លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ចប់ជម្លោះរវាងប្រជាពលរដ្ឋនៅតំបន់អង្គរជាមួយនឹងអាជ្ញាធរជាតិអប្សរា ខណៈសង្គមស៊ីវិលស្វាគមន៍ចំពោះការចូលរួមរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនទាក់ទងនឹង«សមិទ្ធផលរយៈពេលមួយឆ្នាំ» នៃការកាន់អំណាច លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «កាតព្វកិច្ចការពារបេតិកភណ្ឌជាតិដូនតាយើង ត្រូវតែការពារ ប៉ុន្តែការយកចិត្តទុកដាក់ទៅលើការវិវឌ្ឍប្រែប្រួលជីវភាពរស់របស់ប្រជាពលរដ្ឋរបស់ប្រជាជនយើងក្នុងតំបន់អង្គរក៏ត្រូវគិតគូ»។ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍សម្ដៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅជុំវិញអង្គរវត្ត។
លោកនាយករដ្ឋមន្ត្រីបានចាត់តាំងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីដើម្បីជជែកជាមួយអាជ្ញាធរពាក់ព័ន្ធនានាដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ការណ៍នេះធ្វើឡើងដើម្បីរក្សាតុល្យភាពរវាងការអភិរក្សបេតិកភណ្ឌដូនតា និងធ្វើឲ្យប្រសើរឡើងជីវភាពប្រជាពលរដ្ឋ ក៏ដូចជាលុបបំបាត់បញ្ហា និងទំនាស់នានាដែលកើតទ្បើងជាយូរឆ្នាំរវាងប្រជាពលរដ្ឋ និងអាជ្ញាធរជាតិអប្សរា។
លោកមានប្រសាសន៍ថា៖ «ធ្វើយ៉ាងណាត្រូវពិធីពន្លត់ភ្លើងតែម្តង[….] បានន័យថាត្រូវតែពិនិត្យលើឫសគល់នៃបញ្ហា ពិនិត្យមើលការកំណត់នៃតំបន់ដែលត្រូវការពារ និយមន័យ និងលក្ខខណ្ឌមួយចំនួនដើម្បីធ្វើយ៉ាងណាថាយើងអាចសម្រេចបាននូវតុល្យភាពរវាងការការពារតំបន់បេតិកភណ្ឌរបស់យើង ជាមួយនិងតម្រូវការរបស់ប្រជាពលរដ្ឋរស់នៅទីនោះ»។
កាលពីឆ្នាំ២០២២ អាជ្ញាធរបានអនុវត្តការកំណត់តំបន់អភិរក្សជុំវិញឧទ្យានអង្គរដែលបានកំណត់នៅពេលតំបន់អង្គរបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីជាង៣០ឆ្នាំមុន។ ការកំណត់តំបន់នេះបាននាំឲ្យមានការជម្លៀសប្រជាពលរដ្ឋជាច្រើនគ្រូសារ និងបានរងការរិះគន់ជាខ្លាំងថាមិនបានជូនដំណឹងត្រឹមត្រូវដល់ប្រជាពលរដ្ឋ និងបានបំពានលើសិទ្ធិអ្នកទាំងនោះ។
លោក ពាញ ពន្លក វ័យ៤២ឆ្នាំ ប្រជាពលរដ្ឋរស់នៅតំបន់អភិរក្ស បង្ហាញការគាំទ្រចំពើប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។ ក៏ប៉ុន្តែអាជ្ញាធរអប្សរានៅតែបន្តរឹតបន្តឹងលើសិទ្ធិរស់នៅដោយសន្តិភាពរបស់ពួកគាត់។
លោកថា៖ «យើងរស់នៅក្នុង [តំបន់ការពារ] ហើយយើងត្រូវតែគោរពច្បាប់របស់អាជ្ញាធរអប្សរា។ យើងមិនអាចធ្វើអ្វីតាមចិត្តចង់ទេ»។
លោកបន្តថា៖ «ប្រជាពលរដ្ឋរស់នៅទីនេះមិនសប្បាយចិត្តទេ ព្រោះថាមានការរឹតត្បិតច្រើន។ យើងបានស្នើឲ្យរដ្ឋាភិបាលដកតំបន់ពួកយើងចេញ»។ លោក ពន្លក រស់នៅក្នុងស្រុកពួក ដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រពីតំបន់ប្រាសាទអង្គរ។
លោក អ៊ិន គង់ជិត មន្រ្ដីសម្របសម្រួលនៃអង្គការលីកាដូប្រចាំខេត្ដសៀមរាប បាននិយាយថាប្រជាពលរដ្ឋ «តែងតែប្រឆាំងនឹងមន្ត្រីអាជ្ញាធរជាតិអប្សរាពេលអ្នកទាំងនោះចង់មក «រុះរើសំណង់» នៅក្នុងភូមិ។
លោកឲ្យដឹងថា៖ «ប្រជាពលរដ្ឋនៅទីនោះមិនសប្បាយចិត្តពេលដែលអាជ្ញាធរអប្សរាធ្វើបាបពួកគាត់។ យើងសង្ឃឹមថាស្ថានភាពនឹងប្រែប្រួលព្រមជាមួយនឹងដំណោះស្រាយដែលគិតគូពីកង្វល់របស់ពួកគាត់»។
លោកបន្ថែមថាប្រជាពលរដ្ឋចង់បានសិទ្ធិបង្កបង្កើនផល និងគ្រប់គ្រងដីធ្លីដោយមិនមានការរឹតត្បិត។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល បដិសេធធ្វើអត្ថាធិប្បាយលើរឿងនេះ ខណៈរដ្ឋមន្ត្រីក្រសួងដែនដីមិនអាចទាក់ទងសុំការអត្ថាធិប្បាយបាន។
ក្រៅពីបញ្ហាដីធ្លី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ «ពីសមិទ្ធផលសំខាន់ៗ»ក្នុងរយៈពេល១២ខែនៃការកាន់អំណាចរបស់លោក រួមមានការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
នៅចន្លោះពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តលើគម្រោងវិនិយោគចំនួន៣៩១គម្រោង ដែលមានអ្នកវិនិយោគមកពីប្រទេសចិន ជប៉ុន កាណាដា អាមេរិក កូរ៉េខាងត្បូង ស៊ុយអែត ប្រទេសនៅតំបន់អាស៊ាន ប្រទេសក្នុងសហគមនអ៊ឺរ៉ុប និងប្រទេសអូស្រ្តាលី មានទំហំជាទឹប្រាក់៧,៦ពាន់លានដុល្លារ។
ក្នុងរយៈពេល១២ខែនេះ រោងចក្រនិងសហគ្រាសមួយចំនួនបានបិទទ្វារ ប៉ុន្តែក៏មានរោងចក្រថ្មីៗបានលេចរូបរាងឡើង ដែលបានបង្កើតការងារប្រហែល២២០ ០០០កន្លែង ហើយប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរមានចំនួន២០៤ដុល្លារក្នុងមួយខែ។
ជាមួយគ្នានេះដែរ កម្ពុជាបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប កំពង់ផែកំពត និងផ្លូវល្បឿនលឿនភ្នំពេញបាវិត ពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងចាប់ផ្ដើមសាងសង់ព្រែកជីកហ្វូណនតេជោផងដែរ។
ថ្វីបើសេដ្ឋកិច្ចហាក់មានការលូតលាស់ក៏ពិតមែន លោក នី សុខា ប្រធានអង្គការអាដហុក បានកត់សម្គាល់ថាបញ្ហាសិទ្ធិមនុស្ស និងលំហនយោបាយនៅជាប់គាំង ដែលសហគមអន្តរជាតិបានអំពាវនាវឲ្យមានការដោះស្រាយ។
លោកបាននិយាយថា៖ «យើងមិនទាន់មើលឃើញថាមានភាពល្អប្រសើរនៅឡើយទេ ប៉ុន្តែផ្ទុយមកវិញមានការរឹត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សិទ្ធិជួបជុំ និងសេរីភាពធ្វើនយោបាយ»។
លោកបន្ថែមថាប្រជាពលរដ្ឋមួយចំនួនត្រូវចាប់ខ្លួនដោយសារតែការបញ្ចេញមតិ។ អ្នកទាំងនោះមានទាំងសកម្មជននយោបាយ និងសកម្មជនបរិស្ថាន ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ PM Hun Manet Orders Resolution of Angkor Residents’ Plight With Apsara Authority