សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការគំរាមកំហែង​ដោយវិធានការផ្លូវច្បាប់​ជាឧបសគ្គរារាំង​ដល់​ការចូលរួមរបស់​យុវជន​ក្នុង​កិច្ចការនយោបាយ​និង​បញ្ហា​សង្គម

សមាជិកបណ្ដាញយុវជនកម្ពុជា កញ្ញា ដាំ សុស្រីនាង និយាយជាមួយអ្នកសារព័ត៌មាន ខេមបូចា ក្នុងអំឡុងពេលនៃកិច្ចសម្ភាសន៍មួយនៅរាជធានភ្នំពេញ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)
សមាជិកបណ្ដាញយុវជនកម្ពុជា កញ្ញា ដាំ សុស្រីនាង និយាយជាមួយអ្នកសារព័ត៌មាន ខេមបូចា ក្នុងអំឡុងពេលនៃកិច្ចសម្ភាសន៍មួយនៅរាជធានភ្នំពេញ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការចោទប្រកាន់ពីបទញុះញង់​បានត្រូវគេប្រើជា​ឧបករណ៍​ដើម្បី​គំរាម​កំហែង​មក​លើ​សកម្មភាពរបស់​យុវជន ក្នុងនោះរាប់ទាំង​សកម្មជន​នយោបាយ បន្ថែមពីលើ​ការចោទប្រកាន់ពីបទ​រួមគំនិតក្បត់ ដែលមានទោសទណ្ឌកាន់តែ​ធ្ងន់ធ្ងរ​ជាងបទចោទប្រកាន់ញុះញង់ទៅទៀត ។ នេះជា​ការ​លើកឡើង​របស់សកម្មជន​បរិស្ថានវ័យ២៤ឆ្នាំ លោក លី ចាន់ដារ៉ាវុធ ។

ចាន់ដារ៉ាវុធ ដែលបានចាប់ផ្ដើមប្រឡូក​ការងារជាសកម្មជនសង្គម​នៅឆ្នាំ២០១៨ បច្ចុប្បន្នរង់ចាំតុលាការប្រកាសសាលក្រម ដែលលោកត្រូវបានចោទប្រកាន់ពីបទ​រួមគំនិតក្បត់​ផ្តួលរំលំរាជរដ្ឋាភិបាល រួមជាមួយនឹង​សកម្មជន​បរិស្ថាន ៩រូប​ផ្សេងទៀត ក្នុងនោះរួមទាំង​សហស្ថាបនិក​អង្គការមាតា​ធម្មជាតិ ដែល​មានសញ្ជាតិ​អេស្ប៉ាញ លោក Alejandro Gonzalez-Davidson ផងដែរ ។

លោកបាននិយាយថា៖ «វារឿងមិនពិតទេ បើ​សិនជាយើងនិយាយថាយើងមិនខ្លាច[ចំណាត់ការផ្លូវច្បាប់]នោះ… យើងកំពុងធ្វើការងារលើ​បញ្ហាដែលប្រឈមខ្លាំង ។ យើងគិត​និងបារម្ភរៀងរាល់ថ្ងៃ ពីការបាត់បង់​សេរីភាពរបស់​យើងនិងការជួបជុំគ្រួសារ» ។

លោក ចាន់ដារ៉ាវុធ បាននិយាយថា៖ «ខ្ញុំឃើញ​បណ្ដឹងដែលពេញនិយម[ទាក់ទិននឹង]បទចោទប្រកាន់​ញុះញង់ មក​លើ​សកម្មជន​ក្មេងៗ» ។

ការចោទប្រកាន់ពេញនិយមមួយផ្សេងទៀត គឺ​«បទបរិហារកេរ្តិ៍» ដែល​ត្រូវគេប្រើ​ប្រាស់​ដើម្បី​ដាក់​សម្ពាធ​លើ​ទ្រព្យ​សម្បត្តិនិងហិរញ្ញវត្ថុ​របស់ជនណាម្នាក់ដែល​ហ៊ាន​រិះគន់ចំៗ​ឈ្មោះ​«បុគ្គលមានអំណាចដែលប្រព្រឹត្តអំពើពុករលួយ​ ឬ​មន្ត្រីដែលមានតំណែងធំៗ» ។

យោងតាមមាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ការចោទប្រកាន់​ដោយ​ទុច្ចរិត​ ដែល​ធ្វើ​ឱ្យ​ខូច​ដល់​កិត្តិយស ឬ​កេរ្តិ៍ឈ្មោះ​របស់​ជនណាម្នាក់ ឬស្ថាប័នណាមួយ ត្រូវផ្ដន្ទាទោស​ពិន័យ​ជាប្រាក់ពី ១០ម៉ឺនរៀល ដល់ ១០លានរៀល (២៥០០ដុល្លារ) ។

លោក ចាន់ដារ៉ាវុធ បាននិយាយថា ទោះបីជាយ៉ាងនេះក្ដី ការប្ដឹងទាមទារ​សំណងជំងឺចិត្ត​ គឺច្រើនជាង​ការពិន័យជាប្រាក់​ ៣ ទៅ ៤ដង ដែលនេះជា​បន្ទុកដ៏ធ្ងន់មួយទៅលើ​ធនធានហិរញ្ញវត្ថុរបស់​ចុងចោទ ។

សកម្មជនបរិស្ថាន លី ចាន់ដារ៉ាវុធ និយាយទៅកាន់​អ្នកសារព័ត៌មាន​នៅក្រោយ​សវនាការលើរូបលោក កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)

បណ្ដឹង និងការគំរាមកំហែង

មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌរបស់ប្រទេស​កម្ពុជា​ ចែងថា អំពើញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ ឬប្រព្រឹត្ត​អំពើ​បង្ក​ឱ្យមានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ត្រូវផ្ដន្ទាទោស​ដាក់ពន្ធនាគារ ពី ៦ខែ ដល់ ២ឆ្នាំ រីឯ​មាត្រា ៤៥៣ ចែងថា អំពើរួមគំនិតក្បត់គឺជា​គម្រោង​ដែល​ព្រមព្រៀង​បង្កើត​ដោយ​មនុស្ស​ពីរនាក់ ឬច្រើន​នាក់ដើម្បី​ប្រព្រឹត្តឧបឃាត ។ ការរួមគំនិតក្បត់​នេះ​អាច​ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ។

ការចោទប្រកាន់ទាំងនេះបានក្លាយជា​ឧបករណ៍ផ្លូវច្បាប់​ប្រឆាំងនឹង​សកម្មជន​បក្ស​នយោបាយ​ជំទាស់ និង​បាន​បំបាក់ទឹកចិត្ត​សកម្មជនវ័យក្មេង​ដែល​អនុវត្ត​សិទ្ធិរបស់ខ្លួន​ដើម្បី​តស៊ូមតិ​លើបញ្ហា​សិទ្ធិមនុស្ស​និង​បញ្ហាសង្គម​ដើម្បីប្រយោជន៍​សាធារណៈ។

កាលពីឆ្នាំ២០២៣ អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​នៅកម្ពុជា (Cambodia Human Rights Watch) បាន​និយាយថា រដ្ឋាភិបាល​បាន​«បង្កើន​ការបៀតបៀន​និង​ការចាប់ខ្លួនតាមអំពើ​ចិត្តទៅលើ​សមាជិក​គណបក្សប្រឆាំង និងសកម្មជន» និង​បាន​ទាមទារ​ឱ្យ​ដោះលែង​អ្នកទាំងឡាយដែលត្រូវបានឃុំខ្លួន​ដោយ​ខុសច្បាប់

កាលពីឆ្នាំ២០២១ ខេមបូចា បាន​រាយការណ៍ថា សកម្មជន​ ១៤រូប​ត្រូវបាន​ផ្ដន្ទាទោស​ពីបទញុះញង់ ដោយសារតែរៀបចំការតវ៉ាអំពាវនាវ​ឱ្យ​ដោះលែង​មេដឹកនាំសហជីព លោក រ៉ុង ឈុន ដែល​កំពុងជាប់ពន្ធនាគារ​នៅពេលនោះ ។

មេដឹកនាំ​ជាន់ខ្ពស់​នៃគណបក្ស​ភ្លើងទៀនដែល​ជាគណបក្ស​ប្រឆាំង លោក សុន ឆ័យ ប្រឈមនឹង​ការរឹបអូសទ្រព្យសម្បត្តិ​ បន្ទាប់ពី​រូបលោក​បាន​ចាញ់​ក្ដី​នៅក្នុង​សំណុំរឿង​​បរិហារកេរ្តិ៍​ទាមទារ​សំណងជំងឺចិត្ត ១លានដុល្លារ ដែល​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ។ លោក ឆ័យ បានចោទប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា​ជាប់ពាក់ព័ន្ធនៅក្នុង«ភាពមិនប្រក្រតីនៃការបោះឆ្នោត និងការបន្លំ​ការបោះឆ្នោត» នៅក្នុង​ការបោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០២២ ។

លោក ចាន់ដារ៉ាវុធ បាននិយាយថា ដោយ​ឃើញ​បែបនេះ លោក​ព្រួយបារម្ភ​ដោយសារលោក​ដឹង​ពី​«ភាពឯករាជ្យរបស់តុលាការ» ។ លោក​បន្ត​ថា៖ «អ្នកដែលមានសំណុំរឿងនៅក្នុងតុលាការ ដូចជា អ្នក​ការពារសិទ្ធិមនុស្ស សកម្មជននយោបាយ គ្មានសង្ឃឹមថា[នឹងត្រូវតុលាការ]រកឃើញថាគ្មានទោស​នោះឡើយ» ។

លោក​បាន​កត់សម្គាល់ថា៖ «ខ្ញុំ​គិតថា សាលក្រម​នឹងមិនមានភាពវិជ្ជមាន​ឡើយ […] បទចោទប្រកាន់​លើ​ពួកយើង​នឹងមិនត្រូវបាន​លើក​លែងឡើយ ។ ប៉ុន្តែ យើងសង្ឃឹមថា យើងមានឱកាស​ប្រាប់ការពិត​ដល់​ប្រជាជន ដល់​​យុវជន​ដែលគាំទ្រ​យើង​ និងដល់​​សារព័ត៌មាន ថា យើង​មិន​ក្បត់ជាតិទេ ។ យើង​គ្មានទោស​កំហុស​ទេ» ។

លោក សុក សំអឿន អ្នកជំនាញ​ផ្នែក​ច្បាប់ ​និងជា​​មេធាវី យល់ឃើញថា ក្រមព្រហ្មទណ្ឌ និងក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៅតែមាន​«ចន្លោះប្រហោង» និង​ថា ច្បាប់អាច​ត្រូវ​មន្ត្រីតុលាការ​«យកទៅបកស្រាយ» ។

លោកបាននិយាយថា៖ «យើង​ឃើញថាអ្វីដែលជា​ឧបសគ្គ គឺ​ច្បាប់ និង[របៀបដែល] បកស្រាយច្បាប់របស់តុលាការ ដូច្នេះ យើង​មិនអាច​បដិសេធ[ថាវាគ្មានរឿងនេះកើតឡើងទេ] ។ ដើម្បីកាត់បន្ថយ​[ភាពប្រឈម] យើង​ត្រូវ​កែច្បាប់ និង​សរសេរ​ឱ្យច្បាស់លាស់» ។

លោក សំអឿន បាននិយាយថា៖ «[នៅក្នុង]ប្រព័ន្ធតុលាការរបស់យើង នៅពេលអ្នកណាម្នាក់ដាក់ពាក្យបណ្ដឹង បទល្មើសត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារដល់ ១ឆ្នាំ ជាមួយនឹងការឃុំខ្លួន» ។ ដោយលោកបន្ថែមថា៖ «ទោះបីពិតក្ដី ឬ​មិន​ពិត​ក្ដី គេត្រូវ[ដាក់ឱ្យស្ថិត]នៅក្នុង​ការឃុំខ្លួន​នៅមុនការជំនុំជម្រះទោស​ជាមុនសិន ដូច្នេះ​វាជា​បញ្ហានៅលើ​ចំណុចនោះ» ។

លោកបានកត់សម្គាល់ថា យុវជនកម្ពុជា​ភាគច្រើន​ រួមទាំងគ្រួសាររបស់ពួកគេផង បារម្ភខ្លាចថា ធ្វើការងារ​លើ​បញ្ហា​សិទ្ធិមនុស្ស​នឹងនាំឱ្យពួកគេ​ជាប់ពន្ធនាគារ ឬត្រូវគេសម្លាប់ ។ បញ្ហានេះធ្វើឱ្យ​យុវជន​ភ័យ​ខ្លាច​មិន​ហ៊ានចូលរួម​នៅក្នុង​បញ្ហា​សង្គម ។

លោកបាននិយាយថា៖ «រដ្ឋធម្មនុញ្ញរបស់យើង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចូលរួម​នៅក្នុង​បញ្ហាសង្គម ប៉ុន្តែ ការអនុវត្ត​[ច្បាប់]គឺផ្សេង ដូច្នេះ ពួកគេ[យុវជន]មិនយកចិត្តទុកដាក់​ចំពោះ​បញ្ហា​នយោបាយទេ» ។

លោកបានទទូច​ឱ្យរដ្ឋាភិបាល​ធ្វើវិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ទាក់ទិននឹង​ការឃុំខ្លួនបណ្តោះអាសន្ន​នៅមុន​ការជំនុំ​ជម្រះក្ដី ។ ប្រសិនបើ​បទល្មើសទាំងនោះ​ពុំមាន​ការឃុំ​ខ្លួន​ទេ គេនឹងមិនដាក់​ពាក្យ​បណ្ដឹង​ឡើយ ។

«ច្បាប់មិនខុសទេ»

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ បាន​សង្កេត​ឃើញថា យុវជនដែល​ធ្វើការងារដើម្បីការពារបរិស្ថាន​ សិទ្ធិមនុស្ស និងបញ្ហា​សង្គម ត្រូវបានចាប់ខ្លួន​និងផ្ដន្ទាទោស​ពី​បទ​បរិហារកេរ្តិ៍ បទញុះញង់ ប្រមាថ​ព្រះមហាក្សត្រ និង​ថ្មីៗបំផុតនេះ គឺ«បទរួមគំនិតក្បត់» ។

លោកបាននិយាយថា៖ «ខ្ញុំបានសង្កេតឃើញថា បទចោទប្រកាន់ញុះញង់​ស្ទើរតែគ្រប់សំណុំរឿង​ដែលយុវជនទាំងនោះត្រូវបានចោទប្រកាន់។ ឧបសគ្គ ការភ័យខ្លាចពីការចាប់ខ្លួន​និង​ការឃុំ​ខ្លួន​ ព្រមទាំង​បណ្ដឹង​ទៅតុលាការមួយចំនួន ដែលនាំឱ្យ​យុវជន​ខ្លាច​លែងហ៊ានចូលរួម​នៅក្នុង​កិច្ចការ​សង្គម​និង​នយោបាយ» ។

លោក​បាន​បន្ត​ថា ការមើលឃើញ​យុវជន​ដែល​សកម្ម​នៅក្នុង​បញ្ហា​បរិស្ថាន ធនធាន​ធម្មជាតិ ការពារសិទ្ធិមនុស្ស​និង​ការងារ​សង្គម​ទទួលរងគ្រោះដោយសារបណ្ដឹង ការចោទប្រកាន់ និងការឃុំឃាំង ស្ថិតក្នុងចំណោម​ឧបសគ្គ​ចម្បងៗ​ដែលរារាំង​ដល់​ការចូលរួម​របស់​យុវជន​នៅក្នុង​បញ្ហាទាំងនេះ ។

លើសពីនេះទៀត សម្ពាធ​ពី​អាណាព្យាបាល​និងគ្រួសារ​ក៏ជា​ឧបសគ្គ​មួយ​សម្រាប់​យុវជន​ក្នុងការចូលរួម​ក្នុងការងារ​សង្គម​និងការងារ​នយោបាយ ផងដែរ ។ សាលារៀន​នានាក៏មិនអនុញ្ញាត​ឱ្យ​និយាយ​រឿង​នយោបាយផងដែរ ។

កាលពីខែមេសា ឆ្នាំនេះ សកម្មជនសិទ្ធិមនុស្ស លោក កើត សារ៉ាយ ត្រូវបានដាក់​ឱ្យស្ថិតនៅក្រោម​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​បន្ទាប់ពី​ត្រូវបានចោទប្រកាន់ពីបទ​ញុះញង់ ក្រោយពេលដែល​លោក​បាន​ជួបជុំ​ជាមួយអ្នកភូមិ ដែលជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីមួយ​កន្លែង​នៅក្នុង​ខេត្ត​ព្រះវិហារ ។

នៅក្នុងឆ្នាំនេះដែរ លោក សឹង សែនករុណ នាយករង​នៃអង្គការ​សិទ្ធិ​មនុស្ស​ អាដហុក ដែល​បញ្ចេញ​មតិ​មិន​សំចៃមាត់ បានត្រូវគណបក្ស​កាន់​អំណាច CPP ប្ដឹង​ជុំវិញ​អត្ថាធិប្បាយរបស់​លោក​​នៅក្នុង​ការចុះផ្សាយរបស់សារព័ត៌មានមួយ ។ គណបក្ស​បានទាមទារ​សំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារ ។

អ្នកនាំពាក្យក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បានជំទាស់ទៅនឹង​ការអំពាវនាវ​ឱ្យ​កែប្រែច្បាប់ ដោយ​លោក​កត់សម្គាល់ថា ច្បាប់ទាំងនោះ«អនុលោមទៅតាម​គោលការណ៍សិទ្ធិមនុស្ស ដំណើរការ​ប្រជាធិបតយ្យ និង​មិន​ខុសអ្វី​ពីច្បាប់នៅក្នុង​បណ្ដាប្រទេស​ប្រជាធិបតេយ្យ​ឡើយ» ។

លោកបាននិយាយថា៖ «បញ្ហារបស់យើងនៅទីនេះ គឺមិនមែនបញ្ហាច្បាប់ទេ ប៉ុន្តែ គឺសកម្មភាពទង្វើ​ដែល​ល្មើសទៅនិង​ច្បាប់» ។ លោក​បន្តថា គេត្រូវតែចាត់វិធានការ​ចំពោះអ្នកណាក៏ដោយ​ដែល​រំលោភ​ច្បាប់ ។ លោក​បាន​បន្ថែមថា គេមិនចាំបាច់​ខ្លាចច្បាប់ទេ ប្រសិនបើ​គេ​មិន​បានធ្វើអ្វីខុស ។

លោក ម៉ាលីន បាននិយាយថា៖ «យើងបានឃើញ​ប្រជាពលរដ្ឋ​ភាគច្រើនគេ​អនុវត្ត​សិទ្ធិរបស់ខ្លួន​ដោយ​សេរី ស្របតាម​រដ្ឋធម្មនុញ្ញ ដោយ​មិនរំលោភ​បំពាន​សិទិ្ធ​សេរីភាព​របស់អ្នកដទៃ ។ ពួកគេ​គ្មាន​បញ្ហា​ជាមួយ​ច្បាប់ទេ លើកលែង​តែមនុស្ស​មួយក្រុមតូច​ដែល​បាន​ធ្វើ​សកម្មភាព​ក្នុង​ចេតនាមិនល្អ បានជាមានការខ្លាចប្បាប់» ។

លោកបានបន្ត​ថា ជាទូទៅ មនុស្សដែលខ្លាចច្បាប់ ជាមនុស្ស​«មានល្បិចកិចកល» ឬមនុស្ស​ដែល​មាន​​ចេតនាមិនល្អ​ដើម្បី​ធ្វើសកម្មភាព​ខុសច្បាប់ ភាគច្រើនគឺខ្លាចច្បាប់» ។

ការចូលរួម​ក្នុង​កិច្ចការសង្គម និងនយោបាយ

អង្គការតម្លាភាពអន្តរជាតិប្រចាំកម្ពុជាបានចេញផ្សាយ​របាយការណ៍​ស្ទង់មតិមួយ​ស្ដីពីការចូលរួម​របស់​ពលរដ្ឋ​នៅក្នុងកិច្ចការនយោបាយ នៅឆ្នាំ២០២៤នេះ ដែលបានបង្ហាញថា ជាង ៨០% នៃយុវជន​កម្ពុជា​មិនចាប់អារម្មណ៍​នឹងនយោបាយទេ ប៉ុន្តែ មានតែ ១៧% ប៉ុណ្ណោះដែលនិយាយថា ពួកគេ​ចាប់អារម្មណ៍​នឹង​នយោបាយ ។ ការស្ទង់មតិ​ត្រូវបានធ្វើឡើងដោយផ្ទាល់​ជាមួយ​យុវជន​កម្ពុជា​ ១៦០០​នាក់ ដែលមាន​អាយុ​ចន្លោះពី ១៨ ដល់ ៣៥ឆ្នាំ ។

លោក ស៊ឹម ជឿង អាយុ ៣៤ឆ្នាំ ជាយុវជនមកពី​គណបក្ស​កែទម្រង់កម្ពុជា បានសម្ដែងការយល់ស្រប​នឹង​ការស្ទង់មតិ ដោយនិយាយថា ការចូលរួមកម្រិតទាបនៅក្នុងកិច្ចការសង្គម​និង​នយោបាយ​គឺបណ្ដាល​មកពី​វិធានការច្បាប់​ដែលត្រូវគេមើលឃើញថាជា«ការរាំងស្ទះ»ការចូលរួមរបស់យុវជន ។

លោកបាននិយាយថា៖ «[ការចូលរួម]បានធ្លាក់ចុះ ហើយ​យុវជន​មិន​ហ៊ាន​ចេញមុខ​ទេដោយសារ​ពួកគេ​បារម្ភពី​ការរឹតត្បិត​លើ​សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ។ ប៉ុន្តែ ក៏​នៅមានមនុស្សមួយចំនួន​ដែល​[ចូលរួម]នៅក្នុងសកម្មភាពនានាតាមរយៈ​បណ្ដាញសង្គមដែរ» ។

លោក ជឿង យល់ឃើញថា យុវជន​បារម្ភពី​វិធានការច្បាប់ ការចោទប្រកាន់ ការចាប់ខ្លួន និង​ការឃុំ​ឃាំង ។ លោកបន្តថា៖ «វាធ្វើឱ្យពួកគេបារម្ភពី​សន្តិសុខ សុវត្ថិភាព និង​មុខរបរ​ចិញ្ចឹមជីវិតរបស់ពួកគេ» ។

យុវជន ស៊ឹម ជឿង យុវជនមកពីគណបក្សកែទម្រង់​កម្ពុជា ចូលរួម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាខេត្ត/រាជធានីនិង​ស្រុកខណ្ឌ នៅក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ។ (រូបភាពផ្ដល់ឲ្យ)

លោកបានកត់សម្គាល់ថា នៅឆ្នាំ២០១២ និងឆ្នាំ២០១៣ យុវជន​បានចូលរួម​យ៉ាងសកម្ម​នៅក្នុង​នយោបាយ​ នៅគ្រាដែល​គណបក្ស​ប្រឆាំងពីរធំៗ គឺគណបក្ស​សមរង្ស៊ី និងគណបក្ស​សិទ្ធិមនុស្ស បានច្របាច់បញ្ចូលគ្នា​បង្កើតជាគណបក្ស​សង្គ្រោះជាតិ​កម្ពុជា (CNRP) ប៉ុន្តែ ការចូលរួមនោះបានធ្លាក់ចុះ​បន្ទាប់ពី​ការរំលាយគណបក្ស CNRP នៅឆ្នាំ២០១៧ ។

ភាពអសកម្ម​របស់​យុវជននៅក្នុងកិច្ចការនយោបាយនឹងបង្ក​ផលប៉ះពាល់អវិជ្ជមាន​លើ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ក៏ដូចជា​ការ​ចូលរួមចំណែករបស់ពួកគេនៅក្នុងសង្គមដែរ ។

លោក ជឿង បាននិយាយថា៖ «វាប៉ះពាល់ដល់​អនាគត​ប្រទេសជាតិរបស់​យើង […] ដោយសារ​យើង​ដឹង​ថា ការចូលរួមរបស់យុវជន​នៅក្នុង​កិច្ចការសង្គម​និង​នយោបាយ[ដែល]ស្របទៅតាមច្បាប់ និងជំរុញ​ដល់​ការអភិវឌ្ឍ» ។

លោកបានបន្តថា៖ «ខ្ញុំគិតថា ការរឹតត្បិត​សិទ្ធិ​សេរីភាព​មិនគួរអនុវត្ត​ទៅលើ​យុវជន​ដែលមាន​ឆន្ទៈ​ចង់​កសាង​ប្រទេសជាតិ​ជាមួយរដ្ឋាភិបាល​ឡើយ ដោយសារតែប្រទេសនេះជា​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប» ។

ដើម្បីលើកទឹកចិត្ត​ឱ្យយុវជន​កាន់តែច្រើនខ្វល់ខ្វាយ​នឹង​បញ្ហា​សង្គម លោក ជឿង បាន​អំពាវនាវ​ដល់​មេដឹកនាំនយោបាយ​ ជាពិសេស រាជរដ្ឋាភិបាល ​«ផ្តល់អំណាច»យុវជន​និងស្ត្រី​នៅកម្រិត​មូលដ្ឋាន និង​ផ្ដល់​ឱកាស​ដល់ពួកគេ​ដើម្បីកាន់តួនាទីធ្វើការសម្រេចចិត្ត ។

កញ្ញា ដាំ សុស្រីនាង អាយុ ២៣ឆ្នាំ ជាសមាជិក​បណ្ដាញ​យុវជន​កម្ពុជា បានលើទ្បើងថា ការដែល​យុវជន​មិនចូលរួម​នៅក្នុង​បញ្ហាសង្គម​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺដោយសារតែ«សុវត្ថិភាព​ផ្ទាល់ខ្លួន និង​សម្ពាធគ្រួសារ» ក្នុងនោះរួមទាំង​វិធានការច្បាប់ទៅលើ​សកម្មជន ផងដែរ ។ វា​បាន​បំបាក់ទឹកចិត្ត​ពួកគេ​ក្នុង​ការអនុវត្ត​សិទ្ធិរបស់ពួកគេ ។

កញ្ញា​ សុស្រីនាង បាននិយាយថា៖ «នៅពេល​សកម្មជន​សិទ្ធិមនុស្ស​និងបរិស្ថាន​ត្រូវគេចោទប្រកាន់ពី​បទ​ញុះញង់ វាធ្វើ​ឱ្យ​យុវជនមកធ្វើ​ការងារ​ណាដែល​ស្របជាមួយនឹង​រដ្ឋាភិបាល» ។

សមាជិក​បណ្ដាញយុវជន​កម្ពុជា កញ្ញា ដាំ សុស្រីនាង និយាយជាមួយ​អ្នក​សារព័ត៌មាន​ ខេមបូចា ក្នុងអំឡុងពេល​នៃកិច្ច​សម្ភាសន៍មួយ​នៅរាជធានភ្នំពេញ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)

កញ្ញា សុស្រីនាង បាននិយាយថា តំណាងយុវជន​ដែលបញ្ចេញមតិ​នៅមានកម្រិតទាបនៅឡើយ ជាពិសេស ពាក់ព័ន្ធនឹង​បញ្ហា​សង្គមនិងបរិស្ថាន ដោយសារតែសកម្មជនជាច្រើននាក់​បានត្រូវចាប់ខ្លួន និង​​បញ្ជូនទៅពន្ធនាគារ ។

កញ្ញា សុស្រីនាង បាននិយាយថា៖ «គ្រួសារខ្ញុំបានណែនាំខ្ញុំ​មិន​ឱ្យ​ចូលរួមពាក់ព័ន្ធនឹងនយោបាយទេ ប៉ុន្តែ ខ្ញុំមិនបារម្ភទេ ពីព្រោះវាជាសិទ្ធិរបស់ខ្ញុំ ។ ប្រសិនបើ​ខ្ញុំ​មិន​ហ៊ាន​អនុវត្ត​សិទ្ធិ​របស់​ខ្ញុំ តើ​ឱ្យអ្នកណា​មក​អនុវត្ត​ជំនួស​ខ្ញុំ ? ខ្ញុំ​នឹង​បន្ត​ចូលរួមចំណែក​ឱ្យបាន​ច្រើនតាមដែលអាចធ្វើទៅបាន» ។

កញ្ញាបានបន្ត​ថា៖ «ខ្ញុំគិតថា នៅពេលយុវជន​ចូលរួម​ការពារសិទ្ធិ​ពលរដ្ឋ​ វាជះឥទ្ធិពលវិជ្ជមាន​ទៅលើ​ប្រទេសជាតិរបស់​យើង ហើយយើង​នឹង​យល់ដឹងពី​គោលនយោបាយនៃការអភិវឌ្ឍជាតិ» ។ ដោយកញ្ញាបានបន្ថែមថា៖ «នៅពេល​យើងដឹង​ពី​សិទ្ធិរបស់​យើង យើងអាចប្រើប្រាស់វា​ដោយ​គ្មានអ្នកណាម្នាក់អាចដាក់សម្ពាធ​លើ​យើង​បាន​ឡើយ» ។

សង្កេតមើល​អ្នកអនុវត្ត​ច្បាប់

តំណាងសហជីពលោកស្រី ធីវ ស្រីយ៉ា ដែលធ្វើការនៅឯរោងចក្រ​កាត់ដេរមួយកន្លែង​ក្នុង​រាជធានីភ្នំពេញ បាន​និយាយថា មានកម្មករ​មួយចំនួនតូចដែល​ចង់​ក្លាយជា​តំណាងសហជីព​ដោយសារពួកគេ​ខ្លាច​បាត់បង់​ការងារ​ ឬ​ប្រឈមមុខ​នឹង​បណ្ដឹង​ ។

លោកស្រី ស្រីយ៉ា បាននិយាយថា៖ «កម្មករភាគច្រើនបំផុត​មិនចង់ធ្វើជា​សកម្មជន​សហជីពទេ ។ ដូច្នេះ ពួកគេ​មិនសូវយល់ដឹង[ពីច្បាប់]។ ប្រសិនបើកម្មករ​ទៅរកពួកគេ​ឱ្យជួយ ពួកគេ​មិនចេះដោះស្រាយទេ» ។

លោកស្រីបាននិយាយថា៖ «ទីពីរ ប្រសិនបើពួកគេចូលរួម​ជាមួយសហជីព ពួកគេ​ខ្លាច​ខាង[ម្ចាស់]រោងចក្រ​បណ្ដេញចេញពីការងារ ។ សូម្បីឥឡូវយើងមាន​សកម្មជនសហជីពច្រើនក្ដី ក៏ប៉ុន្តែ ពួកគេ​មិន​ចូលរួម​សកម្មទេ ដោយសារពួកគេខ្លាច» ។

សព្វថ្ងៃ លោកស្រីជួបការលំបាក​ជាមួយនឹង​អ្នកគ្រប់គ្រងរោងចក្រ​ដោយសារតែពួកគេ​មិនខ្វល់ថា​អ្នកណា​ជា​តំណាងសហជីពឡើយ ។ ជារឿយៗ ពួកគេ​គំរាម​បណ្ដេញចេញពីការងារ ប្រសិនបើ​រោងចក្រ​មិន​សប្បាយចិត្ត​ និងនៅពេលដែល​កម្មករ​ផលិតមិនបានទៅតាមការទាមទារ​របស់​រោងចក្រ ។

លោកស្រីបាននិយាយថា ឧទាហរណ៍ លោកស្រីត្រូវបាន​អ្នកគ្រប់គ្រងរោងចក្រ​ហៅឱ្យទៅជួប ដើម្បី​ប៉ុនប៉ង​បណ្ដេញ​គាត់ពីការងារ ប៉ុន្តែ មិនបានជោគជ័យដោយសារតែមានការតវ៉ា​ពី​កម្មករ ។

លោកស្រីបានបន្តថា៖ «ប្រសិនបើពួកគេ​មិនចូលរួមជាមួយ​សហជីពទេ ពួកគេអាចជួបបញ្ហា​ប្រឈម​ជាច្រើន ដូចជា នៅពេល​ដែលពួកគេត្រូវគេបញ្ឈប់​ពីការងារ ពួកគេ​មិនដឹងថា​ត្រូវដោះស្រាយដូចម្ដេច​ ឬ​អ្នកណា​អាចជួយ​ពួកគេ​បាន ឡើយ» ។

លោកស្រី ស្រីយ៉ា បាននិយាយថា៖ «មិនស្រួលទេ យើងត្រូវធ្វើការ​ច្រើន ពីព្រោះ​ពួកគេ[អ្នកគ្រប់គ្រង]​បាន​កំណត់ពីចំនួន[ខោអាវ]ដែលត្រូវដេរ ឧទាហរណ៍ ពួកគេ​ត្រូវការ​​ឱ្យផលិត​ឱ្យបានខោអាវ ២០០០​សម្រាប់​ក្នុង​មួយថ្ងៃ ដូច្នេះ យើង​ត្រូវ​តែធ្វើតាម​គេ» ។

តំណាងសហជីព​រោងចក្រ​កាត់​ដេរ ទីវ ស្រីយ៉ា ផ្ដល់​បទសម្ភាសន៍មួយ​នៅ​រាជធានីភ្នំពេញ ដល់​អ្នកសារព័ត៌មាន​ ខេមបូចា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។ (ខេមបូចា/ឃួន ណារីម)

នៅក្នុងរោងចក្ររបស់លោកស្រី មានតំណាងសហជីពប្រមាណ ៣០សហជីព ប៉ុន្តែ តំណាងសហជីពខ្លះ​មិនសូវខ្វល់ខ្វាយដោះស្រាយបញ្ហា​ឱ្យកម្មករដែរ។

លោកស្រី បាននិយាយថា ដើម្បីកែលម្អ​វិស័យ​កាត់ដេរ អ្នកគ្រប់គ្រងរោងចក្រ​ចាំបាច់ត្រូវគោរព​ច្បាប់​ការងារ និង​សិទ្ធិរបស់​កម្មករ រីឯ​កម្មករ​ត្រូវតែក្លាហាន​ក្នុងការការពារសិទ្ធិរបស់ខ្លួន ។

និស្សិតឆ្នាំទីបួន លោក ជន សុខធូធារាជ្យ បាននិយាយថា យុវជន​ដើរតួនាទីសំខាន់​ក្នុង​សង្គម​និង​នយោបាយ ជាពិសេស ដើម្បី​«សង្កេតការណ៍»ទៅលើ​មន្ត្រីអនុវត្តច្បាប់ និង​តាមដាន​គណនេយ្យភាព​ ពាក់ព័ន្ធនឹងការបម្រើសេវា​សាធារណៈ ។

លោកបាននិយាយថា៖​ «ប្រសិនបើ​យើង[យុវជន]មិនសកម្មទេ សេវាសាធារណៈ​នឹង​មិន​ល្អ​ឡើយ» ។ លោក​បន្ត​ថា សព្វថ្ងៃ យុវជនភាគច្រើនបំផុត​គិត​ពី​ការសិក្សា សុវត្ថិភាពផ្ទាល់ខ្លួន និងសេដ្ឋកិច្ច​គ្រួសារ​ ជាជាង​តស៊ូមតិ​ពី​បញ្ហាសង្គម ។

និស្សិត សុខធូធារាជ្យ បាននិយាយថា៖ «[រដ្ឋាភិបាល]ប្ដេជ្ញាចិត្ត​ឱ្យ​យុវជន​ចូលរួម​ក្នុង​សង្គម​និង​នយោបាយ ប៉ុន្តែ ជាក់ស្ដែង តួនាទី​របស់​យុវជន​មិន​អាច​បញ្ជ្រាបឥទ្ធិពល​ទៅលើ​ការធ្វើ​សេចក្ដី​សម្រេច​ចិត្ត​បានឡើយ» ។

លោកបានយល់ស្របថា យុវជន​និង​សកម្មជន​មិនចូលរួមសកម្មទេ សព្វថ្ងៃនេះ ដោយសារតែ​ស្ថានភាព​បច្ចុប្បន្ន​ដែល​លំហ​សេរីភាពបញ្ចេញ​មតិ​និង​ការជួបជុំ​បាននិងកំពុងរួម​តូច ។

យុទ្ធនាការតាមបណ្ដាញសង្គម

លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិ​អង្គការ​យេនឌ័រ​និងអភិវឌ្ឍន៍​ដើម្បី​កម្ពុជា បាន​លើកឡើងពី​ការលំបាកក្នុងការស្វែងរក​ស្ត្រីក្មេងៗដើម្បីតំណាង​ឱ្យសហគមន៍​ដោយសារតែ​ឪពុកម្ដាយរបស់ពួកគេ​ព្រួយ​បារម្ភខ្លាច​ពួកគេត្រូវគេចាប់ខ្លួន ប្រសិនបើ​ពួកគេ​ចូលរួមពាក់ព័ន្ធនៅក្នុង​បញ្ហានយោបាយ ។

លោកស្រីបាននិយាយថា ទោះបីយើបានធ្វើការជាមួយស្ត្រីនៅតាមខេត្តក្ដី​ ក៏ពិបាក​រកស្ត្រីក្មេងៗ​ឱ្យចូលរួម​នៅក្នុង​យុទ្ធនាការ​ ឬ​ការបណ្ដុះបណ្ដាល​អំពី​បញ្ហា​យេនឌ័រនៅក្នុង​សហគមន៍​របស់ពួកគេ ។

ស្ត្រីក្មេងៗដើរតួនាទីសំខាន់​ដោយសារពួកគេ​ដឹង​ពីបញ្ហា​ដែល​ស្ត្រី​នៅក្នុង​សហគមន៍របស់ពួកគេ​បានជួប​ប្រទះ ។

លោកស្រី ចាន់ឌី បាននិយាយថា៖ «ប្រសិនបើ​ស្ត្រីវ័យក្មេងមិនចូលរួមនៅក្នុងការដោះស្រាយ​បញ្ហា​សង្គម​និង​នយោបាយទេ យើង​នឹងមិនអាចឆ្លើយតបទៅនឹង​ប្រជាជនជាច្រើននាក់ដែលកំពុង​ជួប​ប្រទះ​បញ្ហា ឬ​ដែល​ទទួលបានបុព្វសិទ្ធិតិចតួច​នៅក្នុង​សង្គម​របស់​យើង​ឡើយ» ។

ប៉ុន្តែ ពួកគេ​គួរតែត្រូវបានជំរុញទឹកចិត្ត​ឱ្យ​ចូលរួម​នៅក្នុងសង្គមនិង​នយោបាយ ពីព្រោះ​មាន​បញ្ហា​ជាច្រើន​នៅតាមសហគមន៍ ។ លោកស្រី ចាន់ឌី បាននិយាយថា៖ «កម្មវិធីរបស់យើងមួយចំនួនបានបណ្ដុះបណ្ដាល​ស្ត្រីវ័យក្មេងលើ​ភាពជាអ្នកដឹកនាំ ការតស៊ូមតិ និងបញ្ហា​យេនឌ័រនៅក្នុងសហគមន៍របស់ពួកគេ ។ បន្ទាប់មក ពួកគេ​នឹង​ទទួលបាន​ថវិកា​មួយចំនួន​ដើម្បីដោះស្រាយបញ្ហា​នៅក្នុង​សហគមន៍របស់​ពួកគេ» ។

ទោះបី​មាន​យុវជន​ក្មេងៗ​បាននិងកំពុងធ្វើការងារ​ក្នុងសង្គម​និង​នយោបាយ​ក្ដី លោកស្រី​បានកត់សម្គាល់ឃើញថា មានការធ្លាក់ចុះ​បើធៀបនឹង​កាលពី១០ឆ្នាំមុន នៅពេលដែល​យុវជន​មានភាពសកម្មជាងនេះ និង​បានសម្ដែង​មតិ​របស់ពួកគេ​អំពី​នយោបាយ​និង​លទ្ធិប្រជាធិបតេយ្យ ។ ពួកគេ​បាន​ងាក​ទៅ​រក​ការធ្វើ​យុទ្ធនាការ​តាមអនឡាញ​តាមរយៈ​ហ្វេសប៊ុក និង Tiktok វិញ ដើម្បី​បញ្ចេញទស្សនៈ​ទាំង​ក្នុង និង​ក្រៅប្រទេស ។

យោងតាម​លោក ចាន់ដារ៉ាវុធ សកម្មជនចលនា​មាតាធម្មជាតិ មាន​បញ្ហាធំៗ​ចំនួន​​បី​ដែល​រារាំង​ការចូលរួម​របស់​យុវជន​នៅក្នុងសង្គម​និង​នយោបាយ ។ ទីមួយ ការបង្ក្រាបពីសំណាក់រដ្ឋាភិបាល​ដែល​ប្រើប្រាស់​វិធានការច្បាប់​ ដូចជា ការចាប់ឃុំខ្លួន​និងការគំរាមកំហែង និងការព្រមាន​នៅតាម​សាលារៀន​មិន​ឱ្យ​មានការនិយាយរឿងនយោបាយ ។

ទីពីរ គ្រួសារនៅក្នុងប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់​សង្គ្រាមស៊ីវិលក្នុងអំឡុងសម័យខ្មែរក្រហម បានធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ភ័យខ្លាច ។ ពួកគេបានបង្រៀនកូនៗ​មិន​ឱ្យ​ខ្វល់ខ្វាយនឹងបញ្ហា​សង្គម ដោយសារពួកគេ​ជឿជាក់ថា វាជាការងារដែលគ្រោះថ្នាក់ ។

ទីបី កង្វះ​ការគាំទ្រ​សម្រាប់យុវជន ដែល​មានភាពក្លាហាន​និង​ចូលរួមសកម្ម​នៅក្នុងការ​សម្ដែង​មតិ​រិះគន់ និង​កិច្ចប្រឹងប្រែង​ដើម្បីលើកទឹកចិត្ត​ពួកគេ​ឱ្យខ្វល់ខ្វាយ​អំពី​សហគមន៍ ។

លោក ចាន់ដារ៉ាវុធ បាននិយាយថា៖ «ខ្ញុំគិតថា ប្រសិនបើ​មានការលើកទឹកចិត្ត​ពីគ្រួសារ​និង​ការគាំទ្រ​ហិរញ្ញវត្ថុ នឹងមាន​យុវជន​ច្រើន​ដែលចង់​បញ្ចេញមតិ​លើ​បញ្ហាសង្គម» ។

លោកគិតថា ប្រសិនបើយុវជន​មិនចូលរួម​ដើម្បីធានាឱ្យមានការផ្លាស់ប្ដូរវិជ្ជមាន​នៅក្នុង​សង្គម​ទេ វាអាច​ប៉ះពាល់​ដល់​ការអភិវឌ្ឍជាតិ​ ។ លោកថា៖ «ប្រសិនបើ​យើង​ខ្លាច និងមិនធ្វើអ្វីសោះនៅពេលនេះ យើងនឹង​ទទួលរងគ្រោះនៅពេលអនាគត» ។

ដើម្បី​កែលម្អស្ថានភាព​នៅពេលអនាគត លោក ចាន់ដារ៉ាវុធ បានអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​គោរព​​​រដ្ឋធម្មនុញ្ញ ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​សម្ដែង​មតិ​និង​ក្ដីកង្វល់នានាអំពីបញ្ហាសង្គម​នៅតាម​សហគមន៍​របស់ខ្លួន ។ ពួកគេគួរតែត្រូវបានអនុញ្ញាត​ឱ្យចូលរួម​នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច​សង្គម​ និង​ចូលរួម​នៅក្នុង​នយោបាយ ។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា បានចែករំលែកទស្សនៈ​ស្រដៀងគ្នាដែរ ពាក់ព័ន្ធនឹង​ក្រុមសង្គមស៊ីវិល ។ លោកបាននិយាយថា យុវជន​មិនអើពើនឹងការចូលរួមពាក់ព័ន្ធនឹង​កិច្ចការ​សង្គម​និង​នយោបាយ ដោយសារតែការគំរាមកំហែង​ផ្លូវច្បាប់ និង​សម្ពាធគ្រួសារ ។

លោកបាននិយាយថា៖ «យើងអាចនិយាយបានថា វិធានការច្បាប់​គឺជាកត្តាមួយ​ដោយសារតែប្រជាជន​មិនអាចជឿទុកចិត្ត​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌បាន សិទ្ធិក្នុងការអនុវត្ត​សេរីភាពបញ្ចេញមតិ​ត្រូវបានរឹតត្បិត ឬ​គំរាមកំហែង​ដោយ​មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ស្ដីពី​បទ​ញុះញង់» ។

លោក សុវណ្ណារ៉ា បាននិយាយថា៖ «រឿងមួយទៀត គឺ​ការឃុំខ្លួន​បណ្តោះអាសន្នរយៈពេល ៦ខែ ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​មិនខ្វល់ខ្វាយ​នឹងបញ្ហាសង្គមនិងនយោបាយ» ។

លោកបានបន្តថា នយោបាយគឺជា«ពាក្យរសើប» ជាពិសេស ក្នុងចំណោម​ចាស់ៗជំនាន់មុន ដែល​បានបង្រៀនកូនចៅ​មិន​ឱ្យខ្វល់ខ្វាយនឹងបញ្ហានយោបាយ ។

លោកបានពន្យល់ថា នៅពេលយុវជន​និងពលរដ្ឋទូទៅ​មិន​ចូលរួមសកម្មនៅក្នុង​នយោបាយ​សង្គម សង្គមជាតិ​នឹង​ទទួលរងគ្រោះដោយសារការអនុវត្ត​ច្បាប់​មិនបានល្អ ហើយនឹងក្លាយជា​សង្គមមួយ​ដែល​គំរាមកំហែង​ដល់​សិទ្ធិ​និង​សេរីភាពរបស់​ប្រជាពលរដ្ឋ ផ្ទុយពី​រដ្ឋធម្មនុញ្ញ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Threat of Legal Action An Obstruction To Young Activists To Participate in Politics And Social Issues

248 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម