សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្មករកម្មការិនី នៃរោងចក្រ បូវឃើរ ប្តឹងស្វែងរកដំណោះស្រាយវិវាទការងារ ពាក់ព័ន្ធនឹងការគាបសង្កត់ពីភាគីរោងចក្រ

លោក ឌុក សាវិន ជាអគ្គហិរញ្ញិក នៃសហជីពសេរីឯករាជ្យ ប្រចាំក្រុមហ៊ុន បូវឃើរ ហ្គាមេន ហ្វេកធើរី ត្រូវបានភាគីរោងចក្របញ្ឈប់ពីការងារនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដោយគាត់ពាក់អាវដៃវែងពណ៌ខ្មៅដែលឈរនៅលេខទី៣ (រាប់ពីឆ្វេងទៅស្តាំ) រូបនេះត្រូវបានបង្ហោះលើហ្វេសប៊ុកផេករបស់សហជីពសេរីឯករាជ្យ កាលពីថ្ងៃទី២២ ខែកក្កដា។
លោក ឌុក សាវិន ជាអគ្គហិរញ្ញិក នៃសហជីពសេរីឯករាជ្យ ប្រចាំក្រុមហ៊ុន បូវឃើរ ហ្គាមេន ហ្វេកធើរី ត្រូវបានភាគីរោងចក្របញ្ឈប់ពីការងារនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដោយគាត់ពាក់អាវដៃវែងពណ៌ខ្មៅដែលឈរនៅលេខទី៣ (រាប់ពីឆ្វេងទៅស្តាំ) រូបនេះត្រូវបានបង្ហោះលើហ្វេសប៊ុកផេករបស់សហជីពសេរីឯករាជ្យ កាលពីថ្ងៃទី២២ ខែកក្កដា។

សហជីពប្រចាំរោងចក្រកាត់ដេរសម្លៀកបំពាក់ បូវឃើរ ហ្គាមេន ហ្វេកធើរី បានប្តឹងទៅក្រសួងការងារ នៅដើមខែសីហានេះ ពាក់ព័ន្ធនឹងវិវាទការងារចំនួន១២ចំណុច រួមទាំងការបញ្ឈប់តំណាង​សហជីព និងកម្មករជាច្រើននាក់កន្លងមក ប៉ុន្តែក្រសួងការងារបានឆ្លើយតបនៅថ្ងៃទី២៥ ខែសីហា ថា សហជីពត្រូវដោះស្រាយជាមួយក្រុមហ៊ុនផ្ទាល់សិន បើមិនឯកភាពគ្នា អាចប្តឹងទៅក្រសួងបន្តទៀត។

រោងចក្រកាត់ដេរសម្លៀកបំពាក់ បូវឃើរ ហ្គាមេន ហ្វេកធើរី មានទីតាំងស្ថិតនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានបើកដំណើរការជាង១៣ឆ្នាំមកហើយ ជារោងចក្រផលិតខោអាវកីឡា ម៉ាក អាឌីដាស (Adidas) ដែលមាននាយកប្រតិបត្តិឈ្មោះ KHOR LAIHUAT ជាសញ្ជាតិម៉ាឡេស៊ី ។ កម្មករ​ក្នុងរោងចក្រនេះ សរុបមានចំនួន ៣ ៥៥៦ នាក់ ក្នុងនោះស្រ្តីចំនួន ៣ ២០០ នាក់។  

អនុប្រធានសហជីពកម្ពុជា​ ប្រចាំរោងចក្រកាត់ដេរ បូវឃើរ ហ្គាមេន ហ្វេកធើរី លោក ឈន ចាន់ បានឱ្យដឹងនៅថ្ងៃទី២៨ ខែសីហា ថា កម្មករក្នុងរោងចក្រទាំងអស់នាំគ្នាដាក់ពាក្យបណ្ដឹងទៅ​ក្រសួងការងារ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដោយសារក្រុមហ៊ុននេះ​ មិនគោរពសិទ្ធិ និងបញ្ឈប់កម្មករជាច្រើននាក់ ដោយការរើសអើងសហជីព។

លោកបានលើកឡើងថា៖ «ពួកខ្ញុំដាក់ពាក្យបណ្ដឹងទៅក្រសួងការងារឱ្យជួយរកដំណោះស្រាយ ព្រោះម្ចាស់ក្រុមហ៊ុនតែងតែរំលោភសិទ្ធិសេរីភាពកម្មករជាច្រើនដង ប៉ុន្តែក្រសួងការងារបានទទួលនិងចេញលិខិតឆ្លើយតបមកវិញឱ្យពួកខ្ញុំដោះស្រាយជាមួយក្រុមហ៊ុនដោយខ្លួនអែងសិន» ។

លោកបានបន្តថា មកទល់ពេលនេះខាងសហព័ន្ធកំពុងតែជជែកជាមួយដៃគូរពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយ។ គួរបញ្ចាក់ផងដែរថា ខាងសហជីពការងារបានដាក់ពាក្យបណ្ដឹងទៅក្រសួងនៅដើមខែសីហា ហើយក្រសួងបានឆ្លើយតបមកវិញនៅថ្ងៃទី២៥ ខែសីហា ​ឆ្នាំ២០២៥ ។ ទាក់ទិននឹងបញ្ហាវិវាទការងារនេះ ក្រុមហ៊ុនខាងលើធ្លាប់បញ្ឈប់សហជីពច្រើននាក់មកហើយកាលពី៨ខែមុន ហើយមិនគោរពតាមច្បាប់ ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព​។

លោកបានលើកឡើងថា ការបញ្ឈប់មេដឹកនាំសហជីព និងកម្មករ គឺដោយសារការរើសអើងសហជីព ព្រោះក្រុមហ៊ុនដាក់លក្ខខណ្ឌការងារកាន់តែពិបាក ក្រុមហ៊ុនកាន់តែរឹតបន្តឹងការងារលើកម្មករធ្វើឱ្យកម្មករខ្លះលែងចង់ចូលធ្វើការងារ ព្រោះក្នុងក្រុមហ៊ុន តែងមានបញ្ហាច្រើនលើកច្រើនសារ ​។

លោក ឈន ចាន់ បានបញ្ជាក់ថា៖​ «ការបញ្ឈប់កម្មករពីការងារនេះជាការរើសអើងសហជីព​ កម្មករ សហជីពណាដែលមិនទៅអែបអបថៅកែខាងរោងចក្រមិនសូវពេញចិត្ត ខឹងកម្មករមិនធ្វើការ»។ លោកបានបន្តថា ក្នុងរោងចក្រនេះមេកាគាបសង្កត់រឹតបន្តឹងការងារកម្មករ តាមដានគ្រប់សកម្មភាព ដូច្នេះកម្មករប្រឈមនឹងអត់ការងារធ្វើ ។  

លោកបានរៀបរាប់ថា សកម្មភាពតាមថតតាមសួរនាំនេះ កើតឡើងរយៈពេលជាងកន្លះឆ្នាំមកហើយ​ សកម្មភាពនេះធ្វើឲ្យកម្មករមួយចំនួនភ័យខ្លាចមិនហ៊ានចូលធ្វើការ​។ លោកបន្តទៀតថា នេះមិនមែនជាលើកទី១ទេ ដែលរោងចក្របញ្ឈប់កម្មករ ដោយសារតែការរើសអើងសហជីព។ កន្លងមក បានបញ្ឈប់ថ្នាក់ដឹកនាំសហជីពជាង៥នាក់ហើយ​ ក្នុងនោះមានសហជីពកម្ពុជា សហជីពសេរីភាពកម្មករខ្មែរ សហជីពសេរីឯករាជ្យ សហជីពអភិវឌ្ឍន៍កម្មករកម្ពុជា។

លោក ឈន ចាន់ បញ្ជាក់ថា ថ្នាក់ដឹកនាំសហជីព៤នេះ ត្រូវបានរោងចក្របញ្ឈប់ភ្លាមៗក្នុងចំណោមសហជីពទាំង១៣។ លោក ឈន ចាន់ បានលើកឡើងថា៖ «នេះជាការកេងប្រវ័ញ្ចរំលោភបំពានសិទ្ធិរបស់កម្មករ»។ លោកបន្ថែមថា ក្នុងនាមលោកជាតំណាងកម្មករម្នាក់ សូមឱ្យរដ្ឋាភិបាលជួយគិតគូរ និងដោះស្រាយ ជូនកម្មករនៅរោងចក្រខាងលើនេះផង កុំឱ្យក្រុមហ៊ុនបន្តសកម្មភាពរំលោភសិទ្ធិរបស់កម្មករទៀត។

អ្នកស្រី ចេន ចាន់ទី ជាកម្មករធ្វើការនៅរោងចក្រខាងលើរយៈពេលជាង១១ឆ្នាំ បានឱ្យដឹងថា ម្ចាស់ក្រុមហ៊ុនខាងលើតែងតែគាបសង្កត់លើកម្លាំងកម្មករ និងរើសអើងការងារសហជីពកម្មករ​។

អ្នកស្រី ចាន់ទី បានលើកឡើងថា៖ «ថៅកែរោងចក្រជាជនជាតិ ចឹងពួកគេកាន់ជើងតែគ្នាគេទេ ចំពោះកម្មករខ្មែរវិញរើសអើងណាស់ កម្មករខ្មែរធ្វើអីខុសតិចតួចបញ្ឈប់ចេញពីការងារភ្លាមៗ បើខាងជនជាតិវិញធ្វើខុសច្បាប់កម្រិតណាក៏មិនបញ្ឈប់ទេ លើកលែងរហូត លើសពីនេះថៅកែធ្លាប់ប្រើអំពើហិង្សាលើកម្មករ»។

អ្នកស្រីបានបន្តថា រាល់ថ្ងៃនេះធ្វើការទាំងភ័យព្រួយបើថៅកែរើសអើងចឹង កម្មករមួយចំនួនឈប់​​បណ្ដើៗ​ហើយ ដោយសារតែថៅកែគាបសង្កត់កម្មករពេក មិនលើកលែងសូម្បីស្រ្តីពោះធំ​​។

តំណាងសហជីពចូលរួមតាមដានពាក្យបណ្តឹងនៅនាយកដ្ឋានវិវាទការងារនៃក្រសួងការងារ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដែលពួកគេបា​នដាក់កាលពីដើមខែសីហា ឆ្នាំ២០២៥។ (រូបភាពផ្តល់ឱ្យ)​

សហជីពបានដាក់ពាក្យបណ្ដឹងទៅក្រសួងការងារ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ស្នើសុំឱ្យក្រសួងជួយដោះស្រាយបញ្ហាចំនួន១២ចំណុចក្នុងនោះ រួមមាន ក្រុមហ៊ុនត្រូវជួយរៀបចំធ្វើយ៉ាងណាដើម្បីកាត់បន្ថយការហុយខ្លាំង នៃកម្ទិចក្រណាត់នៅក្នុងអគារោងចក្រ។ សុំឱ្យក្រុមហ៊ុនទទួលយកលោក ឌុក សាវិន ចូលធ្វើការងារវិញ។ សុំឱ្យក្រុមហ៊ុនទូទាត់ប្រាក់បំណាច់​ឆ្នាំដែលគាត់ប្រើមិនអស់ ដល់ប្រធានស៊ុប ប្រធានផ្នែក និងបុគ្គលិក។ ក្រុមហ៊ុនត្រូវបញ្ឈប់ជនបរទេស ឈ្មោះ ឈើររី ដែលបានប្រើប្រាស់អំពើហិង្សាមកលើថ្នាក់ដឹកនាំសហជីព​។

ក្រសួងបានទទួលពាក្យបណ្ដឹង និងបានឆ្លើយតបមកវិញតាមលិខិតឆ្លើយតបរបស់ក្រសួងការងារ ដោយចុះហត្ថលេខាដោយ ប្រធាននាយកដ្ឋានវិវាទការងារ លោក អាំង សេងលី ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថា នាយកដ្ឋានពិនិត្យឃើញថា ការទាមទារទាំង១២ចំណុចនោះ មានការទាមទារភាគច្រើនទាក់​ទង​ទៅនឹងអត្ថប្រយោជន៍លើសពីច្បាប់។

នាយកដ្ឋានវិវាទការងារបានបន្តថា ទន្ទឹមនឹងនេះ សហជីពអព្យាក្រឹត្យអភិវឌ្ឍន៍សិទ្ធិការងារ មានភាពជាតំណាងបំផុតនៅក្នុងក្រុមហ៊ុន បូវយើរ ហ្គាមេន ហ្វេកធើរី ។ យោងមាត្រា៥៥ (ថ្មី) នៃច្បាប់ស្តីពីសហជីព កថាខណ្ឌទី២ ចែងថា សហជីពដែលមានភាពជាតំណាងបំផុតមានសិទ្ធិផ្តាច់មុខក្នុងការតំណាងឱ្យកម្មករនិយោជិតទាំងអស់ដើម្បីធ្វើការចរចាចុះអនុសញ្ញារួម ឬដោះស្រាយវិវាទការងាររួមជាមួយនិយោជក ឬសមាគមនិយោជកនៃវិជ្ជាជីវៈ ឬសកម្មភាពសេដ្ឋកិច្ច ឬវិស័យនោះ។

នាយកដ្ឋានវិវាទការងារបានបញ្ជាក់ថា៖ «ខ្ញុំសូមជម្រាប លោក-លោកស្រីថា គួរយកចំណុចទាមទារទាំងនោះទៅពិភាក្សាជាមួយសហជីព អព្យាក្រឹត្យអភិវឌ្ឍន៍សិទ្ធិការងារ និងចូលរួមជាមួយសហជីពនេះដើម្បីដោះស្រាយជាមួយនិយោជកនៅកម្រិត សហគ្រាសជាមុនសិន»។ នាយកដ្ឋានបន្តថា៖ «ក្នុងករណីពុំទទួលបានលទ្ធផលសះជានឹងគ្នា សហជីពដែលមានភាពជាតំណាងបំផុត»។

នាយកដ្ឋានបានបន្ថែមថា ចំពោះចំណុចទាមទារផ្សេងទៀតក្នុងពាក្យបណ្ដឹង ដែលពាក់ព័ន្ធនឹងសិទ្ធិមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្រុមអធិការកិច្ចការងារនឹងចុះធ្វើអធិការកិច្ច ដើម្បីពិនិត្យឱ្យបានច្បាស់លាស់តាមនីតិវិធី និងដើម្បីដោះស្រាយបន្តតាមនីតិវិធីច្បាប់។

អ្នកស្រី ចាន់ វាសនា ជាប្រធានផ្នែកធនធានមនុស្សប្រចាំក្រុមហ៊ុន បូវឃើរ  បានថ្លែងថា បញ្ហានេះមិនទាន់ដោះស្រាយបាននៅឡើយទេ ដោយខាងរោងចក្ររង់ចាំចម្លើយពីក្រសួងការងារវិញ។

ជុំវិញរឿងនេះ អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហជីពការងារកម្ពុជា បានលើកឡើងថា បញ្ហានេះកើតឡើងជាទូទៅក្នុងបរិបទការងារក្នុងស្រុកខ្មែរ ពិសេសតាមរោងចក្រសហគ្រាស។

អ្នកស្រីបានថ្លែងថា៖ «បើយើងនិយាយតាមច្បាប់ កម្មករនិយោជិតមានសិទ្ធិក្នុងការចងក្រងបង្កើតសហជីពដោយសេរី ប៉ុន្តែជាក់ស្ដែងការអនុវត្ត គឺផ្ទុយពីច្បាប់នៅពេលសហជីពពួកគាត់ចាប់ផ្ដើមចងក្រងក្រុមថៅកែរោងចក្រតែងបញ្ឈប់ថ្នាក់ដឹកនាំពីការងារ ប្រើសិទ្ធិគំរាមកំហែងបណ្ដេញ ក្រុមហ៊ុនខ្លះចោទប្រកាន់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងនេះជាក់ស្ដែងកើតឡើងទូទៅក្នុងស្រុកខ្មែរ»។ 

អ្នកស្រីបានបន្តថា នេះជាការទង្វើក្នុងការចោទប្រកាន់សុទ្ធសាធទៅលើកម្មករនិយោជិតនៅពេលកម្មករនិយោជិតព្យាយាមប្រើប្រាស់សិទ្ធិក្នុងការចងក្រងសហជីព​ ដើម្បីការពារសិទ្ធិពួកគាត់។

អ្នកស្រី សុភ័ណ្ឌ បានបញ្ជាក់ថា ដើម្បីបញ្ឈប់បញ្ហានៃការរើសអើងសហជីព មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ភាគីនិយោជកគួរតែគោរពអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ក្រុមហ៊ុនគោរពអនុវត្តច្បាប់ដូចគ្នាដែរ ក្រសួងការងារមានជាយន្តការតាមដានពិនិត្យមើលក្រុមហ៊ុននានា ប្រសិន​បើក្រុមហ៊ុនមិនព្រមគោរពច្បាប់ត្រូវចាប់បង្ខំឱ្យគោរពច្បាប់ មិនមែនគ្រាន់តែរកឃើញពិន័យយកជាសាច់ប្រាក់ក៏រួចរាល់នោះទេ។

អ្នកស្រីបានបន្ថែមថា ក្រសួងការងារគួរតែគិតគូររឿងនេះបើនៅបណ្ដោយទៀតនោះអ្នករងគ្រោះ គឺជាកម្មករនិយោជិត និងប្រជាពលរដ្ឋដែលធ្វើការក្នុងរោងចក្រនឹងឈានដល់បាត់បង់ការងារធ្វើ ហើយកម្មករអាចនឹងបាត់បង់សិទ្ធិទាមទាការងាររបស់ពួកគាត់។

អ្នកសារព័ត៌មានខេមបូចា មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ខេន លូ អគ្គលេខាធិការ​នៃ​សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានទេ មុនថ្ងៃចុះផ្សាយព័ត៌មាននេះ ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម