សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សាលាដំបូង​រាជធានី​​ភ្នំពេញ​បើក​សវនាការ​លើ​សំណុំរឿង​លោក កើត សារ៉ាយ ខណៈ​មេធាវី​ស្នើសុំឱ្យទម្លាក់បទចោទ

លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានដាក់ញត្តិនៅព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានដាក់ញត្តិនៅព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

លោក កើ​ត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) បានបដិ​​សេធការចោទប្រកាន់ពីបទញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ​ទាក់ទងនឹងជម្លោះដីធ្លីនៅ​ក្នុងខេត្តព្រះវិហារ នេះបើយោងតាមអង្គការក្រៅរដ្ឋាភិបាល ដែលបានចូលរួមសវនាការកាលពីថ្ងៃទី៩ ខែតុលា។

លោក សាន ប៊ុនធឿន ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៅ​​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញមាន​ប្រសាសន៍​​ថា កាល​បរិច្ឆេទ​ប្រកាស​សាលក្រម​មិន​ទាន់​កំណត់​ទេ ប៉ុន្តែ​នឹង​ជូនដំណឹង​នៅ​ពេល​ក្រោយ។

លោក អ៊ី រិន្ទ អ្នក​នាំ​ពាក្យសាលាដំបូងរាជធានីភ្នំពេញ​​ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​​ទេ។

លោក កើត​ សារ៉ាយ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពី​​ជួប​ប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីដ៏អូសបន្លាយ​នៅឃុំស្រយ៉ង់ ស្រុកគូលែន ដែលអ្នកស្រុកជាច្រើនបានភៀសខ្លួនទៅជ្រកកោនក្នុងព្រៃដោយបារម្ភ​ខ្លាចកងកម្លាំងប្រដាប់អាវុធចាប់ខ្លួន។

លោក​មេធាវី អ៊ឹម ផា​ណា បាន​អំពាវនាវ​ឲ្យ​តុលាការ​សម្រេចឱ្យ​​លោក សារ៉ាយ រួច​ខ្លួន ព្រោះ​ «គ្មាន​ធាតុ​ផ្សំ» ​ដែល​បង្ហាញ​ពី​បទល្មើស​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​លោក​ជាមួយ​អ្នក​ភូមិនោះទេ​។

លោក​មេធាវី​បាន​ថ្លែង​ថា៖​ «គាត់​បាន​ទទួល​ស្គាល់​ថា ​បាន​សរសេរ​និង​បង្ហោះសារ ប៉ុន្តែ​មិន​មាន​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​ញុះញង់​ដាក់បុគ្គលណាម្នាក់ឬ [​អ្វី​ដែល​មាន​] ចេតនា​ទុច្ចរិតនោះ​ទេ។ ខ្ញុំ​មិន​ឃើញ​មាន ​[​បទល្មើស​ទេ]»។

លោក ផាណា ​មាន​ប្រសាសន៍​​ថា​៖ «គាត់​គ្រាន់​តែ​បាន​ទៅ​សួរសុខទុក្ខ​ពលរដ្ឋហើយ​បាន​ផ្តល់​ជំនួយ [​ក្នុង​ហេតុផល​មនុស្សធម៌​] ខណៈ​ពលរដ្ឋ​ប្រឈម​មុខ​នឹង [​វិវាទ​ដីធ្លី​] ហើយ​រត់​គេច​ពី​ការ​ចាប់​ខ្លួន។​ចឹងការចាប់ខ្លួន វា​មិន​មែន​ជាធាតុផ្សំ​បទ​ល្មើស​ព្រហ្មទណ្ឌ​ទេ។ [យើង] មិនឃើញមាន​ភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុក​លើ​គាត់ទេ»។

ជម្លោះដីធ្លីបានកើតឡើងតាំងពីឆ្នាំ២០១១ នៅពេលដែលក្រុមហ៊ុនចម្ការកៅស៊ូ Seladamex ទទួលបានសម្បទានដីសេដ្ឋកិច្ចចំនួន ៩ ០០០ហិកតានៅក្នុងឃុំស្រយ៉ង់ និងឃុំភ្នំត្បែងII។  កាល​ពី​ខែមីនា ឆ្នាំនេះ មនុស្ស២៥នាក់ក្នុងចំណោម៣៦ នាក់ត្រូវបានចាប់ខ្លួន និង​ចោទប្រកាន់ពីបទ «កាប់​រាន​និងកាន់កាប់ដីព្រៃ»។ ពួក​គេ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំបណ្តោះអាសន្ន​ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា ពួក​គេ​ចាញ់​បោក​មេខ្យល់។

លោក អំ សំអាត នាយក​​ទទួលបន្ទុកចាត់ការទូទៅនៃ​​អង្គការ​​សិទ្ធិ​មនុស្ស ​លីកាដូ ដែល​បាន​ចូល​រួម​សវនាការ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​តុលាការ​ថា លោក កើត​ សារ៉ាយ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

លោក​បាននិយាយ​ថា៖​ «រូបភាព និង​វីដេអូ​ត្រូវ​បាន​បង្ហាញ​ជា​ភស្តុតាង [ប៉ុន្តែ] មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ ​ដើម្បី​ចោទ​ប្រកាន់​លោក សារ៉ាយ ពី​បទ​ញុះញង់បង្ក​​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​នោះ​ទេ។ ការ​ជួប​ជាមួយ​ប្រជាពលរដ្ឋមិន​មែន​ជា​បទ​​ល្មើស​ទេ វា​មិន​មែន​ជា​សកម្មភាព​ខុស​ច្បាប់​ទេ»

ក្នុង​ចំណោម​ភស្តុតាង​ដែល​តំណាង​អយ្យការ​បង្ហាញ​ អំឡុង​សវនាការ​កាល​ពី​ថ្ងៃ​ពុធ គឺ​ជា​បទ​សម្ភាសន៍​របស់​លោក កើត​ សារ៉ាយ ជាមួយ​វិទ្យុ​អាស៊ីសេរី និង​រូបភាព​របស់​គាត់​ពេល​​ជួប​ជាមួយ​ពលរដ្ឋ ដែល​ត្រូគាត់បាន​​បង្ហោះ​លើ​គេហទំព័រ​សមា​គម​​របស់​លោក។

លោក​បានឱ្យដឹងថា សកម្ម​ភាព​​របស់​លោក សារ៉ាយ គឺ​ដោយសារតែ​បារម្ភ​ចំពោះ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ និង​ស្ថាន​ភាព​រស់នៅ ​បន្ទាប់​ពី​ការ​បណ្ដេញពួកគាត់​​ចេញ​​ពី​ដី​ដែល​មាន​ជម្លោះ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។

លោក កើត សារ៉ាយ ​​ធ្លាប់​ប្រឈម​មុខ​នឹង​វិធានការ​ផ្លូវ​ច្បាប់​កន្លង​មក។ កាល​ពី​ខែតុលា ឆ្នាំ២០២១ គាត់ត្រូវបានចោទប្រកាន់ពីបទញុះញង់ ហើយត្រូវបានផ្តន្ទា​ទោស​ឱ្យជាប់ពន្ធនាគាររយៈពេល២០​ខែជាមួយនឹងមនុស្ស១០​នាក់ផ្សេងទៀតដោយ​សារ​ការចូលរួមក្នុងការតវ៉ាដោយសន្តិវិធីមួយ ដើម្បីគាំទ្រលោក រ៉ុង ឈុន ជាមេដឹកនាំ​សហជីព ដែលកាលនោះ កំពុង​ជាប់ឃុំ​​នៅពន្ធនាគារ។

កាលពីខែសីហា ការិយាល័យសមាគមយុវជន KSILA ត្រូវបានបិទ បន្ទាប់ពីសមា​ជិកជាច្រើននាក់ត្រូវបានចាប់ខ្លួន ចំពេលដែល​មានគម្រោង​ប្រមូលផ្តុំមួយ​ ដើម្បីប្រឆាំងនឹង​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Court Hears Human Rights Defender Koet Saray’s Case, Lawyer Calls For His Acquittal

228 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម