សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការចេញដីកា​មួយទៀត​បង្គាប់​​​ឱ្យ​ពលរដ្ឋ​បឹងតាមោក​ចូលខ្លួន​បំភ្លឺ​ជុំវិញ​ឧបទ្ទវហេតុ​ជីកប្រឡាយ

ពលរដ្ឋព្យាយាមឃាត់អាជ្ញាធរខណ្ឌព្រែកព្នៅមិនឱ្យសង់ប្រឡាយរំដោះទឹកជំនន់ ដែលនឹងប៉ះពាល់ដល់ផ្ទះ តូបលក់ដូរ និងតំបន់នេសាទត្រីរបស់ពួកគេ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)
ពលរដ្ឋព្យាយាមឃាត់អាជ្ញាធរខណ្ឌព្រែកព្នៅមិនឱ្យសង់ប្រឡាយរំដោះទឹកជំនន់ ដែលនឹងប៉ះពាល់ដល់ផ្ទះ តូបលក់ដូរ និងតំបន់នេសាទត្រីរបស់ពួកគេ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

ពលរដ្ឋរស់នៅតំបន់​បឹងតាមោក ៩នាក់ បានទទួល​ដីកា​បង្គាប់​ឱ្យចូលខ្លួន​មួយទៀត កាលពីថ្ងៃអង្គារ ពី​សាលាដំបូងរាជធានីភ្នំពេញ ជុំវិញ​ដំណើររឿង​ហិង្សា​ដោយ​ចេតនា​និង​«បទប្រឆាំងនឹង​អ្នករាជការសាធារណៈ» ទាក់ទងនឹង​ហេតុការណ៍មួយ​ពាក់ព័ន្ធនឹង​ការជីក​ប្រឡាយ ដែលបាន​កើតឡើង​កាលពីខែកុម្ភៈ ។ ក្នុងចំណោមពលរដ្ឋទាំងនេះ មានអ្នកខ្លះ​បានទទួល​ដីកា​បង្គាប់​ឱ្យចូលខ្លួន​​ជាច្រើនលើក​​ពាក់ព័ន្ធនឹងបញ្ហាខុសៗគ្នា ។

ឯកសារដីកា​ដែលចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ដែល​សារព័ត៌មាន ខេមបូចា បានពិនិត្យមើល បាន​សរសេរ​ថា ចៅក្រម​ស៊ើបសួរ​ ឆែ វិវឌ្ឍនៈ បានបង្គាប់​ឱ្យ​ពលរដ្ឋ​បឹង​តាមោក​ម្នាក់ៗ​ក្នុង​ចំណោមទាំង​៩នាក់ ឱ្យ​ចូលខ្លួន​បំភ្លឺ​នៅតុលាការ​បន្តបន្ទាប់គ្នា​ចន្លោះពីថ្ងៃទី២៤ ខែកក្កដា និង​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ។

បទហិង្សាដោយ​ចេទនា​ពាក់ព័ន្ធនឹង«ការចាក់សាំងដុតស្បៃមុង»បណ្ដាល​ឱ្យ​ឆាបឆេះរងរបួស និង​បទ«ប្រឆាំងនឹងអ្នករាជការសាធារណៈ» ដែលបាន​កើតឡើង​នៅភូមិ​បឹងតាមោក និង​​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

យោងតាមឯកសារដីកា ជនត្រូវចោទ​ត្រូវ​យកមក​ជាមួយ​​នូវ​លិខិតពាក់ព័ន្ធផ្សេងៗ​ ប្រសិនបើមាន ហើយ​ប្រសិនបើ​ពួកគេ​មិន​ព្រម​ចូលខ្លួន​តាម​កាលកំណត់ទេ ចៅក្រមអាច​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន ។

ពលរដ្ឋឈ្មោះ គង់ តឿ ដែលបានទទួលដីកាបង្គាប់​ឱ្យចូលខ្លួន បាននិយាយថា នេះជា​ដីកា​លើក​ទីបួន​ហើយ ។ អ្នកស្រី​បាន​និយាយថា វាអយុត្តិធម៌ចំពោះរូបអ្នកស្រី និងកូនស្រីវ័យជំទង់របស់​អ្នកស្រី ដែល​មិន​បាន​ប្រព្រឹត្ត​បទល្មើសអ្វីសោះ ប៉ុន្តែ បែរ​ជាទទួល​បាន​ដីកា​តុលាការមួយថែមទៀត ។

អ្នកស្រីបានបន្តថា៖ «វាអយុត្តិធម៌ណាស់ ពីព្រោះកូនស្រីខ្ញុំ​ដែល​ដេក​ក្នុង​អង្រឹង[នៅថ្ងៃកើតហេតុ] ក៏ត្រូវបានគេប្ដឹងដែរ» ។  អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំសួរថា តើពួកខ្ញុំបានធ្វើអ្វីខ្លះដាក់ពួកគេ ? យើងគ្រាន់តែ​ប្រាប់ពួកគេ​ថា យើង​ចង់​រស់នៅ​ដោយថ្លៃថ្នូរ​ដូចអ្នកដទៃដែរ» ។

ដូចគ្នានឹងអ្នកស្រី តឿ ដែរ ពលរដ្ឋម្នាក់ទៀតឈ្មោះ ស៊ា សំបាត់ ស្ថិតក្នុងចំណោមអ្នកទាំង ៩រូប ដែល​បាន​ទទួលដីកា​បង្គាប់​ឱ្យ​ចូលខ្លួនពីតុលាការដែរ បាននិយាយថា វាមិនយុត្តិធម៌ទេ ។ អ្នកស្រីថា៖ «ពួកគេ​អាច​ចោទ​ប្រកាន់​និងរំលោភបំពាន​តែលើ​ប្រជាជន​ខ្លួន​ឯង​ប៉ុណ្ណោះ ។ វាមិនពិតទាល់តែសោះ» ។  នៅថ្ងៃនោះ លោក​ឈរ​នៅទីធ្លា​ក្រោយផ្ទះរបស់លោក ។ លោកបានបន្ថែមថា៖ «ខ្ញុំមិនបានទៅឈ្លោះជាមួយ​ពួកគេ​[អាជ្ញាធរ]ទេ» ។

ភរិយា​របស់​លោក ឈ្មោះ ទឹម អ៊ុក និងបងស្រីរបស់​លោក ឈ្មោះ ស៊ា ដាវី ក៏ត្រូវបាន​តុលាការបង្គាប់​ឱ្យចូលខ្លួន​បំភ្លឺនៅមុខតុលាការដែរ ។ លោក​បាននិយាយថា ពួកគេនឹងមិនគេចវេះពីការចូលទៅបំភ្លឺ​ទេ ពីព្រោះ​ពួកគេ​មិនបានធ្វើអ្វីខុស​ឡើយ ។

លោក សំបាត់ បាននិយាយថា៖ «សូមមន្ត្រីមូលដ្ឋាន​និងរដ្ឋាភិបាល​មើល​ប្រជាជន​ខ្លួនឯង​ផង និង​សូម​ដក​បណ្ដឹង​ទៅ ។ សូម​កុំ​ប្ដឹង​ប្រជាជន​ដែលមិន​បានធ្វើអ្វីខុសសោះនោះ» ។

ដីកា​លើកនេះ​ជា​ដីកា​បង្គាប់​ឱ្យចូលខ្លួន​លើកទីពីរហើយ ។ សំណុំរឿង​ទីមួយ​របស់លោក​បាន​ឡើងទៅដល់​តុលាការ​កំពូល​ហើយ បន្ទាប់​ពីលោក​បានដាក់ពាក្យ​ប្ដឹង​ឧទ្ធរណ៍​ជំទាស់ទៅនឹង​សាលដីកា​របស់​សាលាឧទ្ធរណ៍​ដែលបាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង ។ រួមជាមួយនឹង​ពលរដ្ឋ​ ៤រូប​ផ្សេងទៀត ពួកគេ​ត្រូវបានតុលាការរកឃើញថា​មានទោស​ពីបទ​រំខាន​ការងារ​អ្នករាជការ​សាធារណៈ​មានស្ថានទម្ងន់ទោស កាលពីឆ្នាំ២០២២ និង​ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ៨ខែ និងពិន័យ​ជាប្រាក់ ១លានរៀល ។

អ្នកស្រី ស៊ា ដាវី ដែលបានទទួលដីកា​លើកទីពីរដែរ បាន​ប្រាប់ ខេមបូចា ថា ពលរដ្ឋ​ ១០រូប​គ្រោងនឹង​ត្រូវ​ទទួលដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​ ប៉ុន្តែ មានពលរដ្ឋ​ម្នាក់ ឈ្មោះ ចាន់ ទី បានយល់ព្រមដោះដូរដី ដូច្នេះ អាជ្ញាធរ​រក្សាទុកដីកានោះវិញ ។

បច្ចុប្បន្ន មានផ្ទះ​ចំនួន ៤៤ផ្ទះ​នៅក្នុង​តំបន់នោះ ប៉ុន្តែ ពលរដ្ឋ​ជាង ៥០% បាន​ចរចា​សុំ​ដោះដូរ​ដី​ជាមួយ​មន្ត្រីខណ្ឌ​រួចហើយ ។ នេះបើតាមការ​ឱ្យដឹងពីអ្នកស្រី ដាវី ។ ការយល់ព្រមចរចា​នេះ គឺដោយសារតែ​ពលរដ្ឋជាអ្នកជិតខាង​ខ្លះ​ជួបបញ្ហាលំបាក​ប្រាក់ចំណូល ដោយសារអាជ្ញាធរ​បន្ត​ជីកកាយប្រឡាយ​នៅខាងក្រោយផ្ទះរបស់ពួកគេ​ និង​ចាក់លុប​ខ្សាច់ ។

ស្របពេលជាមួយគ្នានេះដែរ អ្នកស្រី តឿ បាន​និយាយថា អ្នកស្រីនឹង​យល់ព្រមទៅចរចា​ជាមួយ​សាលាខណ្ឌ តែក្នុងករណីដែលពួកគេ​ទម្លាក់រាល់ការចោទប្រកាន់​មក​លើ​រូប​អ្នកស្រីប៉ុណ្ណោះ ។

អភិបាលខណ្ឌ​ព្រែកព្នៅ លោក ធឹម សំអាន បាន​និយាយថា លោក​គ្មាន«សិទ្ធិជ្រៀតជ្រែក»ក្នុង​កិច្ចការ​អនុវត្តច្បាប់របស់​តុលាការទេ ប៉ុន្តែ លោកក៏នឹងមិនទុកបញ្ហានេះ​ចោល​មិនដោះស្រាយដែរ ។ លោក​មានន័យថា លោក​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​ដោះដូរ​ដី​ឱ្យ​ប្រជាពលរដ្ឋជា​បន្ត ។

លោក សំអាន បានទទូច​ឱ្យប្រជាពលរដ្ឋ​ដែលនៅសេសសល់ ៤៤គ្រួសារ ឱ្យ​«រួសរាន់»និង«ទទួលយក»​គោលនយោបាយដោះដូរដី ។ លោកបន្ត​ថា កន្លងមក ពលរដ្ឋ​ ៦៥គ្រួសារ​ហើយ​ដែល​បាន​ទទួល​យក​គោល​នយោបាយនេះ ។

លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិរស់នៅក្នុងទីក្រុង​របស់​សមាគម​ធាងត្នោត បាននិយាយថា ដីកាតុលាការចុងក្រោយបំផុតនេះ គឺជា​ដីកា​លើកទី៧ហើយ​សម្រាប់​ពលរដ្ឋនៅក្នុងសហគមន៍​ភូមិ​សំរោងត្បូង ។ លោក​យល់ឃើញថា កង្វះដំណោះស្រាយសមស្រប​សម្រាប់​ប្រជាពលរដ្ឋ​ និងការប្រើប្រាស់ប្រព័ន្ធ​តុលាការ​គឺជារឿងគួរ​ឱ្យ​សោកស្ដាយ ពីព្រោះ​វា​ដោះស្រាយបញ្ហាមិនចេញទេ ហើយថែមទាំង​បង្ក​ជា​បន្ទុកសង្គម​បន្ថែមទៀត​ទៅលើ​ប្រជាពលរដ្ឋទៀតផង ។

លោក មួយឡៃ ចង់​ឃើញ​អាជ្ញាធរ​ដោះស្រាយបញ្ហានេះប្រកប​ដោយ​តម្លាភាព ដែលជាវិធីល្អ​មួយ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួលយក​សំណង​ដោយ​ស្ម័គ្រចិត្ត ពីព្រោះការដាក់​សម្ពាធ​និង​បង្ខិតបង្ខំ​ឱ្យ​ពលរដ្ឋ​យល់​ព្រមទទួលយក​សំណង​ដែលមិនសមរម្យ គឺមិនត្រឹមត្រូវទេ ហើយវាក៏មិនស្របទៅតាម​គោលការណ៍​សិទ្ធិមនុស្ស​ដែរ ។

លោកបាននិយាយថា៖ «បើទោះបី​អ្នកដែលរងសម្ពាធ​យល់ព្រមទទួល​យក​សំណង​ក្ដី ប៉ុន្តែ វាជារឿងខុស ដោយសារនេះ​ជា​ទម្រង់មួយនៃការបណ្ដេញចេញ​ដោយ​បង្ខំ ដែលប្រឆាំងនឹង​ច្បាប់សិទ្ធិមនុស្ស» ។

លោក មួយឡៃ បាននិយាយថា ផែនទីបានបង្ហាញថាតំបន់លំនៅឋាន​របស់​សហគមន៍​ពលរដ្ឋ​នៅភូមិ​សំរោងត្បូង គឺស្ថិតនៅខាងក្រៅ​ព្រំប្រទល់​ដីសាធារណៈរបស់រដ្ឋ ។

កាលពីថ្ងៃទី១២ ខែកក្កដា អាជ្ញាធរ​ខណ្ឌព្រែកព្នៅ បានបិទប្រកាស​ជូនដំណឹង​នៅនឹងទ្វារផ្ទះរបស់​ប្រជាពលរដ្ឋ​ ដោយ​បញ្ជា​ឱ្យ​គ្រួសារ​ដែល​នៅសេសសល់​រុះរើផ្ទះនិងសំណង់ផ្សេងទៀតដែលបានសង់​នៅលើ​ផ្លូវ​សាធារណៈរបស់រដ្ឋ​ចេញ ឱ្យបានមុនថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ។

ការជូនដំណឹងនោះបានលើកឡើងថា៖ «ដីនោះស្ថិត​នៅក្នុង​ប្លង់មេ​ដែលត្រូវពង្រីក​ផ្លូវ​ដើម្បី​សម្រួល​ចរាចរណ៍​ពី​វិមានឈ្នះឈ្នះ មកកាន់​ផ្លូវ ១៥១ និង​បន្ត​ទៅកាន់​ផ្លូវជាតិលេខ៥ និង​ផ្លូវលេខ ៤២ ដើម្បី​ងាយស្រួលដល់​ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ» ។

ការជូនដំណឹង​បានបន្ត​ថា រដ្ឋបាលខណ្ឌ​នឹង​ផ្ដល់​សំណង​ ក្នុងនោះរួមមានដី ផ្ទះដែលមានបណ្ណកម្មសិទ្ធិ «ថវិកាមួយចំនួនធំ» អគ្គិសនី ទឹកស្អាត និង​ប្រព័ន្ធលូ​បង្ហូរទឹក និងថា ទីតាំងនោះ​ក៏ស្ថិតនៅជិត​នឹង​ទីតាំង​បច្ចុប្បន្នរបស់​ប្រជាពលរដ្ឋ​ដែរ» ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Another Court Order Issued To Boeung Tamok Residents Over Canal Excavation Incident

501 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មី

អត្ថបទពេញនិយម