កាលពីខែមុន អ្នកភូមិ២០នាក់ពីសហគមន៍ឡពាងបានធ្វើដំណើរពីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងមកក្រុងភ្នំពេញ ដើម្បីចូលរួមក្នុងសវនាការនៅសាលាឧទ្ធរណ៍ជុំវិញរឿងក្តីមួយដែលបានអូសបន្លាយពេលអស់២០កន្លងមកនេះ។ នៅពេលពួកគេមកដល់ ពួកគេបានទទួលដំណឹងថា សវនាការត្រូវបានលើកពេល ពីព្រោះចៅក្រមម្នាក់នៅក្នុងចំណោមចៅក្រមសរុបបីនាក់គឺជាប់សាច់ញ្ញាតិរបស់មេធាវីការពារក្តីឲ្យភាគីក្រុមហ៊ុន។
ការពន្យារពេលនេះគឺជាភាពជាប់គាំងចុងក្រោយបង្អស់មួយនៅក្នុងជម្លោះដីធ្លីរវាងអ្នកភូមិឡពាង និងក្រុមហ៊ុន KDC ដែលជាក្រុមហ៊ុនដ៏មានអំណាចមួយ ជាកម្មសិទ្ធិរបស់អ្នកស្រី ជា ខេង ភរិយារបស់រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលលោក ស៊ុយ សែម។
ថ្លែងនៅខាងក្រៅតុលាការ សកម្មជនអ្នកស្រី អ៊ំ សូភី អាយុ ៤១ឆ្នាំ និយាយថា អ្នកស្រីមានអារម្មណ៍ថា ការពន្យារពេលដូចនេះគឺ ធ្វើឡើងដើម្បីឲ្យហត់នឿយចំពោះអ្នកភូមិដែលបានតស៊ូនឹងជម្លោះដីធ្លីនេះចាប់តាំងពីឆ្នាំ ២០០០មក។
អ្នកស្រីបាននិយាយថា៖ «យើងត្រូវចំណាយ ៣០០.០០០រៀល [ប្រមាណ ៧៥ដុល្លារ] ដើម្បីជួលឡានមកចូលរួមសវនាការ ដូច្នេះនៅពេលដែលសវនាការមិនបានធ្វើឡើង យើងខាតបង់ពេលវេលា និងលុយកាក់ ពីព្រោះយើងជាអ្នកក្រ»។ ដោយអ្នកស្រីបន្តទៀតថា៖ «ខ្ញុំគិតថា នៅពេលតុលាការសម្រេចដូច្នេះ ពួកគេហាក់ដូចជាមិនគិតពីផលប៉ះពាល់មកលើពលរដ្ឋក្រីក្រនោះទេ»។
ពលរដ្ឋជាច្រើនគ្រួសារមិនទាន់ដោះស្រាយជម្លោះជាមួយនឹងក្រុមហ៊ុន KDC រួចរាល់នៅឡើយទេ ដែលពួកគេនិយាយថា បានរំលោភយកដីរបស់ពួកគេប្រមាណ ១០០ហិចតា ចាប់តាំងពីឆ្នាំ ២០០០មក។ កាលពីឆ្នាំ ២០០៧ ក្រុមហ៊ុននេះត្រូវបានផ្តល់ប្លង់ដីផ្លូវការចំពោះដីទំហំ ៥១២ ហិចតា ដែល ១៨៤ ហិចតាក្នុងនោះជាកម្មសិទ្ធិរបស់គ្រួសារចំនួន ១០៨ និងចាប់ផ្តើមរារាំងមិនឲ្យមានការចូលតំបន់ដីខ្លួនកាន់កាប់។ នេះបើយោងទៅតាមករណីសិក្សាមួយឈ្មោះថា Focus on the Global South។ មួយឆ្នាំបន្ទាប់មក ប៉ូលិសនិងកម្មករបានបំផ្លាញផ្ទះចំនួន ១៤ខ្នង ដោយបង្ខំឲ្យពលរដ្ឋចុះចេញពីដីរបស់ពួកគេ។ ខណៈពេលមានការគំរាមកំហែងពីក្រុមហ៊ុននិងភាពហត់នឿយក្នុងការតស៊ូទាមទារ ចំនួនគ្រួសារដែលនៅបន្តតវ៉ានឹងក្រុមហ៊ុន KDC បានធ្លាក់ចុះមកត្រឹម ៥០។ នេះបើយោងទៅតាមអ្នកស្រីសូភី។ អ្នកស្រីសូភីបានបន្តថា កាលពីឆ្នាំ ២០១១ គ្រួសារចំនួន ៥២ បានដាក់ពាក្យបណ្តឹងទៅតុលាការទាមទារសិទ្ធិកាន់កាប់ដីពីមុនរបស់ពួកគេឡើងវិញ ប៉ុន្តែមិនមានការវិវត្តទៅមុខប៉ុន្មានទេក្រោយពីមានការដាក់ពាក្យបណ្តឹង។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំគ្រាន់តែចង់បានដីខ្ញុំមកវិញ ពីព្រោះកសិករចង់បានដីដើម្បីធ្វើស្រែ។ ប្រសិនបើគេចង់ឲ្យជាលុយមកខ្ញុំ ខ្ញុំនឹងយកតាមតម្លៃទីផ្សារដី»។
សម្រាប់អ្នកស្រីសូភី និងគ្រួសារដទៃទៀត ជម្លោះដែលកំពុងតែកើតមានបានប៉ះពាល់ដល់ជីវិតរបស់ពួកគេយ៉ាងខ្លាំង។ កាលពីឆ្នាំ ២០០៩ អ្នកស្រីនិងស្វាមីបានភៀសខ្លួនទៅប្រទេសថៃ បន្ទាប់ពីតុលាការបានចេញដីកាចាប់ខ្លួនអ្នកទាំងពីរ ដោយបានស្នាក់នៅប្រទេសនោះអស់រយៈពេលបីឆ្នាំ។ អ្នកភូមិជាង ១០នាក់ រួមទាំងមេភូមិផងដែរ បានប្រឈមនឹងបទចោទប្រកាន់ផ្សេងៗ ការចាប់ខ្លួន និងការចាប់ដាក់ពន្ធនាគារ ស្របពេលពួកគេធ្វើការប្តឹងតវ៉ា និងទាមទារសំណងចំពោះដីរបស់ពួកគេ។
អ្នកភូមិត្រូវបានរារាំងទាំងស្រុងមិនឲ្យចូលដីចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលក្រុមហ៊ុន KDC បានប្រើប្រាស់កម្មកររាប់រយនាក់ដើម្បីសង់របងជញ្ជាំងបេតុងជុំវិញដី។ នៅពេលអ្នកភូមិព្យាយាមបញ្ឈប់ការសាងសង់ អំពើហិង្សាបានកើតឡើង ដែលបណ្តាលឲ្យមានការចាប់ខ្លួនបន្ថែមទៀត។ បន្ទាប់មក គ្រួសារប្រមាណ ៣៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលសំណង បើទោះជាអ្នកស្រីសូភីទទួចថា គ្រួសារទាំងនោះបានធ្វើដូច្នេះ ដោយសារតែមានការគំរាមកំហែង។
អ្នកភូមិមួយរូបទៀត អ្នកស្រី ឈិត សុខន អាយុ ៦០ឆ្នាំ បាននិយាយថា កាលពីឆ្នាំ ២០០៧ ស្វាមីរបស់អ្នកស្រីត្រូវបានជាប់ពន្ធនាគារ ៦ឆ្នាំ បន្ទាប់ពីបដិសេធមិនទទួលកិច្ចព្រមព្រៀងសំណងជាថ្នូរនឹងដី ៨ហិចតា ដែលគ្រួសាររបស់អ្នកស្រីបានស្នាក់អាស្រ័យ ចាប់តាំងពីឆ្នាំ ១៩៨២មក។
អ្នកស្រី សុខន បាននិយាយថា៖ «ប្តីរបស់ខ្ញុំត្រូវជាប់ក្នុងពន្ធនាគារចំនួនបី រួមមានពន្ធនាគារខេត្តកំពង់ឆ្នាំង ពន្ធនាគារព្រៃស និងពន្ធនាគារត្រពាំងថ្លុង»។ ដោយអ្នកស្រីឲ្យដឹងទៀតថា៖ «ខ្ញុំគិតថា ពិតជាអយុត្តិធម៌ណាស់សម្រាប់គ្រួសារខ្ញុំ ពីព្រោះពួកគេបានចាប់ខ្លួនប្តីរបស់ខ្ញុំដាក់ពន្ធនាគារ ហើយពួកគេបានយកដីយើងទៀត»។
អ្នកស្រីបានបន្តថា៖ «ខ្ញុំសូមស្នើទៅសម្តេចម៉ែ និងព្រះមហាក្សត្រ និងសម្តេចហ៊ុន សែន ដើម្បីជួយដោះស្រាយជម្លោះដីធ្លីឲ្យអ្នកភូមិឡពាង ពីព្រោះយើងជាប់ក្នុងជម្លោះដីធ្លីនេះប្រហែល ២០ឆ្នាំមកហើយ»។
អ្នកភូមិមួយចំនួនកត់សម្គាល់ថា ខណៈពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលសំណង ប៉ន្តែពួកគេមិនបានទទួលលុយនោះទេ ហើយអ្នកដទៃទៀតបានលើកឡើងថា ពួកគេត្រូវបានបញ្ឆោតឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលសំណង។
លោក រាជ សីមា អាយុ ៤០ឆ្នាំ តំណាងអ្នកភូមិមួយរូបទៀត បាននិយាយថា រូបលោកផងដែរក៏មានការអស់សង្ឃឹមនឹងសេចក្តីសម្រេចរបស់តុលាការក្នុងការពន្យារពេលសវនាការ ដោយកត់សម្គាល់ថា តុលាការអាចផ្លាស់ប្តូរចៅក្រម មុនពេលថ្ងៃសវនាការ។
លោកបានថ្លែងថា៖ «យើងជាពលរដ្ឋក្រីក្រ យើងមិនមានប្រាក់ដើម្បីចាយលើការធ្វើដំណើរមកចូលរួមក្នុងសវនាការជាច្រើនលើកច្រើនសារនោះទេ»។
លោក សីមា បានដាក់ពាក្យបណ្តឹងដើម្បីមោឃភាពលើកិច្ចសន្យា ដោយនិយាយថា លោកទទួលបានសំណងជាសែកចំនួនពីរពីក្រុមហ៊ុន បន្ទាប់ពីការចរចា។ ប៉ុន្តែនៅពេលលោកយកសែកនោះទៅបើក គឺមិនមានលុយនោះទេ។
លោកបានថ្លែងថា៖ «ខ្ញុំបានយល់ព្រមទទួលសំណង ពីព្រោះក្រុមហ៊ុនបានផ្តល់ឲ្យខ្ញុំនូវប្រាក់ចំនួន ២០.០០០ដុល្លារ… ប៉ុន្តែសែកនោះមិនមានលុយ»។
អ្នកស្រី សួន ញ៉េន អាយុ ៤៧ឆ្នាំ អ្នកភូមិម្នាក់ទៀត បាននិយាយថា បន្ទាប់ពីដីរបស់អ្នកស្រីចំនួន ៣,៥ ហិចតាត្រូវបានរឹបអូស អ្នកស្រីត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការប្រជុំមួយនៅការិយាល័យស្រុកកំពង់ត្រឡាចកាលពីឆ្នាំ ២០១៤។ នៅទីនោះ ម្ចាស់ក្រុមហ៊ុន KDC អ្នកស្រី ជា ខេង បានអញ្ជើញអ្នកភូមិឲ្យចូលក្នុងបន្ទប់ម្នាក់ម្តង។ នៅពេលអ្នកស្រី ញ៉េន ចូលទៅ អ្នកស្រី ខេង បានផ្តល់ឲ្យអ្នកស្រីនូវប្រាក់ចំនួន ៦ លានរៀល ដោយប្រាប់ឲ្យអ្នកស្រីទទួលយកប្រាក់នោះ ហើយផ្តិតមេដៃលើឯកសារ ដែលអ្នកស្រីទើបតែដឹងនៅពេលក្រោយមកថាជា កិច្ចសន្យាលក់ដី។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំអត់មានចេះអក្សរ ដូច្នេះខ្ញុំមិនយល់ពីលុយគោការណ៍យ៉ាងម៉េចដែរ»។ ដោយអ្នកស្រីបន្តថា៖ «ប៉ុន្តែខ្ញុំឮថា ប្រសិនបើខ្ញុំមិនយកលុយនេះទេ គាត់ [អ្នកស្រីជា ខេង] នឹងទារប្រាក់ ៤០លានរៀលពីខ្ញុំ ដូច្នេះខ្ញុំខ្លាចបង់ប្រាក់ ៤០លាននោះ ដូច្នេះហើយខ្ញុំក៏ទទួលលុយនោះ»។
អ្នកស្រីបានបន្តថា៖ «បន្ទាប់មក យើងដឹងថា យើងត្រូវក្រុមហ៊ុនបោកប្រាស់ ដូច្នេះខ្ញុំបានដាក់ពាក្យបណ្តឹងដើម្បីលុបចោលកិច្ចសន្យានោះ។ សូមឲ្យរដ្ឋាភិបាល និងតុលាការជួយរកយុត្តិធម៌ឲ្យអ្នកភូមិយើងខ្ញុំផង»។
អ្នកស្រី ស្វាយ ស៊ឹម មេឃុំតាជេស ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាននិយាយថា ដោយសារជម្លោះដីធ្លីកំពុងនៅបន្តមាន ដូច្នេះអ្នកស្រីមិនអាចផ្តល់ការអធិប្បាយលើរឿងនេះទេ។
អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធិ បាននិយាយថា ក្រុមការងាររដ្ឋបាលខេត្តកំពុងពិនិត្យមើលជម្លោះដីធ្លីនានានៅទូទាំងខេត្ត ហើយចាប់ផ្តើមផ្តល់ជាដំណោះស្រាយនៅខែនេះ។
លោកបានថ្លែងថា៖ «ក្រុមការងាររបស់យើងនឹងជួយដោះស្រាយជម្លោះដីធ្លីទាំង ៧១ឃុំ ទូទាំងខេត្ត ហើយយើងមិនរើសអើសប្រឆាំងនឹងឃុំណាមួយនោះទេ»។ ដោយឲ្យដឹងថា៖ «ខ្ញុំមិនធានាថា យើងអាចដោះស្រាយគ្រប់ជម្លោះនោះទេ ប៉ុន្តែយើងនឹងព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាព»។
លោក ផាត់ ពៅស៊ាង មេធាវីតំណាងឲ្យក្រុមហ៊ុន KDC និងអ្នកដែលជាប់សាច់ញ្ញាតិជាមួយចៅក្រមដែលត្រូវដកខ្លួនពីការជំនុំជម្រះក្តីខាងលើនេះសុំមិនធ្វើការអធិប្បាយ។
លោក គង់ ចាន់មុនី អ្នកសម្របសម្រួលនៃអង្គការលីកាដូប្រចាំខេត្តកំពង់ឆ្នាំង បាននិយាយថា ប្រជាពលរដ្ឋសហគមន៍ខាងលើបានស្វែងរកដំណោះស្រាយដោយសន្តិវិធីជាយូរយារមកហើយ។
លោកបានថ្លែងថា៖ «យើងតែងតែជំរុញឲ្យអាជ្ញាធរតុលាការ និងអង្គភាពពាក់ព័ន្ធស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ បើទោះជាតាមរយៈប្រព័ន្ធតុលាការក៏ដោយ»។
លោកបានកត់សម្គាល់ថា ពលរដ្ឋដែលជាប់នៅក្នុងជម្លោះមានជីវភាពកាន់តែធ្លាក់ចុះអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ដោយមិនអាចចូលទៅប្រើប្រាស់ដីស្រែដែលខ្លួនត្រូវការចាំបាច់។
លោកបានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា អាជ្ញាធរនឹងជួយស្វែងរកដំណោះស្រាយឲ្យពួកគេដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ពួកគេ»។
សម្រាប់អ្នកស្រីសូភី អ្នកស្រីសង្ឃឹមថា ក្រុមការងាររដ្ឋបាលខេត្តដែលទើបនឹងរៀបចំថ្មីនឹងជួយរកដំណោះស្រាយសម្រាប់ជម្លោះរយៈពេលប្រមាណ២០ឆ្នាំកន្លងមកនេះ។ បន្ទាប់ពីការពន្យារការប្រកាសសាលក្រមកាលពីខែមុន អ្នកស្រីនិងអ្នកជិតខាងបានធ្វើដំណើរពីតុលាការមកបន់ស្រន់នៅអាស្រមព្រះអង្គដងកើ។
អ្នកស្រីបានថ្លែងថា៖ «ពីព្រោះអាជ្ញាធរនិងតុលាការតែងតែមិនផ្តល់យុត្តិធម៌ឲ្យអ្នកភូមិ។ ខ្ញុំចង់ឲ្យព្រះអង្គដងកើជួយជំរុញឲ្យតុលាការធ្វើការសម្រេចដោយឯករាជ្យនិងយុត្តិធម៌»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ After two decades, Lor Peang villagers continue to push for a resolution in their land dispute