សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋសហគមន៍ឡកំបោរ តស៊ូរកដំណោះស្រាយក្រោយរងផលប៉ះពាល់ពីគម្រោងពង្រីកផ្លូវ

ពលរដ្ឋសហគមន៍ឡកំបោរប្រារព្ធពិធីបួងសួងសូមសេចក្ដីសុខ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ រូបថតផ្ដល់ឱ្យ
ពលរដ្ឋសហគមន៍ឡកំបោរប្រារព្ធពិធីបួងសួងសូមសេចក្ដីសុខ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ រូបថតផ្ដល់ឱ្យ

ប្រជាពលរដ្ឋសហគមន៍ឡកំបោរ ចំនួន២៤៤គ្រួសារកំពុងស្វះស្វែងរកដំណោះស្រាយជុំវិញ​វិវាទដីធ្លីពាក់ព័ន្ធ​នឹងការពង្រីកផ្លូវ៣០ម៉ែត្រដែលមានឈ្មោះ «ផ្លូវកប់ស្រូវ» ក្នុងសង្កាត់​ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដោយពលរដ្ឋទាំងនោះ ទាមទារសំណងតាមតម្លៃទីផ្សារ​ និងខ្លះចង់​បាន​ប្លង់កម្មសិទ្ធិ ខណៈអាជ្ញាធរបដិសេដធ្វើបណ្ណកម្មសិទ្ធិ ដោយអះអាងថា​ជាដីសាធារណៈ​របស់រដ្ឋ។

អ្នកស្រី ឡុង ប៉ុច តំណាងពលរដ្ឋសហគមន៍ឡកំបោរ មានប្រសាសន៍ថា ក្រោយមានការប្រកាសពង្រីកផ្លូវ៣០ម៉ែត្រ ក្នុងឆ្នាំ២០២០ ប្រជាពលរដ្ឋរស់នៅទីនោះ​បានដាក់​ញតិ្តចំនួន ៤លើករួចមកហើយ ដោយទាមទារសំណងតាមទីផ្សារសម្រាប់ពលរដ្ឋរង​ផល​ប៉ះពាល់ទាំងស្រុង និងពលរដ្ឋដែលមានដីនៅសល់ក្រោយពីការពង្រីកផ្លូវ​ស្នើឱ្យធ្វើប្លង់​កម្មសិទ្ធិ។ អ្នកស្រីបន្តថា ប្រជាពលរដ្ឋបានដើរដាក់​ញតិ្តនៅតាមស្ថាប័នរដ្ឋមួយចំនួនដូចជា ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌ ដើម្បីឱ្យជួយរកដំណោះស្រាយ។

អ្នកស្រី ឡុង ឱ្យដឹងទៀតថា ពលរដ្ឋរស់នៅទីនោះ ប្រកបរបរជាអ្នកលក់ឥវ៉ាន់ចាប់ហួយនៅផ្ទះ ធ្វើសំណង់ រត់ម៉ូតូឌុប បើកឡាន និងមួយចំនួនជាអ្នកលក់លតឆា មីឆាជាដើម។

អ្នកស្រី ឡុង និយាយថា៖ «[រកស៊ី]ពិបាកខ្លាំងហ្មង។ តិចៗអាជ្ញាធរមកធ្វើទុក្ខបុកម្នេញ មកនិយាយសុទ្ធតែគេទិញមិនព្រមទេ ចង់[ឱ្យ]អាអិចឈូសអីណា អត់ដែលឃើញតំបន់គេ។ និយាយសុទ្ធចឹង អាជ្ញាធរសង្កាត់»។

អ្នកស្រីសង្កត់ធ្ងន់ថា ក្រោយមានវិវាទជាមួយនឹងការពង្រីកផ្លូវរដ្ឋនេះ មេភូមិបានបដិសេដ​ក្នុងការចុះហត្ថលេខាលើការទទួលស្គាល់ទិញលក់ដីរបស់ពលរដ្ឋ ខណៈពួកគេរស់នៅទីនោះ​ប្រមាណជាង៣០ឆ្នាំហើយ ។

អ្នកស្រីឡុង អះអាងថា ការបដិសេធមិនព្រមចុះហត្ថលេខា​លើការទិញលក់នេះ ក្រោយការបរាជ័យក្នុងការចុះទិញដីប្រជាពលរដ្ឋពីសំណាក់ក្រុមហ៊ុន​បុរីលឹម ឈាងហាក់ និងបុរីអង្គរភ្នំពេញ ដើម្បីអភិវឌ្ឍលំនៅដ្ឋាននៅតំបន់នោះ។

អ្នកស្រី បន្តថា៖ «អ្នកភូមិខ្ញុំគ្រប់គ្នា គេមកស្រែកលាន់ គ្នាជំពាក់ធនាគារ ថាអូនអើយបងឈឺ បងអត់មានលុយគេមកទិញដីបង គេមកទិញផ្ទះបង សួរទៅមេភូមិ មេភូមិគេអត់ចុះ​ហត្ថលេខា​ឱ្យ ហើយដល់ពេលអ្នកទិញគេម៉េចហ៊ានទិញ បើមេភូមិលែងចុះហត្ថលេខាហើយ ពីមុនគាត់ចុះ គាត់ធ្វើសាក្សីឱ្យដល់ពេលក្រោយមក មានរឿងបុរីចង់បានដីនឹងគាត់លែងចុះ​ហត្ថលេខាឱ្យយើងលក់ឱ្យអ្នកផ្សេង។បុរីលឹមឈាមហាក់ និងបុរីអង្គ បើបុរីហ្នឹងទិញបាន បើអ្នកផ្សេងទិញអត់បាន»។

ដីមានវិវាទនេះ ស្ថិតនៅតាមបណ្ដោយផ្លូវកប់ស្រូវទល់មុខក្រសួងដែនដីទីតាំងថ្មីឆ្ពោះទៅ​កាន់​ទំនប់កប់ស្រូវ ដោយអមសងខាងផ្លូវមានសំណង់លំនៅដ្ឋាន​លក្ខណៈបុរីផ្សេងៗជាច្រើន​ប្រភេទ​កំពង់រីកលូតលាស់ឡើង។

ប្រជាពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី យួន សុដា អះអាងថា ផ្ទះអ្នកស្រីនឹង​រងផលប៉ះពាល់​ទាំងស្រុង ​ប្រសិន​បើអាជ្ញាធរពង្រីកផ្លូវដល់៣០ម៉ែត្រនោះ។

អ្នកស្រី សុដា បានចូលរួមការតវ៉ាចំនួន​៤ដង ដោយមានម្ដងបានព្យាយាមទៅជួប ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងថ្ងៃសម្ភោធដាក់ឱ្យប្រើប្រាស់ក្រសួងដែនដី និងបីលើកទៀត នៅសាលាខណ្ឌឬស្សីកែវ ។

អ្នកស្រី និយាយថា៖ «ពង្រីកវាអស់ផ្ទះទាំងមូល ចឹងសំណូមពរកុំឱ្យពង្រីកតទៅទៀត ព្រោះយក[ដី]របស់ខ្ញុំម្ដងហើយ អត់ឱ្យលុយផងហ្នឹង។ ដីនៅខាងមុខ[ផ្លូវ] ទទឹង៧ម៉ែត្រកន្លះ បណ្ដោយ៨ម៉ែត្រ ពង្រីកផ្លូវ[ម្ដង]ហើយ[ពីមុន] អស់៤ម៉ែត្រ»។

អ្នកស្រី សុដា បន្តថា សព្វថ្ងៃ គ្រួសារអ្នកស្រីសរុបចំនួន៥នាក់កំពុងរស់នៅជាមួយគ្នា ក្នុងផ្ទះថ្មក្រោម និងខាងលើឈើដែលកំពុងប្រឈមនឹងការផ្លាស់ទីលំនៅនេះ។

អ្នកស្រី បន្ថែមថា៖ «ខ្ញុំនៅតាំងពីដីផុក​រលួយវល់ជិះកង់ ឥលូវមានម៉ូតូមានឡានបែជាចង់​ឱ្យខ្ញុំចេញ បើអាជ្ញាធរពង្រីកខ្ញុំសូមជាលុយ អត់ចង់បានដីទេ ព្រោះដីទៅនៅក្នុងព្រៃដដែល។ ចង់បានសំណងមួយម៉ែត្រ ៨ពាន់ដុល្លារ» ប៉ុន្តែអាជ្ញាធរឱ្យមួយឡូត៍ មួយលានរៀល​ [ដី៧ម៉ែត្រ​កន្លះ បណ្ដោយ៨ម៉ែត្រ]ហ្នឹង។

អ្នកស្រី យួន សុដា កំពុងអង្គុយផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ខេមបូចា ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ វ៉ា សុភានុត

កញ្ញា កែវ ឧស្សាហ៍ អាយុ ២១ ឱ្យដឹងថា ឪពុកកញ្ញា បានទិញដីនៅភូមិឡកំបោរ តាំងពី​ទសវត្សរ៍៨០ ទំហំ៣០ម៉ែត្រការ៉េ ក្រោយមកមានការលក់ជាបន្តបន្ទាប់ដោយមានការ​ដឹងឮ​ពីមេភូមិ ខណៈបច្ចុប្បន្នសល់ត្រឹម៩ម៉ែត្របួនជ្រុងប៉ុណ្ណោះ។

កញ្ញា និយាយថា៖ «៤ខែមុន ខ្ញុំចង់លក់ដោយសារម៉ាក់ខ្ញុំឈឺ ខ្ញុំបានទាក់ទងប្រធានភូមិ តែគេ​ថា​អត់ចុះហត្ថលេខាទេ គេខ្លាចខុសច្បាប់ខុសអី»។

កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ នេះ ប្រជាពលរដ្ឋបានប្រារព្ធពិធីបួងសួងនិងសូត្រមន្ត​សូម​សេចក្ដីសុខ ព្រមទាំងសែនព្រេនដល់អារក្ស អ្នកតា​ ម្ចាស់ទឹក ម្ចាស់ដី កុំឱ្យពួកគេរង​នូវការ​បណ្ដេញចេញ ស្ថិតនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អ្នកស្រី រឿន អូន និយាយថា៖ «យើងសែនព្រេនសូមម្ចាស់ទឹក ម្ចាស់ដី លោកតាម្ចាស់ស្រុក អារក្ស អ្នកតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះធរណី ឱ្យគាត់ជួយអាណិតមេតា្តធ្វើយ៉ាងណាឱ្យ​អាជ្ញាធរចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋដែលរស់នៅ៣០ឆ្នាំងជាងហើយនេះ បានរស់​នៅទី​ហ្នឹង​បន្តទៅទៀត»

អំឡុងខែតុលា ឆ្នាំ២០២១នេះ អង្គការលីកាដូ បានចេញផ្សាយរបាយការណ៍មួយថា រយៈ​ពេល​ពីរឆ្នាំចុងក្រោយ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ អង្គការសិទ្ធិមនុស្សមួយនេះ បាន​រកឃើញថា ប្រជាពលរដ្ឋជាង៥០០០ គ្រួសារ រងនូវការរំលោភបំពានដីធ្លី និង​លំនៅដ្ឋាន។

របាយការណ៍ដដែលបន្តថា សមាជិកសហគមន៍ និងសកម្មជនដីធ្លីចំនួន ២១នាក់ ត្រូវបាន​ឃាត់ខ្លួន ក្នុងនោះមាន ១០នាក់កំពុងជាប់ពន្ធនាគារផងដែរ។

 ដោយឡែក​លោក សូ សុខរ៉េន មេភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ បានបដិសេដលើការចោទប្រកាន់របស់​ប្រជាពលរដ្ឋ ថាលោកមិនចុះហត្ថលេខាធ្វើជាសាក្សីក្នុងការទិញ លក់ដីនៅទីនោះ។ 

លោក សុខរ៉េន ធ្លាប់បានប្រាប់ទៅកាន់ប្រជាពលរដ្ឋដែលមានបំណងក្នុងការទិញដី​នៅទីនោះថា ដីនេះជាដីបឹងនិងជាចំណីផ្លូវ ហើយថ្ងៃណាមួយផលប៉ះពាល់អាចនឹងកើតមានឡើង។

លោកប្រាប់ថា៖ «កាលនោះកន្លែងនឹងជាប្រឡាយ។ គាត់មករស់នៅគាត់ទិញគ្នាគាត់ចង់បាន​មេភូមិផ្ដិតមេដៃចូលរួមអី ខ្ញុំក៏ចូលទៅ ព្រោះគោលការណ៍មិនទាន់ជាក់លាក់ថានៅពេល​ខាង​មុខគេពង្រីកថ្ងៃណាក៍អត់ទាន់ដឹងទេ ។ ដោយលោកបន្ថែមថា៖ «គាត់ឆ្លើយប្រកាសខ្លួនគាត់ បើសិនណាថ្ងៃក្រោយ​គេអភិវឌ្ឍឬការប្រែប្រួល នៅផ្លូវនឹងយ៉ាងម៉េចៗគាត់[ពលរដ្ឋ] ទទួលខុសត្រូវខ្លួនឯង គាត់[ពលរដ្ឋ]គ្រាន់តែឱ្យពូ[មេភូមិ]ជួយដឹងឮថា សាក្សីអ្នកទិញអ្នកលក់គ្នាគាត់នឹងទេ»។

មេភូមិរូបនេះ រំលឹកថា ក្រោយធ្វើជាសាក្សីចំពោះពលរដ្ឋក្នុងការទិញលក់ដីរួច លោកថែមទាំង​បានធ្វើសៀវភៅស្នាក់ សៀវភៅគ្រួសារ ដើម្បីបញ្ជាក់ថាជាម្ចាស់កម្មសិទ្ធិ​ទៀតផង។

ធ្វើជាមេភូមិជិត៤០ឆ្នាំ លោកបានអះអាងថា ក្រុមហ៊ុនបុរី លឹម ឈាងហាក់​ បញ្ឈប់ការ​ទិញ​ដី​ពីពលរដ្ឋ ដោយសារតែខកចិត្ត ចំពោះការទិញប៉ះចំកន្លែងពង្រីកផ្លូវ ពុំដូចការលើកឡើងរបស់​ពលរដ្ឋថាមិនត្រូវតម្លៃគ្នានោះឡើយ។

ទោះជាយ៉ាងណា មេភូមិរូបនេះ បានចុចបិទទូរសព្ទនៅពេលសួរថា តើលោកមេភូមិ មានដើ​តួនាទីក្នុងការប្រមូលទិញដីពីប្រជាពលរដ្ឋទៅឱ្យភាគីបុរី ដូចការលើកឡើងរបស់ពលរដ្ឋ​ដែរឬ​ទេ?។

លោក និយាយថា៖ «[បុរី]ទិញហើយក្រោយមកផលប៉ះពាល់ទៅលើគាត់ដែរ ឃើញបុរីលឹម ឈាងហាក់ ចុះពីជណ្ដើរមកដល់ផ្លូវឡាន អ៊ីចឹងហ្នឹងគាត់ខុសខ្លួនគាត់តើ ដល់ពេលគេពង្រីក​គាត់ខកចិត្តគាត់លេងទិញទៅ»។

ផ្ទះពលរដ្ឋនៅតាមបណ្តោយផ្លូវកប់ស្រូវដែលរងផលប៉ះពាល់ពីការពង្រីក​ផ្លូវ៣០ម៉ែត្រ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ វ៉ា​ សុភានុត

នៅចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌឬស្សីកែវ​ បានចេញលិខិតមួយអញ្ជើញ​ប្រជាពលរដ្ឋ ២១០ខ្នងផ្ទះ ដែលរងផលប៉ះពាល់ពីគម្រោងស្ថាបនាផ្លូវ៣០ម៉ែត្រ​ដែលមាន​ឈ្មោះថា «ផ្លូវកប់ស្រូវ» ស្ថិតនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដើម្បីស្វែង​រកដំណោះស្រាយតាមគោលនយោបាយដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ។ ក្នុងជំនួបនោះ​ប្រជាពលរដ្ឋចាត់ទុកថា​ បរាជ័យក្នុងការផ្សះផ្សាសម្រាប់ពួកគេ។

លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា អាជ្ញាធរពុំអាចធ្វើ​បណ្ណ​កម្មសិទ្ធិឱ្យប្រជាពលរដ្ឋឡើយ ដោយលោកលើកឡើងថា ដីដែលពួកគេ​កំពុងរស់នៅ​នោះ គឺនៅលើចិញ្ចើមផ្លូវ និងប្រឡាយទឹក។

លោក​ឃុន​ដឿន មានប្រសាសន៍ថា៖ «បញ្ជាក់យ៉ាងម៉េចលើផ្លូវលើប្រឡាយ។ គាត់រស់នៅប៉ះផ្លូវ»។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា អាជ្ញាធរពង្រីកផ្លូវឱ្យធំទូលាយ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋដែលរស់នៅទីក្រុង ដោយច្រានចោលការ​ទាមទារកុំឱ្យពង្រីកផ្លូវបន្ថែមទៀត។ 

លោកមានប្រសាសន៍ថា៖ «ពង្រីកផ្លូវដោះស្រាយជូនគាត់ មិនមែនដេញទេ យើងមានដីឱ្យ​គាត់ ៤ម៉ែត្រ២តឹក គុណ១៨ ប្រភេទផ្ទះល្វែងមួយឱ្យគាត់ ហើយបុរីទៅដល់ហើយកន្លែងហ្នឹង»។

អភិបាលក្រុងភ្នំពេញបញ្ជាក់បន្ថែមថា ដោយសារតែដីពលរដ្ឋកំពុងរស់នៅគឺ​ស្ថិតក្នុង​ដី​សាធារណៈរបស់រដ្ឋ ដូច្នេះអាជ្ញាធរពុំអាចចេញបណ្ណកម្មសិទ្ធិឱ្យនោះឡើយ។ 

លោកបន្តថា៖ «[បុរី]លុបបឹងបានលុះត្រាតែគេធ្វើអនុបយោគ ហើយបានក្លាយជា​ទ្រព្យ​សម្បត្តិឯកជនរបស់រដ្ឋ បានរដ្ឋអាចផ្លាស់ប្ដូរបាន បានទៅជាកម្មសិទ្ធិឯកជន»។

អភិបាលក្រុងភ្នំពេញរូបនេះ លើកឡើងថា អាជ្ញាធរបានដោះដូរដីឱ្យពលរដ្ឋ​សហគមន៍​ឡកំបោរទៅរស់នៅ ភូមិសំរោងកណ្ដាល សង្កាត់សំរោង ក្នុងខណ្ឌព្រែកព្នៅ។ 

លោក បន្ថែមថា៖ «យើងមានរចនាសម្ព័ន្ធជូនគាត់ យើងធ្វើបណ្ណកម្មសិទ្ធិជូនគាត់ហ្មង»

លោក អំ សំអាត នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូថ្លែងថា ប្រសិនបើរដ្ឋ​អាច​ធ្វើអនុបយោគដីតំបន់នោះទៅបុរីឱ្យមានប្លង់កម្មសិទ្ធិ ដូច្នេះពលរដ្ឋ ដែលកំពុង​រស់នៅតំបន់​នោះគួរតែទទួលបានដូចគ្នា។ 

លោក និយាយថា៖ «បើក្រុមហ៊ុនអាចទទួលបាន រឿងអីពលរដ្ឋគាត់រស់នៅហ្នឹង​មិនទទួល​បានប្លង់កម្មសិទ្ធិ»?។

លោក​ សំអាត បានលើកឡើងថា បើដីហ្នឹងពលរដ្ឋគាត់មានអាស្រ័យផល ឬក៏គាត់រស់​នៅទីតាំងហ្នឹងហើយ រដ្ឋត្រូវដោះស្រាយឱ្យប្រជាជនមុនការជួលឬក៏លក់ ដល់ឯកជន។ 

លោក​ សំអាតបន្ថែមថា៖ «ដើម្បីកុំឱ្យរងការរិះគន់ច្រើន ដំណោះស្រាយល្អ បើពួកគាត់​អាចអភិវឌ្ឍន៍នឹងកន្លែង ប្រគល់បណ្ណកម្មសិទ្ធិឱ្យគាត់បាន គួរប្រគល់ទៅ ប៉ុន្តែប្រសិន​បើប៉ះអស់ផ្ទះប្រជាពលរដ្ឋ ត្រូវដំណោះស្រាយដោយតម្លាភាពនិងយុត្តិធម៌»

377 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម