សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ទស្សនៈ៖ មាគ៌ាយុត្តិធម៌របស់កម្ពុជា គឺការប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិចំពោះឧក្រិដ្ឋកម្មនានា

ស្ពានជ័យជម្នះ (មេទឹក) ដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ រងការខូចខាតដោយសារទាហានថៃទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំ F-16 នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ (រូបភាព៖ AKP)
ស្ពានជ័យជម្នះ (មេទឹក) ដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ រងការខូចខាតដោយសារទាហានថៃទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំ F-16 នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ (រូបភាព៖ AKP)

សេចក្តីថ្លែងការណ៍ដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃទី១១ ខែធ្នូ​ ដែលចោទថា ការវាយប្រហាររបស់យោធាថៃជាទម្រង់នៃឧក្រិដ្ឋកម្មសង្រ្គាម ដោយបានបន្ថែមពីលើខ្លឹមសាររបស់អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកាលពីថ្ងៃទី១០ ខែធ្នូ ដែលអះអាងថា កម្ពុជាបាននឹងកំពុងប្រមូលភស្តុតាងឲ្យបានគ្រប់គ្រាន់ ដើម្បីប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ ការលើកឡើងនេះ ​គឺជាដំណឹងគួរឲ្យស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។ ជាការពិតណាស់ ប្រទេសកម្ពុជាបានក្លាយជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២ មកម្ល៉េះ។ គិតមកដល់ពេលបច្ចុប្បន្ននេះ មានប្រទេសចំនួន១២៥ ជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ លក្ខន្តិកៈទីក្រុងរ៉ូមចែងអំពីយុត្តាធិការរបស់ខ្លួនទៅលើបទល្មើសជាឧក្រិដ្ឋកម្មអន្តរជាតិចំនួនបួន គឺ៖ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម​ និង ឧកិ្រដ្ឋកម្មឈ្លានពាន។​

ក្នុងនាមជាប្រទេសរងគ្រោះ និងជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម ប្រទេសកម្ពុជាអាចស្នើសុំដាក់ពាក្យបណ្តឹងជូនទៅអយ្យការ/រដ្ឋអាជ្ញារបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ដើម្បីសុំធ្វើការស៊ើបអង្កេតបទឧក្រិដ្ឋនានា ដែលបាននឹងកំពុងប្រព្រឹត្តឡើងដោយក្រុមទាហានថៃ និងរដ្ឋាភិបាលថៃ ទោះបីជាប្រទេសថៃមិនទាន់បានផ្តល់សច្ចាប័នក៏ដោយ។ ការទាមទារនេះធ្វើទៅតាមយុត្តាធិការដែនដីនៃបទល្មើសដែលកំពុងតែកើតឡើងនៅលើទឹកដីកម្ពុជាជារដ្ឋភាគី។

ផ្អែកទៅលើអង្គហេតុជាច្រើនកើតចេញពីការវាយប្រហារឈ្លានពាន ការរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់ និងយ៉ាងកម្រោលពីសំណាក់ក្រុមទាហានថៃ រាប់ចាប់តាំងពីការវាយប្រហារលើកទី១ កាលពីថ្ងៃទី២៤-២៨​​​ ខែ កក្កដាកន្លងទៅ និងការកំពុងវាយប្រហារឡើងវិញចាប់ផ្តើមពីថ្ងៃទី៧ ខែធ្នូ រហូតមកទល់ពេលនេះ ត្រូវបានគេរាយការណ៍ថា មានការទំលាក់គ្រាប់បែកចង្កោម ការបាញ់ផ្សែងពុល ការប្រើប្រាស់អាវុធធន់ធ្ងន់, ដ្រូនវាយប្រហារតាមផ្លូវអាកាស F-16, ​Gripen ចូលទឹកដីកម្ពុជា។ ការវាយប្រហារនេះបានបំផ្លាញទីតាំងយោធា និងទីតាំងដែលត្រូវបានការពារ។ ទីតាំងទាំងនោះរួមមានដូចជា ភូមិដ្ឋានរបស់ជនស៊ីវិល មណ្ឌលសុខភាព វត្តអារ៉ាម រចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ដែលសម្បតិ្តបេតិកភណ្ឌពិភពលោក និងសម្បតិ្តវប្បធម៌មនុស្សលោក ជាដើម​។ល។ ដែលជា​ការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទិ្ធមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ​។

ថ្នាក់ដឹកនាំកម្ពុជាបានអះអាងជាច្រើនសារថា ការវាយប្រហារតបទៅវិញរបស់ខ្លួន គឺគ្រាន់តែអ្នកទប់ទល់ និងអនុវត្តន៍សិទ្ធិការពារខ្លួនស្របច្បាប់តាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ ហើយគេក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិថ្កោលទោសថៃ និងឲ្យបញ្ឈប់ការរំលោភបំពានឈ្លានពាននេះជាហូរហែរមកដែរ។ ការទន្រ្ទានដោយបង្កហេតុទាំងនេះកើតឡើងពីពួកក្រុមទាហានថៃ ដោយបានយកលេសពីការជាន់មីនដែលខ្លួនបានចោទកម្ពុជាថាបានដាក់ថ្មីៗ​នៅតាមបណ្តោយព្រំដែនដែលកម្ពុជាបានបដិសេធ ព្រោះថាវាជាមីនចាស់ៗបន្សល់តាំងពីសម័យសង្រ្គាមស៊ីវិលកម្ពុជាជិតកន្លះសតវត្សរ៍ ជាការគំរាមកំហែងដល់សន្តិសុខថៃ។  ​

ផ្អែកតាមទិន្នន័យបណ្តោះអាសន្នពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានរាយការណ៍មកថា គិតមកដល់ត្រឹមថ្ងៃទី១៥ ខែធ្នូ បណ្តាលឲ្យជនស៊ីវិលស្លាប់ជាង១៥នាក់ និងអ្នករបួសជាង​៧០នាក់ ដោយមិនរាប់គិតពីការខូចខាតធ្ងន់ធ្ងរដទៃទៀត ព្រមទាំងការជំលៀសជនភៀសសឹកពីភូមិដ្ឋានយ៉ាងហោចជាង១២ម៉ឺនគ្រួសារ ឬប្រហែលជាង៤០ម៉ឺននាក់។ ផលវិបាកទាំងនេះអាចបន្តកើនឡើងទៀត ប្រសិនបើសង្រ្គាមនេះមិនត្រូវបានបញ្ឈប់ទាំងស្រុងនាពេលឆាប់ៗនេះទេ។ កុមារកម្ពុជារាប់ម៉ឹននាក់នៅតាមសាលារៀនរាប់រយក្នុងខេត្តតាមបណ្តោយព្រំដែនត្រូវបានបិទជាបណ្តោះអាសន្នដោយសារអសុវត្ថិភាពគេចចេញពីគ្រាប់ផ្លោងរបស់ទាហានថៃ ដែលបណ្តាលធ្វើឲ្យពួកគេខកខានរៀនសូត្រ។ ទាំងនេះបង្ហាញអំពីអង្គហេតុ និងអង្គច្បាប់គ្រប់គ្រាន់ ភស្តុតាងនានាដែលប្រមូលបាន ព្រមទាំងចេតនារបស់នាយករដ្ឋមន្រ្តីចាំផ្ទះអនុទីន ចាន់វីរៈគុល និងនាយទាហានថៃ ដែលមិនចង់ចរចារបញ្ឈប់សង្រ្គាមឈ្លានពាន និងមានបំណងកំទេចបំផ្លាញ និងចូលទន្រ្ទានកាន់កាប់បូរណភាពដែនដីកម្ពុជាដោយខុសច្បាប់ គឺជាឧក្រិដ្ឋកម្មដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិយ៉ាងជាក់ច្បាស់។

មាត្រា១៤ នៃលក្ខន្តិកៈទីក្រុងរ៉ូម ចែងថា “រដ្ឋជាភាគីអាចដាក់ពាក្យបណ្តឹងបញ្ជូនទៅកាន់អយ្យការ/រដ្ឋអាជ្ញាអំពីស្ថានភាពដែលបទឧក្រិដ្ឋមួយ ឬពីរ ស្ថិតក្រោមយុត្តាធិការរបស់តុលាការ​ដែលត្រូវបានប្រព្រឹត្ត ដោយស្នើសុំអយ្យការ/រដ្ឋអាជ្ញាឲ្យធ្វើការស៊ើបអង្កេតអំពីស្ថានភាពនោះ ក្នុងគោលបំណងកំណត់ថា តើជនណាម្នាក់ ឬច្រើននាក់ នឹងត្រូវចោទប្រកាន់ចំពោះការប្រព្រឹត្តបទលើ្មសឧក្រិដ្ឋកម្មនោះ។.​​…..“

ដូចនេះ បើផ្អែកតាមមាត្រានេះ ប្រសិនបើប្រទេសកម្ពុជាចង់ដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រុមទាហានថៃ ដែលជាអ្នកបញ្ជារប្រតិបត្តិការនេះពីបទ “ឧក្រិដ្ឋកម្មសង្រ្គាម” និង”ឧកិ្រដ្ឋកម្មឈ្លានពាន” ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ នោះក៏ជាការត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីជម្រុញឲ្យមានការស៊ើបអង្កេតពីតុលាការព្រហ្មទណ្ឌអន្តរជាតិទៅលើបទល្មើសដែលត្រូវចោទប្រកាន់ទាំងនោះ។ ពីព្រោះថា អ្វីដែលក្រុមទាហានថៃ និងថ្នាក់ដឹកនាំរដ្ឋាភិបាលចាំផ្ទះថៃបាននឹងកំពុងធ្វើ គឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងគឃ្លើន និងបទឈប់បាញ់ដែលបានឯកភាពគ្នានាយករដ្ឋមន្រ្តីថៃខ្លួនឯងបានចុះហត្ថលេខាជាមួយនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា និង សេចក្តីប្រកាសរួមស្តីពីសន្តិភាពរវាងប្រទេសកម្ពុជានិងថៃ កាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក​ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានសមាគមអាស៊ាជាសាក្សី ព្រមទាំងកិច្ចប្រជុំទ្វេរភាគីជាច្រើននាពេលកន្លងមក។ លើសពីនេះការបន្តឃុំខ្លួនទាហានកម្ពុជា ដែលត្រូវបានចាប់ខ្លួនដោយទាហានថៃក្រោយបទឈប់បាញ់អស់ពេលជាង១៣៧ថ្ងៃហើយ គឺការរំលោភយ៉ាងធ្ងន់ធ្ងរអនុសញ្ញាក្រុងហ្សឺណែវ ដែលថៃមិនខ្វល់ពីការដោះលែង។​

ជាមួយនឹងលទ្ធភាពប្តឹងនេះ គេក៏ត្រូវថ្លឹងថ្លែងឲ្យបានល្អិតល្អន់អំពីលទ្ធភាពខាងផ្លូវច្បាប់នេះអាចនឹងមានភាពប្រទាំងប្រទើសទិដ្ឋភាពខាងនយោបាយ ពីព្រោះថា តុលាការព្រហ្មទណ្ឌអន្តរជាតិអាចអន្តរាគមន៍ ឬស៊ើបអង្កេតសំណុំរឿងនេះបាន លុះត្រា​ត្រូវតាមលក្ខខណ្ឌរបស់ខ្លួន ហើយគេក៏ត្រូវប្រុងប្រយ័ត្នចំពោះរឿងនេះអាចបង្កទៅជាជំលោះក្នុងតំបន់ ប្រសិនបើមិនមានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់សម្រាប់ចោទប្រកាន់នោះទេ។

អ្នកស្រី ឆេង រ៉ា អាយុ ៦២ឆ្នាំ មកពីតំបន់មុំបី ខេត្តព្រះវិហារ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគ្រាប់ផ្លោងបានធ្លាក់មកលើផ្ទះរបស់គាត់កាលពីថ្ងៃចន្ទ នេះបើយោងតាមកូនស្រីរបស់គាត់ឈ្មោះ សំ លូដា បានប្រាប់ សារព័ត៌មានខេមបូចា ក្នុងអំឡុងពេលពិធីបុណ្យសពថា គ្រាប់ផ្លោងទាំងនោះមកពីខាងថៃ។ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៥។ (ខេមបូចា/​ Coby Hobbs)
អ្នកស្រី ឆេង រ៉ា អាយុ ៦២ឆ្នាំ មកពីតំបន់មុំបី ខេត្តព្រះវិហារ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគ្រាប់ផ្លោងបានធ្លាក់មកលើផ្ទះរបស់គាត់។ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៥។ (ខេមបូចា/​ Coby Hobbs)

ក្រុមជាតិនិយមជ្រុល ថ្នាក់ដឹកនាំ និងទាហានថៃ មិនបានខ្វល់ពីការទាមទារឲ្យឈប់បង្កសង្រ្គាមជាមួយកម្ពុជានោះទេ បើទោះបីជាកាលពីថ្ងៃទី១១ ខែធ្នូ កន្លងទៅ មានការទូរសព្ទសន្ទនាដាច់ដោយឡែកពីគ្នា រវាងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីអាន់វ៉ា អ៊ីប្រាហ៊ីម (ជាប្រធានអាស៊ាន) និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជាមួយនឹងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចាំផ្ទះថៃ​ក៏ដោយ។ ប៉ុន្តែជាអកុសល កិច្ចសន្ទនានេះមិនបាននាំមានលទ្ធផលឈានទៅដល់ការអនុវត្តបទឈប់បាញ់នោះទេ ទោះបីជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី ថាមានបទឈប់បាញ់អនុវត្តន៍ចាប់ពីម៉ោង១០ ថ្ងៃទី១៣ និងលោកប្រធានាធិបតីប្រកាសតាមប្រព័ន្ធសង្គមក៏ដោយ ពីព្រោះភាគីថៃហាក់មិនអើពើអ្វីទាំងអស់។ ឯខាងលោកនាយករដ្ឋមន្រ្តីកម្ពុជាវិញ បានសំដែងការចង់បានបទឈប់បាញ់ភ្លាម ហើយថែមស្នើសុំឲ្យមានការចូលរួមពីអាស៊ាន និងសហរដ្ឋអាមេរិកដាក់អ្នកសង្កេតការណ៍ចូលរួមឃ្លាំមើលផងដែរ។​

ទោះបីមានការអំពាវនាវជាច្រើនដងពីប្រមុខដឹកនាំអង្គការសហប្រជាជាតិ ប្រធានអាស៊ាន ប្រទេសមហាអំណាច និងប្រទេសជាច្រើនទៀតក៏ដោយ ក៏ថ្នាក់ដឹកនាំ និងក្រុមទាហានថៃមិនខ្វល់ គឺ គ្រាន់តែគិតពីការកេងចំណេញនយោបាយផ្ទៃក្នុងសម្រាប់ប្រជាប្រិយភាពការបោះឆ្នោតខាងមុខ និងការបិទបាំងភាពបែកបាក់នយោបាយផ្ទៃក្នុងខ្លួន ដោយយកប្រទេសកម្ពុជាចំណាប់ខ្មាំង។​ បើគ្មានការបន្តដាក់សម្ពាធខាងផ្នែកច្បាប់ នយោបាយ សេដ្ឋកិច្ច​ និងការទូតខ្លាំងៗពីសហគមន៍អន្តរជាតិនាពេលនេះទេ នោះថ្នាក់ដឹកនាំនិងក្រុមទាហានថៃនឹងមិនព្រមបញ្ឈប់មហិច្ជិតាឈ្លានពានទឹកដីកម្ពុជា និងនៅតែបង្កសង្រ្គាមរ៉ាំរ៉ៃជាមួយប្រទេសកម្ពុជា។ ​ករណីសង្រ្គាមអូសបន្លាយរវាងរូស្ស៊ី និងអ៊ុយក្រែន​ជាទាហរណ៍មួយ ដែលថៃអាចយកជាគំរូក្នុងការគៀបសង្កត់មកលើកម្ពុជាដោយខ្លួនជាប្រទេសមានកំលាំងទ័ពខ្លាំងជាងជាជាងចរចារដោះស្រាយដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។​

​សនិ្នដ្ឋានរួមមក ប្រសិនបើថ្នាក់ដឹកនាំកម្ពុជាបានសិក្សាលទ្ធភាពខាងផ្លូវច្បាប់ និងភស្តុតាងប្រមូលបានគ្រប់គ្រាន់ហើយ គេគួរតែរៀបចំសំណុំរឿងប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឲ្យបានឆាប់រហ័ស ពីព្រោះវា គឺជាពេលវេលាល្អ ដែលកម្ពុជាបង្ហាញទៅកាន់ពិភពលោកថា ខ្លួនពិតជាចង់បានសន្តិភាព ដំណោះស្រាយព្រំដែនមួយស្របតាមច្បាប់អន្តរជាតិ និងមានការទទួលស្គាល់ពិតប្រាកដ។ ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែអាចបន្តការតស៊ូមតិខាងការទូត និងនយោបាយ​ជាមួយសហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យជួយតាមដានឃ្លាំមើលតទៅទៀត ឬបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិបន្ថែមទៀត ប៉ុន្តែកិច្ចការនេះនឹងត្រូវការភាពអត់ធ្មត់ ភាពប៉ិនប្រសព្វរបស់ថ្នាក់ដឹកនាំ និងចំណាយពេលយូរទៀត។

កំណត់ចំណាំ៖  ​ទស្សនៈពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម