថៃមក​កម្ពុជាបាន​យ៉ាង​ស្រួល។ លោកជំរុញឱ្យអាជ្ញាធរ​មានការយោគយល់ដល់ពលរដ្ឋដើម្បីអាចរកម្រៃចឹញ្ចឹមជីវិត។

លោកថ្លែងថា៖ «អាជ្ញាធរគួររៀបចំយន្ដការឱ្យវាស្មើភាព មានន័យថា រថយន្ដធំៗ រថយន្ដថៃ រថយន្ដអីចេញចូលម៉ាសេរី គេចូលមកទឹកដីយើងធូររលុងស្រួល ចំណែកគ្នាអ្នកអូសរទេះ​រឹតត្បិត ធ្វើបាបគាត់ ធ្វើឱ្យគាត់បាត់បង់មុខរបរជាដើម។ ខ្ញុំគិតថាគួរតែពិនិត្យ រៀបចំយន្ដការ​សារជាថ្មីដើម្បីសម្រួលដល់អ្នកប្រកបមុខរបរនៅតាមច្រកព្រំដែនផង»។​

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កម្មករអូសរទេះបានលើកគ្នាតវ៉ា​ដោយយករទេះដឹកទំនិញបិទផ្លូវរហូតមានការសម្របសម្រួលបញ្ចប់ម្ដងរួចទៅហើយក៏ស្រាប់តែរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ មានការតវ៉ាសារជាថ្មីរហូតដល់វេលាម៉ោង​ជិត​៧យប់ទៅហើយមិនទាន់ត្រឡប់ទៅផ្ទះវិញនៅឡើយដោយមើលឃើញពីការតវ៉ានេះមាន​សភាពតានតឹងដោយក្រុមកម្មករទាំងនោះបន្តប្រមូលគ្នាមកពពាក់ពពូនគ្នាកាន់តែច្រើនឡើងៗទើបមានការដាក់កម្លាំងសមត្ថកិច្ចចម្រុះបន្ថែមដើម្បីត្រៀមការពារសន្តិសុខសណ្តាប់ធ្នាប់៕

2,235 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម