ប្រជាពលរដ្ឋប្រហែលជា១០០នាក់តំណាងឲ្យប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារមកពីសហគមន៍ចំនួនប្រាំពីរក្នុងខេត្តសៀមរាប ដែលកំពុងមានជម្លោះដីធ្លីបានមកដាក់ញ្ញតិនៅក្រសួងពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ ដោយបានស្នើសុំឲ្យមានការចេញប្លង់កម្មសិទ្ធិដីធ្លី និងដំណោះស្រាយលើបញ្ហាជម្លោះពីអាជ្ញាធរខេត្ត និងថ្នាក់ជាតិនៅសប្ដាហ៍នេះ។
តំណាងសហគមន៍ដែលបានមកដល់ភ្នំពេញកាលពីរសៀលថ្ងៃចន្ទ បានឲ្យដឹងថាប្រជាពលរដ្ឋ៤ ២០៦ គ្រួសារបានរងផលប៉ះពាល់ជាខ្លាំងដោយសារបញ្ហាជម្លោះដីធ្លី និងបានអះអាងថាអាជ្ញាធរបរាជ័យក្នុងការផ្ដល់ប្លង់កម្មសិទ្ធិដីធ្លី រួមទាំងប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ឧទ្យានអង្គរផងដែរ។ តំណាងទាំងនោះឲ្យដឹងដែរថាអាជ្ញាធររួមមានរដ្ឋបាលព្រៃឈើ និងអាជ្ញាធរជាតិអប្សរា ដែលគ្រប់គ្រងលើប្រសាទអង្គរ បានហាមឃាត់ពួកគាត់ពីការចិញ្ចឹមត្រី និងធ្វើសកម្មភាពផ្សេងៗទៀតដើម្បីចិញ្ចឹមជីវិត។
ញ្ញតិប្រជាពលរដ្ឋបានដាក់ទៅកាន់ក្រសួងដែនដី ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
អ្នកស្រី ចៀន ថា តំណាងសហគមន៍អង្គរធំក្នុងឃុំលាងដៃ បានឲ្យដឹងថាអ្នកភូមិកំពុងជួបការលំបាក។ ខណៈដែលប្រជាពលរដ្ឋជាច្រើនពាន់នាក់ត្រូវបានផ្លាស់លំនៅចេញពីក្នុងតំបន់ឧទ្យានអង្គរ ដើម្បីរៀបចំការងារអភិរក្ស សហគមន៍របស់អ្នកស្រី ចៀន ថា ត្រូវបានអនុញ្ញាតឲ្យបន្តរស់នៅលើដីខ្លួនដដែល ប៉ុន្តែមានការរឹត្បិតច្រើន។ អាជ្ញាធរអប្សរាបានហាមប្រជាពលរដ្ឋមិនឲ្យសង់ផ្ទះបន្ថែម ឬជីកស្រះដើម្បីចិញ្ចឹមត្រីទេ។
អ្នកស្រីឲ្យដឹងថា៖ «ខ្ញុំឡើងមកនេះដើម្បីសុំឲ្យឯកឧត្តម[រដ្ឋមន្ត្រីក្រសួងដែនដី ជា សុផារ៉ា] ជូនដំណឹងទៅខាងអាជ្ញាធរអប្សរាថាយើងមានការពិបាកក្នុងការធ្វើការងារបង្កបង្កើនផល ដូចជាជីកស្រះចិញ្ចឹមត្រី»។ អ្នកបន្តថា៖ «ពួកគេក៏ហាមឃាត់ការសាងសង់តូបលក់អីវ៉ាន់តូចៗនៅលើដីនោះដែរ»។
អ្នកស្រីលើកជាចម្ងល់ថា៖ «ទីតាំងរបស់ខ្ញុំមិនរងផលប៉ះពាល់ពីការបណ្ដេញចេញទេ ដូចនេះហេតុអ្វីខ្ញុំមិនអាចធ្វើអ្វីបាន?»
អ្នកស្រីក៏បានទៅកាន់ការិយាល័យអង្គការយូណេស្កូ ដែលជាស្ថាប័នកំណត់ឧទ្យានអង្គរជាតំបន់បេតិកភណ្ឌពិភពលោកផងដែរ។
ខណៈដែលអ្នកស្រីអះអាងថាញ្ញតិរបស់ខ្លួនមិនត្រូវបានអង្គការយូណេស្កូទទួលយក អ្នកនាំពាក្យអង្គការយូណេស្កូបាននិយាយក្នុងសារអេឡិចត្រូនិចរបស់ខ្លួនថា មានប្រជាពលរដ្ឋបីនាក់ «បាននិយាយជាមួយសន្ដិសុខខ្មែរនៅច្រកទ្វារប្រហែលពីរបីនាទី រួចក៏ដើរចេញទៅវិញបាត់ទៅ»។
អ្នកនាំពាក្យដដែលសរសេរទៀតថា៖ «ពេលដែលមាននរណាម្នាក់យកញ្ញតិមកដាក់ យើងតែទទួលជានិច្ច និងកត់ត្រាទុក ឬចុះបញ្ជី ហើយនឹងពិនិត្យមើលដើម្បីមានវិធានការបន្ត»។ អ្នកនាំពាក្យដដែលបន្តថា៖ «ដូចនេះញ្ញតិមិនបានដាក់មកខាងយើងទេ។ ផ្នែកទំនាក់ទំនងរបស់យើងតែងតែបើកចំហជានិច្ច ហើយគ្រប់គ្នាអាចសរសេរអ្វីផ្ញើមកកាន់យូណេស្កូបានគ្រប់ពេល»។
អង្គការយូណេស្កូ មានឥទ្ធិពលខ្លាំងលើការរៀបចំគោលនយោបាយរបស់រដ្ឋាភិបាលក្នុងតំបន់ឧទ្យានអង្គរ។ កាលពីឆ្នាំកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បន្ទុកលើអង្គការយូណេស្កូចំពោះការត្រូវផ្លាស់លំនៅប្រជាជនជាច្រើនគ្រួសារ និងថាការធ្វើដូចនេះ គឺជារឿងចាំបាច់ក្នុងការរក្សាតំបន់ឧទ្យានអង្គរជាបេតិកភណ្ឌពិភពលោក។
តំបន់ជាច្រើនផ្សេងទៀតក្នុងដែនគ្រប់គ្រងរបស់អាជ្ញាធរអប្សរាបានធ្លាក់ទៅក្នុងជម្លោះ ដែលប្រជាសហគមន៍ថាអាជ្ញាធរមូលដ្ឋានមិនទាន់បានជួយដោះស្រាយនៅឡើយ។
លោក គ្រុំ វ៉េត តំណាងសហគមន៍ភ្នំក្រោម ក្នុងសង្កាត់សៀមរាប ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរអប្សរាដែរ លើកឡើងថា អាជ្ញាធរហាក់មិនសូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីដែលបន្តអូសបន្លាយនេះទេ។
លោកបន្ថែមថា៖ «យើងបានដាក់ញ្ញតិទៅកាន់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ប៉ុន្តែមិនមានការឆ្លើយតបទេ ដូចនេះយើងមករកក្រសួងឲ្យជួយ»។ លោកថា៖ «យើងមកទីនេះដាក់ញ្ញតិដើម្បីបានប្លង់កម្មសិទ្ធិលើដីរបស់យើង ពីព្រោះយើងខ្លាចថាដីទាំងនេះនឹងត្រូវ[អាជ្ញាធរ]លក់ដើម្បីប្រយោជន៍ពួកគេ»។
លោក វ៉េត ឲ្យដឹងដែរថាដីរបស់សហគមន៍ជាង១០ហិកតា ត្រូវបានដាក់លក់កាលពីឆ្នាំ២០១៤ ដោយបុគ្គលស្និទ្ធនឹងមន្ត្រីយោធានម្នាក់ ហើយបានគំរាមបណ្ដេញប្រជាពលរដ្ឋ១០៤គ្រួសារចេញផងដែរ។ លោក វ៉េត អះអាងថា ប្រជាពលរដ្ឋបានរស់នៅលើដីនេះតាំងពីមុនសម័យខ្មែរក្រហមទៅទៀត។
លោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាលសាលាខេត្តសៀមរាប អះអាងថាអាជ្ញាធរបានដោះស្រាយបញ្ហាឲ្យប្រជាសហគមន៍ភ្នំក្រោមរួចហើយ ដោយបានផ្ដល់ឲ្យគ្រួសារមួយៗនូវដីទំហំ៧ម៉ែត្រ គុណនឹង២០ម៉ែត្រ នៅកន្លែងផ្សេង ហើយថាប្រជាពលរដ្ឋភាគច្រើនយល់ព្រមទទួល។
លោកបន្ថែមថា៖ «អាជ្ញាធរបានដោះស្រាយបញ្ហាហ្នឹងរួចរាល់ហើយ ប៉ុន្តែមានប្រជាពលរដ្ឋខ្លះមិនព្រមទទួល ព្រោះថា[ដីនោះ] មានទំហំតូចជាងដីរបស់ពួកគាត់»។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បដិសេធការចោទថាអាជ្ញាធរមិនយកចិត្តទុកដាក់នឹងបញ្ហាសហគមន៍។ លោកថា ថ្វីបើលោកមិនបានដឹងច្បាប់ពីបញ្ហាដែលប្រជាពលរដ្ឋបានលើកកឡើងក្នុងញ្ញតិ លោកថាអាជ្ញាធរអប្សរាតែងតែឆ្លើយតប និងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋលើកឡើង។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនអាចផ្ដល់ព័ត៌មានបានទេ ពីព្រោះខ្ញុំមិនបានដឹងពីបញ្ហារបស់ពួកគាត់»។ លោកបន្ថែមថា៖ «ពួកគាត់គួរមកទីនេះដើម្បីរកដំណោះស្រាយ មិនមែនទៅក្រសួង [ដែនដី]»។
លោក ឡុង កុសល ឲ្យដឹងថាបើតាមទិន្ន័យពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៥ មានប្រជាពលរដ្ឋ ១៩ ០០០គ្រួសារក្នុងភូមិចំនួន១១២ កំពុងរស់នៅក្នុងតំបន់ឧទ្យានអង្គរ។
លោកបន្ថែមថា៖ «គ្រប់គ្នាសុទ្ធតែបានដឹងពីគោលការណ៍នឹង [រស់នៅក្នុងឧទ្យាន] មិនចាំបាច់ត្រូវនិយាយឡើងវិញដ៏ដែរទេ»។ លោកបដិសេធលម្អិតពីគោលការណ៍ច្បាប់នេះដោយថាខេមបូចា បានដឹងព័ត៌មាននេះរួចហើយ និងថាលោកកន្លងមកក៏បានពន្យល់ដល់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនដែរ។
អ្នកស្រី កែវ សុភី តំណាងសហគមន៍មកពីភូមិតាពេន ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី បានកាន់កាប់ដីចំនួនបីហិកតា តាំងពីឆ្នាំ២០០៣។ អ្នកស្រីថា រដ្ឋបាលព្រៃឈើខេត្តបានដកហូតដី១៤០ហិកតាពីប្រជាពលរដ្ឋ៩០គ្រួសារ ដែលកាលនោះប្រើសម្រាប់ដាំដើមអាកាស្យា។ ក្រោយពីមានការតវ៉ាពីប្រជាពលរដ្ឋ អាជ្ញាធរបានប្រគល់ឲ្យចំនួន៩៣ហិកតាវិញ ហើយប្រជាពលរដ្ឋក៏បានទទួលបណ្ណកាន់កាប់ដីធ្លីដែរ ដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន ប៉ុន្តែមិនមានការទទួលស្គាល់ថ្នាក់ជាតិ និងមានប្លង់កម្មសិទ្ធិដើម្បីធានាពីកម្មសិទ្ធិពេញលេញនោះទេ។
អ្នកស្រី សុភី និយាយថា៖ «យើងមកនេះដើម្បីជំរុញ[ក្រសួងដែនដី] ឲ្យអន្តរាគមន៍ និងចេញប្លង់កម្មសិទ្ធិ ដែលនឹងមិនប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍នាថ្ងៃខាងមុខ»។ អ្នកស្រីបន្ថែមថា៖ «មកដល់ពេលនេះមានរយៈពេលប្រាំបួនឆ្នាំហើយ យើងនៅតែកាន់កាប់បណ្ណសម្គាល់ដីធ្លីបណ្ដោះអាសន្ន យើងបារម្ភថាអាចមានបញ្ហា»។
អ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត មានប្រសាសន៍ថាលោកមិនអាចផ្ដល់អត្ថាធិប្បាយបានទេ ដោយលោកកំពុងជាប់ប្រជុំ ហើយលោកក៏មិនបានឆ្លើយតបសំនួររបស់ខេមបូចា ពេលក្រោយទៀតដែរ។
អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ បដិសេធអត្ថាអធិប្បាយដោយថាលោកកំពុងចូលរួមពិធីបុណ្យសព។ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក សឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការអាដហុក មានប្រសាសន៍ថាអាជ្ញាធរមូលដ្ឋានគួរពន្លឿនការដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរខេត្តគួរចេញប្លង់កម្មសិទ្ធិឲ្យបានឆាប់ដែរ។ លោកបន្ថែមថាអាជ្ញាធរមូលដ្ឋានមិនសូវមានអំណាច និងខ្លាចអន្តរាគមន៍ពេលមានជម្លោះជាមួយឈ្មួញធំៗ ឬមន្ត្រីមានអំណាច ដែលការណ៍នេះទុកឲ្យប្រជាពលរដ្ឋរងគ្រោះ។
លោកបានមានប្រសាសន៍ថា៖ «ជាធម្មតា ពេលយើងក្លាយជាម្ចាស់កម្មសិទ្ធិ យើងមានសិទ្ធិស្របច្បាប់ក្នុងការលក់ឬប្រើប្រាស់ដីនោះ»។ លោកបន្ថែមថា៖ «ពេលដែលយើងមិនបានទទួលប្លង់កម្មសិទ្ធិ យើងមានអារម្មណ៍មិនសុវត្ថិភាព ហើយចេះតែខ្លាចថាមានអ្នកមកយកដីរបស់យើង» ៕
(រាយការណ៍បន្ថែមដោយ អឿង ស៊ា)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Siem Reap Villagers Protest APSARA Authority Restrictions, Seek Land Titles