ខេត្តព្រះសីហនុ៖ អាជីវករដែលមានភោជនីយដ្ឋានលក់ដូរជាង៤០ហាង មានទីតាំងនៅតាមឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ បង្ហាញការមិនពេញចិត្តចំពោះការយកថ្លៃភាស៊ីចំណតរថយន្តពីភ្ញៀវទេសចរ ដែលចូលមកកម្សាន្តនៅឆ្នេរអូរឈើទាល ដែលចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី៦ ខែកុម្ភៈថា អាចនាំឱ្យភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមិនសប្បាយចិត្ត ហើយឈប់ចូលមកកម្សាន្តឆ្នេរនេះទៀត។
ទោះបីយ៉ាងណា ការព្រួយបារម្ភនេះត្រូវបានអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលដោយបញ្ជាក់ថា ការបង្កើតឲ្យមានក្រុមហ៊ុនឯកជនយកភាស៊ីថ្លៃចតរថយន្ត នាំឲ្យភ្ញៀវទេសចរសប្បាយចិត្ត និងមានទំនុកចិត្តទៅលើសុវត្ថិភាពយានជំនិះរបស់ខ្លួនទៅវិញទេ។
ប្រតិកម្មរបស់អាជីវករនៅឆ្នេរអូរឈើទាលបែបនេះ បានកើតឡើងបន្ទាប់ពីថ្ងៃទី៥ ខែកុម្ភៈ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានកោះហៅក្រុមអាជីវករ ដែលមានតូប ឬហាងលក់ដូរ នៅតាមឆ្នេរអូរឈើទាល មកប្រជុំបន្ទាន់ រួចចេញសេចក្តីសម្រេចភ្លាមៗ ចំនួន១០ចំណុច តម្រូវឲ្យក្រុមអាជីវករឆ្នេរអូរឈើទាលអនុវត្តដោយគ្មានការតវ៉ា។
លទ្ធផលនៃកិច្ចប្រជុំទាំង១០ចំណុចដែលរដ្ឋបាលក្រុងព្រះសីហនុតម្រូវឲ្យក្រុមអាជីវករឆ្នេរអូរឈើទាល អនុវត្តមានដូចជា តម្រូវឲ្យម្ចាស់ភោជនីយដ្ឋាន នៅឆ្នេរអូរឈើទាលទាំងអស់ត្រូវប្រគល់ចំណតរថយន្តខាងមុខហាងរបស់ខ្លួនទៅឲ្យក្រុមហ៊ុន ហោ យាន ដែលទទួលសិទ្ធិធ្វើអាជីវកម្មភាស៊ីចំណតរថយន្តនៅក្រុងព្រះសីហនុ។ ម្ចាស់ហាង ឬភោជនីយដ្ឋាននីមួយៗ មិនត្រូវបង្កើតឲ្យមានបុគ្គលិករង់ចាំហៅរថយន្តភ្ញៀវចូលចតនៅមុខហាងរបស់ខ្លួនទៀតទេ។ មិនអនុញ្ញាតឲ្យម្ចាស់ភោជនីយដ្ឋានចាក់សាប ឬបេតុងនៅតាមបរិវេណចំណតសាធារណៈរបស់រដ្ឋ។ ម្ចាស់ហាងទាំងអស់ ត្រូវរៀបចំផ្លូវដើរសាធារណៈឲ្យមានសណ្ដាប់ធ្នាប់ និងមិនត្រូវរំលោភចំណីផ្លូវ និងឆ្នេរសមុទ្ររបស់រដ្ឋសម្រាប់បម្រើអាជីវកម្មខ្លួនឡើយ…….។
ផ្តើមពីបញ្ហានេះ ទើបកាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ក្រុមអាជីវករដែលមានហាង ឬភោជនីយដ្ឋាននៅឆ្នេរអូរឈើទាលបានជួបប្រជុំគ្នារកវិធីដោះស្រាយ និងផ្តិតស្នាមមេដៃដាក់លិខិតជូន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីពិចារណាចំពោះការយកភាស៊ីថ្លៃចតរថយន្ត ពីភ្ញៀវទេសចរនៅឆ្នេរអូរឈើទាលឡើងវិញ។
អាជីវកបញ្ជាក់ថា ពួកគាត់បានរៀបចំដាក់លិខិតស្នើសុំអន្តរាគមន៍ជូនថ្នាក់ដឹកនាំខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រុមអាជីវករ បន្តទៀតថា ការផ្តល់សិទ្ធឲ្យក្រុមហ៊ុនឯកជន ធ្វើអាជីវកម្មភាស៊ីចំណតរថយន្ត យកលុយពីភ្ញៀវទេសចរ ថ្លៃចតរថយន្ត គឺអាជ្ញាធរមិនផ្តល់ដំណឹងឲ្យអាជីវករបានដឹងជាមុន និងមិនឲ្យពួកគាត់ចូលរួមប្រជុំផ្តល់យោបល់ជាសាធារណៈទេ។
ម្ចាស់ភោជនីដ្ឋានមួយ នៅឆ្នេរអូរឈើទាល លោក គឹម វឿន លើកឡើងថា៖ «ខ្ញុំ បារម្ភខ្លាចការយកលុយចតរថយន្តពីភ្ញៀវទេសចររបស់ក្រុមហ៊ុន អាចនាំឲ្យភ្ញៀវមិនសប្បាយចិត្ត ហើយឈប់ចូលមកកម្សាន្តនៅឆ្នេរអូរឈើទាលទៀត។ ហើយនាំឲ្យអាជីវករពួកគាត់ អត់ភ្ញៀវ និងប៉ះពាល់ដល់ការរកប្រាក់ចំណូល»។
ចំណែក ស្ត្រីជាអាជីវករម្នាក់ទៀត ឈ្មោះ ពេជ្រ ស្រីមុំ ក៏បានបង្ហាញការមិនពេញចិត្តចំពោះការយកលុយថ្លៃចំណតពីភ្ញៀវទេសចរ នៅឆ្នេរអូរឈើទាលនេះដែរ។
អាជីវកររូបនេះ សម្តែងការហួសចិត្តថា៖ «មិនគួរនៅសុខៗ បែរជាថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងមន្ទីរពាក់ព័ន្ធ ផ្តល់សិទ្ធទៅឲ្យក្រុមហ៊ុនឯកជន ធ្វើអាជីវកម្មភាស៊ីយកលុយចតរថយន្តពីភ្ញៀវទេសចរបែបនេះទេ។ នៅសុខៗ ទៅបង្កើតរឿងក្តៅក្រហាយដល់ភ្ញៀវទេសចរ ខណៈសេដ្ឋកិច្ចក្នុងខេត្តនេះ កំពុងធ្លាក់ដុនដាបស្រាប់ផង»។
ស្ត្រីអាជីវកររូបនេះ ថ្លែងបន្តថា៖ «ក្រោយជំងឺកូវីដ-១៩ បានបញ្ចប់ គឺអាជីវករពួគគាត់ បានរិះរកគ្រប់វិធីសាស្ត្រ ដើម្បីអភិវឌ្ឍទីតាំងភោជនីយដ្ឋានតែរៀងៗខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកលេងខេត្តនេះ ឲ្យបានច្រើន។ ប៉ុន្តែបែរជាពេលនេះ ថ្នាក់ដឹកនាំក្រសួង មន្ទីរ ក៏ដូចជា រដ្ឋបាលខេត្តព្រះសីហនុមកបង្កើតឲ្យមានក្រុមហ៊ុនមកយកភាស៊ី ថ្លៃចតរថយន្តពីភ្ញៀវទៅវិញ?»។
ទាក់ទិនបញ្ហានេះដែរ ភ្ញៀវទេសចរមួយក្រុម ដែលចូលមកអង្គុយពិសាអាហារជុំគ្នាជាលក្ខណៈគ្រួសារ នៅភោជនីយដ្ឋានមួយកន្លែង នាឆ្នេរអូរឈើទាល កាលពីរសៀលថ្ងៃអង្គារក៏បានរិះគន់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ដែលអនុញ្ញាតិឲ្យក្រុមហ៊ុនឯកជនមកយកភាស៊ីពីការចតរថយន្តនេះដែរ។
ស្ត្រីជាភ្ញៀវទេសចរ ឈ្មោះ មាស រំដួល បញ្ជាក់ថា៖ «ខ្ញុំមិនទាន់ចុះពីឡានដើរចូលហាងបានហូបអីមួយម៉ាត់ផង ក៏មានគេតម្រូវឲ្យបង់លុយ ៦ពាន់រៀល ថ្លៃចតឡាន។ ពួកខ្ញុំមិនសប្បាយចិត្តទេ សូមចៅហ្វាយខេត្តព្រះសីហនុ ពិចារណាឡើងវិញផង? ថាគួរទុកបន្តឲ្យក្រុមហ៊ុនយកថ្លៃភាស៊ីចតរថយន្ត នៅឆ្នេរអូរឈើទាលទៀត ឬយ៉ាងណា?។ ដ្បិតសេដ្ឋកិច្ចស្រុកទេសយើងក៏កំពុងធ្លាក់ចុះ ហើយពលរដ្ឋពិបាករកចំណូលស្រាប់ផង?»។
ចំណែក បុរសឈ្មោះ សំ មករា ជាភ្ញៀវទេសចរស្ថិតក្នុងក្រុមផ្សេងទៀត ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា៖ «ការយកភាស៊ីថ្លៃចតរថយន្ត នៅឆ្នេរអូរឈើទាល ធ្វើឡើងហាក់មានលក្ខណៈចាប់បង្ខំ។ ហើយពួកខ្ញុំ ក៏មិនសូវសប្បាយចិត្តដែរ ចំពោះការយកលុយថ្លៃចតរថយន្ត នៅតំបន់ឆ្នេរនេះ»។
ភ្ញៀវទេសចររូបនេះ បន្តថា កន្លងមក នៅពេលរូបគាត់នាំក្រុមគ្រួសារសាច់ញាតិ មកកម្សាន្តនិងទទួលអាហារនៅតាមភោជនីយដ្ឋានមួយចំនួន នាឆ្នេរអូរឈើទាល គឺរាល់ការចតរថយន្ត របស់គាត់ មិនមានអ្នកយកលុយទេ គឺទើបតែនៅសៀលថ្ងៃទី៦ ខែកុម្ភៈនេះតែប៉ុណ្ណោះ។
ងាកមកស្ត្រីភ្ញៀវទេសចរម្នាក់ទៀត ដែលកំពុងអង្គុយលម្ហែ និងពិសាម្ហូបអាហារ នៅភោជនីយដ្ឋានមួយកន្លែងទៀត នាឆ្នេរអូរឈើទាល គឺកញ្ញា ទាវ លក្ខិណា ក៏បានរិះគន់ថា៖ «គ្រាន់តែឡានបើកចូលដល់ឆ្នេរ មិនទាន់ចុះពីឡានផង ក៏មានមនុស្សយកវិក័យបត្រ តម្រូវឲ្យបង់លុយថ្លៃចតរថយន្ត ៦ពាន់រៀល។ ឳអនិច្ចា ខេត្តមុខលុយៗៗ អីយ៉ាងនេះ ? ឆ្ងល់ហេតុអី ចៅហ្វាយខេត្តនេះ មិនជួយមើលផង ឬមួយក៏ជាអ្នកនៅពីក្រោយ ការយកភាស៊ី ចំណតនេះទេដឹង?។ គួរឲ្យខ្លាចលែងចង់មកឆ្នេរនេះទៀតហើយខ្ញុំ!»។
សម្រាប់ លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ មានប្រសាសន៍ថា លោកមិនបានដឹងមានក្រុមហ៊ុនឯកជន មកយកភាស៊ី ថ្លៃចតរថយន្ត ពីភ្ញៀវ នៅឆ្នេរអូរឈើ ទាលនេះទេ ដោយឮពីអាជីវករនិយាយប្រាប់ប៉ុណ្ណោះ។
លោកបន្តថា ចំពោះការរៀបចំប្រមូលថវិកា ឬយកភាស៊ីពីតំបន់សាធារណៈរបស់រដ្ឋ គឺជារឿងធម្មតា ប្រសិនបើមានគោលការណ៍ណែនាំ និងមានលិខិតបទដ្ឋានត្រឹមត្រូវពីក្រសួងមន្ទីរពាក់ព័ន្ធ ឬសមត្ថកិច្ចពាក់ព័ន្ធ។
លោក តាំង សុចិត្រគ្រឹះស្នា បញ្ជាក់ដូច្នេះថា៖ «ករណីយកភាស៊ីចំណតរថយន្ត នៅឆ្នេរអូរឈើទាល គួរឲ្យមានការប្រជុំពិភាក្សាគ្នា រវាងភាគីពាក់ព័ន្ធ ជាមួយក្រុមអាជីវករ ឲ្យមានការឯកភាពស្រុះស្រួលគ្នា ជាមុនសិន ដើម្បីជៀសវាងកើតមានបាតុភាពផ្សេងៗ។ ហើយក៏អាចនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ភ្ញៀវទេសចរខ្លះៗដែរ។ ព្រោះកន្លងមក មិនធ្លាប់មានអ្នកយកលុយថ្លៃចំណតនេះទេ»។
មិនទាន់អាចទាក់ទង តំណាងក្រុមហ៊ុន ហោ យាន ដែលបានសិទ្ធធ្វើអាជីវកម្មភាស៊ីចំណតរថយន្ត នៅឆ្នេរអូរឈើទាលនេះទេ។ ខណៈ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានដែរ នៅថ្ងៃពុធ ទី០៧ ខែកុម្ភៈ។
ឆ្លើយតបបញ្ហានេះ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ទាក់ទងនីតិវីធីដេញថ្លៃចំណតរថយន្តនៅឆ្នេរអូរឈើទាលនេះ គឺធ្វើឡើងស្របច្បាប់ ហើយរៀបចំដោយរដ្ឋបាលខេត្តព្រះសីហនុ។ ហើយទទួលបានចំណូលចូលរដ្ឋ ក្នុងមួយឆ្នាំជាង ១០ម៉ឺនដុល្លារ ដោយបង់ជូនរដ្ឋបាលខេត្តព្រះសីហនុ។
លោកបន្តថា ការយកភាស៊ីចំណតនេះ ចាប់អនុវត្តពីថ្ងៃទី០៦ ខែកុម្ភៈតទៅ រហូតដល់ដាច់ឆ្នាំ២០២៤។ សូមឲ្យអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលទាំងអស់ ចូលរួមសហការជាមួយរដ្ឋបាលក្រុង និងរដ្ឋបាលខេត្តព្រះសីហនុ ដោយស្មារតីយោគយល់គ្នា។
លោក ឃាង ភារម្យ លើកឡើងថា៖ «សូមស្នើដល់អាជីវករមានហាងលក់ដូរ នៅឆ្នេរអូរឈើទាលទាំងអស់ ឈប់បន្តការវាទី លើទីតាំងដីសាធារណៈរបស់រដ្ឋ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀត ហើយ ងាកមកខំប្រឹងបំរើសេវាជូនភ្ញៀវ នៅក្នុងហាងរបស់ខ្លួនឲ្យល្អទើបប្រសើរ»។
លោក ភារម្យ បន្ថែមថា៖ «កាលណាឆ្នេរអូរឈើទាលនេះ មានចំណតល្អ មានសុវត្ថិភាព គឺភ្ញៀវទេសចរ នាំគ្នាចូលមកកម្សាន្តកាន់តែច្រើន។ ហើយភ្ញៀវកាន់តែសប្បាយចិត្ត ដ្បិតមានក្រុមហ៊ុនទទួលខុសត្រូវទៅលើការបាត់បង់ យានជំនិះ របស់ពួកគាត់»។
ដោយឡែក លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងដែរថា ក្រុមហ៊ុនទទួលបានសិទ្ធិធ្វើអាជីវកម្មភាស៊ីចំណតថយន្ត ក្នុងក្រុងព្រះសីហនុនេះ មានឈ្មោះក្រុមហ៊ុន ហោ យាន ហើយធ្វើអាជីវកម្មរយៈពេល១ឆ្នាំ គឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ហើយការយកថ្លៃភាស៊ីចំណតរថយន្តនេះ មានរៀបចំច្បាស់លាស់ក្នុងកិច្ចសន្យារវាងក្រុមហ៊ុនជាមួយរដ្ឋបាលខេត្តក៏ដូចជាក្រសួងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធររដ្ឋបាលក្រុងថែមទៀតផង។
លោកស្នើដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់នៅឆ្នេរអូរឈើទាលត្រូវចូលរួមសហការអនុវត្តតាមសេចក្តីសម្រេចទាំង១០ចំណុច ដែលរដ្ឋបាលក្រុងព្រះសីហនុបានដាក់ចេញនៅក្នុងកិច្ចប្រជុំជាមួយក្រុមអាជីវករ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឲ្យបានរលូនដោយមិនត្រូវប្រមូលផ្តុំគ្នាតវ៉ា ឬសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធណាមួយនោះទេ។
យោងតាមឯកសារ របស់ក្រុមហ៊ុន ហោ យាន បញ្ជាក់ថា ចំពោះការយកភាស៊ីចំណតរថយន្តនៅឆ្នេរអូរឈើទាល គឺមានបីប្រភេទ រថយន្តដឹកអ្នកដំណើរធុនតូចចាប់ពី៥កៅអីដល់៩កៅអី រថយន្តមួយគ្រឿង ត្រូវបង់ថ្លៃចំណត៤ពាន់រៀល ក្នុងការចតមួយលើក។ រថយន្តដឹកអ្នកដំណើរធុនកណ្តាលចាប់ពី១២កៅអីដល់២៥កៅអីរថយន្តមួយគ្រឿងត្រូវបង់៦ពាន់រៀល ចតមួយលើក និងរថយន្តដឹកអ្នកដំណើរធុនធំចាប់ពី២៥កៅអីឡើងទៅ គឺរថយន្តមួយគ្រឿងត្រូវបង់លុយ៨ពាន់រៀលក្នុងការចតមួយលើក៕