សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោក កើត សារ៉ាយ ចំនួន៤ឆ្នាំក្នុងពន្ធនាគារ

លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានដាក់ញត្តិនៅព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានដាក់ញត្តិនៅព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា បានផ្តន្ទាទោសលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ឱ្យជាប់ពន្ធធនាគារ៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទញុះញង់ និងបទមិនរាងចាលក្នុងបទល្មើសមជ្ឈឹម។

លោក កើត សារ៉ាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ​ផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៤​ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទញុះញង់ និងបទមិនរាងចាលក្នុងបទល្មើសមជ្ឈឹម នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះរឿងនេះកាលពីដើមខែមុន។

លោក កើត​ សារ៉ាយ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពី​​ជួប​ប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីដ៏អូសបន្លាយ​នៅឃុំស្រយ៉ង់ ស្រុកគូលែន ដែលអ្នកស្រុកជាច្រើនបានភៀសខ្លួនទៅជ្រកកោនក្នុងព្រៃដោយបារម្ភ​ខ្លាចកងកម្លាំងប្រដាប់អាវុធចាប់ខ្លួន។

ជម្លោះដីធ្លីបានកើតឡើងតាំងពីឆ្នាំ២០១១ នៅពេលដែលក្រុមហ៊ុនចម្ការកៅស៊ូ Seladamex ទទួលបានសម្បទានដីសេដ្ឋកិច្ចចំនួន ៩ ០០០ហិកតានៅក្នុងឃុំស្រយ៉ង់ និងឃុំភ្នំត្បែងII។  កាល​ពី​ខែមីនា ឆ្នាំនេះ មនុស្ស២៥នាក់ក្នុងចំណោម៣៦ នាក់ត្រូវបានចាប់ខ្លួន និង​ចោទប្រកាន់ពីបទ «កាប់​រាន​និងកាន់កាប់ដីព្រៃ»។ ពួក​គេ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំបណ្តោះអាសន្ន​ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា ពួក​គេ​ចាញ់​បោក​មេខ្យល់។

លោក កើត សារ៉ាយ ​​ធ្លាប់​ប្រឈម​មុខ​នឹង​វិធានការ​ផ្លូវ​ច្បាប់​កន្លង​មក។ កាល​ពី​ខែតុលា ឆ្នាំ២០២១ គាត់ត្រូវបានចោទប្រកាន់ពីបទញុះញង់ ហើយត្រូវបានផ្តន្ទា​ទោស​ឱ្យជាប់ពន្ធនាគាររយៈពេល២០​ខែជាមួយនឹងមនុស្ស១០​នាក់ផ្សេងទៀតដោយ​សារ​ការចូលរួមក្នុងការតវ៉ាដោយសន្តិវិធីមួយ ដើម្បីគាំទ្រលោក រ៉ុង ឈុន ជាមេដឹកនាំ​សហជីព ដែលកាលនោះ កំពុង​ជាប់ឃុំ​​នៅពន្ធនាគារ។

កាលពីខែសីហា ការិយាល័យសមាគមយុវជន KSILA ត្រូវបានបិទ បន្ទាប់ពីសមា​ជិកជាច្រើននាក់ត្រូវបានចាប់ខ្លួន ចំពេលដែល​មានគម្រោង​ប្រមូលផ្តុំមួយ​ ដើម្បីប្រឆាំងនឹង​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម៕

137 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម