សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

រដ្ឋមន្ត្រី​ថា ក្រ​សួង​ដែនដីស្នើផែនការថ្មីមួយ​សម្រាប់ដោះស្រាយជម្លោះ និង​ការប្រើប្រាស់​ដីតំបន់​អង្គរ

ប្រជាពល​រដ្ឋ​ក្នុង​ឃុំខ្នាត ខេត្ត​សៀម​រាប​ តវ៉ា​ជាមួយ​អាជ្ញាធរអប្សរា​ដែល​បានរឹតត្បិតការ​សាង​សង់សំណង់​ផ្សេង​ៗ ថ្ងៃទី​១៥ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ លីកាដូ)
ប្រជាពល​រដ្ឋ​ក្នុង​ឃុំខ្នាត ខេត្ត​សៀម​រាប​ តវ៉ា​ជាមួយ​អាជ្ញាធរអប្សរា​ដែល​បានរឹតត្បិតការ​សាង​សង់សំណង់​ផ្សេង​ៗ ថ្ងៃទី​១៥ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ លីកាដូ)

ក្រ​សួង​ដែន​ដី បាន​ស្នើ​វិធានការ​ថ្មី​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​រ៉ាំរ៉ៃ​ដែល​មិន​ទាន់​ដោះស្រាយបញ្ចប់​នៅ​តំបន់​អង្គរ​។ ​កន្លង​មក​ក្រ​សួង​មួយ​នេះ​ក៏​បាន​ចូល​រួម​ក្នុង​ការ​ប្ដូរទីតាំង​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​អង្គរ​ជា​ច្រើន​ពាន់​នាក់ ដែល​វិធានការ​នេះ​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា​ជាការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​។​

ក្នុង​វី​ដេអូ​មួយ​ដែល​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​១៣ ខែឧសភា ​រដ្ឋមន្ត្រី​ក្រ​សួង​ដែន​ដី លោក សាយ សំអាល់ បាន​លើក​ពី​បញ្ហា​ជម្លោះ​រវាង​ប្រជាពល​រដ្ឋ​រស់​នៅ​តំបន់អង្គរវត្ត និង​អាជ្ញាធរជាតិ​អប្សរា​ដែល​ជា​អ្នកគ្រប់​គ្រង​ឧទ្យានអង្គរ នៅ​មុខ​មន្ត្រី​របស់​ខ្លួន​។ លោក​បាន​អំពាវ​នាវ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​រួម​គ្នា​ដោះ​ស្រាយ​។​

ចាប់​តាំង​ពី​អង្គរវត្ត​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភព​លោក​របស់​អង្គការ​យូណេស្កូ​កាលពី​ឆ្នាំ១៩៩២ អាជ្ញាធរ​បាន​ដាក់​វិធនាការ​តឹង​រឹង​ក្នុង​ការ​ប្រើប្រាស់ដី និង​វិធានការ​សាងសង់​នានា ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះទង្គិច​ជាមួយ​​ប្រជា​ពល​រដ្ឋ​ដែល​បាន​រស់​នៅ​ទី​នោះ​តកូន​តចៅ​ជួប​ការ​លំបាក​ក្នុង​ការ​ជួស​ជុល​ផ្ទះ ឬ​សាងសង់​បន្ថែម​។​​

​ប្រជា​ពល​រដ្ឋ​​ជា​ច្រើន​គ្រួសារ​រស់​នៅ​​ក្នុង​តំបន់​បេតិកភណ្ឌ​មួយ​នេះ​ក៏ត្រូវ​បាន​គេ​ជម្លៀស​ជា​លក្ខណៈទ្រង់ទ្រាយ​ធំ​​ចេញពី​លំនៅ​ដ្ឋាន​​​​​​ផង​ដែរ​។​

តាម​រយៈ​វីដេអូ​ដែល​ខេមបូចា​ទទួល​បាន ​លោក​លើក​ឡើង​ថា៖ «ជំហាននេះគឺទៅមុខហើយអត់ដើរថយក្រោយទេ សម្រាប់ខ្ញុំការធ្វើនេះគឺជាការរៀបចំស្រុកទេស ស្រុកអង្គរយើងឱ្យបានល្អ ហើយឱ្យចប់រឿង[ជម្លោះដីធ្លី]តែម្តង»។ ​ការ​លើក​ឡើង​នេះ​សម្ដៅ​ដល់​ការ​ជជែក​អន្តរក្រ​សួង​នាពេល​ថ្មីៗ​នេះ​អំពី​បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​តំបន់អង្គរ ប៉ុន្តែ​លោក​មិន​បានបង្ហាញ​ពី​ផែនការលម្អិត​ទេ​។​

លោក​បន្ថែមថា៖ «​ខ្ញុំនឹងមិនយកយុទ្ធសាស្ត្រឈ្លោះជាមួយបងប្អូនទេ»។ លោក​ថា​នឹង​ធ្វើ​ការ​ជាមួយអង្គការ​យូណេស្កូ​ដើម្បី​បាន​ជំនួយ​បច្ចេក​ទេស និង​ជួយ​ការពារ​តំបន់​អង្គរ ខណៈថ្លឹង​ថ្លែង​​ធាតុ​ចូល​ពី​ភាគីនានា​​ដើម្បីបាន​ការ​យល់ព្រម​លើ​គម្រោង​អភិវឌ្ឍន៍ផ្លូវ និង​ការ​អភិវឌ្ឍផ្សេង​ទៀត​។​

អាជ្ញាធរ​អប្សរា​ដែល​អនុវត្ត​ការងារ​ក្រោម​ជំនួយ​បច្ចេកទេសពី​ក្រ​សួង​វប្បធម៌ និង​ការ​តាម​ដាន​ផ្នែក​ថវិកា​ពី​ក្រ​សួង​សេដ្ឋកិច្ច បាន​គ្រប់​គ្រង​​លើ​ការ​អភិរក្ស និង​គ្រប់​គ្រង​ដី​នៅ​តំបន់​អង្គរ ដោយ​មានការ​គាំទ្រ​ពី​ក្រ​សួង​ដែនដី​។​

ស្ថាន​ប័ន​ទាំង​ពីរ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​ការ​ផ្លាស់​ទី​ប្រជាពល​រដ្ឋ​រាប់​ពាន់​នាក់​ចេញ​ពី​តំបន់​នៅ​ជុំវិញ​ប្រសាទអង្គរ​រវាង​ឆ្នាំ​២០២២ និង​២០២៣​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អង្គការ​លើក​លែងទោស​អន្តរជាតិ។ ស្ថាប័ន​អន្តរជាតិ​នេះ​បាន​ចាត់ទុក​ការ​ផ្លាស់​ទី​លំនៅ​របស់​ប្រជា​ពល​រដ្ឋ​ថា​បាន​ធ្វើ​ឡើង​ដោយ​បង្ខំ និង​បំពាន​​លើច្បាប់​ស្ដី​ពី​សិទ្ធិ​មនុស្ស​។​

អង្គការ​សិទ្ធិមនុស្ស និងអ្នកស្រាវជ្រាវបានលើក​ឡើង​ថា ក្រសួងដែនដីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការចុះបញ្ជីដីធ្លីទ្រង់ទ្រាយធំនៅខាងក្នុងរមណីយដ្ឋានអង្គរ ដែលការណ៍​នេះ​បានពន្លឿនកាន់តែ​ខ្លាំង​នៅ​ខែសីហា ឆ្នាំ២០២២ ដែល​ទំនង​ជា​ក្នុងគោលបំណងសម្រួលដល់ការបណ្តេញ​ប្រជាពល​រដ្ឋចេញ។

ប្រជា​ពល​រដ្ឋ​ប្រហែល​១៧០ ០០០​នាក់​ ដែល​លោក​រដ្ឋមន្ត្រី សាយ សំអាល់ ថា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​រស់​នៅ​តំបន់​អង្គរ​នោះ គឺ​ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់​សូម្បី​តែ​សង់​ផ្ទះ​បន្ថែមតិចតួច ដូច​ជា​សង់​បង្គន់​អនាម័យ ឬ​ទ្រុង​មាន់ ហើយ​ប្រជាពល​រដ្ឋ​ខ្លះអះអាង​ថា​សំណង់ទាំងនេះ​ត្រូវ​អាជ្ញាធរ​អប្សរាបំផ្លាញ​ចោល​។ ចំណែក​អាជ្ញាធរ​វិញ បដិសេធ​ថា​ខ្លួន​មិន​បាន​ហាម​ឃាត់​ប្រជាពល​រដ្ឋ​ក្នុង​ការ​សង់​បង្គន់ ឬ​បំផ្លាញ​សំណង់ទាំងនោះចោល​នោះទេ។​

អ្នកស្រី រ៉ុង សូណា អ្នករស់នៅឃុំខ្នាត ស្រុក​ពួក ជិត​អង្គរ​វត្ត​បាន​​និយាយ​ថា អ្នកស្រី​មិន​ដែល​បាន​ឮ​ពី​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​ទេ​ ប៉ុន្តែ​បាន​អះអាងថា​ស្ថានភាព​រស់​នៅ​ហាក់​ស្រួល​​បន្តិច​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

​អ្នកស្រី​ឲ្យ​ដឹង​ថា៖ «​កាលមុន យើង​មិន​អាច​ពង្រីក ឬ​ជួសជុល​ផ្ទះ​បាន​ទេ រាល់សំណង់​ថ្មី​ត្រូវ​គេ​កំទេចចោល…​​ឥឡូវ​នេះ​យើងអាចជួសជុល​បាន ប៉ុន្តែ​យើង​នៅ​តែ​ត្រូវ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរាពេល​ធ្វើ​អ្វី​ថ្មី»។​

នៅ​មិន​ទាន់​ច្បាស់ទេថា​យន្តការ​ថ្មី​ដែល​លើក​ឡើងនេះ​នឹង​តម្រូវ​ឲ្យ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា ឬ​ពីក្រ​សួង​ដែនដី​។​​

អ្នកភូមិសង់ឡើងវិញ រួចហើយព្យាយាមបិទបាំងសំណង់ដែលគាត់សង់បន្ថែមទៅលើផ្ទះរបស់ខ្លួន ដែលត្រូវបានរុះរើចេញដោយមន្ត្រីអភិរក្សរបស់អាជ្ញាធរអប្សរា នៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ឃួន ណារីម)
អ្នកភូមិសង់ឡើងវិញ រួចហើយព្យាយាមបិទបាំងសំណង់ដែលគាត់សង់បន្ថែមទៅលើផ្ទះរបស់ខ្លួន ដែលត្រូវបានរុះរើចេញដោយមន្ត្រីអភិរក្សរបស់អាជ្ញាធរអប្សរា នៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ឃួន ណារីម)

លោក កើត រាជកុល អ្នករស់នៅ​ឃុំ​អំពិល​ ជាយ​តំបន់​ឧទ្យានអង្គរ បាន​ឲ្យ​ដឹង​ដែរថា ​ការ​រឹតត្បិត​លើ​ការ​ប្រើប្រាស់​ដី​ហាក់​មាន​ភាព​ធូរ​ស្រាល​បន្តិច​នៅពេល​នេះ​។

លោក រាជកុល សង្ឃឹម​ថាមហិច្ឆតា​របស់លោក​​រដ្ឋមន្ត្រី​​គឺ​ជួយ​ឲ្យ​សហគមន៍​របស់​លោក​អាចមាន​សិទ្ធិ​កាន់តែច្រើន​ក្នុង​ការគ្រប់​គ្រង​ដីរបស់​ខ្លួន តែ​លោក​នៅ​តែ​មានក្ដីបារម្ភ​។​

លោក​បន្ត​ថា៖ «យើង​មិន​ទាន់​ដឹង​ច្បាស់ពីលទ្ធផល​នៃកិច្ច​ប្រជុំ​ទេ។ យើង​មិន​ទាន់​បាន​ទទួល​លិខិត​បញ្ជាក់ថា​ប្រជាពល​រដ្ឋ​នៅ​ទី​នេះ​មាន​សិទ្ធិ​ដូច​គ្នា​ទៅ​នឹង​ប្រជាពល​រដ្ឋ​រស់​នៅ​ក្រៅ​តំបន់​អង្គរ​នៅ​ឡើយ»​។​

លោក សេង ឡូត អ្នក​នាំពាក្យ​ក្រ​សួងដែន​ដី​មាន​ប្រសាសន៍​ថាលក្ខខណ្ឌ​ប្រើ​ប្រាស់​ដី​ថ្មី​នេះ​គឺ​កំពុង​ព្រាង​​នៅ​ឡើយ ដោយ​ថាឯកសារ​នេះ​ធ្វើ​ឡើង​​«​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពល​រដ្ឋ​ក្នុង​តំបន់កាន់តែប្រសើរ រស់​នៅ​ក្នុង​បរិស្ថានល្អ និង​អភិរក្ស​តំបន់​អង្គរ​ ដើម្បីធានា​ថា​វា​នៅ​តែ​មាន​តម្លៃ​​ក្នុង​នាមជា​ទី​ស្ថាន​បេតិកភណ្ឌពិភពលោក»។​​

ក្រ​សួង​ពាក់​ព័ន្ធ​ទំនងជា​អាច​ជួប​ប្រជុំ​គ្នា​នៅ​ខែក្រោយ​ដើម្បី​រៀបចំព្រាង​លក្ខខណ្ឌ​បន្ត​ទៀត​។​

លោក សេង ឡូត ​បន្ថែម​ថា រដ្ឋាភិបាល​នឹងបន្ត​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍន៍តំបន់​លំនៅ​ឋាន​រុនតាឯក និង​ពាក់ស្នែង ប៉ុន្តែ​លោក​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​នោះទេ​។​

ក្នុង​ឆ្នាំ​២០២៣ ការ​ផ្លាស់ទី​លំនៅ​របស់​ប្រជាពល​រដ្ឋនៅ​តំបន់អង្គរ​ទៅ​រុនតាឯក ខេមបូចា​ បាន​រកឃើញ​ថា​ឯកសារ​ដែល​អាជ្ញាធរកម្ពុជា​ដាក់​ទៅ​កាន់​អង្គការ​យូណេស្កូ​មិន​បាន​បង្ហាញ​ច្បាស់​លាស់​ពី​លក្ខខណ្ឌ​របស់ទីតាំង​រស់​នៅថ្មីនោះទេ​។​  តំបន់​រស់​នៅ​ថ្មី​នោះជា​ទីសោះកក្រោះដ៏ធំ​មួយ និង​មិនមានផ្ទះ​ច្រើ​ន​ដូច​ការ​សន្យានោះទេ។

ខណៈពេល​ដែល​ក្រ​សួង​ជំរុញ​វិធានការថ្មីក៏​ដូច​ជាកំពុង​បោះជំហាន​ទៅ​មុខ ក្រុមអង្គការ​សិទ្ធិ​មនុស្ស​លើក​ឡើថា ​បញ្ហា​សំខាន់​នៅ​តែមិន​ទាន់​ដោះស្រាយ រួម​ទាំងគោលនយោបាយ​ដែល​នាំឲ្យ​មានការ​ជម្លៀស​ចេញ និង​កង្វះ​ការ​ចូល​រួម​ពី​សង្គម​ស៊ីវិល​ក្នុង​ការ​ពិភាក្សា​លើ​អនាគតរបស់​ទីតាំង​នោះ​។​

«មិន​ថា​រដ្ឋាភិបាល​គិត​បែបណាចំពោះ​ប្រជាពល​រដ្ឋ​រស់នៅ​តំបន់អង្គរនោះ​ទេ​ គឺត្រូវ​តែ​គិត​​ជា​ចម្បង​លើ​ការការពារសិទ្ធិរបស់​ពួកគេ​ ជាពិសេស​សិទ្ធិទទួល​បាន​លំនៅឋាន​សមរម្យ»។ នេះជា​ការ​លើក​ឡើង​របស់​អ្នកស្រី​ Montse Ferrer នាយិការង​ប្រចាំ​តំបន់​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​សម្រាប់ការស្រាវជ្រាវ។​ អ្នកស្រីជំរុញ​ឲ្យ​អាជ្ញាធរ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថាអ្នក​ណា​ខ្លះដែល​ត្រូវអនុញ្ញាត​ឲ្យ​បន្ត​រស់នៅ សហគមន៍​ណា​ដែ​ល​ចាត់​ទុក​ថា​ «ទីតាំងបុរាណ» ហើយ​អ្វី​ជា​សំណង​សម្រាប់​អ្នក​ដែល​ត្រូវ​ផ្លាស់​លំនៅ​កាល​ពី​ពេល​កន្លង​ទៅ​។​

អ្នកស្រី​ក៏​បាន​រិះគន់​ការ​​ដក​សង្គមស៊ីវិល​ចេញ​ពី​គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ឬហៅ​កាត់​ថា ICC-Angkor។ ICC-Angkor ជាស្ថាប័ន​អន្តរជាតិ​មួយ​ជួយ​ពិនិត្យ​លើ​ការ​អភិរក្ស​តំបន់អង្គរ និង​ដំណើរ​ការ​ថ្មីៗ​របស់​រដ្ឋាភិបាល​លើ​ទីតាំង​នេះ។ អ្នកស្រី​និយាយថា​អង្គការ​យូណេស្កូ ជា​ដៃគូ​សំខាន់​មួយ ដែល​គួរ​តែ​ជំរុញ​ឲ្យ​មានការ​ចូល​រួម​កាន់តែច្រើន​ពី​ភាគីពាក់ព័ន្ធ​ដើម្បី​ការពារ​សិទ្ធិ​ប្រជាពល​រដ្ឋ​។​

មន្ត្រី​កម្មវិធី​អង្គការយូណេស្កូ លោក ភាព ប៊ុនឡេង មាន​ប្រសាសន៍​ថា ​ស្ថាប័ន​ខ្លួន​បាន​ដឹង​ពី​អ្វី​ដែល​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​នាពេល​ថ្មីៗ​​នេះពី​គម្រោង​ដោះស្រាយ​បញ្ហា​របស់​ប្រជាពល​រដ្ឋ​។​

លោក​ឲ្យ​ដឹង​ថា៖ «​ពេល​យើង​បាន​ទទួល​សំណើ​ផ្លូវ​ការ យើង​នឹង​ពិនិត្យ​លម្អិតលើ​យន្តការទាំងនោះ​»។​

​អ្នកនាំពាក្យអាជ្ញាធរ​អប្សរា លោក ឡុង កុសល បដិសេធអត្ថាធិប្បាយ​លើ​រឿង​នេះ។ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​សៀមរាបបង្វែរសំណួរ​ទៅកាន់ក្រ​សួង​ដែន​ដីវិញ​។​

លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​មិន​អាច​ទាក់ទងសុំការអត្ថាធិប្បាយ​បានទេ៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Land Ministry, Involved in Angkor Evictions, Proposes New Plan to Resolve Land Use Disputes, Minister Says

44 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម